បក្ស​ក្រៅ​រដ្ឋាភិបាល​បន្ត​ដាក់​ពាក្យបណ្ដឹង​ទៅ គ.ជ.ប លើ​រឿង​មិន​ប្រក្រតី​នៃ​ការ​បោះឆ្នោត​ឃុំ-សង្កាត់

សកម្មភាពនៃការរាប់សន្លឹក​ឆ្នោត​នៅ​មណ្ឌលបោះឆ្នោតផ្សារអូរឫស្សី រាជធានីភ្នំពេញ ក្នុងថ្ងៃបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២។ (ហ៊ាន រង្សី)

ថ្នាក់ដឹកនាំគណបក្សក្រៅរដ្ឋាភិបាលបន្តដាក់ពាក្យបណ្ដឹងទៅគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប ដើម្បីជួយរកយុត្តិធម៌ពាក់ព័ន្ធនឹងភាពមិនប្រក្រតីរឿងបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥នេះ ដោយសារគណៈកម្មការបោះឆ្នោតថ្នាក់ក្រោមជាតិច្រានចោលបណ្ដឹងរបស់ពួកគេ ។

ការដាក់ពាក្យបណ្តឹងបន្តទៅ គ.ជ.ប គឺធ្វើឡើងបន្ទាប់ពីមន្ត្រីគណៈកម្មការជាតិរៀបចំការបោះឆ្នោតឃុំនិងខេត្ត មិនព្រមដោះស្រាយពាក្យបណ្តឹងជូនគណបក្សក្រៅរដ្ឋាភិបាលទាំងនោះ ដោយលើកហេតុផលថាមិនមានភស្តុតាងគ្រប់ជ្រុងជ្រោយ។

ប្រធានប្រតិបត្តិគណបក្សប្រជាធិបតេយ្យមូលដ្ឋានប្រចាំនៅខេត្តព្រះវិហារ លោក ណូង លុច ដែលអះអាងថាជាប់ជាជំទប់ទី២ នៅឃុំរំដោះ ស្រុករវៀង ខេត្តព្រះវិហារ និយាយថា ក្រោយពេលបោះឆ្នោត គាត់បានដាក់ពាក្យបណ្តឹងទៅ គ.ជ.ប ថ្នាក់ឃុំ និងខេត្ត ឱ្យជួយរកដំណោះស្រាយជុំវិញភាពមិនប្រក្រតីនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ក្រោយពីគាត់សង្កេតឃើញថា នៅថ្ងៃ​​បោះឆ្នោតមានមេភូមិ អនុភូមិ និងបេក្ខជនរបស់គណបក្សកាន់អំណាចខ្លះចូលក្នុងការិយាល័យបោះ​ឆ្នោត និងខ្លះទៀតនៅឈរចាំមុខការិយាល័យកត់ឈ្មោះ យកប៊ិកសរសេរលើបាតដៃពលរដ្ឋ និងថតអត្តសញ្ញាណបណ្ណប្រជាពលរដ្ឋ នៅតាមមណ្ឌលបោះឆ្នោត ស្ថិតនៅស្រុករវៀង ជាការគំរាមកំហែង បំភិតបំភ័យប្រជាពលរដ្ឋម្ចាស់ឆ្នោតជាដើម។

លោកបន្តថា នៅពេលគាត់ដាក់ពាក្យបណ្តឹងទៅ គ.ជ.ប នៅថ្នាក់ឃុំនិងខេត្តព្រះវិហារ ត្រូវបានថ្នាក់ដឹកនាំស្ថាប័នទាំងពីរនេះច្រានចោល ដោយលើកហេតុផលថា មិនមានភស្តុតាងគ្រប់គ្រាន់នោះទេ។

ករណីនេះ លោក ណូង លុច ចាត់ទុកមន្ត្រី គ.ជ.ប នៅថ្នាក់ឃុំនិងខេត្តដែលច្រានចោលបណ្តឹងរបស់គាត់ថាជារឿងលម្អៀងផ្នែកនយោបាយ ទើបគាត់សម្រេចចិត្តប្តឹងមកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅថ្នាក់ជាតិ ជួយរកយុត្តិធម៌ជូនគណបក្សរបស់លោកផងដែរ ។

លោកមានប្រសាសន៍ថា៖ «ខ្ញុំសំណូមពរទៅគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតថ្នាក់ជាតិ បកស្រាយឱ្យបានបំភ្លឺឱ្យច្បាស់ ថាតើករណីអ៊ីចឹង [មេភូមិ អនុភូមិ និងមន្ត្រីបក្សកាន់អំណាច ចូលនៅមុខការិយាល័យ និងកត់ឈ្មោះពលរដ្ឋក្នុងការិយាល័យបោះឆ្នោត] ខុសឬមិនខុស?»

លោកបន្ថែមថា៖ «បើសិនជាខុស យើងនឹងស្នើសុំតស៊ូមតិឱ្យមានការកែច្បាប់កុំឱ្យមានអ្នកចូលទៅទៀត បើគាត់ជាអ្នកឃោសនាឱ្យគណបក្សប្រជាជន ហើយគាត់ចូលអ៊ីចឹង គាត់អង្គុយនៅកន្លែងហ្នឹង គេមិនដឹង? ប្រជាជនដឹង គឺភ័យ! គាត់កត់តិចតួចទៅ វាប៉ះពាល់ដល់ការសម្ងាត់បោះឆ្នោត។ បើគេឃើញមេភូមិ អនុភូមិនៅកន្លែងហ្នឹង បើមិនបោះឆ្នោតឱ្យគណបក្សប្រជាជនទេ គេដឹង ឃើញគេកត់អត្តសញ្ញាណបណ្ណអ៊ីចឹង»។

អ្នកនាំពាក្យគណបក្សភ្លើងទៀន លោក ថាច់ សេដ្ឋា មានប្រសាសន៍ថា ដើមចមដែលនាំឱ្យគណបក្សរបស់លោកដាក់ពាក្យបន្តមកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ឱ្យជួយដាក់ទណ្ឌកម្មលើមន្ត្រី ឬអាជ្ញាធរមូលដ្ឋានដែលប្រើរូបភាពគំរាមកំហែងប្រជាពលរដ្ឋនៅមុនពេល អំឡុងពេលបោះឆ្នោត និងរាប់សន្លឹកឆ្នោត ដោយសារតែគណៈកម្មការបោះឆ្នោតថ្នាក់ក្រោមជាតិច្រានចោលបណ្តឹងរបស់បក្សភ្លើងទៀន ក្រោមហេតុផលមិនមានភស្តុតាងគ្រប់គ្រាន់ ជាដើម។

លោក ថាច់ សេដ្ឋា ស្នើទៅ គ.ជ.ប ធ្វើការដោះស្រាយបណ្តឹងរបស់គណបក្សភ្លើងទៀនឱ្យមានតម្លាភាព និងឈរលើគោលការណ៍ឯករាជ្យ ទើបនាំឱ្យការបោះឆ្នោតទទួលមានភាពសេរីនិងយុត្តិធម៌។

លោកមានប្រសាសន៍ថា៖ «បើសិនណាគ្រាន់តែបណ្តឹងរបស់គណបក្សភ្លើងទៀន តែងតែទាត់ចោល មិនទទួលស្គាល់ការពិត ដូចជាការបិទ ចាក់សោរទ្វាររបងមណ្ឌលការិយាល័យបោះឆ្នោត មេភូមិអង្គុយកត់ឈ្មោះ ការសម្លុត ការចាប់ខ្លួនសកម្មជន ហើយយើងមិនទទួលស្គាល់ថានេះជាការបង្កភាពមិនប្រក្រតីនៅអំឡុងពេលបោះឆ្នោត មុនពេលបោះឆ្នោត អាហ្នឹងយើងមិនដឹងកែលម្អយ៉ាងម៉េចដែរ! ទាល់តែគេហ៊ានទទួលស្គាល់ការពិតទាំងអស់ហ្នឹង ទើបយើងរកផ្លូវល្អជជែកគ្នាកែលម្អទៅ បានវាល្អប្រសើរ»។

អ្នកនាំពាក្យ គ.ជ.ប លោក ហង្ស ពុទ្ធា មានប្រសាសន៍ថា ក្រោយពេលប្រកាសលទ្ធផលបោះឆ្នោត មានគណបក្សក្រៅរដ្ឋាភិបាលមួយចំនួនដូចជា គណបក្សប្រជាធិបតេយ្យមូលដ្ឋាន និងគណបក្សភ្លើងទៀន ដែលដាក់ពាក្យបណ្តឹងចំនួន៣៣បណ្តឹងមក គ.ជ.ប ពាក់ព័ន្ធនឹងភាពមិនប្រក្រតីនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ។

លោក ហង្ស ពុទ្ធា មានប្រសាសន៍បន្ថែមថា ក្រោយពី គ.ជ.ប ទទួលបានបណ្តឹងពីគណបក្សក្រៅរដ្ឋាភិបាលទាំងនោះ ស្ថាប័នជាតិរៀបចំការបោះឆ្នោតនេះសម្រេចលើកចោលបណ្តឹងទាំង៣៣នោះ នៅត្រឹមថ្ងៃទី២០ ខែមិថុនា ម្សិលមិញនេះ ដោយសារមិនមានភស្តុតាងគ្រប់គ្រាន់ និងបិទផ្លូវតវ៉ា។

លោកមានប្រសាសន៍ថា៖ «ដើមបណ្តឹងខ្លះមិនសុខចិត្តចំពោះការអនុម័តការសម្រេចពីថ្នាក់ក្រោមមក ប៉ុន្តែមិនមានភស្តុតាងជាក់ស្តែងសម្រាប់ដាក់បន្ទុកទៅលើចុងបណ្តឹងទេ។ គ.ជ.ប លើកចោល[បណ្តឹងទាំងនោះ]»។

នាយកប្រតិបត្តិអង្គការ​និចហ្វិក លោក សំ គន្ធាមី មានប្រសាសន៍ថា បើ គ.ជ.ប សម្រេចលើកពាក្យបណ្តឹងរបស់គណបក្សនយោបាយដែលប្តឹងជំទាស់នឹងការសម្រេចរបស់ស្ថាប័នជាតិរៀបចំការបោះឆ្នោតថ្នាក់ក្រោមជាតិ ជុំវិញភាពមិនប្រក្រតីនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ដោយអះអាងថាមិនមានភស្តុតាងគ្រប់គ្រាន់នោះ ហាក់ដូចជាមិនសមហេតុផលនោះទេ។

ករណីនេះ លោក សំ គន្ធាមី យល់ថា គ.ជ.ប មិនគួរធ្វើសេចក្តីសម្រេចច្រានចោលបណ្តឹងរបស់គណបក្សនយោបាយទាំងនោះលឿនពេក ដែលអាចនាំឱ្យគណបក្សនយោបាយដែលប្តឹងជំទាស់នោះអស់ជំនឿលើប្រព័ន្ធបោះឆ្នោតនៅកម្ពុជា ថាមិនមានសេរី ត្រឹមត្រូវ និងយុត្តិធម៌ ជាដើម។

លោកមានប្រសាសន៍ថា៖ «នីតិវិធី កាលណាវាខ្វះ [ភស្តុតាង] វាគួរតែជូនដំណឹងគេ ដើម្បីបន្ថែមភស្តុតាង។ បើអត់មានភស្តុតាង ចាំបដិសេធ។ […] រូបភាព គេបាត់បង់ទំនុកចិត្ត»។

កាលពីថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២២ ក្រុមអង្គ​ការសង្គមស៊ីវិលចំនួន៥​ស្ថាប័ន បានស្នើ​​​ទៅ​គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ​និង​ភាគី​​ពាក់ព័ន្ធ ត្រូវពង្រឹង​​ការ​​អនុវត្ត​​ឱ្យ​បាន​​​ត្រឹម​ត្រូវ​​តាម​​ច្បាប់ បទ​បញ្ជា និង​​នីតិវិធីសម្រាប់​ការបោះឆ្នោត ព្រម​ទាំង​ពង្រឹង​អព្យាក្រឹតភាព​​រប​ស់​​មន្ត្រី​​រាជ​ការ និងកង​កម្លាំង​ប្រដាប់​វុធ ។

ការស្នើរបស់ក្រុមអង្គ​ការសង្គមស៊ីវិលនេះ ក្រោយពី​ពួកគេ​រកឃើញ​នូវភាពមិន​ប្រក្រតី​មួយ​ចំនួននៅ​ក្នុង​ដំណើរ​ការ​នៃ​ការ​បោះ​ឆ្នោតជ្រើស​រើស​​ក្រុមប្រឹក្សា​ឃុំសង្កាត់។

ភាពមិនប្រក្រតីទាំងនោះ ក្រុមអង្គការសង្គមស៊ីវិលអះអាងថាមា​នដូចជា វត្តមានអាជ្ញាធរ​ ដូចជា សមាជិក​​ភូមិ មេភូមិ មេឃុំ ចៅសង្កាត់ មន្ត្រីនគរបាល និង​បេក្ខជនឈរឈ្មោះ បាន​ទៅ​ឈរ​នៅ​ក្នុង​​បរិវេណ​ការិយាល័យ​​បោះ​ឆ្នោត ឬតាមភូមិនានានៅក្នុងឃុំសង្កាត់របស់ខ្លួន។

មិនតែប៉ុណ្ណោះ ក្នុងរបាយការណ៍សង្ខេបបឋមរបស់អង្គការសង្គមស៊ីវិលទាំង៥ លើកឡើងថា អ្នក​សង្កេត​ការណ៍​ត្រូវ​បាន​រារាំង​​មិ​ន​ឱ្យ​​ចូល​សង្កេត​ និង​មិនឱ្យ​ថត​ដំណើរការ​​រាប់សន្លឹក​ឆ្នោត​នៅតាមការិយាល័យ​​មួយ​ចំនួន។ លើសពីនេះ ​ដំណើរការរាប់​សន្លឹក​ឆ្នោត​នៅការិយាល័យ​មួយចំនួនត្រូវបាន​គេ​សង្កេត​​ឃើញថា​ បានប្រព្រឹត្តទៅក្នុងស្ថានភាពបិទបាំង និងខ្វះតម្លាភាព ដូចជា ការបិទច្រកការិយា​ល័យ​ ព្រម​ទាំងបិទទ្វារបង្អួចការិយាល័យ​រាប់ស្លឹកឆ្នោត ដោយ​​មិន​អនុញ្ញាត​និង​​មិន​ឱ្យ​ពល​រដ្ឋ​​មើលកា​ររាប់សន្លឹកឆ្នោត ជាដើម​។

ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥នេះ មានគណបក្សនយោបាយចំនួន១៧បានចូលរួមប្រកួតប្រជែង ដោយបានដាក់បេក្ខជនក្រុមប្រឹក្សាឃុំ-សង្កាត់សរុប៨៦ ០៩២នាក់ (ស្ត្រី ២៧ ៨១៣នាក់) ខណៈ​​ក្រុមប្រឹក្សាឃុំ-សង្កាត់​ដែលនឹងត្រូវជ្រើសរើសមកបម្រើការងារក្នុងឃុំ-សង្កាត់ទាំង១ ៦៥២ គឺ​មានចំនួន១១ ៦២២រូប។

បើតាមប្រធាន គ.ជ.ប លោក ប្រាជ្ញ ចន្ទ ស្ថាប័នមួយនេះគ្រោង​នឹង​ប្រកាសលទ្ធផលបោះឆ្នោតផ្លូវការ​​ នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២២នេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ