យុវជន​នឹង​ឈប់​ទទួល​ស្នាម​មេដៃ​ពលរដ្ឋ​នៅ​សប្តាហ៍​ក្រោយ​ជុំវិញ​ការ​ស្នើ​ធ្វើ​បាតុកម្ម​នៅ​ទីលាន​ប្រជាធិបតេយ្យ​

លោក ធែល ធីលែន យុវជនតវ៉ាបញ្ហាវៀតណាមនៅកម្ពុជា ផ្តល់សម្ភាសន៍ដល់អ្នកកាសែត បន្ទាប់ពីដាក់ញ្ញត្តិទៅក្រសួងមហាផ្ទៃ ​ស្នើ​​ឱ្យរាជរដ្ឋាភិបាល​លុបចោល​​​ការ​​បង្កើត​អគារ​សិក្សា​​ភាសា​​វៀត​​ណាម​​នៅ​​សាកល​វិទ្យាល័យភូ​មិន្ទ​ភ្នំពេញ និងបញ្ឈប់​​​ការ​ចេញ​បណ្ណ​ស្នាក់​​​នៅ​អចិន្ត្រៃយ៍ដល់​​ជន​បរទេស កាលពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២។ (រូបថត៖ ហ៊ាន រង្សី)

ក្រុមយុវជនលើកឡើងថា នឹងឈប់ទទួលយកស្នាមមេដៃ និងលិខិតផ្ទេរសិទ្ធិរបស់ប្រជាពលរដ្ឋនៅត្រឹមថ្ងៃពុធសប្តាហ៍ក្រោយ​ ហើយគ្រោងដាក់លិខិតនៅសាលារាជធានីភ្នំពេញនៅចុងសប្តាហ៍ដដែល ដើម្បីស្នើសុំធ្វើបាតុកម្ម​  ទាម​ទារ​​​ឱ្យ​​រដ្ឋាភិបាល​បញ្ឈប់​​​​ការ​​ចេញ​បណ្ណ​ស្នាក់​​​​នៅ​អចិន្ត្រៃយ៍ដល់​​ជន​បរទេស និងលុបគម្រោង​​​បង្កើត​អគា​រ​​សិក្សាភាសាវៀតណាម  នៅ​​សាកលវិទ្យា​ល័យ​ភូមិន្ទ​ភ្នំពេញ។

យុវជន អ៊ំ ឈុម បានឱ្យដឹងនៅថ្ងៃអាទិត្យនេះថា  គិតត្រឹមថ្ងៃទី១៦ ខែតុលានេះ ក្រុមការងាររបស់យុវជនបានប្រមូលស្នាមមេដៃនិងលិខិតផ្ទេរសិទ្ធិរបស់ប្រជាពលរដ្ឋបានប្រមាណ ៣០០នាក់ និងឈប់ទទួលត្រឹមថ្ងៃពុធទី១៩ ខែតុលា។ លោកបន្តថា ក្រោយពេលឈប់ទទួលយកស្នាមមេដៃ ពួកគេនឹងយកសំណើទៅដាក់នៅសាលារាជធានីភ្នំពេញចុងសប្តាហ៍ដដែល  ដើម្បី​ស្នើសុំធ្វើបាតុកម្ម​  នៅទីលានប្រជាធិតេយ្យទាមទារឱ្យ​​រដ្ឋាភិបាល​បញ្ឈប់​​​​ការ​​ចេញ​បណ្ណ​ស្នាក់​​​​នៅ​អចិន្ត្រៃយ៍ដល់​​ជន​បរទេស និងលុបគម្រោង​​​បង្កើត​អគា​រ​​សិក្សាភាសាវៀតណាម  នៅក្នុង​សាកលវិទ្យា​ល័យ​ភូមិន្ទ​ភ្នំពេញ។

លោកបញ្ជាក់ថា​៖ «គិតត្រឹមថ្ងៃអាទិត្យនេះ យើងប្រមូលស្នាមមេដៃបានប្រហែលជា៣០០សក្ខីភាព និយាយទៅផ្ញើមកគ្រប់២៥រាជធានី-ខេត្តក្រុងតែម្តង ។ យើងអាចនឹងឈប់ប្រមូលស្នាមេដៃត្រឹមថ្ងៃពុធសប្តាហ៍ក្រោយនេះ ហើយយើងអាចដាក់ចូលនៅសាលារាជធានីភ្នំពេញនៅចុងសប្តាហ៍ក្រោយនេះតែម្តង»។

លោកបន្ថែមថា៖ «ចំហនៃការទាមទាររបស់យើង គឺយើងទាមទារឱ្យរដ្ឋាភិបាលបញ្ឈប់​​​​ការ​​ចេញ​បណ្ណ​ស្នាក់​​​​នៅ​អចិន្ត្រៃយ៍ដល់​​ជន​បរទេសខុសច្បាប់ និងលុបគម្រោង​​​បង្កើត​អគា​រ​​សិក្សាភាសាវៀតណាមនៅក្នុង​សាកលវិទ្យា​ល័យ​ភូមិន្ទ​ភ្នំពេញ»។

យុវជនម្នាក់ទៀត លោក ខុន រស្មី ដែលបាន​​ចូលរួម​​ជាមួយយុវជន ធែល ធីលែន និងយុវជនផ្សេងទៀត ក្នុងការ​តវ៉ានិងដាក់ញត្តិនោះ​ បានលើកឡើង​ថា ពួកគាត់ជួបការលំបាកច្រើនក្នុងការប្រមូលស្នាមមេដៃ​ពី​ប្រជាពលរដ្ឋ​នៅតាម​បណ្តា​រាជធានី-ខេត្ត ដោយសារតែមានពលរដ្ឋ​ខ្លះ ​គាត់ត្រូវបានអាជ្ញាធរមូលដ្ឋានគំរាមកំហែង និងខ្លះទៀតខ្លាចមានការចោទប្រកាន់ឬចាប់ខ្លួន​ជាដើម។ យ៉ាងណា លោកថា ទោះជាមានការចាប់ខ្លួនលោក ធែល ធីលែន និងមានការគំរាមកំហែងតាមរូបភាពណាក៏ដោយ ក៏ក្រុមយុវជននៅតែបន្តប្រមូលស្នាមេដៃរហូតដល់ថ្ងៃទី១៩ ខែតុលា​  ហើយយក​លិខិត​ដាក់ទៅរដ្ឋបាល​រាជធានីភ្នំពេញនៅចុងសប្តាហ៍ក្រោយនេះ ដើម្បីស្នើសុំធ្វើបាតុកម្មនៅទីលានប្រជាធិបតេយ្យ នាពេលឆាប់ៗខាងមុខនេះ។

លោកអំពាវនាវថា៖ «ខ្ញុំសូមអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ទាំងនៅក្នុងស្រុក និងក្រៅស្រុកមានការគាំទ្រ និងមានការចូលរួមនៅអំឡុងពេលដែលពួកយើងយកញត្តិដាក់នៅសាលារាជធានីភ្នំពេញ និងនៅពេលធ្វើបាតុកម្មត្រូវចូលរួមឱ្យបានច្រើនកុះករផងដែរ»។

វីអូឌីមិនអាចសុំការបំភ្លឺពីអ្នកនាំពាក្យរដ្ឋបាល​រាជធានីភ្នំពេញ លោក ម៉េត មាសភក្តី  បានទេនៅរសៀលថ្ងៃអាទិត្យនេះ ។

នាយកទទួលបន្ទុកកិច្ចការទូទៅ នៃអង្គការសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត ពន្យល់ថា នៅក្នុងច្បាប់ស្តីពីការធ្វើបាតុកម្មដោយសន្តិវិធី គ្រាន់តែប្រជាពលដ្ឋជូនដំណឹងសុំធ្វើបាតុកម្ម ឬការជួបជុំគ្នាដោយសន្តិវីធីនៅទីលានប្រជាធិបតេយ្យ ដោយមិនចាំបាច់មានការយល់ព្រមពីសាលារាជធានីភ្នំពេញ ក៏ពួកគេអាច​ជួបជុំបានដែរ ប៉ុន្តែការជួបជុំនោះត្រូវធ្វើឡើងក្រោមមនុស្ស២០០នាក់។

លោក អំ សំអាត លើកឡើងថា បើសិនជាសាលារាជធានីភ្នំពេញមិនអនុញាតតាមការស្នើសុំរបស់ក្រុមយុវជននោះទេ ជាការរំលោភលើសិទ្ធិរបស់ប្រជាពលរដ្ឋក្នុងការជួបជុំដោយសន្តិវិធី។

លោកបន្ត​ថា៖ «បើមិនមានការអនុញាតទេ ជាការរំលោភលើសិទ្ធ និងរំលោភលើច្បាប់ស្តីពីការធ្វើបាតុកម្មដោយសន្តិវិធី ព្រោះនៅក្នុងច្បាប់ អាចជួបជុំគ្នាធ្វើបាតុកម្មដោយសន្តិវិធីក្រោម២០០នាក់»។

ទាក់ទងគម្រោងស្នើសុំធ្វើបាតុកម្មប្រឆាំងការផ្តល់បណ្ណស្នាក់នៅអចិន្ត្រៃយ៍ដល់ជនបរទេស និងគម្រោងបង្កើតដេប៉ាតឺម៉ង់សិក្សាភាសាវៀតណាមនេះ យុវជនម្នាក់ក៏ត្រូវបានសមត្ថកិច្ចចាប់ខ្លួន​ក្រោយបានជួបមន្ត្រីរដ្ឋបាលរាជធានីភ្នំពេញ ដោយសមត្ថកិច្ចសំអាងលើបទចោទទៅលើយុវជន​ក្នុងសំណុំរឿងកាលពី៦ឆ្នាំមុន។ 

ក្នុងដីកាបង្គាប់ឱ្យឃុំខ្លួនរបស់សាលាដំបូងខេត្តកណ្ដាល ចុះថ្ងៃ​ទី​៤ ខែតុលា ឆ្នាំ២០២២នេះ បានឱ្យដឹងថា កាល​ពី​អំឡុង​ឆ្នាំ​២០១៦ ឈ្មោះ ធែល ធីលែន បានលួចលក់អចលនវត្ថុ[ដី]របស់អ្នកដទៃ ដែលមិនមែនជារបស់ខ្លួន ដែលប្រព្រឹត្តនៅភូមិព្រែកដូនហែម ឃុំព្រែកអំពិល ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។

តែយ៉ាងណា អ្នកស្រី លី ធីតា ដែល​ជាភរិយារបស់លោក ធែល ធីលែន បានបដិសេធចំពោះការចោទប្រកាន់នេះ ដោយថា ដីដែលស្វាមីរបស់គាត់យកទៅដាក់បញ្ចាំនោះ ជាដី​របស់លោក ផៃ ធែល ដែល​ជា​​​ឪពុករបស់ស្វាមីគាត់ ហើយ​ដីនោះ លោក ផៃ ធែល បានផ្ទេរសិទ្ធិកាន់កាប់ឱ្យ​លោក ធែល ធីលែន តាំងពីឆ្នាំ២០១៦មក។

មាត្រា​​៣៥ នៃ​រដ្ឋធម្មនុញ្ញ ចែង​ថា ប្រជាពលរដ្ឋខ្មែរទាំង២ភេទ​ មាន​​សិទ្ធិ​ចូល​រួមយ៉ាងសកម្មក្នុងជីវភាព​នយោ​បាយ សេដ្ឋ​កិច្ច សង្គម​កិច្ច និង​វប្បធម៌របស់ប្រទេសជាតិ។ សេចក្តីស្នើទាំងឡាយ​របស់​ប្រជា​ពលរដ្ឋ ត្រូវ​បានទទួល​ការពិនិត្យនិងដោះស្រាយយ៉ាងហ្មត់ចត់ពីអង្គការរដ្ឋ។

ចំណែកមាត្រា៣៧ នៃរដ្ឋធម្មនុញ្ញ ចែងថា សិទ្ធិធ្វើកូដកម្មនិងធ្វើបាតុកម្មដោយសន្តិវិធី ត្រូវយកមកអនុវត្តនៅក្នុងក្របខណ្ឌនៃច្បាប់ ខណៈមាត្រា៤១ ​ចែងថា ប្រជាពលរដ្ឋខ្មែរមានសេរីភាពខាងការបញ្ចេញមតិរបស់ខ្លួន សេរីភាពខាងសារព័ត៌មាន សេរីភាពខាងបោះពុម្ពផ្សាយ និងសេរីភាពខាងជួបជុំ ជាដើម៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ