ក្រសួង​សុខា​ភិបាល​ជំរុញ​ឱ្យ​ពលរដ្ឋ​យក​ចិត្ត​ទុកដាក់​ទៅលើ​សុវត្ថិភាព​ចំណី​អាហារ​បន្ថែម​ទៀត​

អ្នកនាំពាក្យ​ក្រសួងសុខាភិបាល​ លោកស្រី​ ឱ វណ្ណ​ឌីន ថ្លែងប្រាប់អ្នកសារព័ត៌មានក្រោយបញ្ចប់កិច្ចពិភាក្សា ស្ដីពី “សារព័ត៌មាន៖ ចំពោះមុខ COVID-19 និងព័ត៌មានក្លែងក្លាយ” នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០។ (ហ៊ី ឆាយ)

មន្ត្រីជាន់ខ្ពស់​ក្រសួងសុខាភិបាលបានថ្លែងថា​ សុវត្ថិភាពចំណីអាហារ​ជាកត្តាសំខាន់មួយ​នៅក្នុង​ចំណោមកត្តា​ផ្សេងៗទៀត ដោយសារ​ការរស់នៅ​របស់​មនុស្ស​លើ​ពិភពលោកគឺ ពឹងផ្អែក​លើ​ការបរិភោគ​ចំណីអាហារ​ឱ្យបាន​ត្រឹមត្រូវ​សម្រាប់ការ​លូតលាស់ និង​ថែបំប៉នសុខភាព។

ការណ៍​ថ្លែងនេះ ធ្វើឡើងដើម្បី​អបអរសាទរ​ទិវាពិភពលោក​ស្តីពី​សុវត្ថិភាពចំណីអាហារ​​ក្រោមប្រធានបទ​ «ចំណីអាហារមានសុវត្ថិភាព សុខភាព​កាន់​តែ​ល្អប្រសើរ ​(Safer food, Better health)» នាថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២២។

នៅក្នុងសារ​សំឡេង​ណែនាំ​របស់​រដ្ឋលេខាធិការ និងអ្នកនាំ​ពាក្យក្រសួងសុខាភិបាល លោកស្រី​វេជ្ជបណ្ឌិត ឱ វណ្ណឌីន ​មានប្រសាសន៍ថា ប្រសិន​បើ​ការ​បរិភោគ​ចំណីអាហារ មិនបាន​អនុវត្តនូវ​អនាម័យ និង​ការរក្សា​សុវត្ថិភាព​ចំណីអាហារ អាចនឹង​ផ្តល់នូវ​ការ​ប៉ះពាល់ដល់​សុខភាព និងអាច​ឈានទៅ​ដល់ការ​បាត់បង់​អាយុ​ជីវិតផងដែរ​។

លោកស្រី​ មានប្រសាសន៍ថា៖ «ជាឧទាហរណ៍ ការពុល​នូវចំណីអាហារ ក៏ដូចជា ការពុលស្រា​ដែលកន្លងមក​នេះ​ យើង​តែងតែ​មានការ​ជួបប្រទះ​ជាហូរហែ​ក្នុងឆ្នាំកន្លងៗ​មក ហើយនេះ ក៏មានការ​បង្កឱ្យមានការស្លាប់បាត់បង់ជីវិត​នូវបុគ្គលមួយចំនួន​ដែលការបរិភោគ​នូវចំណីអាហារនេះ មិនបាន​យកចិត្តទុកដាក់ឱ្យ​បានត្រឹមត្រូវ អនុវត្តទៅតាម​ការណែនាំ​ក៏ដូចជា ការរក្សាបាននូវសុវត្ថិភាព​អនាម័យចំណី​អាហារល្អរបស់យើងនេះ»។

លោកស្រី​ បញ្ជាក់ទៀតថា ការរក្សាឱ្យមានចំណីអាហារសម្រាប់ការបរិភោគឱ្យ​បានគ្រប់គ្រាន់ ក៏ជាចំណុចដែលត្រូវយកចិត្តទុកដាក់។ លើសពីនេះ ការ​ដាំដុះបែបធម្មជាតិ និងប្រើប្រាស់ជីធម្មជាតិ​ គឺជារឿងចាំបាច់ដើម្បីជៀសវាងការបង្កហានិភ័យដល់សុខភាព។

លោកស្រី ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ឱ្យយកចិត្តទុកដាក់ក្នុងការបរិភោគចំណីអាហារ ចម្អិនអាហារឱ្យបានឆ្អិនល្អ អនុវត្តឱ្យបានល្អត្រឹមត្រូវ រក្សាគុណភាពអនាម័យចំណីអាហារឱ្យបានល្អ ជៀសវាងអាហារដែលហួសសុពលភាព អាហារទុកយូរ​និងអាហារ​ដែលមិន​មាន​សុវត្ថិភាពល្អ​ដែល​ធ្វើឱ្យ​ប៉ះពាល់ដល់សុខភាព។

បន្ថែមពីនេះ ត្រូវរក្សាអនាម័យជាប្រចាំ ដូចជា លាងដៃមុននឹងចាប់កាន់ ឬបរិភោគចំណីអាហារ ព្រមទាំងលាងសម្អាតវត្ថុធាតុដើម ដូចជា បន្លែ ត្រីសាច់ ​និង​សម្ភារចម្អិនឱ្យបានស្អាតជាប់ជាប្រចាំ។

កាលពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២២ គណៈរដ្ឋមន្រ្តី អនុម័តសេចក្ដីព្រាងច្បាប់ស្តីពី​សុវត្ថិភាពចំណីអាហារនេះ​ ដោយក្នុងសេចក្តីព្រាងច្បាប់​នោះបាន​បញ្ញត្តិ​ពីគោលបំណង​បង្កើតប្រព័ន្ធសុវត្ថិភាព​ម្ហូបអាហារសម្រាប់ការពារសុខភាពមនុស្ស និង​អ្នកប្រើប្រាស់ តាមរយៈការទប់ស្កាត់ ការគ្រប់គ្រង និងលុបបំបាត់​ការបំពុល និង​គ្រោះថ្នាក់ដែល​បណ្ដាលមកពី​ម្ហូបអាហារផងដែរ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ