បក្សភ្លើងទៀន​ប្រកាស​រក​ការ​ចរចា​ជាមួយ​បក្សកាន់អំណាច ក្រោយ​ដឹង​លទ្ធផល​បោះឆ្នោត​បឋម

សន្និសីទកាសែតរបស់គណបក្សភ្លើងទៀន ស្ដីអំពីបរិយាកាសក្នុងថ្ងៃបោះឆ្នោត និងលទ្ធផលបឋមនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ នៅទីស្នាក់ការកណ្ដាលគណបក្សភ្លើងទៀន ថ្ងៃចន្ទ ទី០៦ ខែមិថុនា ឆ្នាំ២០២២។ (ហ៊ាន រង្សី)

ថ្នាក់ដឹកនាំគណបក្សភ្លើងទៀន ប្រកាសចង់ជួបជជែកជាមួយគណបក្សប្រជាជនកម្ពុជា ក្រោយពីដឹងពីលទ្ធផលបឋមនៃការបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៥នេះ។

ថ្លែងក្នុងសន្និសីទកាសែតនាថ្ងៃចន្ទនេះ អនុប្រធានគណបក្សភ្លើងទៀន លោក សុន ឆ័យ បានលើកឡើងថា គណបក្សភ្លើងទៀនទទួលយកលទ្ធផលបោះឆ្នោត ទោះបីដឹងថាការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៥នេះ ប្រព្រឹត្តទៅមិនសេរី ត្រឹមត្រូវ និងយុត្តិធម៌ក៏ដោយ ព្រមទាំងមិនមែនជាលទ្ធផលដែលឆ្លុះបញ្ចាំងពីឆន្ទៈពលរដ្ឋពិតប្រាកដយ៉ាងណាក្តី។

មួយវិញទៀត លោកថា គណបក្សភ្លើងទៀនគ្មានផែនការដើម្បីធ្វើបាតុកម្មប្រឆាំងនឹងលទ្ធផលបោះឆ្នោតដូចមតិមួយចំនួនបានលើកឡើងនោះទេ ប៉ុន្តែបក្សក្រៅរដ្ឋាភិបាលមួយនេះនឹងដាក់បណ្ដឹងតវ៉ាទៅគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ពាក់ព័ន្ធនឹងភាពមិនប្រក្រតីមួយចំនួនអំឡុងពេលបោះឆ្នោត និងការរាប់សន្លឹកឆ្នោត។

ករណីនេះ លោក សុន ឆ័យ បញ្ជាក់ថា មូលហេតុដែលគណបក្សភ្លើងទៀនចង់ជួបចរចាជាមួយគណបក្សកាន់អំណាចនោះ ដើម្បីជំរុញឱ្យមានដំណោះស្រាយបញ្ហាប្រទេសជាតិ និងកែទម្រង់សមាសភាពស្ថាប័ន​រៀបចំការបោះឆ្នោត តាំងពីថ្នាក់មូលដ្ឋានរហូតដល់ថ្នាក់ជាតិ ដើម្បីជំរុញឱ្យមានភាពឯករាជ្យ ខណៈបច្ចុប្បន្ន លោកមើលឃើញថា គ.ជ.ប បានជួយគណបក្សប្រជាជនកម្ពុជាច្រើននៅអំឡុងពេលបោះឆ្នោត។

លើសពីនេះ បញ្ហាសម្រាប់យកទៅជជែកជាមួយបក្សកាន់អំណាចទៀតនោះក៏មានដែរ ដូចជា ការដោះស្រាយបញ្ហាជាតិដែលនៅសេសសល់ ការបញ្ឈប់សកម្មភាពធ្វើទុក្ខបុកម្នេញទៅលើមន្ត្រីគណបក្សមួយនេះជាដើម ​ដើម្បីបញ្ចៀសពីការដកប្រព័ន្ធអនុគ្រោះពន្ធ EBA របស់អឺរ៉ុប ដែលនៅ​សល់​៨០ភាគរយទៀតផងដែរ។

លោក សុន ឆ័យ ថ្លែងក្នុងសន្និសីទកាសែតរបស់គណបក្សភ្លើងទៀន ស្ដីអំពីបរិយាកាសក្នុងថ្ងៃបោះឆ្នោត និងលទ្ធផលបឋមនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ នៅទីស្នាក់ការកណ្ដាលគណបក្សភ្លើងទៀន ថ្ងៃចន្ទ ទី០៦ ខែមិថុនា ឆ្នាំ២០២២។
លោក សុន ឆ័យ ថ្លែងក្នុងសន្និសីទកាសែតរបស់គណបក្សភ្លើងទៀន ស្ដីអំពីបរិយាកាសក្នុងថ្ងៃបោះឆ្នោត និងលទ្ធផលបឋមនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ នៅទីស្នាក់ការកណ្ដាលគណបក្សភ្លើងទៀន ថ្ងៃចន្ទ ទី០៦ ខែមិថុនា ឆ្នាំ២០២២។ (ហ៊ាន រង្សី)

លោកថា៖ «ដូច្នេះ ខ្ញុំថា បើនេះមិនមែនជាមូលដ្ឋាន ដើម្បីចរចាទេ មិនដឹងមានអ្វីទៀត? ប៉ុន្តែខ្ញុំយល់ថា គណបក្សកាន់អំណាចគាត់យល់ច្បាស់ណាស់​អំពីហេតុផលដែលយើងគួរជជែកគ្នា ពីព្រោះនឹងបានប្រយោជន៍ច្រើន បើយើងធ្វើការជាមួយគ្នាទៅឆ្នាំក្រោយទៀតទៅ។ អាបញ្ហាដាក់ទោសទណ្ឌអី គួរតែបញ្ចប់ទៅ ព្រោះយើងរងគ្រោះពីរយ៉ាង ​​ដោយសារយើងមកចូលរួមការបោះឆ្នោតហ្នឹង មានគេចោទថា មកនេះ ដើម្បីធ្វើឱ្យគណបក្សកាន់អំណាចហ៊ឺហារតែម្ដង គណបក្សប្រជាជនបានភាពស្របច្បាប់ ឬក៏មកបំពេញភាពស្របច្បាប់គណបក្សកាន់អំណាច។ យើងរងគ្រោះអាហ្នឹងក៏មិនតិចទេ ការចោទប្រកាន់ពីមនុស្សមួយចំនួ​នហ្នឹង»។

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន មានប្រសាសន៍ថា គណបក្សកាន់អំណាច​មិន​ចរចាជាមួយបក្សភ្លើងទៀននោះទេ ដោយសារនេះជាការបោះឆ្នោតដែលអាស្រ័យលើឆន្ទៈរបស់ប្រជាពលរដ្ឋ ហើយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតសម្រេចយ៉ាងណា ត្រូវទទួលយក ខណៈបច្ចុប្បន្ន គ.ជ.ប កំពុងបូកសរុបលទ្ធផល និងដោះស្រាយបណ្ដឹងតវ៉ាតាមនីតិវិធី។

លោកថា៖ «អត់មានអីដែលត្រូវចរចាទេ ពីព្រោះយើងធ្វើការបោះឆ្នោតរួចហើយ។ អត់ទេ! ចង់សាកមើលទៅៗ អត់មានដូរមិនដូរ អត់មានចុះចេញទៅអើយ អត់មាន! អត់មានជាលើកទី២ទេ»។

សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយ លោក ឯម សុវណ្ណរ៉ា មើលឃើញថា គណបក្សភ្លើងទៀនមិនមានកម្លាំងនិងតម្លៃនយោបាយគ្រប់គ្រាន់ ដើម្បីចរចាជាមួយ​​គណបក្សប្រជាជនកម្ពុជានោះទេ ដោយសារការបោះឆ្នោតឃុំ-សង្កាត់ទទួលអាសនៈតិចតួចពេក។

លោកថា៖ «​ខ្ញុំថាគណបក្សកាន់អំណាច គេមិនយល់ព្រមទេ ទី១ តម្លៃនយោបាយ និងតម្លៃនយោបាយគណបក្សភ្លើងទៀននៅមានកម្រិតទាបណាស់។ ទី២ សហគមន៍អន្តរជាតិ មិនទាន់មានសម្ពាធ ឬស្ថានភាពណាមួយ ​គាបសង្កត់មកលើរដ្ឋាភិបាលកម្ពុជានៅឡើយទេ។ បើសិនជាមានស្ថានភាពតានតឹង ហើយកម្លាំងមានការឡើងតម្លៃប្រហាក់ប្រហែលដូចគណបក្សសង្គ្រោះជាតិពីអតីតកាល ខ្ញុំគិតថាប្រហែលជាអាចជជែកគ្នា ឬមានតម្លៃមួយសម្រាប់ចរចាជាមួយបក្សកាន់អំណាច»។

យ៉ាណាក៏ដោយ លោក សុន ឆ័យ គណបក្សភ្លើងទៀនមិនទាន់កំណត់ពេលវេលាជាក់លាក់ ដើម្បីជួបជជែកគ្នាជាមួយគណបក្សកាន់អំណាចនៅឡើយទេ ប៉ុន្តែថ្នាក់ដឹកនាំបក្សនេះថានឹងជួបក្រោយពេលបញ្ចប់ការងារបោះឆ្នោតឃុំ-សង្កាត់រួចរាល់។

សហភាពអឺរ៉ុបបានសម្រេចដកប្រព័ន្ធអនុគ្រោះពន្ធ EBA ចំនួន ២០% ពីកម្ពុជា ជាផ្លូវការ កាលពីថ្ងៃ១៣ ខែសីហា ឆ្នាំ២០២០ ក្រោយពីរដ្ឋាភិបាល លោក ហ៊ុន សែន បានបរាជ័យក្នុងការស្ដារលទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សឡើងវិញ។ ថ្មីៗនេះទៀតសោត សមាជិកសភាអឺរ៉ុប​ច្រើនលើសលប់បានបោះឆ្នោតអនុម័តញត្តិរួមមួយ ស្ដីពីដំណោះស្រាយបញ្ហាលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សនៅកម្ពុជា។

សភាអឺរ៉ុបក៏បានជំរុញឱ្យស្ថាប័នអឺរ៉ុបអនុម័តវិធានការនានាប្រឆាំងនឹងក្រុមមេដឹកនាំកម្ពុជាកាន់តែធ្ងន់ធ្ងរបន្ថែមទៀត ក្នុងនោះរួមទាំងការព្យួរទាំងស្រុងនូវប្រព័ន្ធអនុគ្រោះពន្ធ EBA ផងដែរ ប្រសិនបើ​ពួកគេរកឃើញថា ការបោះឆ្នោតពេលនេះ​មានភាពអយុត្តិធម៌ មិនសេរី និងមិនត្រឹមត្រូវនោះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ