មេធាវីការពារក្ដីលោក សុន ឆ័យ បញ្ជាក់ថាសំណុំរឿងកូនក្ដីរបស់ខ្លួនត្រូវបញ្ជូនទៅចៅក្រមជំនុំជម្រះ

លោក សុន ឆ័យ អនុប្រធានគណបក្សភ្លើងទៀន​ ថ្លែងប្រាប់អ្នកសារព័ត៌មានក្រោយសវនាការសំណុំរឿងពាក់ព័ន្ធនឹងការបោះឆ្នោតឃុំសង្កាត់ ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២២។ (ហ៊ាន រង្សី)

មេធាវីការពារក្ដីរបស់លោក សុន ឆ័យ អះអាងថា នៅពេលនេះ ខ្លួនកំពុងរង់ចាំការ​​កំណត់​​ពីនីតិវិធី​​ដោយ​​ចៅក្រមជំនុំជម្រះ អំពីពេលវេលា​​សម្រាប់សវនាការ ខណៈព្រះរាជអាជ្ញារង​​ដែល​​ទទួល​​បន្ទុកនៅក្នុងសំណុំរឿងនេះ បាន​​សម្រេចចោទប្រកាន់ជាផ្លូវការហើយ អំពីបទ «បរិហា​​រកេរ្តិ៍​​ជា​​សា​​ធារ​​ណៈ» ប្រឆាំងមន្រ្តីជាន់ខ្ពស់គណបក្សក្រៅរដ្ឋាភិបាលរូបនេះ តាមបណ្តឹងគណបក្ស​​ប្រ​​ជា​ជន​​កម្ពុ​​ជា និង​​​គណៈកម្មាធិការជាតិ​​រៀបចំការបោះ​​ឆ្នោ​​ត​​​។

លោក ជូង ជូងី មេធាវីការពារសិទ្ធិឱ្យលោក សុន ឆ័យ បានប្រាប់ វីអូឌី នៅថ្ងៃព្រហស្បតិ៍នេះថា ​ស​វនា​ការដែលនឹងមកដល់នាពេលខាងមុខនេះ ក្នុងនាមជាមេធាវី លោកបានត្រៀមខ្លួនរួចរាល់ហើយ ដើម្បី​​ចូលរួមការជំនុំជម្រះនេះ រួមទាំងកូនក្ដីរបស់ខ្លួនដែរ។

លោកបន្តថា៖ «តំណាងអយ្យការបានចោទប្រកាន់ពីបទបរិហារកេរ្តិ៍ជាសាធារណៈ ហើយបញ្ជូនទៅជំនុំជម្រះផ្ទាល់។ វាត្រឹមត្រូវហើយ គឺអត់មានឆ្លងកាត់ចៅក្រមស៊ើបសួរទេ គឺនឹងរុញទៅជម្រះផ្ទាល់​​មួយ​​រយៈពេលទៀត អ៊ីចឹងចៅក្រុមជំនុំជម្រះនឹងដាក់កាលបរិច្ឆេទហើយ »។

កាលពីថ្ងៃទី៩ ខែសីហា ឆ្នាំ២០២២ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ លោក ប្លង់ សុផល បានចេញដីកា ដោយចោទប្រកាន់លោក សុន ឆ័យ ពីបទ «បរិហារកេរ្តិ៍​​ជា​​សា​​ធារណៈ» តបតាមបណ្តឹងរបស់គណបក្សប្រជាជនកម្ពុជា និងស្ថាប័នជាតិ​រៀបចំការ​​បោះ​​ឆ្នោត ​(  គ.ជ.​​ប)។

បណ្តឹងព្រហ្មទណ្ឌប្រឆាំងលោក សុន ឆ័យ ពីសំណាក់គណបក្សប្រជាជនកម្ពុជានេះ ធ្វើឡើងមុនមួយថ្ងៃបន្ទាប់ពី គ.ជ.ប បាន​ប្តឹងក្នុងបទចោទដូចគ្នានេះដែរ កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០​​២​​២​​។ មូលហេតុដែលនាំឱ្យអ្នកនយោបាយចាស់វស្សារូបនេះ ត្រូវរងបណ្តឹងទាំងពីរសំណុំរឿង ក្រោ​យ​​​​ពី​​លោករិះគន់ពីដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ មានភាព​​​មិន​​ប្រ​​ក្រតី។

លោក សុន ឆ័យ ដែលបានចូលឆ្លើយបំភ្លឺនៅចំពោះមុខតំ​ណាង​​អយ្យ​ការទាំង២លើក កាលពីខែកក្កដានោះ បញ្ជាក់ថា អ្វីដែលលោកនិយាយ គឺវាមិន​​ខុស​គ្នា​​​ទៅ​​នឹង​​ការ​​រក​ឃើញពីភាព​​មិន​​ត្រឹម​​ត្រូវ​​​​មួយចំនួននៃដំណើរការបោះឆ្នោត​ ដូចដែលអង្គការមិន​​មែនរដ្ឋា​​ភិ​​បាល និង​​គ​ណបក្ស​នយោ​​បាយ​​ផ្សេង​​ទៀតរកឃើញនោះដែរ។

វីអូឌី មិនទាន់អាចស្នើសុំការបំភ្លឺបានទេ ទាក់ទងនឹងការកំណត់កាលកាលបរិច្ឆេទនៃថ្ងៃបើកស​​វ​នា​​កា​រនេះ ពីអ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ លោក អ៊ី រិន្ទ និងលោក ប្លង់ សុផល អ្នកនាំពាក្យ​​អ​​យ្យ​​​ការអមសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃព្រហស្បតិ៍នេះ។

សម្រាប់លោក កន សាវាង្ស អ្នកសម្របសម្រួលផ្នែកអង្កេត និងតស៊ូមតិ នៃអង្គការខុមហ្រ្វែល យល់​​ឃើញថា បើនិយាយពីម្ចាស់បណ្តឹងដែលជាស្ថាប័ន គ.ជ.ប លោកចាត់ទុកថា វាជារឿងថ្មី​​មួយ​​សម្រា​​ប់​បរិបថនយោបាយនៅកម្ពុជា ចាប់តាំងពីស្ថាប័ននេះបានបង្កើតឡើង ដែលដើរតួ​​នាទី​​ជា​ម្ចាស់​បណ្តឹ​​​ង ប្តឹងអ្នកនយោបាយដែលជាគូប្រកួត ហើយពុំធ្លាប់មានពីមុនមក។ លោកបន្តថា ការ​​សម្រេ​​ច​​​​ជ្រើស​​រើសប្រព័ន្ធច្បាប់នេះ ដើម្បីបិទមាត់គណបក្សនយោបាយមិនឱ្យរិះគន់ពីកំ​​ហុស​​របស់​​​ខ្លួន វា​​កា​​ន់​​​តែឆ្លុះ​​​បញ្ចាំង​​ឱ្យឃើញភាពអាត្មានិយមរបស់ស្ថាប័ន គ.ជ.ប កាន់តែច្បាស់ជាងនេះ​​បន្ថែម​​ទៀ​​​ត​​​ទៅ​​វិញ​​ទេ​​។

លោកបន្តថា៖ «តាមពិត ការប្តឹងផ្តល់នេះ តាមការយល់ឃើញរបស់ខ្ញុំ គឺមិន​​អាចនឹងលុបបំបាត់អំ​​ពីរូប​​​ភាព​នៅក្នុងការមើលឃើញរបស់ស្ថាប័ន គ.ជ.ប ក្នុងការអនុវត្តទេ។ ផ្ទុយទៅវិញ ការប្តឹងផ្តល់នេះ ​​វា​​រឹត​តែសបញ្ជាក់ឱ្យការមើលឃើញថា ស្ថាប័ន គ.ជ.ប ហ្នឹងដូចជាការលើកឡើងហ្នឹងទៅវិញទេ ប្រសិន​បើ​​គាត់ជ្រើសរើសផ្លូវតុលាការនេះជារឿងធំ »។

អគ្គលេខាធិការរង នៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត​ លោក សោម សូរីដា ថ្លែងថា ក្នុ​​ង​​រឿង​​​ក្តីនេះ ប្រសិនបើស្ថាប័ន គ.ជ.ប មិនតបតដោយនីតិវិធីច្បាប់ វាស្មើនឹងទទួលយកនូវអ្វីដែលគ​​ណ​​​​បក្ស​​​​ក្រៅ​​រដ្ឋាភិបាលចោទពីភាពមិនស្អាតស្អំរបស់ គ.ជ.ប។ ជាងនេះទៀត ការព្យាយាមលើក​​ពី​​ហេតុផលឆ្គាំឆ្គង ឬថាការប្តឹងនេះជាកំហុសរបស់ គ.ជ.ប មានន័យថា ស្ថាប័នទាំងនោះហាក់កំពុង​​ជួយ​​ការពារជនត្រូវចោទទៅវិញទេ។

លោកបន្តថា៖ «ខ្ញុំយល់ផ្សេងពីនេះ ការដែលមិនប្តឹងទៅវិញ​​ទេ ដែលគេនាំគ្នាចង្អុលមុខ ​​គ.ជ.ប ថា​​ប្រ​​​ព្រឹត្តអំពើខុស ពីព្រោះកាលណាមិន​ប្តឹងមានន័យថាទទួលយក​​នូវការចោទប្រកាន់​​ថាស្ថាប័ន​​នេះ​​លួចបន្លំសន្លឹកឆ្នោត។ អ៊ីចឹងការយល់របស់ខុមហ្រ្វែលជាការយល់របស់ពួកគេ។ ការលើកឡើងឱ្យកាត់បន្ថយ និងបន្ធូរបន្ទុកផ្លូវច្បាប់របស់លោក សុន ឆ័យ ទេ »។

ចំណែក អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន វិញ ធ្លាប់បានបញ្ជាក់ជំហរ​​រួច​ហើ​យថា បញ្ហានេះ គណបក្សកាន់អំណាចនឹងមិនសម្រប​​សម្រួលផ្នែកនយោបាយ​​ណាមួយ​​នោះ​​ទេ​​។

នៅក្នុងពាក្យបណ្ដឹងដែលមានលោក សាយ ឈុំ ជាអនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភា​ផង​ គឺជាម្ចាស់បណ្តឹង បានទាមទារសំណងជំងឺចិត្តពីលោក សុន ឆ័យ ចំនួន១លា​​ន​​​ដុល្លារអាមេរិក។

លោក សំ សំអាត នាយកចាត់ការទូទៅ នៃអង្គការលីកាដូ មានប្រសាសន៍ថា ផ្អែកលើនីតិវិធីផ្លូវច្បាប់ បទចោទបរិហារកេរ្តិ៍ជាសាធារណៈនេះ គឺមិនមានទោសទណ្ឌទេ ប្រសិនបើគេរកឃើញថាមានពិរុទ្ធភាពក្រោមមួយឆ្នាំ អាចត្រឹមផាកពិន័យ ក្នុងកម្រិតមួយស្រាល។ ប៉ុន្តែនៅក្នុងសំណុំរឿងនេះ លោកសង្កេតឃើញថា លោក សុន ឆ័យ ត្រូវរងការផាកពិន័យក្នុងទំហំទឹកប្រាក់មួយដ៏ច្រើនពីគណបក្សប្រជាជនកម្ពុជា។

បើតាមអ្នកជំនាញផ្នែកសិទ្ធិមនុស្សរូបនេះ ជានីតិវិធី មិនត្រូវផ្លោះសិទ្ធិដោយមិនបានបញ្ជូនទៅចៅ​​ក្រម​​ស៊ើបសួរ ដើម្បីបើកការស៊ើបអង្កេតបន្ថែមទៀត មុននឹងត្រូវបញ្ជូនទៅដល់ដៃចៅក្រមជំនុំជម្រះ។

លោកបន្តថា៖ «ខ្ញុំយល់ថា ករណីនេះ វាជាករណីមួយធំ ដែលមានការចាប់អារម្មណ៍ពីសហគមន៍ជាតិ និងអន្តរជាតិ ហើយក៏មានការតាមដានយ៉ាងយកចិត្តទុកដាក់ផងដែរ ពីសហគមន៍ជាតិ និងអន្តរជាតិ ហើយគេចាត់ទុកថា រឿងនេះក៏វាពាក់ព័ន្ធនឹងរឿងនយោបាយដែរ។ អ៊ីចឹង វាគួរណាស់តែមា​​ន​​​​ដំណាក់កាលនៃការឆ្លងការស៊ើបអង្កេតរបស់ចៅក្រមស៊ើបអង្កេត »។

តាមរយៈបណ្តឹងព្រហ្មទណ្ឌទាំងពីរ ដែលម្ចាស់បណ្តឹងមានគណបក្សប្រជាជនកម្ពុជា និងគណៈ​​កម្មា​​ធិការជាតិរៀបចំការបោះឆ្នោត ប្តឹងអ្នកនយោបាយ ដែលហ៊ានរិះគន់ពីដំណើរការ​​បោះឆ្នោត​​នេះ ត្រូវរងការរិះគន់ពីសហគមន៍ជាតិ និងអន្តរជាតិថា ជាការព្រមានផ្នែកស្មារតីគណបក្ស​​​ដែ​​ល​​នៅ​​​ក្រៅរដ្ឋាភិបាលផ្សេងទៀត មិនឱ្យទិតៀនអំពីភាពមិនត្រឹមត្រូវណាមួយដែលកើតចេញ​​ពីដំ​​ណើ​​​​​រការនៃការរៀបចំការបោះឆ្នោត៕ 

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ