បុរស​បង្ហោះសារ​រឿង​ពាក់ម៉ាស់​ឱ្យមាន់ ចង់​ចូលរួម​ជាមួយ​បក្សភ្លើងទៀន​ក្រោយ​ចេញ​ពី​ពន្ធនាគារ

លោក នី ណាក់ កាន់កូនមាន់ ហើយផ្សព្វផ្សាយជាមួយសារទិញម៉ាស់ឱ្យកូនមាន់ពាក់ និង ត្រៀមដាក់ទ្រុងមាន់ក្នុងគ្រាមានអាសន្ន។ (រូបពីហ្វេសប៊ុក នី ណាក់)

បុរសម្នាក់ដែលត្រូវបានតុលាការកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល១៨ខែ ដោយសារបានបង្ហោះសារនៅលើហ្វេសប៊ុកពីការពាក់ម៉ាស់ឱ្យសត្វមាន់នៅក្នុងការដ្ឋានរបស់លោកក្នុងអំឡុងពេលនៃការរីករាលដាលនៃជំងឺកូវីដ-១៩ ពេលនេះត្រូវបានដោះលែងឱ្យចេញពីពន្ធនាគារវិញហើយ ក្រោយអនុវត្តទោសចប់សព្វគ្រប់។

លោក នី ណាក់ ដែលជាម្ចាស់កសិដ្ឋានចិញ្ចឹមមាន់ បានឱ្យវីអូឌីដឹងនៅថ្ងៃចន្ទនេះថា លោកត្រូវបានដោះលែងចេញពីពន្ធនាគារកាលពីរសៀលថ្ងៃសុក្រសប្តាហ៍មុន ក្រោយបានជាប់ពន្ធនាគារដោយសារការចោទប្រកាន់ពីបទ «ជេរ​ប្រមាថ​ជា​សាធារណៈ និង​ញុះញង់​ឱ្យ​មាន​ការ​រើសអើង»។  

ក្រោយចេញពីពន្ធនាគារ លោក នី ណាក់ ក៏បានបង្ហាញបំណងចូលរួមក្នុងជីវិតនយោបាយជាមួយគណបក្សភ្លើងទៀន ក្រោយពីគណបក្សប្រឆាំងមួយនេះបានចូលរួមការបោះឆ្នោតជ្រើសក្រុមប្រឹក្សាឃុំសង្កាត់ កាលពីថ្ងៃទី៥ ខែមិថុនា ដោយទទួលបានសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ជាង២ ០០០នៅទូទាំងប្រទេស។

លោក នី ណាក់ ដែលពីមុនធ្លាប់ជាអ្នកគាំទ្រគណបក្ស សម រង្ស៊ី និងត្រូវបានប្ដូរឈ្មោះទៅជាគណបក្សភ្លើងទៀន ឱ្យដឹងថា លោកបានជជែកក្រៅផ្លូវការជាមួយថ្នាក់ដឹកនាំគណបក្សភ្លើងទៀន ដើម្បីចូលរួមជាមួយគណបក្សនេះ។ ទោះជាយ៉ាងណា នៅពេលសួរថាតើលោកមានបំណងឈរឈ្មោះជាបេក្ខជនតំណាងរាស្រ្តសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនៅឆ្នាំ២០២៣ ឬយ៉ាងណានោះ លោក នី ណាក់ ថាលោកមិនទាន់អាចនិយាយបាននៅឡើយទេ។

លោក នី ណាក់ មានប្រសាសន៍ថា៖ «ក្រោយពីគណបក្សសង្រ្គោះជាតិត្រូវបាន [តុលាការ] រំលាយ គណបក្សភ្លើងទៀន គឺជាគណបក្សមួយក្នុងចំណោមគណបក្សដែលទទួលបានការគាំទ្រ។ ហើយខ្ញុំមិនចង់ចូលរួមជាមួយគណបក្សតូចៗផ្សេងទៀតដែលគ្មានសមត្ថភាពប្រកួតប្រជែងជាមួយបក្សនយោបាយដទៃទៀតនោះឡើយ»។

លោក នី ណាក់ ដែលចង់ឃើញឱ្យមានការផ្លាស់ប្តូរនៅក្នុងសង្គមកម្ពុជា តាមរយៈការចូលរួមក្នុងសកម្មភាពនយោបាយជាមួយគណបក្សប្រឆាំង ថាលោកចង់ឃើញសង្គមកម្ពុជាវិលទៅរកការគោរពសិទ្ធិមនុស្សត្រឹមត្រូវ។

លោកបញ្ជាក់បន្ថែមថា៖ «យើងនឹងចូលរួមនិងធ្វើយ៉ាងណា​ ដើម្បីប្រមូលសំឡេងគាំទ្រ ធ្វើឱ្យគណបក្សរបស់យើងឈ្នះនៅក្នុងការបោះឆ្នោត។ ប្រសិនបើថ្នាក់ដឹកនាំសប្បាយចិត្ត ហើយមើលឃើញគុណសម្បត្តិរបស់ខ្ញុំ និងចាត់ចែង​ឱ្យខ្ញុំធ្វើការងារណាមួយ ខ្ញុំរីករាយទទួលយកការងារទាំងអស់នោះ»។

ទោះជាយ៉ាងណាក៏ដោយ លោក នី ណាក់ ឱ្យដឹងថា ការងារជាអាទិភាពរបស់លោកនៅពេលនេះ គឺស្ដារអាជីវកម្មផ្នែកកសិកម្មក្នុងផ្នែកផលិតសាច់ក្រក និងទឹកឃ្មុំរបស់លោក ព្រមទាំងជួយសហគមន៍កសិករនៅទូទាំងប្រទេសនូវជំនួយបច្ចេកទេស រួមទាំងការស្វែងរកទីផ្សារ និងចែករំលែកពីវិធីសាស្រ្តធ្វើកសិកម្មថ្មីៗដល់កសិករ ជាដើម។

គួររម្លឹកថា កាលពីខែធ្នូ ឆ្នាំ២០២០ លោក នី ណាក់ បានសរសេរនៅលើទំព័រហ្វេសប៊ុករបស់លោកថា លោកបានរៀបចំឯកសារនិងលិខិតដើម្បីស្នើដាក់កន្លែងចិញ្ចឹមមាន់របស់លោកក្នុងស្ថានភាពប្រកាសអាសន្ន ដោយហេតុថា មេរោគផ្តាសាយបានឆ្លងរាលដាលដល់កសិដ្ឋានចិញ្ចឹមមាន់របស់លោក ហើយលោកសង្ឃឹមថា មាន់របស់លោកអាចពាក់ម៉ាស់ដេកនៅក្នុងទ្រុង មិនចេញទៅក្រៅបើគ្មានភាពចាំបាច់។

ក្រោយការសរសេររបស់លោកនៅពេលនោះ អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន បានលើកឡើងថា ការបង្ហោះសាររបស់លោក នី ណាក់ មិនមែនជាការបញ្ចេញមតិនោះទេ ប៉ុន្តែធ្វើឡើងក្នុងចេតនាអាក្រក់។

យ៉ាងណា លោក នី ណាក់ បានចាត់ទុកការកាត់ទោសលោកជាប់ពន្ធនាគាររយៈពេល១៨ខែ គឺជាការរំលោភទៅលើសេរីភាពបញ្ចេញមតិរបស់លោក ហើយថា ចំណាត់ការរបស់តុលាការដែលបានធ្វើមកលើរូបលោកមិនបានឈរលើឆន្ទានុសិទ្ធិរបស់ខ្លួននោះឡើយ៕ 

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ