មន្ត្រី​គណបក្សភ្លើងទៀន​២រូប​ត្រូវ​បាន​តុលាការ​កោះហៅ​ឱ្យ​ចូលបំភ្លឺ

លោក ខឹម មុនីកុសល អតីតមន្ត្រីសុខាភិបាលជាន់ខ្ពស់នៃមន្ទីរសុខាភិបាល​ខេត្តប៉ៃលិន និងបច្ចុប្បន្នជាប្រធានក្រុមការងារគណបក្សភ្លើងទៀនខេត្តប៉ៃលិន។ (ហ្វេសប៊ុក៖ Monykosal Khem)

មន្ត្រី​គណបក្សភ្លើងទៀន ២រូប ត្រូវបានតុលាការកោះហៅឱ្យចូលបំភ្លឺនៅខេត្តរៀងខ្លួន ក្នុងនោះ ​ម្នាក់​នៅ​ខេត្ត​ប៉ៃលិន និងម្នាក់ទៀតនៅខេត្តត្បូងឃ្មុំ ដោយចោទប្រកាន់លើករណី២ដាច់​ដោយឡែក​ពី​គ្នា។

ករណីទី១ កើតឡើងតាំងពីខែមីនា ឆ្នាំ២០២១ នៅពេលដែលប្រធានក្រុមការងារខេត្តប៉ៃលិនបច្ចុប្បន្នរបស់គណបក្សភ្លើងទៀន លោក ខឹម មុនីកុសល បានបាត់បង់តំណែងនៅមន្ទីរសុខាភិបាលខេត្ត ដោយសាររិះគន់វិធានការធ្វើចត្តាឡីស័កក្នុងការបង្ការជំងឺកូវីដ-១៩។ ការចោទប្រកាន់ពីបទ​ «ញុះញង់​ឱ្យ​មាន​ការ​រើសអើង» ​បាន​ធ្វើឱ្យលោកត្រូវបានព្យួរឈ្មោះ​​សម្រាប់ការ​​បោះឆ្នោត​​នាពេលថ្មីៗនេះ ហើយកាលពីថ្ងៃទី១៥ ខែកក្កដា ​​លោក​បាន​ទទួល​ដីកាកោះហៅឱ្យចូល​បំភ្លឺ​ពីសំណាក់​​ចៅក្រម​ស៊ើបសួរ​នៅ​សាលា​ដំបូង​ខេត្ត​ប៉ៃលិន។

ករណី​ទី​២ ជំទប់​ទី​២ ខេត្ត​ត្បូងឃ្មុំ​ មកពីគណបក្សភ្លើងទៀន អ្នកស្រី សុខ ស្រីនួន ប្រឈម​​នឹង​ការ​​ចោទ​ប្រកាន់​ពី​បទ «បរិហារកេរ្តិ៍» ​ចំពោះការបង្ហោះ​រូបថតស្រោមសំបុត្រដែ​លមានស្លាក​សញ្ញា​គណបក្ស​ប្រជាជន​កម្ពុជា​​តាម​​ប្រព័ន្ធ​​អ៊ីនធឺណិត ​កាលពី​ខែ​ឧសភា ដែល​មាន​​ក្រដាសប្រាក់២០ ០០០​រៀល​ក្នុង​ស្រោមសំបុត្រនោះ ដោយអ្នកស្រីលើកឡើង​ថា​ជាសំណូក។ ដីកា​កោះ​ហៅ​ជំទប់​​ឃុំ​​ព្រះ​ធាតុ ស្រុក​អូររាំងឪ ឱ្យចូលបំភ្លឺ​នៅ​តុលាការ​ខេត្ត​ត្បូងឃ្មុំ ចុះ​ថ្ងៃ​ទី​២៩ ខែ​កក្កដា។

លោក ខឹម មុនីកុសល បានឱ្យ​​ដឹង​កាលពីថ្ងៃអង្គារម្សិលមិញ​ថា នេះគឺជាដីកាកោះហៅលើកទី៤ បន្ទាប់ពីលោកស្នើសុំ​ពន្យារ​ពេល​ចូលបំភ្លឺ។ តែយ៉ាងណា​ លោក​នៅ​តែ​បដិសេធការ​ចោទ​នោះ ​ដោយ​លើក​ហេតុផល​ថា​​ជា​រឿង​នយោបាយ។

លោកថា៖ «វាជាការធ្វើទុក្ខបុកម្នេញ […] ពីព្រោះករណីនេះបានកើតឡើងតាំងពីឆ្នាំ២០២១ […] ហើយនៅពេលដែលយើងក្លាយជាគណបក្សនយោបាយ ពួកគេនៅតែបន្តយាយី ដោយប្រើប្រាស់ដីកាកោះ ដើម្បី​រារាំងសកម្មភាពនយោបាយរបស់​យើង»។

លោក មុនីកុសល បន្ថែមថា៖ «យើងនៅតែសង្ឃឹមថា តុលាការប្រើអភ័យឯកសិទ្ធិរបស់ខ្លួន ហើយមិនស្ថិតនៅក្រោម​ឥទ្ធិពលនយោបាយ ក្នុងការដោះស្រាយបញ្ហានេះ និងផ្តល់យុត្តិធម៌ដល់ខ្ញុំ»។

ចំណែកជំទប់​ទី​២ នៅ​ខេត្ត​ត្បូងឃ្មុំ​ មកពីគណបក្សភ្លើងទៀន អ្នកស្រី សុខ ស្រីនួន មាន​ប្រសាសន៍​​ថា អ្នកស្រីបាន​ទទួល​ដីកា​កោះ​ហៅ​​នៅ​​ម៉ោង​ប្រហែល​១០ព្រឹក ​ថ្ងៃ​អង្គារ ម្សិលមិញ​​ ពី​​មន្ត្រីនគរបាលក្នុងឃុំដែលអ្នកស្រីរស់នៅ​​។ អ្នកស្រីយល់ថា ការចោទប្រកាន់នេះជាការ​​ចោទ​ប្រកាន់​ទៅលើករណីដែលអ្នកស្រីបង្ហោះនៅលើបណ្ដាញ​អ៊ីនធឺណិត​ ដោយភ្ជាប់ជាមួយក្រដាស​ប្រាក់ ២០ ០០០​រៀល ដែលក្នុងការបង្ហោះនោះ អ្នកស្រីបាននិយាយថា៖ «២០ ០០០​រៀល ឱ្យ​ស្បថ​ជូន​ទៀត យី! ដាក់​តម្លៃឱ្យពុកម៉ែបងប្អូនមួយអាណត្តិ៥ឆ្នាំ ត្រឹមមាន់​ស្រែមួ​យ​គីឡូ។ ប្ដូរចេញទៅបងប្អូន! ប្ដូរមេឃុំបម្រើបក្ស ដាក់មេឃុំបម្រើរាស្រ្ត គឺមេឃុំចៅសង្កាត់មកពីគណបក្សភ្លើងទៀន»។

អ្នកស្រី ស្រីនួន បានបន្ថែមទៀតថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានសម្រេចលើករណីនេះរួចហើយ​កាលពីខែមិថុនា ដោយពិន័យជាប្រាក់ចំនួន៥លានរៀល ឬប្រហែល១ ២៥០​ដុល្លារ។ អ្នកស្រីនិយាយ​ថា អ្នកស្រីមិន​នឹកស្មានថា តុលាការកោះ​ហៅ​អ្នកស្រីម្តងទៀត​ចំពោះករណី​ដដែល​នេះ​សោះ។

អ្នកស្រីបន្ថែមទៀតថា៖​ «​ខ្ញុំ​គិត​ថាករណី​នេះចប់​ហើយ ហើយ​ខ្ញុំ​មិន​ដឹង​ថា​នៅ​មាន​បណ្ដឹង​នៅ​តុលាការ​នៅឡើយ​ទេ​។ ខ្ញុំ​គិត​ថា ​ករណី​នេះ​ជា​ការ​គំរាម​កំហែង ​និង​មាន​ហេតុផល​នយោបាយ​មក​លើ​នាងខ្ញុំ ​ក្នុង​នាម​ជា​ជំទប់​ឃុំទី២»។

អ្នកស្រី​បន្តទៀត​​ថា អ្នកស្រី​នឹង​ពិគ្រោះ​ជាមួយ​មេធាវី​ការពារ​​ក្តី​​ លោក សំ សុគង់ មុន​​ថ្ងៃកំណត់​ដែលតុលាការ​ហៅទៅសាកសួរ។

លោក មុនីកុសល និងអ្នកស្រី ​ស្រី​នួន ត្រូវ​បាន​កោះហៅ​ឱ្យ​ចូល​បំភ្លឺ​នៅ​តុលាការ​ខេត្ត​រៀង​ខ្លួន ​នៅ​​ថ្ងៃ​​ទី​១៦ ខែ​សីហា ខាង​មុខ​នេះ៕


បកប្រែនិងសម្រួលដោយលោក លី សេងហន ចេញពីអត្ថបទដើមភាសាអង់គ្លេស៖ Two Candlelight Party Officials Summoned for Court Questioning

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ