គណបក្ស​ចំនួន៤ បង្ហាញ​ជំហរ​រួមគ្នា​ទាមទារ​កែលម្អ​ប្រព័ន្ធ​បោះឆ្នោត​និង​សិទ្ធិនយោបាយ

ទិដ្ឋភាពនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ នៅការិយាល័យ លេខ១៦៩៧ ស្ថិតនៅក្នុងសាលាគរុកោសល្យ ភូមិភាគក្រុងតាខ្មៅ ខេត្តកណ្តាល ព្រឹកថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២។ (ហ៊ាន រង្សី)

គណបក្សក្រៅរដ្ឋាភិបាលចំនួន៤ ប​​​ង្ហា​​ញជំហររួមគ្នា ដើម្បីទាមទារឱ្យ​មាន​ការ​កែ​លម្អ​ប្រ​ព័ន្ធ​បោះឆ្នោតនិ​​ង​សិទ្ធិ​ន​យោបាយ ក្រោយ​ពីពួកគេឆ្ល​ង​​កាត់ការបោះ​​ឆ្នោតឃុំ-សង្កាត់ថ្មីៗនេះ​ មិនអាចយកជ័យជម្នះលើបក្ស​​កា​​ន់អំណាចបាន និងស្របពេលដែលការបោះឆ្នោត​ជាតិ អាណត្តិទី៧ នឹ​ងចូលមកដល់នៅ​​ឆ្នាំក្រោយ។

តាមសេចក្តីប្រកាស នៅថ្ងៃសុក្រនេះ គណបក្សភ្លើងទៀន គណបក្សឆន្ទៈខ្មែរ គណបក្សកែទម្រង់កម្ពុជា និង​គណបក្សប្រជា​ធិប​តេយ្យ​មូល​ដ្ឋាន នឹង​ធ្វើ​សន្និសីទសារព័ត៌មានរួមគ្នា នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២២ «ដើម្បីបង្ហាញពីផែនការនៃការតស៊ូមតិលើសំណើកែលម្អប្រព័ន្ធបោះឆ្នោត និងសេរីភាពន​យោបា​យ​​នៅកម្ពុជា»

សន្និសីទរួមគ្នាដែល​មិនធ្លាប់មាននេះ បានកើតឡើងក្រោយពីគណបក្ស​ទាំងនោះ​បានអះអាងពីការ​រកឃើញ​ថា​មានភាពមិនប្រក្រតីមួយ​ចំនួន និង​មានការ​គំរាម​កំហែង​ខាង​នយោបាយ នៅក្នុងដំណើរ​​​ការ​បោះឆ្នោត​​ជ្រើស​រើសក្រុមប្រឹក្សា​ឃុំសង្កាត់ កាលពីខែមិថុនា​កន្លងទៅ។

មួយវិញទៀត ការបង្ហាញជំហររួមគ្នារបស់គណបក្សក្រៅរដ្ឋាភិបាលទាំង៤នេះ ក៏ស្របពេលដែលរដ្ឋាភិបាល​​​ប្រកាសថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នឹងត្រូវធ្វើឡើងនៅថ្ងៃអាទិត្យ ទី​២៣ ខែ​​​កក្កដា ឆ្នាំ​២០២៣។

លទ្ធ​ផល​បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ ដែលបានបិទបញ្ចប់ទៅថ្មីៗនេះ ក្នុង​ចំ​ណោ​​​មគណបក្សនយោបាយចំនួន១៧ដែលបានចូលរួមប្រកួតនោះ គណបក្សប្រជាជនកម្ពុជាទទួលបានសំ​​ឡេ​ងឆ្នោ​តជាង ៧៤ភាគរយ (៧៤​,៣២ភាគរយ) គណបក្សភ្លើងទៀន ទទួលបានសំឡេង​ឆ្នោត​ ២២,២៥ភាគរយ គណបក្សប្រជាធិបតេយ្យ​​មូលដ្ឋាន ទទួលបានសំឡេង​ឆ្នោត ០,០៩ភាគរយ​ និងគណបក្សឆន្ទៈខ្មែរ ទទួលបានសំឡេងឆ្នោត​​ ០,០៧ភាគរយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ