បក្សភ្លើងទៀន​ប្ដឹង គឃ.សប ជុំវិញ​ភាព​មិន​ប្រក្រតី​នៃ​ការ​បោះឆ្នោត​ឃុំ-សង្កាត់ តែ​ត្រូវ​ច្រានចោល​ព្រោះ​គ្មាន​ភស្តុតាង

ទិដ្ឋភាពក្បួនហែគណបក្សភ្លើងទៀន ក្នុងថ្ងៃបិទបញ្ចប់នៃយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ នៅរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២២។ (ហ៊ាន រង្ស៊ី)

តំណាងគណបក្សភ្លើងទៀននៅ​ខេត្តបន្ទាយមានជ័យ បានដាក់ពាក្យបណ្ដឹងទៅគណៈកម្មការ​ឃុំសង្កាត់​រៀបចំការបោះឆ្នោត (គឃ.សប) ឱ្យជួយដោះស្រាយ ជុំវិញភាពមិនប្រក្រតីនាអំឡុងពេលបោះ​ឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សាឃុំ-សង្កាត់ ប៉ុន្តែប្រធាន (គឃ.សប) ច្រាន​ចោលក្រោមហេតុផលថា ក្នុង​ពាក្យ​បណ្ដឹងនោះ​មិនមានអត្ថន័យគ្រប់គ្រាន់ និងមិនដឹងសំដៅបុគ្គលណាម្នាក់នោះទេ។

អ្នក​​ស្រី ចៅ រតនៈ ដែលឈរឈ្មោះជាបេ​ក្ខជន​ក្រុម​ប្រឹក្សាឃុំ-សង្កាត់​របស់គណបក្សភ្លើងទៀន នៅ​សង្កាត់​ប៉ោយ​ប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ មានប្រសាសន៍នៅថ្ងៃទី៨ ខែមិថុនានេះ​ថា កាលពីថ្ងៃ​ម្សិលមិញ អ្នក​ស្រីបានដាក់ពាក្យបណ្ដឹងទៅប្រធាន (គឃ.សប) ឱ្យ​ជួយ​រក​ដំណោះស្រាយ ​ពាក់ព័ន្ធនឹងសំណុំរឿង​ «ភាពមិនប្រក្រតីនៃដំណើរការ​បោះឆ្នោតជ្រើសរើស​ក្រុម​ប្រឹក្សាឃុំ-សង្កាត់» ដែលប្រព្រឹត្តទៅនៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២នេះ។

ប៉ុន្តែអ្នកស្រីថា ប្រធាន (គឃ.សប) បាន​ច្រានចោលបណ្តឹងរបស់មន្ត្រីបក្សភ្លើង​ទៀន ដោយ​លើកហេតុ​ផល​ថា កម្មវត្ថុនៃបណ្ដឹងពាក់ព័ន្ធនឹងភាពមិនប្រក្រតីនៃដំណើរការបោះឆ្នោត មិនមានអត្ថន័យ​គ្រប់​គ្រាន់ និងមិនដឹងសំដៅបុគ្គលណាម្នាក់​ទេ។

អ្នក​ស្រីមានប្រសាសន៍ថា៖ «សូម្បីតែចៅសង្កាត់ប៉ោយប៉ែត​ ខ្ញុំមាន! គាត់ដើរគ្រប់មណ្ឌល ខ្ញុំមាន! ព្រោះ​ខ្ញុំធ្វើ​ការ ក្រុមការងារយើង ខ្ញុំតែងតែមាន​ភស្តុតាងនិងឯកសារ ដើម្បីយើងធ្វើពាក្យបណ្ដឹង ព្រោះអីយើងធ្វើពាក្យបណ្ដឹង បើគាត់ទទួល ហើយទាមទារភស្តុតាង ទើបយើងបង្ហាញ ប៉ុន្តែដោយ​សារ​តែគាត់ច្រានចោលមិនទទួលពាក្យបណ្ដឹង»។

តំណាងគណបក្សភ្លើងទៀនរូបនោះបញ្ជាក់ថា ក្រុមការងាររបស់អ្នក​ស្រីកំពុងបន្តដាក់ពាក្យ​បណ្តឹង​តាម​ដំណាក់​កាលឬ​តាម​នីតិវិធីចាប់ពីថ្នាក់ក្រោមជាតិ ដល់ថ្នាក់ជាតិ ដើម្បីជំរុញ​ឱ្យ​មានការ​ធ្វើ​កំណែទម្រង់ប្រព័ន្ធបោះឆ្នោតនៅ​កម្ពុជាឱ្យមាន​តម្លាភាព សេរី និងយុត្តិធម៌។

បើតាម​អ្នក​ស្រី ចៅ រតនៈ លទ្ធផលបណ្ដោះអាសន្នបង្ហាញថា គណបក្សភ្លើងទៀន​​នៅ​សង្កាត់​ប៉ោយ​​ប៉ែតទទួល​បាន៣កៅអី ក្នុងចំណោម​១១​កៅអី​នៃក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិ​ទី​៥ ឆ្នាំ២០២២​​នេះ។

ពាក្យបណ្តឹង​របស់តំណាងគណបក្សភ្លើងទៀន អ្នក​ស្រី ចៅ រតនៈ ចុះថ្ងៃទី០៧ ខែមិថុនា បាន​​លើក​ឡើងថា​ ពេលដំណើរការបោះឆ្នោត មាន​បេក្ខជន​ជា​មេឃុំ មេភូមិ អនុភូមិ ប្រជាការពារ ចូល​មណ្ឌល​​បោះឆ្នោត​ទាំង​២៩ ដើម្បីបំភិតបំភ័យប្រជាពលរដ្ឋឱ្យបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា និងមាន​ភាពមិនប្រក្រតីមួយចំនួននៅ​ពេលរាប់​សន្លឹក​ឆ្នោត ដូចជា មាន​បិទ​របងមណ្ឌល បិទ​ការិយាល័យ និង​មិនអនុញ្ញាត​ឱ្យតំណាង​គណបក្ស​នយោបាយ អ្នកអង្កេតការណ៍ និងប្រជាពលរដ្ឋចូលឃ្លាំមើលពេលរាប់សន្លឹកឆ្នោត ជាដើម។

ប្រធានគណៈកម្មការឃុំ​សង្កាត់​រៀបចំការបោះឆ្នោត (គឃ.សប) ក្រុងប៉ោយប៉ែត អ្នកស្រី គឹម ហៀក មាន​ប្រសាសន៍​ថា ដើម​ចមដែលអ្នកស្រីច្រានចោល មិនទទួលពាក្យបណ្តឹងរបស់តំណាង​គណបក្ស​ភ្លើង​ទៀន ដោយ​សារ​តែ​កម្មវត្ថុ​ដែល​ដើម​បណ្តឹង​ដាក់​មក​​ទូលំទូលាយពេក និងមិនបានកំណត់​​​ឈ្មោះ​អត្តសញ្ញាណបុគ្គល ឬឈ្មោះមេភូមិ អនុភូមិ មេឃុំ ឱ្យ​បានច្បាស់លាស់។

ករណីនេះ អ្នកស្រី​ស្នើទៅដើមបណ្តឹងបន្ថែម​ភស្តុតាង​ឱ្យ​បាន​គ្រប់​គ្រាន់ និង​មានឈ្មោះបុគ្គលច្បាស់​លាស់ ដើម្បីងាយស្រួលក្នុងការ​​​រកដំណោះស្រាយជូនតាមនីតិវិធីច្បាប់។

អ្នកស្រី​ថា៖ «គាត់មក ហើយគាត់អត់មានភស្តុតាងទេ ក្នុងការដាក់បណ្ដឹងហ្នឹង។ មួយទៀត ខ្ញុំចង់ឱ្យ​មក ​ខ្ញុំ​សាកសួរ គាត់ដាក់បណ្តឹងប្លុងចោល ហើយគាត់ទៅបាត់ ឱ្យខ្ញុំបកស្រាយយ៉ាងម៉េច? ហើយគាត់​ទាមទារឱ្យខ្ញុំ​ទទួលយកភ្លាម ហើយគាត់ទាមទារតែថតរូប​ទេ យើង​គិត​មើល​ការដាក់បណ្តឹងមួយៗ បើ​យើង​មិន​ទាន់​ធ្វើ​ការ​សាក​សួរ​មូល​ហេតុ​ផង ឱ្យគាត់ថតរូបម៉េច? ខ្ញុំមិនអនុញ្ញាត​ទេ។ អ៊ីចឹង​បណ្តឹង​ មិន​មែន​ថា​ខ្ញុំបដិសេធមិនទទួលទេ ប៉ុន្តែទទួលឱ្យមានលក្ខខណ្ឌស្របគ្នា ហើយមកទាមទារហត្ថ​លេខា ខ្ញុំម៉េចព្រម​បើអត់ច្បាស់លាស់ផង»។

នាយកប្រតិបត្តិអង្គការ​និកហ្វិច លោក សំ គន្ធាមី ផ្តល់ជាអនុសាសន៍ថា ដើម្បីកុំឱ្យគូភាគីជះទឹកដាក់​គ្នា ​ដើមបណ្តឹងត្រូវបង្ហាញភស្តុតាង និងកំណត់អត្តសញ្ញាណលើឈ្មោះបុគ្គលឱ្យបានច្បាស់​លាស់ ទៅ​ប្រធាន​គណៈកម្មការឃុំ​សង្កាត់​រៀបចំការបោះឆ្នោត (គឃ.សប)។ លោកថា បើសិនជាផ្តល់​ភស្តុតាង​ច្បាស់​លាស់​ ហើយមន្ត្រី (គឃ.សប) នៅ​តែ​ច្រានចោលបណ្តឹង និងទុកចោល​មិនចាត់​ការ នោះ​ភាគី​ម្ចាស់​បណ្តឹង​អាច​ប្តឹង​បន្ត​ទៅថ្នាក់​លើ​តាម​នីតិវិធីច្បាប់បន្តទៀត។

លោកផ្តល់ជាអនុសាសន៍ថា៖ «យើងបំពេញឱ្យគេត្រូវទៅ បើម៉េចៗ​យើង​ស្រួល​ទេ បើគេបដិសេធ ឥលូវ​គេបដិសេធថាអត់មានឈ្មោះ អត់ស្គាល់អត្តសញ្ញាណ មានតែរូប យើងរកបំពេញឱ្យគេទៅ។ បើគេអត់ដោះស្រាយ យើងប្តឹងឡើងទៅលើទៀត»។

ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់ អាណត្តិទី៥នេះ មានគណបក្សនយោបាយចំនួន១៧បានចូលរួមប្រកួតប្រជែង ដោយបានដាក់បេក្ខជនក្រុមប្រឹក្សាឃុំ/សង្កាត់សរុប ៨៦ ០៩២នាក់ (ស្ត្រី ២៧ ៨១៣នាក់) ខណៈ​​ក្រុមប្រឹក្សាឃុំ/សង្កាត់​ដែលនឹងត្រូវជ្រើសរើសមកបម្រើការងារក្នុងឃុំ/សង្កាត់ទាំង១ ៦៥២ គឺ​មានចំនួន១១ ៦២២រូប។

បើតាមអ្នកនាំ​ពាក្យ គ.ជ.ប លោក ហង្ស ពុទ្ធា គិត​​ចាប់ពីថ្ងៃទី៥ ខែមិថុនា ដែលជា​​​ថ្ងៃបោះឆ្នោត រហូត​មក​ដល់​ថ្ងៃ​ទី​៧ ខែ​មិថុនា ស្ថាប័នមួយនេះ​បាន​ទទួល​​ពាក្យ​​បណ្តឹង​​​ពី​គណបក្សនយោ​បាយ​ដែល​​ដាក់​​នៅ​គណៈកម្មការ​រៀបចំការ​បោះឆ្នោត​​​ឃុំ-សង្កាត់​​ប្រមាណជា១០​បណ្តឹង ទាក់​ទង​នឹង​រឿង​សុំឱ្យផ្តន្ទាទោសអាជ្ញាធរ​ដែល​ទៅឈរនៅ​​ក្បែរ​ការិយា​ល័យ​បោះ​ឆ្នោត និង​​​​បណ្តឹង​មិន​ទទួល​ស្គាល់​លទ្ធផល​នៃការរាប់សន្លឹកឆ្នោត ដោយ​សារតែការ​បិទ​ទ្វារ​-បង្អួចជាដើម។

លោក​បញ្ជាក់ថា គ.ជ.ប នឹង​ពិនិត្យ​លើ​ពាក្យ​បណ្តឹង​ទាំង​នោះ ហើយ​បើមានបណ្តឹង​បន្ថែម គ.ជ.ប នឹង​យកមកពិនិត្យ ដើម្បីសិក្សាពីអង្គហេតុ និងអង្គច្បាប់ មុននឹងបញ្ជូនទៅកាត់​សេច​ក្តីតាមនីតិវិធីច្បាប់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ