កូរ៉េខាងត្បូងដាក់ទណ្ឌកម្មកូរ៉េខាងជើង ជុំវិញសកម្មភាពខុសច្បាប់តាមប្រព័ន្ធអ៊ីនធឺណិត

ប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk-yeol ថ្លែងនៅក្នុងបទសម្ភាសជាមួយ Reuters នៅទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២។ (REUTERS/Daewoung Kim)

កូរ៉េខាងត្បូង ​បាន​ប្រកាស​ដាក់​ទណ្ឌកម្ម​​លើ​កូរ៉េ​ខាង​ជើង ​ចំពោះការពាក់ព័ន្ធនឹងការលួចរូបិយបណ្ណឌីជីថល (cryptocurrency) ជាសកល។ នេះបើតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន NHK នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៣ នេះ។

ក្រសួងការបរទេសកូរ៉េខាងត្បូង បាននិយាយនៅថ្ងៃសុក្រនេះថា ការដាក់ទណ្ឌកម្មនេះផ្តោតលើអ្នកជំនាញបច្ចេកវិទ្យាកូរ៉េខាងជើង ចំនួន៤នាក់ រួមទាំងក្រុមចោរបច្ចេកវិទ្យា (Hacker) និងអង្គភាពចំនួន៧ រួមទាំងអ្នកដែលស្ថិតនៅក្រោមទីភ្នាក់ងារស៊ើបការណ៍យោធារបស់កូរ៉េខាងជើង។

ក្រសួងនេះបាននិយាយថា បុគ្គលទាំងនេះត្រូវបានសង្ស័យថាជាប់ពាក់ព័ន្ធក្នុងការវាយប្រហារតាមអ៊ីនធឺណិត និងកម្មវិធីទាក់ទងនឹងការលួចរូបិយបណ្ណឌីជីថល (cryptocurrency)។

ទណ្ឌកម្ម​នេះ​ធ្វើឡើង​ដើម្បី​រារាំង​សកម្មភាពលួចប្រាក់តាមអ៊ីនធឺណិតដោយខុសច្បាប់ដើម្បីផ្គត់ផ្គង់ដល់​កម្មវិធី​មីស៊ីល​ និង​នុយក្លេអ៊ែរ​របស់​កូរ៉េខាង​ជើង។ វិធានការនេះនឹងហាមឃាត់ប្រតិបត្តិការហិរញ្ញវត្ថុជាមួយគោលដៅ។

នេះជាការដាក់ទណ្ឌកម្មលើកទី៣ លើកូរ៉េខាងជើង ដោយរដ្ឋាភិបាលកូរ៉េខាងត្បូង ក្រោមការដឹកនាំរបស់ប្រធានាធិបតី យូន ស៊ុកយុល (Yoon Suk-yeol) និងជាលើកទីមួយ ជុំវិញសកម្មភាពខុសច្បាប់។

ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់របស់ប្រទេសកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក បានបង្ហាញអាសយដ្ឋាន IP (internet protocol) របស់អង្គភាពដែលសង្ស័យថាជាប់ពាក់ព័ន្ធក្នុងការវាយប្រហារតាមអ៊ីនធឺណិត ដែលជាផ្នែកមួយនៃការលួចរូបិយបណ្ណឌីជីថលសកលដោយក្រុមចោរបច្ចេកវិទ្យា (Hacker) កូរ៉េខាងជើង។

គួរបញ្ជាក់ថា របាយការណ៍នាពេលថ្មីនេះដែលដាក់ជូនក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បាននិយាយថា ប្រទេសកូរ៉េខាងជើង បានលួចរូបិយបណ្ណឌីជីថល (cryptocurrency) នៅឆ្នាំ២០២២ ច្រើនជាងឆ្នាំណាៗទាំងអស់។ យោងតាមទីភ្នាក់ងារសារព័ត៌មាន Reuters បានឱ្យដឹងថា រូបិយបណ្ណឌីជីថលដែលបានលួចនោះអាចមានតម្លៃប្រហែល ១ ពាន់លានដុល្លារ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ