សង្គមស៊ីវិល​ជាង​១០០​ស្ថាប័ន​បង្ហាញ​ការ​ព្រួយបារម្ភ​ចំពោះ​ការ​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​លើកទី១០

លោក ហេង សំរិន ប្រធានរដ្ឋសភា លើកដៃក្នុងកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា នៅថ្ងៃចន្ទ ទី២៥ ខែកក្កដា ឆ្នាំ២០២២។ (ហ្វេសប៊ុក៖ National Assembly Of Cambodia)

ក្រុម​អង្គការសង្គមស៊ីវិលជាង១០០ស្ថាប័ន បង្ហាញការព្រួយបារម្ភជុំវិញការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញលើកទី១០ ខណៈរដ្ឋសភានឹង​​ប្រជុំ​ពិភាក្សាលើសេចក្ដីព្រាងច្បាប់​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ និងច្បាប់ធម្មនុញ្ញបន្ថែម ​​នៅ​ថ្ងៃ​ស្អែក​នេះ។

ក្រុមអង្គការសង្គមស៊ីវិលទាំងនោះ រួមមាន មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ ដើម្បីអភិវឌ្ឍន៍ និងសន្តិភាព, សមាគមការពារសិទ្ធិមនុស្សអាដហុក, មជ្ឈមណ្ឌលសម្ព័ន្ធភាពកា​រងារ​ និងសិទ្ធិមនុស្ស, អង្គការ​តម្លាភាព​កម្ពុជា និងអង្គការសមាគម​ជាច្រើន​ទៀត។

សេចក្តីថ្លែងការណ៍រួ​មចុះថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២២ របស់ក្រុមអង្គការសង្គមស៊ីវិលទាំងនោះបានលើកឡើ​ងថា ការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ​នេះ អាច​នឹង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់ស្ថិរ​ភាព​អំណាច​រដ្ឋ និងអំណាចនីតិប្រតិបត្តិ ការ​គោរព​សិទ្ធិ​សេរីភាព​ពលរដ្ឋ​ខ្មែរដែល​បាន​ចារឹកនៅ​ក្នុង​រដ្ឋធម្មនុញ្ញ។

សេចក្តីថ្លៃងការណ៍​រួមបានស្នើដល់រដ្ឋសភា​ឱ្យពិចារណាក្នុងការផ្អាក​ការអនុម័ត​លើសេចក្ដីព្រាង​វិសោធនកម្មរដ្ឋធម្មនុញ្ញ​លើក​ទី​១០នេះ​ រហូតដល់គណបក្សនយោបាយ​បាន​ដាក់​ខ្លឹម​សារពង្រាង​បទ​ប្បញ្ញតិ្តនៃមាត្រាដែលស្នើសុំវិសោធនកម្មនេះ ចូលក្នុងកម្មវិធីនយោបាយរបស់គណបក្សខ្លួន ដោយឃោសនាពន្យល់​ដល់​ប្រជា​ពលរដ្ឋ ក៏ដូចជាការផ្ដល់ឱកាសឱ្យពលរដ្ឋសម្ដែងនូវឆន្ទៈ​តាមរយៈការបោះឆ្នោតជាមុនសិន។

ក្រុមអង្គការសង្គមស៊ីវិលទាំងនោះ​បន្តថា ការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញលើកទី១០នេះ មិនបាន​ឆ្លុះ​បញ្ចាំង​ឆន្ទៈ​របស់ប្រជាពលរដ្ឋខ្មែរឡើយ ដោយហេតុថា មិនមានការផ្សព្វផ្សាយ និងកំណត់​នៅក្នុ​ងគោ​ល​នយោបាយ​របស់​គណបក្សនយោបាយពេលឃោសនាបោះឆ្នោតកន្លងមក ដែលនាំឱ្យពលរដ្ឋខ្មែរមិនបានយល់ដឹងអំពីគំនិតផ្ដួចផ្ដើមនៃការ​ធ្វើ​​វិសោធនកម្ម​នេះដោយ​ទូលំ​ទូលាយទេ។

មួយវិញទៀត ពួកគេ​ថា អាច​នឹង​ធ្វើ​ឱ្យប៉ះពាល់ដល់ប្រព័ន្ធប្រជាធិបតេយ្យ សេរីពហុបក្ស ក្នុងប្រព័ន្ធ​សភា​និយម ដែល​នៅ​តែ​មាន​ការ​បោះឆ្នោតជាកញ្ចប់ ការបង្កើនចំនួន​សមាជិកសភាក្នុងការធ្វើញត្តិ​ស្ដីបន្ទោសដល់រដ្ឋាភិបាល (បន្ថយឱកាសធ្វើញត្តិបន្ទោស) និងការចាត់តាំង​វរជនជា​នាយករដ្ឋមន្ត្រី ដោយមិនមានការឯកភាពពីប្រធាន និង​អនុប្រធានរដ្ឋសភា ដែលអាចធ្វើឱ្យ​ថយ​​ចុះនូវអំណាចរបស់រដ្ឋសភា។

សេចក្តីថ្លែងការណ៍រួមបន្ថែមថា ការ​ធ្វើវិសោធនកម្មនេះទៀតសោត អាច​នឹង​ប៉ះពាល់​ដល់ស្មារតី​ឯកភាព និង​សាមគ្គីភាព​ជាតិ ដោយ​សារ​តែ​មាន​ការប្រេះឆា​ខាងផ្នែកនយោបាយនៅឡើយ​ និង​ប្រព័ន្ធសភានិយមនៃប្រជាធិបតេយ្យតំណាង តាមរយៈរដ្ឋសភា ដោយថា កាលណាអំណាចរដ្ឋសភាថយចុះ នោះ​នឹង​ប៉ះពា​ល់​ដល់​ជំនឿ​ទុកចិត្តលើប្រព័ន្ធច្បាប់ ការអភិវឌ្ឍ​សេដ្ឋកិច្ច ដែល​អ្នក​រងគ្រោះ គឺ​ជា​ប្រជាពលរដ្ឋ និងប្រទេសជាតិ​ទាំង​មូល។

អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្ស​អាដហុក លោក ស៊ឹង សែនករុណា មាន​ប្រសាសន៍បន្ថែម​​លើសេចក្តីការណ៍រួមនេះថា ប្រសិន​បើ​ដំណើរការ​ធ្វើ​វិសោធនកម្មរដ្ឋធម្មនុញ្ញលើកទី១០នេះ ត្រូវបានអនុម័ត នោះ​អាចប៉ះពាល់ដល់ប្រព័ន្ធប្រជាធិបតេយ្យ​ដែលឆ្លុះបញ្ចាំងដោយអំណាច​របស់​ប្រជាពលរដ្ឋតាមរយៈតំណាងរាស្រ្ត។

លោកបន្ថែមថា៖ «ហើយតំណាងរាស្ត្រគាត់ធ្វើកិច្ចការងាររបស់ខ្លួននៅក្នុងរដ្ឋសភាហ្នឹង ហើយនៅក្នុងការអនុម័ត​ច្បាប់ ប្រតិបត្តិច្បាប់ សមាជិករដ្ឋសភាខ្លួនឯងក៏ដឹងដែរថា តើច្បាប់នេះវាប៉ះពាល់ដល់អំណាច​នៃតំ​ណាង​រាស្ត្រ​ ហើយរដ្ឋសភា​ដោយរបៀបម៉េច។ អ៊ីចឹងអ្វីៗវាអាស្រ័យទៅលើពួកគាត់[សមាជិកសភា]ទាំងអស់គ្នាហើយ បើពួកគាត់សម្រេចថាអនុម័ត អាហ្នឹង​​វាជាសេរីភាពរបស់ពួកគាត់ ក៏ប៉ុន្តែអ្វីអាចនឹងមានផលប៉ះពាល់ត្រលប់មកវិញនៅពេលច្បាប់ហ្នឹងចូលជាធរមាន»

អ្នកនាំពាក្យរដ្ឋសភា លោក ឡេង ប៉េងឡុង ចាត់ទុកការលើកឡើងរបស់ក្រុមអង្គការសង្គមស៊ីវិលទាំងនេះថា ជាសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ ប៉ុន្តែ​​ការសម្រេចបែបណាចំពោះការធ្វើវិសោធន​កម្ម​រដ្ឋធម្មនុញ្ញលើកទី១០នេះ គឺអាស្រ័យសភាពេញអង្គជាអ្នកសម្រេច។

លោកបន្ថែមថា៖ «ការលើកឡើងនេះ​ គ្រាន់តែជាមតិរបស់ពួកគាត់ទេ។ ជាមតិ! ប៉ុន្តែយើងក៏ស្តាប់ដែរ ហើយយើងដាក់​ជូន​ទៅ​គណៈកម្មការដែលទទួលបន្ទុកកិច្ចការនេះ ហើយ​គេពិនិត្យពិច័យ ​ហើយ​ចាត់​ការ​បន្ត ហើយចំពោះការអនុម័ត ពិនិត្យ ឬមិនពិនិត្យ​លើការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញនេះ វាស្រេចតែសភាពេញអង្គគាត់ធ្វើ»

កាលពី​ថ្ងៃទី​២១ ខែកក្កដា ឆ្នាំ​២០២២ គណប​ក្ស​នយោ​​បាយចំ​នួ​ន៤ដែលនៅ​ក្រៅ​រដ្ឋា​ភិបាល ​បាន​ស្នើ​​​រ​ដ្ឋ​សភា​កុំ​​ឱ្យ​អនុម័តការ​ស្នើកែ​រដ្ឋធម្ម​នុញ្ញ​លើ​​ក​ទី១០ ដែ​​ល​​ស្នើ​ឡើង​ដោយប​ក្សកា​ន់អំ​ណា​ច ​ដោយស​ម្អា​ងថា ​ការ​ស្នើកែ​ច្បា​ប់កំ​ពូលជាថ្មីទៀតនេះបា​​​​​​ន​កា​​​​​​ត់​ប​ន្ថយ​អំណា​ច​សភា​ រារាំ​ងដ​ល់ដំ​ណើ​រកា​រ​ប្រ​ជា​ធិបតេយ្យ ​សេ​រីព​​ហុប​ក្ស​ ​ផ្ទុយ​នឹ​ងស្មា​រតី​រ​ដ្ឋ​ធ​ម្ម​​​​នុ​ញ្ញ​ដើម​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ