លោក សុន ឆ័យ ចូល​បំភ្លឺ​នៅ​តុលាការ​នៅព្រឹកនេះ ក្រោយ​រង​បណ្ដឹង​របស់ គ.ជ.ប

អនុប្រធាន​គណបក្សភ្លើងទៀន លោក សុន ឆ័យ ផ្ដល់បទសម្ភាន៍ក្រោយបំភ្លឺនៅសាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធនឹងបណ្ដឹងរបស់​គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ដែលបានប្ដឹងរូបលោកពីបទ «បរិហារកេរ្តិ៍ជាសាធារណៈ» ជុះវិញការរិះគន់រឿងភាពមិនប្រក្រតីនៃការបោះឆ្នោត។ (ហ៊ាន រង្សី)

អនុប្រធាន​គណបក្សភ្លើងទៀន លោក សុន ឆ័យ នៅព្រឹកថ្ងៃអង្គារនេះ បានចូលទៅបំភ្លឺនៅសាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធនឹងបណ្ដឹងរបស់​គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ដែលបានប្ដឹងរូបលោកពីបទ «បរិហារកេរ្តិ៍ជាសាធារណៈ» ក្រោយពីលោក សុន ឆ័យ រិះគន់រឿងភាពមិនប្រក្រតីនៃការបោះឆ្នោត។

កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២២ គ.ជ.ប បានប្ដឹងលោក សុន ឆ័យ ទៅតុលាការ​ពីបទ «បរិហារកេរ្តិ៍ជាសាធារណៈ» និងទាមទារឱ្យ​អ្នកនយោបាយ​រូប​នេះត្រូវ​ធ្វើលិខិត​សុំទោស​ជាសាធារណៈ​ថែមទៀត។

ស្របពេលដែលលោក សុន ឆ័យ​ កំពុងចូលបំភ្លឺនៅតុលាការ​នោះដែរ ប្រជាពលរដ្ឋ សកម្មជន​ និង​បេក្ខជនជាប់ឆ្នោតរបស់​គណបក្ស​ភ្លើងទៀន ប្រមាណជិត១០០នាក់ក៏បាន​ទៅឈរនៅមុខសាលាដំបូងរាជធានីភ្នំពេញ ដើម្បីឃ្លាំមើល​ដំណើរការ​សាកសួរនេះដែរ។

ប្រជាពលរដ្ឋមកពី​ខេត្តកណ្ដាល លោក យៀម យឿន មាន​ប្រសាសន៍ថា លោក​ទៅមុខសាលាដំបូងរាជធានីភ្នំពេញនេះ ក្នុងគោលបំណងទៅលើ​កទឹកចិត្តលោក សុន ឆ័យ ស្រប​ពេល​ដែលគាត់កំពុងឆ្លើយបំភ្លឺនៅតុលាការ។

លោក​ថា៖ «យល់ឃើញថា គេ[គ.ជ.ប] ប្តឹងគាត់[លោកសុន ឆ័យ​​]ពីរឿងគាត់​និយាយ​ថា ​ការបោះឆ្នោតមិនប្រក្រតីអីផ្សេងៗ ហើយពួកខ្ញុំគិតថា​ វាមិនដូច្នេះទេ គឺវាមានភាពមិនប្រក្រតីដូចឯកឧត្ដម សុន ឆ័យ​ មាន​ប្រសាសន៍មែន។ ខ្ញុំគិតថា បើសិនជាប្រទេស​យើងមានច្បាប់ត្រឹម​ត្រូវ យុត្តិធម៌យើងសុក្រឹតល្អ យើងគិតថាគាត់អាចរួចពីសំណាញ់ច្បាប់»។

ក្រៅពីរងបណ្ដឹង​របស់គណៈកម្មាធិការ​ជាតិរៀបចំការបោះឆ្នោត លោក សុន ឆ័យ ក៏បានរងនូវ​បណ្ដឹងមួយទៀតរបស់គណបក្សប្រជាជនកម្ពុជាផងដែរ។

កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២ គណបក្សប្រជាជនកម្ពុជា តាមរយៈមេធាវី លោក គី តិច បានដាក់ពាក្យបណ្ដឹង​ទៅកាន់តុលាការ​ដូចគ្នានេះដែរ ប្រឆាំងនឹង​លោក សុន ឆ័យ ក្នុងបណ្តឹង​​​នោះ លោក សាយ ឈុំ អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភា​ផង​នោះ បានទាមទារសំណងជំងឺចិត្តពីលោក សុន ឆ័យ ចំនួន១លាន​ដុល្លារអាមេរិក ដោយ​យោង​ទៅលើ​អង្គហេតុ​ប្រហាក់ប្រហែលទៅនឹងបណ្តឹងរបស់ គ.ជ.ប នៅពេលនេះដែរ៕ 

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ