គណបក្ស​ក្រៅរដ្ឋាភិបាល​ប្ដេជ្ញា​ចង​សម្ពន្ធភាព​នៅ​មុន​ការបោះឆ្នោតជាតិ ខណៈ​បក្សកាន់អំណាច​កំពុង​រក​មធ្យោបាយ​ការពារ​ខ្លួន

មន្ត្រីជាន់ខ្ពស់គណបក្សប្រជាធិបតេយ្យមូលដ្ឋាន ក្នុងសន្និសីទសារព័ត៌មានស្ដីពី «សំណើចងសម្ពន្ធនយោបាយ ២០២៣» ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២២។ (ហ៊ាន រង្សី)

​គណបក្សប្រជាធិបតេយ្យមូលដ្ឋាន ដែលដឹកនាំការចងសម្ពន្ធភាពជាមួយគណបក្សន​​យោបាយដែលនៅក្រៅរដ្ឋាភិបាល​​ចំ​​នួន៤ផ្សេងទៀត កំពុងរៀបចំផែនការ ដើម្បីជំរុញឱ្យល្បឿន​​នៃសម្ពន្ធ​​ភាពអ្នកប្រជាធិបតេយ្យនេះចេញឱ្យបានឆាប់ នៅមុនការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត​​​​នីតិកាលទី៧​​មកដល់ ខណៈគណ​​បក្ស​​គ្រ​ប់​​​គ្រងអំណាចក៏កំពុងតែរិះរកមធ្យោបាយ ដើ​​ម្បី​​​​ទប់​​​ទល់នឹងការស្រកស្រុត និងឧប​​​សគ្គ​ក្នុង​​ការជ្រើសរើសនាយករដ្ឋមន្រ្តី សម្រាប់បង្កើត​​រដ្ឋា​​ភិបាល តាមរយៈយន្ត​​កា​​រ​​​​រដ្ឋសភា។

ថ្លែងក្នុងសន្និសីទកាសែតនៅព្រឹកថ្ងៃអង្គារម្សិលមិញនេះ ប្រធានគណបក្សប្រជា​​ធិប​​តេយ្យមូលដ្ឋាន លោក យ៉េង វីរៈ បញ្ជាក់ជំហរថា មូលហេតុដែលគណបក្សនៅក្រៅរដ្ឋាភិបាលត្រូវការជាចាំបាច់ក្នុងការ​​​ចង​សម្ពន្ធភាពអ្នកប្រជាធិបតេយ្យនេះ ដោយមើលឃើញពីការដើរថយក្រោយនៃគោលការណ៍​​ប្រ​ជា​​ធិ​​ប​តេយ្យសេរីពហុបក្ស។

លោកបន្តថា យន្តការសភាក្នុងពេលសព្វថ្ងៃនេះ មិនមែនបម្រើឱ្យ​​សំ​​ឡេ​​​ង​​​​ភាគច្រើនដូចមុនទៀតនោះឡើយ។ សមាជិកសភាដែលភាគច្រើនដាច់ខាត គឺជាតំណាងរាស្រ្ត​​ឯ​ក​បក្ស ហើយការអនុវត្តដូច្នេះ វាកំពុងដើរផ្ទុយពីអ្វីដែលមានបញ្ញត្តិនៅ​​ក្នុងច្បាប់កំពូល​របស់​​​​ជាតិ​​ថែម​​​​ទៅ​​ទៀត​។

មិនខុសគ្នាដែរ លោក យ៉ង់ សាំងកុមារ ដែលជាប្រធានគណៈកម្មាធិការនាយក នៃគណបក្ស​​ប្រជា​​ធិប​​តេយ្យមូលដ្ឋាន ក៏បាន​លើកឡើងនៅក្នុងសន្និសីទកាសែតនោះថា ការបែកបាក់​​សំ​​ឡេង​​អ្នក​​ប្រ​​​ជា​​ធិបតេយ្យនេះ ឆ្លុះបញ្ចាំងរួចមកហើយពីការបរាជ័យ​​ក្នុងការបោះឆ្នោតជាបន្តបន្ទាប់ ហើ​​​យ​គណបក្សដែលចាំទទួលផលពីការបែកបាក់សាមគ្គីនៃកម្លាំងអ្នកប្រជាធិបតេយ្យនេះ គឺគណបក្ស​​ប្រ​​​ជាជនកម្ពុជាសព្វថ្ងៃ។

លោក យ៉ង់ សាំងកុមារ ដែលជាប្រធានគណៈកម្មាធិការនាយក នៃគណបក្ស​​ប្រជា​​ធិប​​តេយ្យមូលដ្ឋាន ថ្លែងក្នុងសន្និសីទសារព័ត៌មានស្ដីពី សំណើចងសម្ពន្ធនយោបាយ ២០២៣ ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២២។
លោក យ៉ង់ សាំងកុមារ ដែលជាប្រធានគណៈកម្មាធិការនាយក នៃគណបក្ស​​ប្រជា​​ធិប​​តេយ្យមូលដ្ឋាន ថ្លែងក្នុងសន្និសីទសារព័ត៌មានស្ដីពី «សំណើចងសម្ពន្ធនយោបាយ ២០២៣» ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២២។ (ហ៊ាន រង្សី)

លោកបន្តថា៖ «ហេតុអីបានជាគណបក្សកាន់អំណាចសព្វថ្ងៃហ្នឹង គាត់បានសំឡេងខ្លាំងម៉្លេះនៅឆ្នាំ២០០៨? ចម្លើយសាមញ្ញទេ ព្រោះគណបក្សទាំងអស់បែកគ្នាជា​​បួនធំៗប្រកួតគ្នា។ ជំនាន់នោះ​ យើង​មានគណបក្សសិទ្ធិមនុស្ស គណបក្សសមរង្ស៊ី គណបក្សហ្វ៊ុនស៊ិនប៉ិច និងគណបក្សនរោត្ដម រណឫទ្ធិ។ អ៊ីចឹងប្រជាពលរដ្ឋខ្មែរយើងមើលឃើញថា ឱ្យតែគណបក្សដែលប្រកួតប្រជែងជាមួយគណបក្សប្រជាជនកម្ពុជាកាន់តែខ្លាំង សំឡេងគណបក្សប្រជាជន​​កើនកាន់តែខ្លាំង។ យើងនិយាយ​​ភាសា​សាមញ្ញថា ប្រជាពលរដ្ឋពិន័យ ពិន័យក្រុមដែលមិនចេះសហការគ្នា»។

​ឯកសារគោលដែលចេញដោយគណបក្សប្រជាធិបតេយ្យមូលដ្ឋាន បង្ហាញថា បំណងនៃ​​ការចង​​សម្ពន្ធ​ប្រជាធិបតេយ្យនយោបាយថ្មី ២០២៣ ឬហៅមួយបែបទៀតថា «សម្ពន្ធភាពឆ្នាំ២០២៣» នេះ អនុវត្ត​​​លើស្មារតីនៃសសរស្សម្ភចំនួន៤ ឬហៅថា «គ៤» ដូចជា គោលបំណង គុណតម្លៃ គោលការណ៍ និ​​​ង​​គោលនយោបាយ។ បន្ថែមពីលើនេះ ការរួបរួម​រវាងគណបក្សនយោបាយនេះដែរ គឺគ​​ណ​​​ប​​ក្ស​ប្រជាធិបតេយ្យមូលដ្ឋានដាក់ចេញនូវជម្រើសចំនួន៣ ដើម្បីឱ្យបក្សនយោបាយផ្សេងទៀត​​សម្រេ​​​ចចិត្ត ក្នុងនោះ​​​មាន​ដូច​​ជា​​​​ ​ការបែងចែកមណ្ឌលគ្នាឈរឈ្មោះ ការរួមគ្នាក្រោមឈ្មោះ​​គណ​បក្ស​​​​​នយោ​​បាយណា​​​មួយ និង​​ជម្រើសទី៣ ការរួមគ្នាបង្កើតគណបក្សថ្មីមួយ។

បើតាមលោក យ៉ង់ សាំងកុមារ ជម្រើសទាំង៣នេះ គ្រប់ភាគីបក្សនយោបាយនឹងបន្តពិគ្រោះ​យោ​​​ប​​​​ល់​​​​​គ្នាបន្ថែមទៀត នៅបន្ទាប់ពីគណបក្សប្រជាធិបតេយ្យមូលដ្ឋានដាក់សំណើទៅកាន់បក្សនយោបាយដែ​​​ល​​​បាន​ឆ្លងកាត់ការ​​ពិ​​ភា​​ក្សា​​គ្នាក្នុងពេលកន្លងទៅ។

ចំណែកលោក អ៊ូ ច័ន្ទរ័ត្ន សហស្ថាបនិកនៃគណបក្សកែទម្រង់កម្ពុជា ឯកភាពថា ផែនការនេះ គ​​ណ​​​បក្ស​​ថ្មី​​​​ថ្មោងមួយនេះមិនជំទាស់ទេ ទោះការរួបរួមនេះធ្វើឡើងក្នុងទម្រង់មួយណាក៏ដោយ។ ​​លោក​​បន្ត​​ថា មានតែការធ្វើដូច្នេះទេ ទើបសំឡេងអ្នកប្រជាធិបតេយ្យមានប្រៀប ហើយនឹង​​ឈា​​ន​​​​​​​ទៅ​​កាត់​បន្ថយអំណាចរបស់គណបក្សប្រជាជនកម្ពុជាបាន។

លោក អ៊ូ ច័ន្ទរ័ត្ន ថ្លែងក្នុងសន្និសី​ទ​ស្ដីពី «សំណើកែលម្អប្រព័ន្ធបោះឆ្នោត និងសេរីភាពនយោបាយនៅកម្ពុជា» រៀបចំដោយ​​​គ​​​​ណ​បក្សភ្លើងទៀន គណ​​បក្សប្រ​ជាធិ​បតេ​យ្យមូលដ្ឋាន​ គណបក្សឆន្ទៈ​ខ្មែរ ​គណ​បក្សកែ​ទ​ម្រង់​កម្ពុ​ជា និ​ងគ​​​ណ​បក្សកម្ពុជានិ​យម នៅរាជធានី​ភ្នំពេញ ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២២។
លោក អ៊ូ ច័ន្ទរ័ត្ន ថ្លែងក្នុងសន្និសី​ទ​ស្ដីពី «សំណើកែលម្អប្រព័ន្ធបោះឆ្នោត និងសេរីភាពនយោបាយនៅកម្ពុជា» រៀបចំដោយ​​​គ​​​​ណ​បក្សភ្លើងទៀន គណ​​បក្សប្រ​ជាធិ​បតេ​យ្យមូលដ្ឋាន​ គណបក្សឆន្ទៈ​ខ្មែរ ​គណ​បក្សកែ​ទ​ម្រង់​កម្ពុ​ជា និ​ងគ​​​ណ​បក្សកម្ពុជានិ​យម នៅរាជធានី​ភ្នំពេញ ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២២។ (ហ៊ាន រង្សី)

លោកបន្តថា៖ «ខ្ញុំមែនទែនទៅ គណបក្សកែទម្រង់កម្ពុជា យើងស្វាគមន៍គ្រប់ទម្រង់នៃការសហការ​និងចងសម្ពន្ធភាព ឬក៏បង្កើតឱ្យទៅជាកម្លាំងតែមួយ។ យើងស្វាគមន៍ យើងអត់មានបដិសេធទេ ហើយ​​យើងរង់ចាំការជជែកគ្នាហ្នឹង​»។

ស្រដៀងគ្នានេះដែរ លោក គង់ មុនីកា ប្រធានគណបក្សឆន្ទៈខ្មែរ ស្វាគមន៍ចំពោះ​​ការផ្ដួ​​ចផ្ដើម​​​គំ​និតចងសម្ពន្ធភាពអ្នកប្រជាធិបតេយ្យនេះ។ លោកបន្តថា កន្លងទៅ គណបក្សក្រៅ​​រដ្ឋាភិបាលដែល​​​មាន​​គោល​ជំហរប្រហាក់ប្រហែលគ្នា ក៏ធ្លាប់បានធ្វើកិច្ចការរួមគ្នាខ្លះមកហើយដែរ ប៉ុន្តែអ្វីដែលនៅ​​តែ​​ជា​​បញ្ហាក្នុងពេលនេះ គឺត្រូវការពេលវេលាបន្ថែមទៀត ដើម្បីឈ្វេងយល់ឱ្យកាន់តែច្បាស់។

លោក គង់ មុនីកា ថ្លែងក្នុងសន្និសី​ទ​ស្ដីពី «សំណើកែលម្អប្រព័ន្ធបោះឆ្នោត និងសេរីភាពនយោបាយនៅកម្ពុជា» រៀបចំដោយ​​​គ​​​​ណ​បក្សភ្លើងទៀន គណ​​បក្សប្រ​ជាធិ​បតេ​យ្យមូលដ្ឋាន​ គណបក្សឆន្ទៈ​ខ្មែរ ​គណ​បក្សកែ​ទ​ម្រង់​កម្ពុ​ជា និ​ងគ​​​ណ​បក្សកម្ពុជានិ​យម នៅរាជធានី​ភ្នំពេញ ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២២។
លោក គង់ មុនីកា ថ្លែងក្នុងសន្និសី​ទ​ស្ដីពី «សំណើកែលម្អប្រព័ន្ធបោះឆ្នោត និងសេរីភាពនយោបាយនៅកម្ពុជា» រៀបចំដោយ​​​គ​​​​ណ​បក្សភ្លើងទៀន គណ​​បក្សប្រ​ជាធិ​បតេ​យ្យមូលដ្ឋាន​ គណបក្សឆន្ទៈ​ខ្មែរ ​គណ​បក្សកែ​ទ​ម្រង់​កម្ពុ​ជា និ​ងគ​​​ណ​បក្សកម្ពុជានិ​យម នៅរាជធានី​ភ្នំពេញ ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២២។ (ហ៊ាន រង្សី)

លោកបន្តថា៖ «យើងធ្លាប់មានបំណងប្រមូលកម្លាំងអ្នកប្រជាធិបតេយ្យដែរ។ ដូច្នេះហើយ គណ​​បក្ស​​ឆន្ទៈ​ខ្មែរយើងយល់ឃើញថា នេះជាជំហានល្អមួយសម្រាប់អ្នកប្រជាធិបតេយ្យ​​ដូចគ្នា ដែលចង់ស​​ហ​​ការនិងធ្វើការជាមួយគ្នា ដើម្បីក​សាងកម្លាំងអ្នកប្រជា​​ធិបតេយ្យហ្នឹង​​។ ប៉ុន្តែខ្ញុំគិ​តថា គ​​ណបក្សនី​​​មួយៗត្រូវការពេលវេលាបន្ថែមរៀងៗខ្លួន ដើម្បីជជែកផ្ទៃក្នុងរបស់ខ្លួនផង ហើយក៏ជជែកជាព​​ហុ​​ភា​​គី ដើម្បី​ឱ្យដឹងពីគោលបំណងពិត ហើយយើងក៏មានគោលការណ៍​ណាមួយច្បាស់​​លាស់ ​​ដើម្បី​​ថា​​តើ​​​​យើងអាចធ្វើការកម្រិតណាបាន»។

គិតមកដល់ពេលនេះ មានគណបក្សនយោបាយចំនួន៥ហើយបានរួមធ្វើកិច្ចការជាមួយគ្នា តាំង​​ពី​​​មុនដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ ឆ្នាំ២០២២។ ទន្ទឹមនឹងនេះ គ​ណ​​បក្ស​​នយោបាយទាំង៥នោះក៏បានបង្ហាញជំហររួមគ្នាជាថ្មីទៀត តាមរយៈការរៀបចំធ្វើសន្និសីទ​​កា​​សែត​​​រួម​​គ្នា​​មួយ ជាលើកដំបូង កាល​​ពីថ្ងៃទី១១ ខែកក្កដា។ គណបក្សនយោបាយទាំងប្រាំដែល​​​ប្ដេជ្ញា​​​​ចងសម្ពន្ធភាព ដែលមានឈ្មោះថា «សម្ពន្ធប្រជាធិបតេយ្យនយោបាយថ្មី ២០២៣» មាន​​​គណ​បក្ស​​​​ភ្លើងទៀន គណបក្សប្រជាធិបតេយ្យមូលដ្ឋាន គណបក្សឆន្ទៈខ្មែរ គណបក្សកែទម្រង់កម្ពុជា និង​​​​គណបក្ស​​កម្ពុជានិយម។

ចំណែកលោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ធ្លាប់ប្រាប់ វីអូឌី ថ្មីៗនេះថា គ​​ណ​​បក្សកាន់អំណាច មិនព្រួយបារម្ភចំពោះផែនការ នៃការសហការគ្នារបស់គណបក្សក្រៅ​​រដ្ឋា​​ភិ​​បាល​​​​ទាំងនោះម្តងណាទេ។ ផ្ទុយទៅវិញ នេះជាជម្រើសល្អមួយ ហើយឆ្លុះបញ្ចាំងឱ្យ​ឃើញថា ក​ម្ពុ​​​ជា​​កំពុងតែអនុវត្តគោលការណ៍ប្រជាធិបតេយ្យ និងសេរីពហុបក្សដោយពេញ​​លេញ​។ ម្យ៉ាង​​ទៀ​​​ត សិទ្ធិ​​ធ្វើ​​នយោបាយរបស់បក្សដទៃ ក្រៅពីបក្សកាន់អំណាច ក៏មានឱកាសដូចៗគ្នាដែរ។

គេសង្កេតឃើញថា ការកៀរគររកសំឡេងគាំទ្រ ដើម្បីឈានទៅចងសម្ពន្ធភាពអ្នកប្រជាធិប​​​តេ​យ្យ​​ពីបក្សក្រៅរដ្ឋាភិបាលនេះ កើតឡើងស្របគ្នាទៅនឹងបំណងរបស់គណបក្សប្រជាជនកម្ពុជាដែ​​ល​កាន់អំណាច កំពុង​​ស្នើ​​រដ្ឋ​​សភាឱ្យធ្វើវិសោធនកម្មច្បាប់រដ្ឋធម្មនុញ និងច្បាប់ធម្មនុញ្ញបន្ថែម លើមាត្រាចំនួន ៨។

បើគេពិនិត្យលើសេចក្ដីព្រាង​នៃវិសោធនកម្មថ្មីនេះ គឺបានផ្ដល់ភ្លើងខៀវឱ្យគណ​​បក្សដែលមានសំ​​ឡេ​​ង​​​​នាំ​​​​មុខគេនៅក្នុងរដ្ឋសភា ស្នើថ្វាយទៅព្រះមហាក្សត្រ តែងតាំងជានាយករដ្ឋមន្រ្តី ដើម្បីបង្កើត​​ក្បា​​​​​​ល​​​​​​​ម៉ាស៊ីនដឹកនាំរដ្ឋាភិបាលតែម្តង ដោយមិនចាំបាច់ផ្តល់សេចក្តីទុកចិត្តពីប្រធានរដ្ឋសភាដូច​មុន​​​ទៀ​​​ត​​​​​​នោះទេ។ តាមរយៈវិសោធនកម្មថ្មីដែលរដ្ឋសភានឹងប្រជុំពិភាក្សានៅថ្ងៃទី២៨ ខែកក្កដានេះ ត្រូវ​​បាន​អ្នកវិភាគនយោបាយមើលឃើញថា វានឹងជួយឱ្យគណបក្សគ្រប់គ្រងអំណាចបច្ចុប្បន្នលែង​​មាន​​​​ឧបសគ្គតទៅទៀត ក្នុងការជ្រើសរើសនាយករដ្ឋមន្រ្តី ក្រោយការបោះឆ្នោត។

លោក គឹម សុខ អ្នកវិភាគសង្គម និងនយោបាយ មើលឃើញថា ការរួមកម្លាំងគ្នានៅពេលនេះរបស់​​​បក្សក្រៅរដ្ឋាភិបាល ដើម្បីឈានទៅកាត់បន្ថយអំណាចនៅក្នុងសភារបស់បក្សប្រជាជន​​កម្ពុ​​ជា វា​​​ជា​ជម្រើសដ៏ល្អ។ ប៉ុន្តែលោកបញ្ជាក់ថា ការបង្ហាញពីផែនការនិងយុទ្ធសាស្រ្ត​​អស់គ្មានសេសសល់​​​បែប​នេះ វាមិនខុសអីពីបង្ហាញចំណុចខ្សោយឱ្យគូប្រកួតដឹងមុននោះទេ។

លោក គឹម សុខ បន្តថា៖ «កំហុសមួយដែលខ្ញុំមិនអាចមិននិយាយបាននោះ គឺនៅត្រង់ថា កាលណាបំណងនៃការរួបរួមគ្នាមិនទាន់បានសម្រេចដល់គោលដៅទេ មិនគួរណានិយាយគ្រប់គន្លឹះជាសាធារណៈក្នុងសន្និសីទសារព័ត៌មានចំហបែបហ្នឹងទេ។ វាដូចជាបង្ហាញចំណុចខ្សោយ ឬក៏ផ្លូវដើរអ្នកដែលចង់រួបរួមនោះ ទៅគណបក្សគូប្រជែងឱ្យគេដឹងអ៊ីចឹង»។

ចំណែកលោក សាម អ៊ីន អគ្គលេខាធិការគណបក្សប្រជាធិបតេយ្យមូលដ្ឋាន នៅតែមើល​​ឃើ​ញ​​​​​ថា ខ្លឹមសារនៃវិសោធនកម្មរដ្ឋធម្មនុញ្ញលើកទី១០នេះ មិនទាន់មានភាពរឹង​​មាំដែលអាចបើក​​ផ្លូ​​វឱ្យ​​គ​ណ​​​​បក្សប្រជាជនកម្ពុជាធ្វើអ្វីតាមចិត្ត​​នៅឡើយនោះទេ។ លោកបន្តថា ភាពចន្លោះប្រហោងនេះនឹង​​​​​អាចទប់​​ស្កាត់បាន ក្នុងករណីកម្លាំងអ្នកប្រជាធិបតេយ្យកាត់​បន្ថយសំឡេង​​នាំមុខរ​​បស់​បក្ស​​កា​ន់​​​​​​​អំណាចនៅក្នុងរដ្ឋសភា។

លោក សាម អ៊ីន អគ្គលេខាធិការគណបក្សប្រជាធិបតេយ្យមូលដ្ឋាន ថ្លែងក្នុងសន្និសីទសារព័ត៌មានស្ដីពី «សំណើចងសម្ពន្ធនយោបាយ ២០២៣» ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២២។
លោក សាម អ៊ីន អគ្គលេខាធិការគណបក្សប្រជាធិបតេយ្យមូលដ្ឋាន ថ្លែងក្នុងសន្និសីទសារព័ត៌មានស្ដីពី «សំណើចងសម្ពន្ធនយោបាយ ២០២៣» ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២២។ (ហ៊ាន រង្សី)

លោកបន្តថា៖ «ទោះបីជាគាត់កែរដ្ឋធម្មនុញ្ញ ឱ្យគណបក្សដែលមានអាសនៈច្រើននៅក្នុងរដ្ឋសភាមានសិទ្ធិស្នើទៅព្រះមហាក្សត្រផ្ទាល់ក៏ដោយ ប៉ុន្តែវានៅរក្សាគោលការណ៍បង្កើតរដ្ឋាភិបាល ត្រូវរក្សាគោលការណ៍ភាគច្រើនដាច់ខាត គោរពគោលការណ៍ភាគច្រើនដាច់ខាត គឺគាត់ត្រូវតែមានសំឡេងលើសពី ៦៣សំឡេង ឬមួយក៏ហាសិបភាគរយបូកមួយ។ អ៊ីចឹងគាត់ត្រូវមានសំឡេងចាប់ពី ៦៣សំឡេងឡើងទៅ។ អ៊ីចឹងបើការចងសម្ពន្ធភាពនេះអាចរុញឱ្យមានការគាំទ្រពីប្រជាពលរដ្ឋខ្មែរ ហើយធ្វើឱ្យគណបក្សប្រជាជនមិនបានសំឡេងដល់៦៣ គាត់បង្កើតរដ្ឋាភិបាលអត់ចេញទេ»។​

ចំណែកលោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាវិញ យល់ឃើញថា អ្វីដែល​គ​ណ​​​​​​​បក្សក្រៅរដ្ឋាភិបាលខ្វល់ខ្វាយនេះ វាជាសិទ្ធិបុគ្គលផ្ទាល់ខ្លួន ប៉ុន្តែរឿងពិតនៅពីក្រោយ​​​នៃ​កា​រ​ធ្វើ​​វិសោធនកម្មនេះ គឺ​ទិសដៅដើម្បីបម្រើឱ្យផលប្រយោជន៍ជាតិរួម ហើយច្បាប់នេះក៏មិនមែន​បម្រើឱ្យ​​​​ផលប្រយោជន៍ខាងណាម្នាក់នោះដែរ។

លោក សុខ ឥសាន បន្តថា៖ «ការព្រួយបារម្ភរបស់គាត់ វាគ្រាន់តែជាការព្រួយបារម្ភ ហើយការគិតឃើញផ្ទាល់ខ្លួនរបស់គាត់ទេ។ តែស្ថាប័ននីតិបញ្ញត្តិគេធ្វើច្បាប់ហ្នឹង ដើម្បីបម្រើប្រទេសជាតិទាំងមូល មិនមែនសម្រាប់តែគណបក្សនយោបាយណាមួយទេ»។​

បើតាមលោក យ៉ង់ សាំងកុមារ យុទ្ធនាការនៃការចងសម្ពន្ធភាពនេះនឹងត្រូវសម្រេចឱ្យបាននៅអំឡុងខែតុ​​លា ឆ្នាំ២០២២ ខាងមុខនេះ។ តាមរយៈឯកសារគោលដែលចេញដោយ​​គណបក្សប្រ​​ជាធិប​​តេ​យ្យ​​​មូលដ្ឋាន បង្ហាញថា ចំណុចសំខាន់នៃការចងសម្ពន្ធភាពនេះ ដោយសារគ្រប់បក្សនយោបាយ នៅ​​ក្រៅរដ្ឋាភិបាលធ្លាប់ឆ្លងកាត់បទពិសោធន៍នៃការបោះឆ្នោតឃុំ-សង្កាត់អាណត្តិមុនៗ និង​​មាន​​កា​​រ​​ស្នើពីប្រជាពលរដ្ឋឱ្យរួបរួមគ្នាផង ទើបគណបក្សប្រជាធិបតេយ្យមូលដ្ឋានផ្ដួចផ្ដើម​​គំនិត​​នេះ​​ឡើង​៕​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ