ពលរដ្ឋ​ខេត្ត​កំពង់ឆ្នាំង​ស្នើ​ឱ្យ​មន្ត្រី​ពន្លឿន​កាត់​ឆ្វៀល​ដី​តំបន់​៣​ជូន​ពួក​គាត់​​ដើម្បី​ឆាប់​បាន​បង្ក​បង្កើន​ផល

អ្នកស្រី ហេង ចាន់ ពលរដ្ឋរស់នៅភូមិកំពង់អួរ ឃុំខុនរ៉ុង ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ស្នើទៅអាជ្ញាធរកាលពីថ្ងៃទី ៧ ខែកក្កដា ឆ្នាំ២០២២ ឱ្យពន្លឿនកាត់ឆ្វៀលដីតំបន់៣ នៃតំបន់បឹងទន្លេសាប ជូនពួកគាត់ឱ្យបានឆាប់។ (សុត បាន)

ពលរដ្ឋ​រស់នៅក្នុងខេត្តកំពង់ឆ្នាំងមួយចំនួន ស្នើឱ្យមន្ត្រីថ្នាក់ក្រោមជាតិ និងថ្នាក់ជាតិពន្លឿននីតិវិធីការកាត់ឆ្វៀលដីតំបន់៣ ឱ្យពួកគាត់​ ដើម្បីឆាប់បានបង្កបង្កើនផលឡើងវិញ បន្ទាប់ពីខកខានអាស្រ័យផលជិត២ឆ្នាំ។ ​

ការ​ស្នើ​នេះ ក្រោយពីរដ្ឋាភិបាលបានចេញបញ្ជា​កាលពីចុងឆ្នាំ២០២១ ឱ្យកងកម្លាំង និង​ក្រសួង​ពាក់ព័ន្ធ​ ចុះទប់​ស្កាត់​បទ​ល្មើស​ទន្ទ្រាន​កាន់​កាប់​ដី​ព្រៃលិចទឹក ​រាប់ម៉ឺនហិកតានៅតំបន់បឹងទន្លេសាប និងរឹបអូស​ដី​ទាំង​នោះមក​ធ្វើជាសម្បត្តិរដ្ឋវិញ ដើម្បីធានាដល់ការកើនឡើងវិញនូវមច្ឆាជាតិ និងជីវចម្រុះនៅតំបន់អភិរក្សមួយនេះ។

ប៉ុន្តែ កាលអំឡុងពេលឃោសនារកសំឡេងឆ្នោតប្រឹក្សាឃុំសង្កាត់អាណត្តិទី៥  ប្រមុខរដ្ឋាភិបាល លោក ហ៊ុន សែន បាន​ចេញ​​បញ្ជា​ឱ្យ​ស្ថាប័ន​ពាក់​ព័ន្ធ​សិក្សាពីការកែសម្រួលផ្ទៃដីបឹងទន្លេសាប និងកាត់ដីជូនពលរដ្ឋដែលអាស្រ័យ​ផល​ជាក់​ស្ដែងនិង​យូរ​ឆ្នាំ​តាម​រូប​មន្ត​ស្បែក​ខ្លា។

អ្នកស្រី ហេង ចាន់ អាយុ ៥២ឆ្នាំជាពលរដ្ឋដែលធ្លាប់រស់នៅលើតាមដងទន្លេសាប ក្នុងភូមិកំពង់អួរ ឃុំខុនរ៉ុង ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង ហើយបានផ្លាស់ទីមករស់នៅលើគោកកាលពីអំឡុងឆ្នាំ២០១៧។

ជាស្ត្រីមេម៉ាយដែលប្ដី​បានបាត់បង់ជីវិតដោយសារជំងឺកូវីដ-១៩ កាលពីចុងឆ្នាំមុន អ្នកស្រី ហេង ចាន់ បានប្រាប់វីអូឌី​ថា មុនពេល​រដ្ឋាភិបាលដកហូតដីនៅតំបន់៣នេះ អ្នកស្រីនិងប្ដីធ្វើស្រែលើដីដែលគាត់មាន និងធ្លាប់អាស្រ័យផលជាច្រើនឆ្នាំមកហើយ។ ការធ្វើស្រូវប្រាំងនៅលើដីតំបន់៣នោះ អ្នកស្រីអះអាងថា សម្រាប់ហូបពេញមួយឆ្នាំ ដោយមិន​ចាំបាច់ចំណាយលុយទិញអង្ករពីផ្សារដូចសព្វថ្ងៃនេះ​ និងសល់ខ្លះសម្រាប់លក់ដើម្បីផ្គត់ផ្គង់ការចំណាយក្នុងគ្រួសារផងដែរ។

អ្នកស្រីថា៖«កាលពីមុនយើងក៏​គ្រាន់ដែរ​ ដូចថាយើងធ្វើទៅ ស្រែយើង ជីយើងក៏វារាងថោក ប្រេងក៏រាងថោក។ យើងក៏ចេះតែបានមួយឆ្នាំទៅនៅសល់២ទៅ៣លាន[រៀល]អីចឹងដែរ។​ បានកូនរៀនកូនអីដែរ ខ្ញុំកូន៦ឬ៧នាក់ ចេះតែស៊ូតាំងពីហ្នុងមក។ សល់កូនពៅមួយ[ស្រី] ដល់ពេលគេចេះដកនេះ ដកនោះមានបានឱ្យកូនរៀន[រៀនត]អីទៀតទេ ត្រឹមថ្នាក់ទី៦ហ្នឹងឯង ឱ្យឈប់ហើយ យើងវាស៊ូមិនរួច»។

កសិកររូបនេះ បានស្នើដល់មន្ត្រីដែលពាក់ព័ន្ធឱ្យជួយពន្លឿន​ការចាត់ចែងប្រគល់ដីតំបន់៣ ដល់ប្រជាពលរដ្ឋឡើងវិញ ដើម្បីគាត់មានឱកាសបានធ្វើស្រែចម្ការ​ និងបានចំណូលយក​មកដោះបំណុលដែលកំពុងមានប្រមាណ៣ម៉ឺនដុល្លារ។ ​

ស្ត្រីមេម៉ាយរូបនេះបន្ថែមថា៖«[បើបានដីមកវិញ]មានអារម្មណ៍សប្បាយ អរគុណគេ[មន្ត្រី] បានដីដូចបានរស់ម្ដងទៀត ឱ្យតែបានដីមកវិញ ក៏ចេះតែយើងធ្វើកើតមិនកើតយ៉ាងម៉េចកាប់ជ្រះ[កាប់គាស់]បន្តិចៗទៅ»។

ស្រដៀងគ្នានេះដែរ លោក ហេង ហាន អាយុ ៥៦ឆ្នាំ ជាពលរដ្ឋម្នាក់ដែលអះអាងថា ជាពលរដ្ឋក្នុងចំណោមពលរដ្ឋ​ជាង២០០គ្រួសារ ​ក្នុងភូមិកំពង់អួរដែលកំពុងប្រឈមបញ្ហានេះ។

លោកបន្តថា ក្រោយពេលរដ្ឋាភិបាលសម្រេចដកហូតដីតំបន់៣កាលពីចុងឆ្នាំ២០២១  ​លោកបានជំពាក់លុយធនាគារច្រើនជាងមុន ដោយសារមុនពេលរដ្ឋដកហូតដីនោះ ​លោកបានចំណាយប្រាក់​ជាង ៥ ០០០​ដុល្លារដើម្បីទិញពូជស្រូវសម្រាប់ដីស្រែ ​ដែលមានជាង១០ហិកតា។ ការខ្ចីបំណុលគេពេលនោះ ដោយលោកសង្ឃឹមថា បន្ទាប់ពីធ្វើស្រែរួចនឹងមានលទ្ធភាពសងគេវិញ ប៉ុន្តែក៏ត្រូវបានរដ្ឋាភិបាលដកដីនោះមុនពេលបានធ្វើស្រែទៅវិញ។

លោកបន្ថែមថា៖«ទុក្ខច្បាស់ជាមានហើយ ធម្មតាគេមកវាយឆ្នាំងបាយបំបែកហើយ។​ អ៊ីចឹងទុក្ខទីមួយពេលត្រូវធ្វើ[ស្រែប្រាំង]គាត់[រដ្ឋាភិបាល]ដក។ យើងត្រៀមពូជត្រៀមឧបករណ៍ដែលធ្វើស្រែ ដល់ពេលគោកគាត់ដកបណ្ដោយ ដល់ពេលចឹងយើងខាតទាំងដីទាំងថវិកា អ៊ីចឹងវាជាន់ៗតែម្ដង»។

ពលរដ្ឋរូបនេះ ក៏បានអំពាវនាវឱ្យមន្ត្រី​ពាក់ព័ន្ធទាំងអស់​ជួយពន្លឿនការកាត់ឆ្វៀលដីនៅក្នុងតំបន់៣ ​ឱ្យមកប្រជាពលរដ្ឋទាំងអស់ដែលធ្លាប់អាស្រ័យផលជាក់ស្តែងឡើងវិញ។  ​

លោកនាយករដ្ឋមន្ត្រី ហ៊ុនសែន បានចេញសេចក្ដីប្រកាស​មួយកាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១  ឱ្យក្រសួងស្ថាប័នពាក់ព័ន្ធ និងអភិបាលខេត្តជាប់បឹងទន្លេសាប ត្រូវ​ទប់ស្កាត់ និង បង្រ្កាបជាបន្ទាន់ចំពោះការលួចកាប់ទន្ទ្រានដីព្រៃលិចទឹក និងវាទទីយកដីនៅតាម​តំបន់អភិរក្សនៃបឹងទន្លេសាប ជាពិសេសនៅខេត្តកំពង់ឆ្នាំងតែម្តង។

លើសពីនេះ រដ្ឋាភិបាលក៏បានសម្រេចដកហូតដីតំបន់៣ ដែលជាតំបន់អភិរក្សជុំវិញតំបន់បឹងទន្លេសាបទាំងអស់ ដោយព្រមានចាត់វិធានការដល់ជនល្មើសថែមទៀតផង។ ជាមួយគ្នានេះ លោកក៏បានបញ្ជាដល់ជនទាំងឡាយណាដែលបានកាប់រានទន្ទ្រាន និងកាប់កាប់ដីព្រៃលិចទឹក​ ត្រូវប្រគល់ជូនរដ្ឋវិញ ជាថ្នូរមិនមានទោសទណ្ឌ។ លោក ហ៊ុន សែន  ​ក៏បានអះអាងថា មានមន្ត្រីរបស់ខ្លួនមួយចំនួនជាប់ពាក់ព័ន្ធរឿងនេះដែរ ក្នុងនោះលោកក៏បានលើកចំឈ្មោះអតីតអភិបាលខេត្តកំពង់ឆ្នាំងមួយរូប គឺលោក ឈួរ ច័ន្ទឌឿន ​ដែលជាប់ព័ន្ធបទល្មើសឈូសឆាយនិងកាន់កាប់ដីព្រៃលិចទឹក​ជាង ២ ០០០ហិកតា​។  

ប៉ុន្តែក្នុងអំឡុងពេលឃោសនារកសំឡេងឆ្នោតរបស់គណបក្សនយោបាយដែលចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៥ ពោលគឺកាលពីថ្ងៃទី២៧ ខែឧសភាឆ្នាំ២០២២ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ​បាន​ចេញ​​បញ្ជា​ឱ្យ​ស្ថាប័ន​ពាក់​ព័ន្ធ​សិក្សាពីការកែសម្រួលផ្ទៃដីបឹងទន្លេសាប និងកាត់ដីជូនពលរដ្ឋដែលអាស្រ័យ​ផល​ជាក់​ស្ដែង​យូរ​ឆ្នាំ​តាម​រូប​មន្ត​ស្បែក​ខ្លា និងប្រកាស​ប្រឆាំងដាច់ខាតចំពោះអ្ន​ក​មាន​អំណាចដែល​ទន្ទ្រានយកដីបឹងទន្លេសាប។​

ក្រោយមករាជរដ្ឋាភិបាល បានចេញ​អ​នុក្រឹត្យចុះថ្ងៃ​ទី៣​១ ខែ​ឧ​សភា ​ឆ្នាំ​២​០​២​២ ដោយកា​ត់ដី​ទំ​ហំ​ ៦ ​៣៥​៨ហិកតា ស្មើ​ជាង ​២ ០០០​ក្បាលដី (២០២៥ក្បាលដី​) ​ចេញ​ពី​តំ​បន់​​៣​ ​ស្ថិត​ក្នុងភូមិសាស្ត្រ​ខេត្តកំព​ង់ធំ បញ្ចូលទៅតំបន់២ ដើម្បីឱ្យពលរដ្ឋបានអាស្រ័យផល។

អនុក្រឹត្យដាច់ដោយឡែកមួយទៀត រដ្ឋាភិបាល​បាន​សម្រេច​កាត់​​ដីទំហំជិត ៦០​ហិកតា ចេញពីតំបន់​៣ដូចគ្នា​​នៃ​​ផ្ទៃដី​​បឹង​ទន្លេ​សាប ​​​ស្ថិតក្នុងភូមិសាស្ត្រ ខេត្តបន្ទាយមានជ័យ ឱ្យទៅពលរដ្ឋ ២២គ្រួសារ ស្ថិតនៅ​ភូមិ​កាបៅ និង​ភូមិកំពង់ក្រសាំង ឃុំភ្នំលៀប ស្រុកព្រះ​នេត្រព្រះ ខេត្ត​បន្ទាយមានជ័យ ដើម្បីអាស្រ័យ​ផលតាមការស្នើសុំ។

តែ​​​​យ៉ាងណា អនុក្រឹត្យទាំង២​នេះមិន​បាន​​បង្ហាញ​ឈ្មោះ​ម្ចាស់អចលនវត្ថុដែល​ត្រូវទទួលបានសិទ្ធិអា​ស្រ័​យទាំងអស់នោះទេ។

ទាក់ទងការស្នើរបស់ពលរដ្ឋទាំងនេះ​ លោក ចាន់ អាន ជាអតីតមេឃុំខុនរ៉ុង ហើយបច្ចុប្បន្នជាសមាជិកក្រុមប្រឹក្សាឃុំមានប្រសាសន៍ថា មន្ត្រីមូលដ្ឋាននិងខេត្តកំពុងធ្វើការលើបញ្ហានេះ។លោកបន្តថា មានកិច្ចប្រជុំទាំងក្នុងថ្នាក់ស្រុក និងខេត្តកាលលពីថ្ងៃទី៧​ និងទី៨ ខែកក្កដា កន្លងទៅ ដើម្បីពិនិត្យមើលសមភាពនិងបង្កើតក្រុមការងារដើម្បីចាត់ការលើរឿងនេះ។

លោកថា៖«ចឹងខាងលើ(មន្ត្រីថ្នាក់ខេត្ត)ក៏គាត់ខំប្រឹងប្រែងណាស់ដែរ ប៉ុន្តែឯកភាពថា នឹងអនុវត្តតាមប្រសាសន៍របស់សម្ដេចនាយកហើយ ក៏ប៉ុន្តែក្នុងខេត្តហ្នឹង(កំពង់ឆ្នាំង)វាពាក់ព័ន្ធដីពីរកន្លែង បីកន្លែងចឹងណា៎។ ចឹងការប្រជុំហ្នឹងថា នឹងអនុវត្តហើយ តែកំពុងតែរៀបចំសមាសភាពចម្រុះចឹងណា៎»។

ទោះជាយ៉ាងណាក៏សមាជិកក្រុមប្រឹក្សាឃុំរូបនេះ នៅមិនទាន់អាចប្រាប់ពីពេលវេលាជាក់លាក់ណាមួយក្នុងការរៀបចំមន្ត្រីចម្រុះដើម្បីចុះទៅកាត់ឆ្វៀលដីជូនប្រជាពលរដ្ឋដែលទទួលរងផលប៉ះពាល់ដោយសារការដកហូតដីនៅក្នុងតំបន់៣នេះនៅឡើយទេ ដោយលោកបានលើកឡើងថា ខាងថ្នាក់ក្រោមរង់ចាំការសម្រេចពីថ្នាក់ខេត្ត។

​មន្ត្រីសម្របសម្រួល​សមាគមការពារសិទ្ធិមនុស្សអាដហុកប្រចាំខេត្តកំពង់ឆ្នាំង លោក សំ ចាន់គា យល់ឃើញថា ភាពយឺតយ៉ាវក្នុងការកាត់ឆ្វៀលដី ឬឱ្យពលរដ្ឋចូលកាន់កាប់ដីនៅក្នុងតំបន់៣នេះ នឹងធ្វើឱ្យពួកគាត់ជួបបញ្ហាក្នុងជីវភាព​ខ្លាំងជាងមុន។ លោកបន្តថា វិបត្តិកូវីដ-១៩ បានធ្វើឱ្យប៉ះពាល់ដល់ជីវភាពពលរដ្ឋមួយកម្រិត ហើយនៅពេល​មិនអាចធ្វើស្រែចម្ការបានទៀតនោះគឺបញ្ហាកាន់តែធ្ងន់ថែមទៀត។

លោកថា៖«អ៊ីចឹងនៅពេលនេះ គួរតែអាជ្ញាធរជំនាញក៏ដូចជាគណកម្មការហ្នឹងប្រញ៉ាប់ក្នុងការកាត់ឆ្វៀលឬចុះកាត់ឆ្វៀលប្រគល់ដីឱ្យពួកគាត់ផងទៅទាន់មិនទាន់ទឹកឡើង។ អ៊ីចឹងអាជ្ញាធរអាចនឹងពិនិត្យបានជាក់លាក់ដល់ពេលទឹកឡើងទៅហ្នឹងវាប៉ះពាល់ទៅនឹងការធ្វើដំណើរការត្រួតពិនិត្យរបស់អាជ្ញាធរ អ៊ីចឹងអត់អាចចុះបានទេ{…….} ហើយកាលណាមិនបានចុះពេលហ្នឹងវានឹងបន្តទៅឆ្នាំក្រោយ ដល់ទឹកស្រកគាត់មិនអាចធ្វើស្រែបានទេ»។

មន្ត្រីសិទ្ធិមនុស្សរូបនេះ ​បារម្ភចំពោះភាពអយុត្តិធម៌អាចនឹងកើតមានឡើងចំពោះការកាត់ឆ្វៀលដីតំបន់៣ជូនទៅប្រជាពលរដ្ឋវិញ ដោយ​ថា នៅក្នុងតំបន់នេះពីមុនមានអ្នកមានលុយនិងអំណាច បានយកឈ្មោះប្រជាពលរដ្ឋយកទៅប្រើ​ដើម្បីបានដីទាំងនោះ។

យ៉ាងណា លោកសង្ឃឹមថា មន្ត្រីពាក់ព័ន្ធនឹងធ្វើរឿងនេះ​ដោយយកចិត្តទុកដាក់ដើម្បី​រក្សាមុខមាត់រដ្ឋាភិបាល។

លោកបន្ថែមថា៖«យើងចង់ឃើញខាងរដ្ឋាភិបាល[មាន]ដំណោះស្រាយមួយដោយយុត្តិធម៌។ កន្លងមកមានការរិះគន់ហើយ រឿងការដោះស្រាយដែលមិនមានភាពយុត្តិធម៌ ដោយមានភាពលម្អៀងនេះ។ យើងសង្ឃឹមថា រាជរដ្ឋាភិបាលលោកនឹងស្ដារកិត្តិយស និងសមភាពដែលសហគមន៍ទាំងប្រជាពលរដ្ឋអីហ្នឹងមើលឃើញថា លោកបានព្យាយាមកែលម្អ អ្វីដែលជាកង្វះខាត អ្វីដែលជាភាពពុករលួយទាំងអស់ហ្នឹងឱ្យល្អឡើងវិញជាមិនខាន»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ