គ.ជ.ប ទទួល​បាន​បណ្ដឹង​ជាង​៨០ ជុំវិញ​ភាព​មិន​ប្រក្រតី​នៃ​ការបោះឆ្នោត​ឃុំសង្កាត់​អាណត្តិ​នេះ

កិច្ចប្រជុំផ្សព្វផ្សាយជាមួយភាគីពាក់ព័ន្ធ សរុបព្រឹត្តិការណ៍ទូទៅនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២។ (ហ៊ាន រង្សី)

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានឱ្យដឹងថា គិ​ត​ចាប់​ពី​មុន​បោះ​ឆ្នោត​១ថ្ងៃ​ រហូត​ដល់​ថ្ងៃទី៩ ខែ​មិថុនា​នេះ ស្ថាប័នមួយនេះ​ទទួល​បាន​ពាក្យបណ្តឹងសរុបទូទាំងប្រទេស​ចំនួន «៨៥​បណ្ដឹង» ពីគណបក្សចំនួន​៣​ ពាក់ព័ន្ធនឹង​ភាព​មិនប្រក្រតីនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា​ឃុំ​សង្កាត់អាណត្តិនេះ។

អ្នកនាំពាក្យ គ.ជ.ប លោក ហង្ស ពុទ្ធា មានប្រសាសន៍ថា គិតចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី៩ ខែមិថុនា ឆ្នាំ​២០២២​នេះ គ.ជ.ប បាន​ទទួលបណ្ដឹងពីគណបក្សនយោបាយ​​ចំនួន ៨៥បណ្ដឹង ពីគណបក្ស​ប្រជាជនកម្ពុជា គណបក្ស​ភ្លើងទៀន និងគណបក្សប្រជាធិបតេយ្យ​មូលដ្ឋាន ដែលបណ្តឹងទាំង​នោះ ពាក់ព័ន្ធនឹងការ​ស្នើ​​ឱ្យផ្ដន្ទាទោសមន្ត្រីអាជ្ញាធរដែល​មិន​បាន​បំពេញ​តួនាទីដោយ​ឈរ​នៅ​ក្បែរ​​​ការិយា​​ល័យ​​បោះ​ឆ្នោត ការបិទទ្វារបង្អួច​ការិយាល័យពេលរាល់សន្លឹកឆ្នោត​​ និងការ​មិន​បិទ​ទម្រង់​១១០២​នៅទ្វារការិយាល័យបោះឆ្នោត ​​ជាដើម។

ប៉ុន្តែលោកបញ្ជាក់ថា រាល់បណ្តឹងដែល​​ទទួលបាននោះ គ.ជ.ប បានដោះស្រាយចប់សព្វគ្រប់ចំនួន៨​បណ្តឹង ខណៈបណ្តឹងដែលនៅសេសសល់ជិត៧០បណ្តឹងទៀត ស្ថាប័នមួយនេះ​​នឹង​ដោះស្រាយ​បញ្ចប់​យ៉ាង​យូរ​ត្រឹម​ថ្ងៃ​ទី២៥ ខែមិថុនា ខាងមុខនេះ។

លោកមានប្រសាសន៍ថា៖ «បណ្តឹងដែលជំទាស់នឹងលទ្ធផលបណ្ដោះអាសន្នតាមឃុំ-សង្កាត់ គឺមាន​រយៈពេល​៣ថ្ងៃ​! ហើយរយៈពេល៣ថ្ងៃហ្នឹង ​គឺត្រឹមថ្ងៃទី១១ [ខែមិថុនា]។ ដល់​ប្តឹង​ជំទាស់​ទៅ​គណៈ​កម្មការខេត្តរៀបចំការបោះឆ្នោត ដល់ថ្ងៃទី១៦ […] ជួនកាលខាងខេត្តគាត់សម្រេចហើយ ប៉ុន្តែ [អ្នក​ប្តឹង]​ មិនសុខ​ចិត្ត​ទៀត គឺ ​[គាត់អាច]​ ប្តឹង​តវ៉ា​ត្រឹម​ថ្ងៃ​ទី​២១ [ខែមិថុនា] ហើយការសម្រេចលើពាក្យបណ្តឹង​តវ៉ាដែល គ.ជ.ប ត្រូវសម្រេច គឺត្រូវសម្រេចបញ្ចប់ត្រឹមថ្ងៃទី២៥ ខែមិថុនានេះ»។

អ្នកនាំពាក្យគណបក្សប្រជាធិបតេយ្យមូលដ្ឋាន លោក សាម អ៊ីន មានប្រសាសន៍ថា នៅ​អំឡុងពេល​បោះឆ្នោត​​និង​រាប់​សន្លឹក​ឆ្នោត គណបក្សនេះ​បានទទួលព័​ត៌មា​នពាក់ព័ន្ធនឹងភាពមិនប្រក្រតីនៃការបោះឆ្នោតពីក្រុមការងារនៅតាមមណ្ឌលនិងការិយាល័យបោះឆ្នោតជាច្រើនករណី។

លោកបន្តថា ភាពមិនប្រក្រតីទាំងនោះ រួមមាន អាជ្ញាធរមូលដ្ឋានមានវត្តមាន ឈរឃ្លាំមើល និងកត់​ឈ្មោះប្រ​ជាពលរដ្ឋនៅទីតាំងការិយាល័យបោះ​ឆ្នោត ដែល​ករណីនេះ លោកថា ជាការបំភិតបំភ័យឬបង្ខំឱ្យ​ពលរដ្ឋ​​ទៅ​បោះឆ្នោត​មិន​ស្រប​តាម​ឆន្ទៈ​របស់ពួកគាត់។

ប៉ុន្តែលោកថា ក្រោយពីគណបក្សប្រមូលព័ត៌មានបានគ្រប់ជ្រុងជ្រោយហើយ ក៏សម្រេចដាក់ពាក្យបណ្តឹងទៅ​គណៈកម្មការឃុំ​សង្កាត់​រៀបចំការបោះឆ្នោត (គឃ.សប) ចំនួន៥​បណ្តឹង រួមមាន​ នៅខេត្ត​ព្រះវិហារ ចំនួន៣បណ្តឹង​ និង​ខេត្តរតនគិរី ចំនួន២បណ្តឹង។

ទោះជាយ៉ាងណា លោក សាម អ៊ីន ហាក់មិនមានជំនឿលើមន្ត្រី គ.ជ.ប នៅ​ថ្នាក់មូលដ្ឋាន ក្នុងការដោះស្រាយ​បណ្តឹងជូនគណបក្សនេះ​ឱ្យមានតម្លាភាពនោះទេ។

លោកថា៖ «យើងមានសង្ឃឹមតិចតួច ដោយសារតែខាងគណៈកម្មការថ្នាក់ឃុំ និថ្នាក់ខេត្ត ហាក់ដូចជាគាត់បង្ហាញពីការលំបាកច្រើនក្នុងការទទួលពាក្យបណ្តឹងពួកយើង។ ហើយភាសាររបស់ពួកគាត់ហាក់ដូចជាបង្ហាញថា ពួកគាត់មាននិន្នាការលម្អៀងទៅខាងគណបក្សកាន់អំណាច ទៅលើអាជ្ញាធរ​ជាដើម។ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ យើងដាក់ពាក្យបណ្តឹងដើម្បីបញ្ជាក់ប្រាប់ថា យើងមិនពេញ​ចិត្តទៅនឹងកំហុសឆ្គងនៅក្នុងនីតិវិធីទាំងឡាយ ហើយយើងនឹង​ទាមទារឱ្យមានការកែតម្រូវទៅថ្ងៃ​ក្រោយ»។

វីអូឌី នៅមិន​អាចសុំការអត្ថាធិប្បាយបន្ថែម​ជុំវិញការដាក់បណ្តឹងទៅស្ថាប័នរៀបចំការបោះឆ្នោត​​ពីអនុប្រធាន​គណបក្សភ្លើងទៀន លោក សុន ឆ័យ បានទេ នៅថ្ងៃនេះ។

កាលពីថ្ងៃទី០៧ ខែ​មិថុនា អ្នក​​ស្រី ចៅ រតនៈ ដែលឈរឈ្មោះជាបេ​ក្ខជន​ក្រុម​ប្រឹក្សាឃុំ-សង្កាត់​របស់គណបក្សភ្លើងទៀន នៅ​សង្កាត់​ប៉ោយ​ប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ក៏​បាន​ដាក់ពាក្យ​បណ្ដឹង​ទៅប្រធាន ​(គឃ.សប) ឱ្យ​ជួយ​រក​ដំណោះស្រាយ​ ​ពាក់ព័ន្ធនឹងសំណុំរឿង​ «ភាពមិនប្រក្រតីនៃដំណើរការ​បោះឆ្នោតជ្រើសរើស​ក្រុម​ប្រឹក្សាឃុំ-សង្កាត់» ដែលប្រព្រឹត្តទៅនៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២នេះដែរ។

បើតាម​ពាក្យបណ្តឹង​នោះ​ អ្នកស្រីថា ពេល​ដំណើរ​ការ​បោះឆ្នោត មាន​​បេក្ខជន​ជា​មេឃុំ មេភូមិ អនុភូមិ ប្រជាការពារ ចូល​មណ្ឌល​​បោះឆ្នោត​ទាំង​២៩ ដើម្បីបំភិតបំភ័យប្រជាពលរដ្ឋឱ្យបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា និងមាន​ភាពមិនប្រក្រតីមួយចំនួនទៀត​​នៅ​ពេលរាប់​សន្លឹក​ឆ្នោត ដូចជា ការ​​​បិទ​របងមណ្ឌល បិទ​ការិយាល័យ និង​មិនអនុញ្ញាត​ឱ្យតំណាង​គណបក្ស​នយោបាយ អ្នកអង្កេតការណ៍ និងប្រជាពលរដ្ឋចូលឃ្លាំមើលពេលរាប់សន្លឹកឆ្នោត​ជាដើម។

នាយកប្រតិបត្តិអង្គការ​និកហ្វិច លោក សំ គន្ធាមី មានប្រសាសន៍ថា បើសិនជាថ្នាក់ដឹកនាំ គ.ជ.ប ជាពិសេសនៅតាមមូលដ្ឋាន មិនដោះស្រាយបញ្ហាភាពមិនប្រក្រតីឱ្យមានតម្លាភាពទេ នោះប្រព័ន្ធបោះឆ្នោតនៅកម្ពុជានៅតែជួបបញ្ហាប្រឈមទៅអាណត្តិខាងមុខផងដែរ។

លោកមានប្រសាសន៍ថា៖ «អាជ្ញាធរភូមិឃុំមកនៅក្នុងបរិវេណការិយាល័យមណ្ឌលបោះឆ្នោតអ៊ីចឹង​ទៅ គឺប៉ះពាល់ដល់ការបោះឆ្នោត ដំណើរការបោះឆ្នោត ជាការដាក់សម្ពាធ វាអត់មានសេរី… មិនថាអត់​មានតម្លាភាពលើកហ្នឹងទេ លើកក្រោយក៏អត់មានតម្លាភាពដដែល បើនៅតែមានអ៊ីចឹង​កើតឡើង​ដដែល»។

ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់ អាណត្តិទី៥នេះ មានគណបក្សនយោបាយចំនួន១៧បានចូលរួមប្រកួតប្រជែង ដោយបានដាក់បេក្ខជនក្រុមប្រឹក្សាឃុំ/សង្កាត់សរុប ៨៦ ០៩២នាក់ (ស្ត្រី ២៧ ៨១៣នាក់) ខណៈ​​ក្រុមប្រឹក្សាឃុំ/សង្កាត់​ដែលនឹងត្រូវជ្រើសរើសមកបម្រើការងារក្នុងឃុំ/សង្កាត់ទាំង១ ៦៥២ គឺ​មានចំនួន១១ ៦២២រូប ។

បើតាមប្រធាន គ.ជ.ប លោក ប្រាជ្ញ ចន្ទ ស្ថាប័នមួយនេះគ្រោង​នឹង​ប្រកាសលទ្ធផលបោះឆ្នោតផ្លូវការ​​ នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២២នេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ