មន្រ្តី​​បក្ស​ភ្លើង​ទៀន​ខេត្ត​ព្រៃវែង​​​ថា​​មេឃុំ​បក្ស​កាន់​អំណាច​មិន​ផ្ដល់​ការងារ​ឱ្យ​ធ្វើ​

លោក ហែន ស៊ីថា ជំទប់ទី២ ឃុំសំរោង កូតាមកពីគណបក្សភ្លើងទៀន ឈរខាងមុខសាលាឃុំសំរោង ស្ថិតនៅភូមិសំរោង ឃុំសំរោង ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង កាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២២។ (វ៉ា សុភានុត)

មន្រ្តីសមាជិកក្រុមប្រឹក្សាឃុំមួយចំនួន មកពីគណបក្សភ្លើងទៀន​នៅខេត្តព្រៃវែង អះអាងថា ប្រធានក្រុមប្រឹក្សាឬ មេឃុំបក្សកាន់អំណាច មិនប្រគល់ការងារឱ្យពួកគេធ្វើតាមតួនាទីរៀងៗខ្លួននោះឡើយ។

លោក ហែន ស៊ីថា ជំទប់ទី២កូតាមកពីគណបក្សភ្លើងទៀន នៅឃុំសំរោង ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ដែលធ្លាប់មានបទពិសោធន៍ជាមន្រ្តីឃុំ៣អាណត្តិជាប់គ្នា លើកឡើងពីការមិនអស់ចិត្ត ដោយមិនអាចធ្វើការបម្រើរាស្រ្តឱ្យស្របតាមឆន្ទៈបាន ដោយសារការរើសអើងផ្នែកនយោបាយ ត្បិតការងាររបស់ពួកគេដែលត្រូវធ្វើ ប្រធានក្រុមប្រឹក្សាមិនបានផ្តល់ឱ្យនោះឡើយ។

លោកនិយាយថា៖ «យើងប្ដេជ្ញាចិត្តបម្រើប្រជាពលរដ្ឋដែលបោះឆ្នោតឱ្យ យើងគិតថាប្រជាពលរដ្ឋដែលបោះឱ្យយើងក៏វាច្រើនណាស់ដែរ[ជាង១ ៦០០នាក់]។ ដល់ពេលមុខតំណែងគេអត់ឱ្យសោះ។ អាហ្នឹង​ជារឿងមួយអយុត្តិធម៌សម្រាប់អ្នកគាំទ្រខាងខ្ញុំ​។

លោក ស៊ីថា បន្ថែមថា កាលពីចុង ខែកក្កដា បន្ទាប់ពីប្រជុំគណៈកម្មការឃុំដើម្បីបែងចែកការងារតាមតួនាទីរៀងៗខ្លួន មេឃុំសំរោងបានបង្វែរការងារជំទប់ទី២ ទៅឱ្យជំទប់ទី១ដែលមកពីគណបក្សប្រជាជនកម្ពុជាទាំងអស់។

លោក ហែន ស៊ីថា ជំទប់ទី២ឃុំសំរោង មកពីគណបក្សភ្លើងទៀន កំពុងអង្គុយផ្ដល់បទសម្ភាសន៍ឱ្យអ្នកសារព័ត៌មានវីអូឌី នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២២។ (​វ៉ា សុភានុត)

លោក ស៊ីថា បញ្ជាក់ថា៖ «ជំទប់ទី២ជួយលើរដ្ឋបាល សន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ តែគេមិនធ្វើចឹង គេដាក់ជំទប់ទី១ មកទាំងអស់»។​

មន្រ្តីឃុំសំរោងមកពីបក្សភ្លើងទៀនរូបនេះឱ្យដឹងទៀតថា បច្ចុប្បន្នលោកគ្រាន់តែទៅអង្គុយក្នុងបន្ទប់ក្រុមប្រឹក្សានៅសាលាឃុំ តាំងពីព្រឹករហូតដល់ល្ងាច ហើយក៏ចេញទៅផ្ទះ។ ករណីនេះលោកបានរាយការណ៍ទៅកាន់ប្រធានបក្សភ្លើងទៀនប្រចាំខេត្តព្រៃវែង និងរង់ចាំការណែនាំពីថ្នាក់លើរបស់ខ្លួនថា តើត្រូវធ្វើបែបណាបន្តទៀត?។

លោក និយាយថា៖ «សួរគេ(មេឃុំ)គេថាលើមតិភាគច្រើនបានគឺបាន។ គេចង់បិទពួកប្រឆាំងមិនឱ្យធ្វើអី គេចង់ធ្វើបាន។ ឱ្យមកអង្គុយតែកេះដី មិនឱ្យការងារ»។

មន្រ្តី​គណបក្សជំទាស់រូបនេះ បង្ហាញពីកង្វល់អំពីបញ្ហាក្នុងមូលដ្ឋានមួយចំនួន ដូចជាករណី​យុវជនជក់គ្រឿងញៀន​ ​បទល្មើសនេសាទ និងភាពយឺតយ៉ាវនៃការផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋជាដើម។

លោក មុជ សាមាន មេឃុំសំរោង ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង បដិសេធជុំវិញការចោទប្រកាន់ថា លោកពុំបានផ្ដល់ការងារឱ្យជំទប់ទី២ ដែលមាននិន្នាការនយោបាយខុសគ្នាទៅតាមតួនាទី។

លោក មុជ សាមាន មេឃុំសំរោង ផ្ដល់បទសម្ភាសន៍ឱ្យអ្នកសារព័ត៌មានវីអូឌីក្នុងសាលាឃុំសំរោង ស្ថិតនៅស្រុកស្វាយអន្ទរ ខេត្តព្រៃវែង នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២២។ (វ៉ា សុភានុត)

លោក សាមាន និយាយថា៖ «វាអត់ទាន់មានការងារអ្វីចាំបាច់។ ទាំងអស់គ្នាអត់ទាន់មានការងារ។ និ​យាយមិនឱ្យធ្វើការម៉េច ប្រជាជនបោះឆ្នោតឱ្យទាំងអស់គ្នា»។

ដោយឡែក ជំទប់ទី២ កូតាគណបក្សភ្លើងទៀន នៅឃុំដំរីពួន ស្រុកស្វាយអន្ទរ លោក អូម លីណា រៀបរាប់ថា រយៈជាងមួយខែបន្ទាប់ពីប្រកាសចូលកាន់មុខតំណែងរៀងខ្លួន មេឃុំពុំដែលប្រើលោកឱ្យធ្វើការងារ ហើយប្រគល់ការងារទៅឱ្យជំទប់ទី១ ដែលមកពីគណបក្សប្រជាជនកម្ពុជាជំនួសវិញ។

លោក លី ណា បញ្ជាក់ថា៖ «ការងារជំទប់ទី២ លទ្ធកម្មដោះស្រាយវិវាទអីគេមិនឱ្យកាន់ទេការកសាងអីៗគេមិនដែលប្រើទេ»។

ទាក់ទិនបញ្ហានេះអភិបាលស្រុកស្វាយអន្ទរ ខេត្តព្រៃវែង លោក ប៉ិច សុង យល់ឃើញថា សាលាឃុំប្រហែលមិនទាន់មានការងារអ្វីដាក់ឱ្យធ្វើច្រើន ដោយសារតែមន្រ្តីឃុំអាណត្តិថ្មីទើបតែប្រកាសចូលកាន់តំណែង។

លោក ប៉ិច សុង មានប្រសាសន៍ថា៖ «បើមានបញ្ហាគឺមេឃុំគាត់ប្រើហើយ ព្រោះជំទប់ទី១ និង២ជាជំនួយការគាត់ មានការងារអីគាត់អ្នកប្រើ»។

នៅពេលសួរថា បន្ទាប់ពីការបែងចែកការងាររួចជំទប់ទី២ មិនត្រូវបានគេផ្ដល់ការងារឱ្យ លោកអភិបាលស្រុករូបនេះនឹងណែនាំទៅមេឃុំទាំងអស់អំពីបញ្ហានេះ។

លោកបន្តថា ៖ «ចាំប្រាប់មេឃុំកុំភ័យឱ្យតែពូកែធ្វើការងារដើម្បីបម្រើប្រជាពលរដ្ឋ និងប្រទេសជាតិ។ អត់អីទេចាំខ្ញុំជួបមេឃុំ»។

ចំណែកនាយករដ្ឋបាលខេត្តព្រៃវែង លោក ឈៀង សុវណ្ណរ៉ា មានប្រសាសន៍ថា រដ្ឋបាលខេត្តមិនទាន់ទទួលដំណឹងនេះនៅឡើយទេ។

លោក សុវណ្ណរ៉ា និយាយថា៖ «មិនដឹងដែរ។ បើគេនៅមូលដ្ឋាននោះ មិនទាន់មានរបាយការណ៍»។

ទោះបីជាយ៉ាងនេះក្តី លោក ទេស ឃឿន អាយុ៦១ឆ្នាំ ជាពលរដ្ឋម្នាក់រស់នៅភូមិសំរោង ឃុំសំរោង ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង និយាយថា លោកចង់ឃើញមន្រ្តីក្នុងឃុំដែលមកពីចម្រុះបក្សនយោបាយទាំងអស់ អាចធ្វើការងាររួមគ្នាដើម្បីបម្រើប្រជាពលរដ្ឋ​ពិតប្រាកដ ចៀសវាងនូវការប្រកាន់បក្ខពួកឬ និន្នាការនយោបាយ។

លោក ឃឿន និយាយថា៖​ «ក្នុងនាមខ្ញុំជាប្រជាពលរដ្ឋចង់ឱ្យគេធ្វើការស្រុះស្រួលគ្នា ឱ្យបានក្នុងការបម្រើជាតិអ្នកបោះឆ្នោតឱ្យ ចង់បានតែប៉ុណ្ណឹង។ ធ្វើម៉េចឱ្យបម្រើរាស្រ្ត រាស្រ្តត្រូវការធ្វើអ្វីវាទាន់ចិត្ត»។

នៅដើមខែសីហា ឆ្នាំ២០២២នេះ គណបក្សភ្លើងទៀនប្រចាំខេត្តកំពង់ធំ បានដាក់លិខិតសុំអន្តរាគមន៍ពីអភិបាលខេត្ត​ ដើម្បីប្រគល់បន្ទប់ធ្វើការ ភារកិច្ចការងារ និងឯកសណ្ឋាន ឱ្យជំទប់ទី១ ជំទប់ទី២ និងសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់មកពីគណបក្សភ្លើងទៀន​ដែលមានចំនួន៤៤ឃុំ-សង្កាត់ ត្បិតពួកគេថា តាំងប្រកាសសុពលភាពចូលបំពេញការងារមក ប្រធានក្រុមប្រឹក្សាឃុំ-សង្កាត់មិនបានផ្តល់កន្លែង និងការងារឱ្យពួកគេធ្វើឡើយ។

អគ្គលេខាធិការគណបក្សភ្លើងទៀន លោក​ លី សុធារ៉ាយុទ្ធ មានប្រសាសន៍ថា លោកកំពុងតែប្រមូលព័ត៌មានទាក់ទិននឹងការរើសអើងផ្នែកនយោបាយក្រោមរូបភាពផ្សេងៗគ្នាមកលើមន្រ្តីឃុំបក្សភ្លើងទៀន។

លោក រ៉ាយុទ្ធ បញ្ជាក់ថា៖ «ចាំខ្ញុំមានព័ត៌មានក្នុងដៃសិន តើព័ត៌មានប្រភេទណា ការរំលោភ រំលោភបែបណាខ្លះ រើសអើង រើសអើងបែបណាជាលក្ខណៈទូទៅអត់អាចនិយាយបាន ព្រោះក្នុងដំណាក់កាលប្រមូលព័ត៌មាននៅឡើយ»។

អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក លោក សឹង សែនករុណា ជំរុញឱ្យមន្រ្តីឃុំបក្សភ្លៀងទៀន ស្វែងរកអន្តរាគមន៍ពីអាជ្ញាធរថ្នាក់លើជុំវិញបញ្ហាទាំងនេះ។

លោក ករុណា និយាយថា៖ «បើតួនាទីរបស់គាត់មិនត្រូវឱ្យ ខ្ញុំគិតថាជំទប់ទី២[កូតាបក្សភ្លើងទៀន]គួរតែធ្វើរបាយការណ៍ជាលាយលាក់អក្ស ទៅខាងអាជ្ញាធរថ្នាក់លើឬខាងស្រុកខេត្ត ឬសេចក្ដីរាយការណ៍ទៅក្រសួងមហាផ្ទៃ»។

យោងតាមមាត្រា៤០ នៃច្បាប់ស្ដីពីការគ្រប់គ្រងរដ្ឋបាលឃុំ-សង្កាត់ បានឱ្យដឹងថា ជំទប់ទី២ ឬចៅសង្កាត់រងទី២ ទទួលជួយមេឃុំ ចៅសង្កាត់ លើកិច្ចការរដ្ឋបាល សង្គមកិច្ច សេវាសាធារណៈ និងសណ្ដាប់ធ្នាប់សាធារណៈ។

មេឃុំ ឬចៅសង្កាត់ អាចប្រគល់ភារកិច្ចបន្ថែមពីលើភារកិច្ចដែលបែងចែកខាងលើនេះ ដល់ជំទប់ឬចៅសង្កាត់រងរបស់ខ្លួនផងដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ