UPDATED៖ រដ្ឋសភា​អនុម័ត​សេចក្ដី​ពា្រងច្បាប់​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ ទោះ​សង្គមស៊ីវិល​និង​បក្ស៤ជំទាស់

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន លើកដៃគាំទ្រការសម្រេចមួយក្នុងសម័យប្រជុំលើកទី៧ នីតិកាលទី៦ រៀបចំដោយរដ្ឋសភា លើរបៀបវារៈចំនួន៥ ក្នុងនោះក៏លើកឡើងអំពី «ការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ និងច្បាប់ធម្មនុញ្ញបន្ថែម នូវមាត្រាចំនួន៨» នាព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២។ (ហ្វេសប៊ុក៖ National Assembly Of Cambodia)

​​​រដ្ឋស​​ភាបា​​ន​​អ​នុម័​តទាំ​ង​ស្រុង​​​លើ​សេច​ក្ដីព្រាង​ច្បាប់​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​​លើក​​​ទី​១០ដែល​រដ្ឋាភិបា​​ល​បាន​ស្នើឡើង បើទោះបីជាគណបក្សនៅក្រៅរដ្ឋាភិបាលចំនួន៤ និង​ក្រុមអ​ង្គការសង្គមស៊ីវិលជាង១០​០​​ស្ថាប័ន បាន​ប​ង្ហា​ញ​​​ក្ដីបា​រម្ភ​ថា ការស្នើនេះនឹង​កាត់​បន្ថយ​អំណាច​​សភា និងប៉ះ​ពា​ល់ដ​ល់​ប្រព័ន្ធ​សភានិយមអាស្រ័យធម្មនុញ្ញ​ក្ដី។

ក្នុ​ង​​កិច្ចប្រជុំពេញអង្គ នាថ្ងៃព្រហស្បតិ៍នេះ រដ្ឋសភាបានបោះឆ្នោតគាំទ្រសេចក្ដីព្រាងច្បាប់​ធម្មនុញ្ញ ស្ដីពីការ​ស្នើសុំ​ធ្វើ​វិសោធនក​ម្ម​មាត្រា១៩ថ្មី (មួយ) មាត្រា៨៩ មាត្រា៩៨ថ្មី មាត្រា​១០២ថ្មី មាត្រា១១៩ថ្មី (មួយ​) និងមាត្រា១២៥​ថ្មី នៃរដ្ឋធម្មនុញ្ញ និងមាត្រា​៣ថ្មី និងមាត្រា​៤ថ្មី នៃច្បាប់ធម្មនុញ្ញបន្ថែម លើ​សំ​ឡេ​​ង​១​​០៥​លើ​១០៦ ដែលជាសំឡេង​លើស ២ភាគ៣ នៃសមាជិកសភាទាំងមូល។

មុន​រដ្ឋ​សភា​អនុម័ត ​មន្ត្រីជា​ន់ខ្ព​ស់របស់​រដ្ឋាភិបាល ២រូប ​រួម​ទាំង​រដ្ឋមន្ត្រីក្រ​សួងយុត្តិធម៌ ​​លោក ​កើត​ រិទ្ធ បាន​ឡើង​ការពារសេចក្ដីព្រាងច្បាប់​ស្នើកែរដ្ឋធម្មនុញ្ញនេះ។

លោក កើត រិទ្ធ បានលើកឡើងថា ការស្នើធ្វើ​វិសោធនកម្មលើកទី១០នៃរដ្ឋធម្មនុញ្ញនាពេលនេះ មិនបាន​កាត់​​​​បន្ថ​យតួនាទី សិ​ទ្ធិតំណាងរាស្ត្រ ក្នុងប្រព័ន្ធរបបសភានិយម ដូចការលើកឡើងរបស់គណបក្សក្រៅរដ្ឋាភិបាលមួយ​ចំនួននោះឡើយ។

លោកបញ្ជាក់ថា ការស្នើកែ​នេះក៏មិនបានប៉ះពាល់ដល់​គោល​ការណ៍​តុល្យ​ភាពអំណាច ដែលមានចែងកំណត់ក្នុងរដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣ រហូតបច្ចុប្បន្ននេះ​ផង​ដែរ។

លោក កើត រិទ្ធ គូសបញ្ជាក់​ថា ការស្នើកែនេះ គឺជា​ការ​បំពេញភាពខ្វះចន្លោះរដ្ឋធម្មនុញ្ញដើ​ម ​និ​​ងបង្ការភាពជាប់គាំងស្ថាប័នកំពូលរបស់ជាតិ ក្រោយការបោះឆ្នោត ដើម្បីការពារផលប្រយោជន៍រួម។ ក្នុងន័យនេះ លោកបញ្ជាក់​ថា សិទ្ធិអំណាច​របស់តំណាងរាស្ត្រ ក្នុងការដាក់សំណួរឬអញ្ជើញសមាជិករដ្ឋាភិបាល​មកសាកសួរ តាមមាត្រា៩៦ ​និង៩៨ថ្មី រួមទាំងការធ្វើញត្តិបន្ទោសឬទម្លាក់រដ្ឋាភិបាល នៅតែអាចធ្វើបាន តាមមតិភាគច្រើន​ដាច់​ខាត​នៃសមាជិកសភាទាំងមូល។

បន្ថែមពីនេះ លោក​រំឭក​ថា ការ​ជាប់គាំងនយោបាយកន្លងទៅ ជាការខាតបង់ប្រយោជន៍​ជាតិនិង​ពល​រដ្ឋ តែ​​វិបត្តិនេះ អ្នកនយោបាយដែល​មាននិន្នាការមិនគាំទ្ររដ្ឋាភិបាល ជាអ្នកទទួលបាន ដើម្បី​ត​ថ្លៃនយោ​បាយស​​ម្រា​ប់ជាប្រយោជន៍របស់ពួកគេ។

លោកថា៖ «ការប្រកាសរបស់គណបក្សទាំង៤ ដែលថាមិនគាំទ្រការធ្វើវិសោធនកម្មលើកទី១០នៃរដ្ឋធម្ម​​​នុ​ញ្ញ វាគឺជារឿងធម្មតា ប៉ុន្តែថាពុំ​មែនផ្អែកទៅហេតុផល​​​ដើម្បីការពាររបបសភានិយម ឬរបបប្រជាធិបតេយ្យសេរី​ពហុបក្ស​​អ្វី​នោះ​ទេ ប៉ុន្តែ​គ្រាន់​តែ​ចង់​ការ​ពារ​នូវផលប្រយោជន៍ខាងនយោបាយរបស់ខ្លួន​ជាយថាហេតុ នាពេ​ល​​ខា​ងមុននេះតែប៉ុណ្ណោះ»។

ការវា​យបកទៅលើគណបក្សចំនួន​​៤នៅ​​ក្រៅ​រដ្ឋាភិបាលពីសំណាក់រដ្ឋមន្ត្រីក្រសួងយុត្តិធម៌នេះ បានធ្វើឡើង ខណៈគណបក្ស​ប្រជាធិបតេយ្យមូលដ្ឋាន គណបក្សភ្លើងទៀន គណបក្សឆន្ទៈខ្មែរ និងគណបក្សកែទម្រង់កម្ពុជា កាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២២ បានដាក់ញត្តិរួមគ្នាទៅរដ្ឋសភា ដោយ​ស្នើសុំ​​កុំឱ្យ​អនុម័តសេចក្តីព្រាងច្បាប់ដែ​​ល​​ស្នើ​ឡើងដោយរដ្ឋាភិបាលនេះ។

បញ្ហានេះ ប្រធានគណបក្សប្រជាធិបតេយ្យមូលដ្ឋាន លោក​ យ៉េង វីរៈ​ បាន​​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន​នៅ​មុខ​​រដ្ឋ​សភាក្រោយ​ដាក់​ញត្តិ​ថា ការ​ស្នើ​កែ​មាត្រា​ទាំងនេះបាន​កាត់បន្ថយអំណាចសភា និងប៉ះពា​​ល់ដល់ប្រព័ន្ធសភានិយមអា​​​ស្រ័​​​យធម្មនុញ្ញធ្ងន់ធ្ងរ។

បន្ថែមពីនេះ លោកថា មាត្រា១១​​៩​ដែល​ស្នើកែនោះ​​ បា​ន​ផ្តល់​សិទ្ធិអំ​ណាចឱ្យទៅ​គ​ណ​ប​ក្សដែ​​​លមា​ន​សំ​ឡេ​ង​​ឆ្នោតនាំមុខគេ ជាអ្ន​កស្នើផ្ទាល់​​ទៅ​ព្រះមហា​ក្ស​ត្រ ដើម្បីចា​ត់តាំ​ងនា​យ​ករ​ដ្ឋម​ន្ត្រី​​ ខណៈរដ្ឋធម្មនុញ្ញ​បច្ចុប្បន្ន​ ​ផ្ដល់សិទ្ធិសំណាច​ឱ្យ​ទៅ​ប្រធានរដ្ឋស​ភា ដោយ​មាន​ការឯកភាពពីអនុប្រធានទាំងពីរ ជា​អ្នកសើ្នទៅអង្គ​ព្រះមហាក្ស​​ត្រ ក្នុ​​ងកា​​រតែ​​​ង​តាំ​​ង​វីរ​ជ​ន ​ដើ​ម្បីបង្កើ​តរដ្ឋាភិបាលថ្មី។

ដោយឡែក ក្រុមអង្គការ-សមាគម​ជាង១០០ស្ថាប័ន នៅថ្ងៃពុធម្សិលមិញនេះ បាន​ចេញសេចក្តីថ្លែងការណ៍រួម ដោយ​ស្នើរដ្ឋសភាកុំអនុម័តសេចក្តីព្រាងច្បាប់នេះដូចគ្នា។

ពួកគេសម្អាងថា សេចក្តីស្នើកែរដ្ឋធម្មនុញ្ញនេះអាច​នឹង​ធ្វើ​ឱ្យប៉ះពាល់ដល់ប្រព័ន្ធប្រជាធិបតេយ្យ សេរីពហុបក្ស ក្នុងប្រព័ន្ធ​សភា​និយម ពេលបង្កើតរដ្ឋាភិបាលថ្មី និងបំបិទសំឡេងភាគតិច​ក្នុង​សភា ពាក់​ព័ន្ធទៅ​លើ​ការ​ធ្វើញត្តិបន្ទោស​សមាជិករដ្ឋាភិបាល តាមរយៈបង្កើនចំនួន​សមាជិកសភា ពី៣០រូបទៅ «១ភាគ៣» ឬ ៤២រូប ជាដើម។

អគ្គលេខាធិការគណបក្សប្រជាធិបតេយ្យមូលដ្ឋាន លោក សាម អ៊ីន មានប្រសាសន៍នៅថ្ងៃព្រហស្បតិ៍​នេះ​​ថា លោកមិនមានការ​ភ្ញាក់​ផ្អើល​នោះ​ទេ អំពីរបៀបធ្វើការ​របស់រដ្ឋាភិបាលឯកបក្សនោះ ប៉ុន្តែ​លោកសម្តែង​នូវការសោកស្តាយដែលសភាជាតិ សម្រេចធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញមួយ ដែលបន្ទាបតម្លៃរដ្ឋសភាខ្លួនឯង ដែលការណ៍នេះនឹងធ្វើឱ្យការទទួលខុសត្រូវរបស់រដ្ឋាភិបាលចំពោះប្រជាពលរដ្ឋតាមរយៈយន្តការសភានេះ កាន់តែមានកម្រិតទាប។

លោកថា៖ «រឿងហ្នឹង វាអាចរុញឱ្យមានការរំលោភអំណាច ការប្រើប្រាស់អំណាចមិនត្រឹមត្រូវរបស់ស្ថាប័​​​​ន​​​​​​នីតិប្រតិបត្តិហ្នឹង [រដ្ឋាភិបាល] កាន់តែកើនឡើង​ធំ វារុញឱ្យមានអំពើពុករលួយកាន់តែខ្លាំង ដោ​យ​​សា​​​រកង្វះការតាមដាន ការត្រួតពិនិត្យរបស់រដ្ឋសភាទៅលើរាជរដ្ឋាភិបាល។ រឿងហ្នឹងវានឹងមានផ​ល​ប៉ះពា​ល់​​​ធ្ង​ន់​ធ្ងរ»។

អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក លោក ស៊ឹង សែនករុណា លើកឡើងថា ការដែលរដ្ឋ​សភាអនុម័ត​លើការស្នើកែរដ្ឋធម្មនុញ្ញ​ទាំងចម្រូងចម្រាសបែបនេះ បង្កើត​ជា​ការព្រួយបារម្ភថា របត់នយោ​​បាយ​ថ្មី​នេះនឹង​មិន​អាច​ឈាន​ទៅ​ស្តារ​ស្ថាន​ភាព​សិទ្ធិ​មនុស្សនិង​ប្រជាធិប​តេយ្យដែល​បាន​ធ្លាក់ចុះ​នាប៉ុន្មាន​ឆ្នាំ​មកនេះបាន​ទេ។

លោកថា៖ «បើសិនជាការលើកឡើងទាំងអស់ហ្នឹងមិនត្រូវបានពិចារណា អ៊ីចឹងបញ្ហាទាំងឡាយហ្នឹងកាន់​តែគរច្រើន​ឡើង​ ហើយវិបត្តិហ្នឹងនឹងមិនអាចដោះស្រាយបានទេ»។

បើតាមសេ​ចក្តី​ព្រាងស្នើធ្វើវិ​សោធ​នកម្ម​រដ្ឋ​ធ​ម្មនុញ្ញលើ​កទី​១០ រដ្ឋាភិបាលបានស្នើកែ ៨មាត្រា ក្នុងនោះមានមាត្រា៨៩ និង៩៨ ផងដែរ ។

មាត្រា៨៩ថ្មី សរសេរថា តាម​ការសុំពីសមាជិកចំនួនមួយភាគដប់យ៉ាងតិច ឬស្នើ១៣រូប​ ក្នុងចំណោមស​មា​ជិករដ្ឋ​សភាសរុប​១២៥រូប រដ្ឋសភាអាចអញ្ជើញសមាជិករាជរដ្ឋាភិបាលមួយរូបឬច្រើនរូប អមដោយ​ឥស្សរជន​ជាអ្នកជំនាញ​ក្នុងវិស័យណាមួយ មកបំភ្លឺនៅ​រដ្ឋសភាអំពីបញ្ហាដែលមានសារៈសំខាន់ពិសេស។

ចំណែកមាត្រា៩៨ថ្មីមួយ សរ​សេរ​ថា រដ្ឋ​សភាអាច​ទម្លាក់​សមាជិក​គណៈ​រដ្ឋមន្ត្រី ឬទម្លាក់រាជរដ្ឋាភិបាល​ពី​​តំ​ណែង ដោយ​អនុម័ត​ញត្តិ​បន្ទោស តាម​សំឡេង​ឆ្នោត​ភាគ​ច្រើន​ដាច់​ខាត (៥០+១ ឬស្មើ ៦៣រូប) នៃចំ​នួនសមាជិករដ្ឋសភាទាំងអស់។

ក្នុងករណីដែលរាជរដ្ឋាភិបាលត្រូវបានទម្លាក់ពីមុខតំណែងដោយរដ្ឋសភា រាជរដ្ឋាភិបាលដែល​ត្រូវចេញ​ពីមុខ​តំណែងនេះមានតែភារកិច្ចដឹកនាំការងារប្រចាំថ្ងៃតែប៉ុណ្ណោះ រហូតដល់មានរាជរដ្ឋាភិបាលថ្មីចូល​កាន់តំណែង។

ញត្តិបន្ទោសរាជរដ្ឋាភិបាលត្រូវលើកឡើងជូនរដ្ឋសភាដោយតំណាង​រាស្ត្រចំនួន​មួយ​ភាគបី ឬស្មើ៤២រូប នៃ​ចំនួនសមាជិករដ្ឋសភាទាំងមូល ទើបរដ្ឋសភាអាចលើកមកពិភាក្សាបាន ខណៈមាត្រាចាស់តម្រូវតែសមាជិកសភា៣០រូបប៉ុណ្ណោះអាចធ្វើញត្តិបន្ទោសនេះបាន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ