មន្ត្រី​បក្ស​ភ្លើង​ទៀន​ថា​ ​ការ​ចូល​រួម​របស់​អតីត​​ឯក​​អគ្គរាជ​​ទូត​​កូរ៉េ​ខាង​ត្បូង​នឹង​ធ្វើ​ឱ្យ​បក្ស​នេះ​កាន់​តែ​រឹងមាំ​

អតីតឯក​អគ្គ​រាជទូត​កម្ពុជា ប្រចាំប្រទេស​កូរ៉េ​ខាងត្បូង លោក ស៊ុត ឌីណា។(​ហ្វេសប៊ុក លោក​ ស៊ុត ឌីណា)

មន្ត្រីជាន់ខ្ពស់គណបក្សភ្លើងទៀនបង្ហាញជំនឿថា ការចូលរួមជីវភាពនយោបាយរបស់អតីត​ឯក​អគ្គរាជ​ទូត​កម្ពុជា​ប្រចាំ​​ប្រទេស​កូរ៉េ​ខាង​ត្បូង លោក ស៊ុត ឌីណា នឹងធ្វើឱ្យគណបក្សក្រៅរដ្ឋាភិបាលមួយនេះមានកម្លាំងកាន់តែរឹងមាំ ហើយទទួលបានជោគជ័យចំពោះការបោះឆ្នោតនៅឆ្នាំក្រោយ។​

អ្នកនាំពាក្យគណបក្សភ្លើងទៀន លោក ថាច់ សេដ្ឋា ប្រាប់វីអូឌីនៅសៅរ៍នេះថា គណបក្សភ្លើងទៀនបានទទួលលិខិតរបស់អតីត​ឯក​អគ្គរាជ​ទូត​កម្ពុជា​ប្រចាំ​​ប្រទេស​កូរ៉េ​ខាង​ត្បូង លោក ស៊ុត ឌីណា ដើម្បីចូលរួមជីវភាពនយោបាយជាមួយគណបក្សនេះរួចហើយ ប៉ុន្តែខាងគណបក្ស​ មិនទាន់សម្រេចផ្ដល់តំណែងណាមួយឱ្យលោក ​នៅឡើយទេ ដោយរង់ចាំជួបជជែកផ្ទាល់សិន។

លោកបង្ហាញក្ដីសង្ឃឹមថា ការចូលរួមជីវភាពនយោបាយរបស់លោក ស៊ុត ឌីណា ជាមួយបក្សក្រៅរដ្ឋាភិបាលមួយ​នេះ អាចនឹងធ្វើឱ្យគណបក្សភ្លើងទៀនកាន់តែមានកម្លាំងខ្លាំង ហើយឈានទៅរកឈ្នះការបោះឆ្នោតនាពេលខាងមុខ។

លោកមានប្រសាសន៍ថា៖«យើងមានជំនឿបែបហ្នឹង ដោយសារ អ្នកនយោបាយ និងប្រជាពលរដ្ឋជាច្រើនបានមើលឃើញជំហរការដឹកនាំគណបក្សភ្លើងទៀន ​កំពុងតែដើរទៅលើផ្លូវត្រូវ ហើយជាអ្នកស្នេហាជាតិពិតប្រាកដ ប្រជាធិបតេយ្យពិតប្រាកដ មានគោលដៅក្នុងការផ្លាស់ប្ដូរពិតប្រាកដ មិនមែនជាសួនលម្អប្រជាធិបតេយ្យឬកំដរគេទេ។ ដូច្នេះ ប្រជាពលរដ្ឋក្ដី អ្នកនយោបាយផ្សេងៗក៏បានចូលរួមយ៉ាងច្រើន ជាមួយគណបក្សភ្លើងទៀន ។ អ៊ីចឹងយើងសង្ឃឹមថា ​មានការគាំទ្រកាន់តែទូលំទូលាយ ​ធ្វើឱ្យកម្លាំងកាន់តែខ្លាំង រឹងមាំ​ ដោយមានការប្រមូលអ្នកស្នេហាជាតិគ្រប់ទិសទី។ អ៊ីចឹងហើយសង្ឃឹមថា នឹងអាចទទួលបានជោគជ័យក្នុងការបោះឆ្នោតនៅឆ្នាំ២០២៣ខាងមុខ»។

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន មានប្រសាសន៍ថា ទោះបីជាគណបក្សភ្លើងទៀនទទួលយក លោក ស៊ុត ឌីណា ចូលរួមជីវភាពនយោបាយជាមួយក្តី ក៏មិនអាចយកឈ្នះគណបក្សកាន់អំណាចបានដែរ។ លោកថា លោក ស៊ុត ឌីណា ត្រូវបានគណបក្សប្រជាជនកម្ពុជាបណ្ដេញចេញពីបក្ស ក្រោយពីរកឃើញមានកំហុសកាលពីពេលកន្លងទៅ។

លោកថា៖«​អ៊ីចឹង កាលដែលគណបក្សប្រឆាំងទទួលលោក ស៊ុត ឌីណា ​ទៅចូលរួម[ជាមួយ]ខ្លួន ដើម្បីបូកជាកម្លាំង ​ដែលមានលទ្ធភាពជាគុណសម្បត្តិចេះ និងចុះ ​វាអត់មានទេ ព្រោះអាហ្នឹង បើពាក្យខ្មែរយើងមីខាតលក្ខ័ រត់រកអាកំបាក់អន្សាទេ។ វាមិនមែនជាសមាជិកគណបក្សប្រជាជនកម្ពុជាទេ។ ដូច្នេះ​ បើនិយាយពីប្រវត្តិ​មកដល់ពេលនេះ គឺគណបក្សភ្លើងទៀនទទួលយកសំរាមដែលគណបក្សប្រជាជនកម្ពុជាបោះចោល»។

វីអូឌីនៅមិនទាន់រកការឆ្លើយតបពី លោក ស៊ុត ឌីណា បាននៅឡើយទេនៅថ្ងៃទី២៧ ខែសីហានេះ។

គណនីហ្វេសប៊ុកឈ្មោះ ឌីណា ស៊ុត(Dina Suth) ដែលមានរូបថតលោក ស៊ុត ឌីណា ឈរជាមួយព្រះមហាក្សត្រខ្មែរ កាលពីថ្ងៃទី២៥ ខែសីហា បានសរសេរថា កាលពីថ្ងៃព្រហស្បតិ៍នោះលោក បានទៅស្នាក់ការកណ្តាលគណបក្សភ្លើងទៀន ដើម្បីដាក់ពាក្យសុំចូលបំរើសកម្មភាពនយោបាយជាមួយគ្នាប្រឆាំងមួយនេះ។ ​

ស្ថាបនិក​អង្គការអភិវឌ្ឍន៍ផ្នត់គំនិត លោក សេក សុជាតិ សាទរចំពោះការវិលត្រឡប់ចូលឆាកនយោបាយរបស់លោក ស៊ុត ឌីណា ក្រោយពីទទួលបានសេរីភាពវិញ។ លោកបញ្ជាក់ថា គណបក្សភ្លើងទៀន រឹងមាំ អាស្រ័យទៅសកម្មភាពនិងគោលនយោបាយ ក្នុងការទាក់ទាញប្រជាប្រិយភាព ដែលធ្វើឱ្យប្រជាពលរដ្ឋចូលរួមកាន់តែច្រើន និងគាំទ្រដោយពេញចិត្ត។

លោកថា៖«ដូចកាលបោះឆ្នោតឆ្នាំ២០១៣ ​ហើយកាលបោះឆ្នោត ឆ្នាំ២០១៧ ទើបអាចបញ្ជាក់អំពីប្រជាប្រិយភាព​របស់គណបក្ស​នយោបាយមួយបាន។​ ដូច្នេះ កាលៈទេសៈគ្រាន់តែលោក ស៊ុត ឌីណា ចូលរួម​ជីវភាពនយោបាយជាមួយគណបក្សដែលចូលរួមការបោះឆ្នោតខាងមុខនេះ គឺជារឿងមួយដែលល្អ ដែលយើងគ្រាន់តែនិយាយជាជំហានល្អមួយ ជាសន្ទុះល្អមួយ ក៏ប៉ុន្តែរឿងថា មានប្រជាប្រិយភាពខ្លាំង គឺខ្ញុំមិនទាន់មើលឃើញនៅឡើយទេ»។

​កាល​ថ្ងៃទី​១១ ខែវិច្ឆិកា ឆ្នាំ​២០១៣ លោក​ត្រូវ​បានរាជ​រដ្ឋាភិបាល​តែងតាំង​ជា​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​ប្រទេស​កូរ៉េខាងត្បូង​។ ប៉ុន្តែនៅខែមេសា ឆ្នាំ២០១៦ លោក​ ស៊ុត​ ឌីណា ត្រូវបានសមត្ថកិច្ចនាំខ្លួន​ពី​ប្រទេស​កូរ៉េ​ខាង​ត្បូងមក​កម្ពុជា ​ហើយនៅខែធ្នូ ឆ្នាំដដែលលោក ត្រូវ​បាន​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​កាត់​ទោសឱ្យ​ជាប់​ពន្ធនា​គារ​រយៈពេល​៥​ឆ្នាំ​ និង​ពិន័យ​ជា​ប្រាក់​១០​លាន​រៀល ​ ក្រោមបទចោទពីរបទល្មើសធំៗ រួមមាន​​បទ«​បទ​កេង​យក​ប្រយោជន៍​ដោយ​ខុសច្បាប់ ​តាម​មាត្រា​៥៩៧ និង​មាត្រា​៥៩៨ នៃ​ក្រមព្រហ្មទណ្ឌ និងបទ​រំលោភ​អំណាច ​តាម​មាត្រា​៣៥ ច្បាប់​ស្ដីពី​ការប្រឆាំង​អំពើពុករលួយ»។

អតីតឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសកូរ៉េខាងត្បូងរូបនេះ ​ត្រូវបាន​ព្រះមហាក្សត្រ​ត្រាស់បង្គាប់​លើកលែងទោស​កាលពី​ថ្ងៃទី​១៥ ខែ​ឧសភា ឆ្នាំ២០២០ ​ក្រោយ​ពី​បាន​ជាប់​ក្នុង​ពន្ធនាគារ​​ព្រៃស អស់​រយៈពេល​ជាង ៤​ឆ្នាំ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ