មេឃុំ​បក្សប្រជាជនកម្ពុជានៅស្រុកគាស់ក្រឡរងការចោទប្រកាន់ពីការរំលោភអំណាច

ទិដ្ឋភាពក្បួនហែគណបក្សប្រជាជនកម្ពុជា ក្នុងថ្ងៃបិទបញ្ចប់នៃយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ នៅរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២២។ (ហ៊ាន រង្ស៊ី)

​មេឃុំនៅស្រុកគាស់ក្រឡ នៃខេត្តបាត់ដំបង រងការចោទប្រកាន់ថា បានជ្រើសរើសមនុស្សដែល​​​មិន​​ជា​​ប់​​​ឆ្នោត ឱ្យមកទទួលខុសត្រូវ និងកាន់ការងារក្នុងតួនាទីជាជនបង្គោលសម្រាប់គណៈកម្មាធិការ ទទួល​​បន្ទុក​កិច្ច​​កា​​រនារី និងកុមារ ដែលហៅកាត់ថា «គ. ក. ន. ក» ដែលមិនមានបញត្តិនៅក្នុងច្បាប់ ហើយ​​ក៏​​ផ្ទុយ​​ទៅ​​​នឹង​ស្មារតីនៃការប្រកាសរបស់ក្រសួងមហាផ្ទៃថែមទៀតផង។

ជំទប់ទី២ ឃុំគាស់ក្រឡ កូតាមកពីគណបក្សភ្លើងទៀន ប្រចាំស្រុកគាស់ក្រឡ ខេត្តបាត់ដំបង កញ្ញា រឿន ស្រីណយ បានប្រាប់ វីអូឌី នៅថ្ងៃអង្គារនេះថា ប្រធានក្រុមប្រឹក្សាឃុំគាស់ក្រឡ លោក ហុង សុផាត បានព្យាយាមច្បាមយកការងារសម្រាប់បែង​​ចែក​​ឱ្យ​តែ​​ក្រុម​​ការងាររបស់ខ្លួន​ ហើយថែម​ទាំង​​​​​អនុវត្តផ្ទុយពីស្មារតីនៃច្បាប់ថែមទៀតផង​​។​​​ មិន​តែ​​ប៉ុណ្ណោះ អ្នកដែលមកកាន់ការងារដែលជា​​ការងារសម្រាប់ជំទប់ទី២អនុវត្តនេះ បែរជាយក​​មនុ​ស្សពី​​ខាងក្រៅ ដែលមិនបានជាប់ឆ្នោត សម្រា​​ប់​ការបោះឆ្នោត​​ជ្រើសរើសក្រុមប្រឹក្សា​​ឃុំសង្កាត់​​ក​​ន្ល​ង​​​​ទៅនេះទៅវិញ។

កញ្ញាបន្តថា៖ «ពេលប្រជុំសាមញ្ញកាលពីថ្ងៃប៉ុន្មាននេះទៀត គេដាក់ឈ្មោះម្នាក់ហ្នឹងតែងតាំងមកតែ​​ម្ដង ​ទាំងដែលខ្ញុំអត់បានសមស្រប។ ហើយក្នុងប្រជុំហ្នឹង គេឱ្យអនុភូមិចូលរួម អនុភូមិទាំង៩ មេឃុំ និងសាលាស្រុកអីទាំងអស់គ្នា រួចទៅគេតែងតាំងម្នាក់ហ្នឹង ហើយ[គេ]ថាតើមានមតិណាដែល​​មិន​​សម​​ស្រប​​​អត់ បើគេតែងតាំងម្នាក់ហ្នឹងជា គ.ក.ន.ក

តាមរយៈលិខិតដែលចេញដោយសាលាឃុំគាស់ក្រឡ កាលពីថ្ងៃទី២៩ ខែកក្កដា បង្ហាញថា អ្នកស្រី ខា សិលា ត្រូវបានតែងតាំងជាជនបង្គោល ទទួលបន្ទុកជាសមាជិកគណៈកម្មាធិការកិច្ចការនារី និង​កុមារ សម្រាប់អាណត្តិទី៥នេះ។ បើទោះបែបណា សម្រាប់បេក្ខនារី ដែលមកទទួលខុសត្រូវ​​ក្នុង​​តួ​​នាទីនេះ កញ្ញា រឿន ស្រីណយ បញ្ជាក់ថា អ្នកស្រី ខា សិលា មិនបានជាប់ឆ្នោតសម្រាប់ការ​​បោះ​​ឆ្នោត​​​ជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥នេះទេ។ ប៉ុន្តែបែរជាត្រូវបានប្រធានក្រុម​​ប្រឹក្សា​​ឃុំគាស់​​ក្រ​​ឡ កូតា​​មក​ពីគណបក្សប្រជាជនកម្ពុជា ជ្រើសរើសមកឱ្យបំពេញភារកិច្ច សម្រាប់ក្របខណ្ឌ គ​​.​ក​.ន.ក ឬគណៈកម្មាធិការកិច្ចការនារី និងកុមារ ដែលវាដើរផ្ទុយ​​ពី​​ច្បាប់ និង​​​គោ​​ល​​​ការណ៍ដែលកំ​​ណ​​​ត់​​​ដោយក្រសួងមហាផ្ទៃ។

បដិសេធនឹងការរកឃើញពីកំហុសនេះ មេឃុំគាស់ក្រឡ លោក ហុ សុផាត អះអាងថា ការ​​ស្នើ​តែ​ងតាំងនេះ ក៏មានការយល់ព្រមនិងឯកភាពពីក្រុមប្រឹក្សា​​ឃុំសង្កាត់​​ដែរ តាមរយៈកិច្ចប្រ​​ជុំសាមញ្ញ​​របស់​​សាលាឃុំ​។ ម៉្យាងវិញទៀត ប្រសិនបើបេក្ខនារីដែលមកទទួល​​​បន្ទុក​កិច្ចការនេះ ស្ថិតនៅក្នុង​​ស​​​​មា​​​ជិក​​​ក្រុម​​ប្រឹក្សា​ឃុំសង្កាត់ ក៏សំឡេងភាគច្រើនដាច់ខាត មិន​​​យ​ល់​​​​ព្រមដែរ។ ប៉ុន្តែនេះជាបេក្ខ​​ភាពដែលត្រូវបាន​​ជ្រើ​​ស​​​​ចេញពីខាងក្រៅ ដែលវាស្របទៅនឹងនីតិវិធី និង​​​​គោ​​​​​ល​​​ការណ៍ច្បាប់ ហើ​​យ​​​​ក៏មិនទាស់ខុសអ្វីនោះដែរ។

លោកបន្តថា៖ «រឿងហ្នឹងយើងមើលនៅក្នុង[ការ]គ្រប់គ្រងរដ្ឋបាលឃុំសង្កាត់ វាអញ្ចេះ! នៅក្នុងហ្នឹងកាល​​ណា​ជំទប់ទី២ មិនមានភារកិច្ចត្រូវកាន់ គ.ក.ន.ក ទេ។ អ៊ីចឹងឃុំខ្ញុំ វាអត់មានអ្នកកាន់កិច្ចការនារី វា​​អ៊ីចឹង​​ហ្អា៎​​។ រឿងនេះ វាគ្រាន់តែជាជនបង្គោលទេ គេហៅថាជាបង្គោលទទួលបន្ទុកកិច្ចហ្នឹង វា​​អ៊ីចឹងហ្អា៎»។

ប្រកាសរបស់ក្រសួងមហាផ្ទៃ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈកម្មាធិការកិច្ចការនារី និង​​កុ​​មារ ឃុំសង្កាត់ ត្រង់ជំពូកទី២ បញ្ញត្តិថា ត្រូវបង្កើតឱ្យមានគណៈកម្មាធិការមួយនៅរដ្ឋបាលឃុំ-សង្កា​​​ត់ នៃអាណត្តិក្រុមប្រឹក្សាឃុំសង្កាត់នីមួយៗ ដែលឱ្យឈ្មោះថា «គណៈកម្មាធិការទទួល​​​បន្ទុ​​កិច្ច​​​​ការនារី និងកុមារ ឃុំសង្កាត់ (គ.ក.ន.ក)»។ គណៈកម្មាធិការនេះត្រូវមានសមាសភាព មេឃុំ ឬចៅ​​សង្កាត់ ជាប្រធាន ហើយជំទប់ទី២ ឬចៅសង្កាត់រងទី២ ជាអនុប្រធាន នៃគណៈ​​កម្មាធិកា​​រ​​នេះ​​។ បន្ថែមពីលើនេះ ក្នុងករណីជំទប់ទី២ ឬចៅសង្កាត់រងទី២ ជាស្រ្តី ហើយត្រូវបានតែងតាំងជា​​អ្នក​​ទទួល​​បន្ទុកកិច្ចការនារី និងកុមារ និងជាអនុប្រធានគណៈកម្មាធិការ មេឃុំ ឬចៅសង្កាត់ ត្រូវ​​ជ្រើស​​រើសសមាជិកក្រុមប្រឹក្សាឃុំសង្កាត់មួយរូបផ្សេងទៀត ដែលមានសមត្ថភាព និងបទពិសោធន៍​​លើ​​កិច្ច​​ការសេវាសង្គម ធ្វើជាសមាជិកអចិន្រ្តៃយ៍នៃគណៈកម្មាធិការមួយនេះ។

ចំណែកប្រធានចលនាស្រ្តី នៃគណបក្សភ្លើងទៀននៅទូទាំងប្រទេស អ្នកស្រី វង រុន្នី ឱ្យដឹងថា គណបក្សក្រៅរដ្ឋាភិបាលនឹងបន្តតាមដានពីបញ្ហានេះទៀត មុននឹងចេញប្រតិកម្មចំ​​ពោះ​​កា​​រ​​អនុវត្ត​​ខុស​​ប្រក្រតីណាមួយនៅតាមឃុំសង្កាត់ ដោយមិនចំពោះតែឃុំសង្កាត់នៅស្រុកគាស់​​ក្រ​ឡ​​មួយ​​នេះទេ។

អ្នកស្រីបន្តថា រូបភាពបែបនេះធ្លាប់កើតឡើងជាញឹកញាប់មកហើយនៅក្នុងអាណត្តិ​​ដែល​​​គ្រប់គ្រងដោយគណបក្សប្រជាជនកម្ពុជាតែម្នាក់ឯង។ ប៉ុន្តែសម្រាប់អាណត្តិនេះ អ្នកស្រីមិន​​ចង់​ឃើញទម្លាប់មិនល្អ ដោយការរំលោភអំណាចនេះកើតឡើងជាថ្មីទៀតនោះទេ ហើយក៏ចង់​​ឃើ​​ញ​កា​រអនុវត្តដោយល្អ ដើម្បីជាគំរូសម្រាប់អ្នកនយោបាយបន្តវេននៅថ្ងៃមុខទៀតដែរ។

អ្នកស្រីបន្តថា៖ «ពួកយើងនឹងរិះរកគ្រប់មធ្យោបាយ ដើម្បីពិភាក្សាគ្នា ថាតើយើងត្រូវធ្វើយ៉ាងម៉េច បើ​​ដោ​យ​​សារយើងឃើញជំទប់ទី២យើង គាត់តស៊ូមតិ គេអត់គោរពគាត់​​អ៊ីចឹងហ្អា។ អ៊ីចឹងពួក​​យើងក៏​​នឹងមានគម្រោងថានឹងជួបថ្នាក់ដឹកនាំ ថាយើងត្រូវធ្វើម៉េចដើម្បីជួយពួកគាត់។ តែយើងអត់ទាន់បានពិភាក្សាគ្នាឱ្យស៊ីជម្រៅនៅឡើយទេ ដោយសារយើងចង់តាមដានសិន ក្នុងអំឡុងពេលហ្នឹង»។

បើតាមអ្នកស្រី វង រុន្នី បេក្ខភាពជាស្រ្តីរបស់គណបក្សភ្លើងទៀន ជាប់ឆ្នោតជាសមាជិក​​ក្រុម​​ប្រឹក្សា​​ឃុំសង្កាត់ ជំទប់ទី១ និងជំទប់ទី២ ជិត២០០នាក់(១៨៩) នៅទូទាំងប្រទេស សម្រាប់នីតិកាល​​ទី​​៥​នេះ។ ដោយឡែក បញ្ហាដែលកើតឡើងដោយសារការមិនផ្តល់តួនាទី និងភារកិច្ចទៅតាមច្បាប់​​​កំ​​ណត់សម្រាប់ជំទប់ទី២ ដែលជាស្រ្តីនេះ បើគិតជាភាគរយប្រមាណ៨០ភាគរយទៅហើយ ក្នុង​​ក្រប​ខណ្ឌទូទៅទាំងប្រទេស។

លោក កន សាវាង្ស អ្នកសម្របសម្រួលផ្នែកអង្កេត និងតស៊ូមតិជាន់ខ្ពស់ នៃអង្គការខុមហ្រ្វែល យ​ល់​​ឃើញថា មកដល់ដំណាក់កាលនេះទៅហើយ គ្រប់ភាគីដែលចូលរួមអនុវត្តការងារនៅក្នុង​​ដំ​​បូ​លនៃសាលា​​ឃុំ​​សង្កាត់តែមួយ គឺគ្មានការបែងចែកដូចនៅក្នុងដំណាក់កាលនៃការប្រកួតប្រជែង​​ដូ​ច​​មុនទៀតឡើយ។

លោកបន្តថា រដ្ឋបាលឃុំសង្កាត់ គឺជាទីតាំងសម្រាប់មនុស្សគ្រប់គ្នាដែល​​បំ​ពេ​ញ​​ការងារក្រោមដំបូលតែមួយ។ ​ប៉ុន្តែប្រសិនបើមាន​​ការ​​បែងចែកអំណាចមិនស្មើគ្នាបែប​​នេះ គូ​​ភា​​គីអាចប្រើប្រាស់សិទ្ធិ​ដែលមានបញ្ញត្តិនៅក្នុងច្បាប់ ប្ដឹងជំទាស់បញ្ហានេះបាន។

លោកបន្តថា៖ «អ៊ីចឹងរដ្ឋបាលឃុំសង្កាត់នេះ យើងអាចប្ដឹងទៅក្រសួងមហាផ្ទៃ​ ដើម្បីពិនិត្យមើល​​ទៅ​​​នឹង​តួនាទី និងភារកិច្ចដែលទាក់ទងទៅជាមួយការ​​​គ្រប់គ្រងរដ្ឋបាលឃុំសង្កាត់ហ្នឹង​​ ថាតើហេតុ​​អី​​បា​ន​​​​​ជាមិនមានការបែងចែកអំណាចហ្នឹងស្មើភាពគ្នាទៅតាមតួនាទី និងភារកិច្ចដែលមាន​​ចែង​​។​​អ៊ីចឹង​​​​កន្លែងនេះ ត្រូវធ្វើកិច្ចការងារដើម្បីឱ្យ​មានការផ្ទេរឱ្យបានត្រឹមត្រូវហើយបាទ»។

​ច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំសង្កាត់ មាត្រា៤០ ចែងថា ជំទប់ទី១ ឬចៅសង្កាត់រងទី១ ទទួល​​ជួយ​​មេឃុំ-ចៅសង្កាត់ លើកិច្ចការសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ ដោយឡែក ជំទប់ទី២ ឬចៅ​​​សង្កា​ត់​​រង​​ទី​២ ទទួលជួយមេឃុំ ឬចៅសង្កាត់ លើកិច្ចការរដ្ឋបាល សង្គមកិច្ច សេវាសា​​ធារណៈ និង​សណ្តាប់​​​ធ្នាប់​សាធារណៈ។ មេឃុំ ឬចៅសង្កាត់ អាច​ប្រគល់ភារកិច្ចបន្ថែមពីលើភារកិច្ច ដែលបានបែងចែក​​​ខាងលើនេះ ដល់​ជំទប់ ឬចៅសង្កាត់រងរបស់ខ្លួន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ