រយៈពេល​ជាង​១០​ឆ្នាំ​ចំនួន​សត្វ​ទន្សោង​ក្នុង​តំបន់​ទេសភាព​ខាង​កើត​នៅ​កម្ពុជា​ថយ​ចុះ​ជិត​១០០​ភាគរយ​

ក្រុម​មន្ត្រី​បរិស្ថាន​ឈរ​ជុំ​វិញ​ទន្សោង​ឈ្មោល​មួយ​ក្បាល ដែល​រង​របួស​ជើង​នៅ​ក្នុង​ព្រៃ​សហគមន៍​សង្ឃ​រុក្ខវ័ន្ត កាល​ពី​ថ្ងៃ​ទី​២៤ ខែ​ឧសភា ឆ្នាំ​២០២០។ (ក្រសួង​បរិស្ថាន)

មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន អះអាងដោយលើកយកការសិក្សារួមគ្នាមួយបង្ហាញថា រយៈពេលជាង១០ឆ្នាំចុក្រោយនេះ ចំនួនសត្វព្រៃប្រភេទក្រចកជើងចំពាម នៅតំបន់ទេសភាពខាងកើតក្នុងប្រទេសកម្ពុជា ​បានថយចុះគួរឱ្យកត់សម្គាល់ ក្នុងនោះចំនួនសត្វទន្សោងបានថយចុះ៨៩ភាគរយ(៨៩%) ស្របពេលរដ្ឋាភិបាលកំពុងធ្វើយុទ្ធនាការអន្ទាក់សូន្យ ដើម្បីទប់ស្កាត់បញ្ហាប្រឈមទាំងនេះ។

រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន លោក នេត្រ ភក្ត្រា បានឱ្យដឹងលើបណ្តាញសង្គមហ្វេសប៊ុក​​ថា សត្វព្រៃនៅក្នុងប្រទេសកម្ពុជា កំពុងរងការគំរាមកំហែងពីការបរបាញ់ខុសច្បាប់ និងវិបត្តិអន្ទាក់ ដែលបណ្តាលមកពី តម្រូវការសាច់សត្វព្រៃ និងការជួញដូរសត្វព្រៃខុសច្បាប់។

ជាក់ស្តែងលោកថា រយៈពេល១៨ខែ ដោយគិតចាប់ពីឆ្នាំ២០២១មក ក្រុមអនុវត្តច្បាប់នៅក្នុងខេត្តមណ្ឌលគិរី បានរឹបអូស​សាច់សត្វព្រៃសរុបចំនួន ១ ៣៥២គីឡូក្រាម ដោយសាច់សត្វព្រៃទាំងនោះ​ស្ថិតនៅក្នុងទីផ្សារនៃការជួញដូរ ដែលភាគច្រើនជាសាច់សត្វឈ្លូស ជ្រូកព្រៃ និងត្រកួត។

ស្របពេលជាមួយគ្នានេះដែរ លោកថា ការសិក្សាមួយរបស់ក្រសួងបរិស្ថាន និងអង្គការ WWF កម្ពុជា បានបង្ហាញថា ក្នុងចន្លោះឆ្នាំ២០១០ ដល់ ឆ្នាំ២០២២ ចំនួនសត្វព្រៃប្រភេទក្រចកជើងចំពាម បានថយចុះគួរឱ្យកត់សម្គាល់ នៅតំបន់ទេសភាពភាគខាងកើតក្នុងប្រទេសកម្ពុជា។ ក្នុងនោះ សត្វទន្សោងថយចុះ៨៩% ឈ្លូសថយចុះ៦៥% និងជ្រូកព្រៃថយចុះ១៥%។

ប្រភពដដែលបន្តថា ក្រសួងបរិស្ថាន រដ្ឋបាលខេត្តមណ្ឌលគិរី មន្ទីរបរិស្ថានខេត្ត ខណ្ឌរដ្ឋបាលព្រៃឈើក្នុងខេត្តមណ្ឌលគិរី អង្គការ WWF កម្ពុជា និងដៃគូរសំខាន់ៗ  បានសហការរៀបចំយុទ្ធនាការបញ្ឈប់ការជួញដូរសត្វព្រៃឡើងក្នុងគោលបំណងការពារធនធានសត្វព្រៃកម្ពុជាឱ្យបានគង់វង្ស និងរួមចំណែកដល់កិច្ចគាំពារសុខភាពសាធារណៈ។ លោកថា យុទ្ធនាការបញ្ឈប់ការជួញដូរសត្វព្រៃជាផ្នែកមួយនៃយុទ្ធនាការធំគឺ«យុទ្ធនាការអន្ទាក់សូន្យ»

លោក នេត្រ ភក្ត្រា លើកឡើងថា៖ « រួមគ្នា យើងអាចបញ្ចប់សោកនាដកម្មនេះបាន ដោយការបញ្ឈប់ការបរិភោគសាច់សត្វព្រៃ និងការជួញដូរសត្វព្រៃ ហើយងាកមកចូលរួមអភិរក្សសត្វព្រៃកម្ពុជាវិញ។ សូមនិយាយថាទេចំពោះសាច់សត្វព្រៃ»។

តំបន់​ព្រៃទេសភាព ខ្ពង់រាបភាគខាងកើតនៃប្រទេសកម្ពុជា ជាប្រភេទព្រៃរបោះ ស្ថិតនៅភាគខាងជើង និងភាគ ខាងឦសាន​ចាប់ពីខេត្តក្រចេះ ស្ទឹងត្រែង មណ្ឌលគិរី និងរតនគិរី។

ក្នុងសេចក្តីប្រកាសព័ត៌មានរួម ដែលមាន ក្រសួងបរិស្ថាន មន្ទីរបរិស្ថានខេត្តក្រចេះ រដ្ឋបាលខេត្តក្រចេះ អង្គការអភិរក្សអន្តរជាតិ (CI) គម្រោងព្រៃឡង់បៃតង អង្គការ WWF អង្គការ WCS អង្គការ WEA អង្គការ NatureLife និងអង្គការ RECOFTC បានរៀបចំយុទ្ធនាការអន្ទាក់សូន្យ នៅខេត្តក្រចេះ នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២២នេះ ដោយបញ្ឍប់ការដាក់អន្ទាក់គ្រប់ប្រភេទ នៅក្នុងតំបន់ការពារធម្មជាតិកម្ពុជា ដើម្បីអភិរក្សសត្វព្រៃឱ្យនៅគង់វង្ស និងការពារ​សត្វព្រៃនៅកម្ពុជាឱ្យមានចំនួនសម្បូរឡើងវិញ។

លើកឡើងក្នុងសេចក្តីប្រកាសព័ត៌មានរួមនោះ លោក ទុយ សេរីវឌ្ឍនា នាយកកម្មវិធីអង្គការ Wild Earth Allies Cambodia ​ថ្លែងថា ​ប្រទេសកម្ពុជា ត្រូវគេទទួលស្គាល់ថា ជាប្រទេសមួយក្នុងចំណោមប្រទេស ដែលសម្បូរធនធានជីវចម្រុះនៅអាស៊ីអាគ្នេយ៍។ លោកបន្តថា តាំងពីអតីតកាល រហូតដល់បច្ចុប្បន្នអ្នកវិទ្យាសាស្រ្តបានបង្ហាញថា កម្ពុជា ជាទីជម្រកដ៏សំខាន់នៃប្រភេទសកល ដែលកំពុងទទួលការគម្រាមកំហែង រួមមានដំរីអាស៊ី ខ្លា ខ្ទីង ទន្សោង ខ្លាឃ្មុំ ទោច ប្រើស ជាដើម។ ក៏ប៉ុន្តែធនធានជីវជម្រុះរបស់​កម្ពុជាទាំងនេះ កំពុងស្ថិតក្រោម​ការគម្រាមកំហែងនាពេលបច្ចុប្បន្ន ហើយ​អន្ទាក់ក៏ជាកត្តាគំរាមមួយក្នុងចំណោមកត្តា​ធំៗផ្សេងទៀតចំពោះសត្វព្រៃ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ