អ្នក​ស្រលាញ់​ភេទ​ដូច​គ្នា​ស្នើ​កុំ​ឱ្យ​រើស​អើង​និង​ស្នើ​ឱ្យ​មាន​ច្បាប់​ការពារ​​ពួក​គាត់​

យុវតី នៅ ណាត ដែលស្រលាញ់ភេទដូចគ្នា រស់នៅភូមិកំពង់តាឡុង ឃុំបឹងខ្យាង ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល កំពុងកាន់បដាដោយសរសេរក្នុងន័យមិនឱ្យមានការរើសអើងពួកគាត់ ដែលជាអ្នកស្រលាញ់ភេទដូចគ្នា កាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២។ (ឃាង សុខមាន)

អ្នកស្រលាញ់ភេទដូចគ្នា ស្នើឱ្យអ្នកស្រលាញ់ភេទផ្ទុយគ្នា និងពលរដ្ឋទូទៅកុំឱ្យមានការរើសអើងនិងជួយបន្ដគាំទ្រលើពួកគាត់ ជាពិសេសស្នើឱ្យមានច្បាប់គាំពារសម្រាប់អ្នកដែលស្រលាញ់ភេទដូចគ្នា ខណៈ​អាជ្ញាធរមូលដ្ឋានចាត់ទុកការស្រលាញ់ភេទដូចគ្នានេះ ជាវប្បធម៌មិនគួរត្រូវបាន​គេរើសអើងនោះឡើយ។

យុវតីម្នាក់ដែលស្រលាញ់ភេទដូចគ្នាឈ្មោះ នៅ ណាត អាយុ២៩ឆ្នាំ រស់នៅភូមិកំពង់តាឡុង ឃុំបឹងខ្យាង ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល​ ប្រាប់ វីអូឌីថា ខ្លួនមានអារម្មណ៍ជាអ្នកស្រលាញ់ភេទដូចគ្នា និងតុបតែងខ្លួនជាមនុស្សប្រុសតាំងពីនៅវ័យក្មេងមក។ ​ប្រភពបន្តថា ប៉ុន្តែពេលខ្លះក៏មានការរើសអើងពីមជ្ឈដ្ឋាន​​​​​​​ជុំវិញខ្លួន ​ ក្នុងពេលដែលពួកគេសង្កេតឃើញគាត់​តុបតែងខ្លួនជាប្រុស ហើយស្រ​​លា​ញ់​​​ភេទ​​​​ដូចគ្នាបែបនេះ។

យុវតី នៅ ណាត បន្ថែមថា នៅពេលទទួលដំណឹងយ៉ាងនេះ ធ្វើឱ្យប៉ះពាល់ដល់ផ្លូវចិត្ត ប៉ុន្ដែវាសនាមិនអាចកែប្រែដូចការនិយាយរបស់គេនោះទេ។

ប្រភពបន្ដថា៖«ធ្វើម៉េចបើខ្ញុំមានរាងការជាមនុស្សស្រីតែចង់ធ្វើខ្លួនជាប្រុសចឹង អាចថាជានិស្ស័យពីជាតិមុន។ អត់ឱ្យមានការរើសអើងដាក់គ្នាទៅវិញទៅមកចឹង ឃើញគ្នាស្រលញ់គ្នា រាប់អានគ្នា ហើយការស្រលាញ់គ្នាវាជាសិទ្ធិរបស់មនុស្សម្នាក់ៗ។ ដូច្នេះសុំកុំរើសអើងអ្នកស្រលាញ់ភេទដូចគ្នាអី»

យុវតីរូបនេះបន្ដថា ដំបូងឪពុកម្ដាយក៏បានស្ដីបន្ទោស និងកុំឱ្យតុបតែងខ្លួនជាមនុស្សប្រុសបែបនេះទៀត នាំ​​​ឱ្យអាណាព្យាបាលមានភាពអាម៉ាស់ ដែលមានកូនស្រីបែរជាតែងខ្លួនជាមនុស្សប្រុសទៅវិញ។ ប៉ុន្ដែក្រោ​​យ​​មកក៏ពួកគាត់មិនបានស្ដីបន្ទោស និងបង្ខំទៀតទេ ដោយសារតែពួកគាត់យល់ថាវាជានិស្ស័យរបស់កូន ណា​​មួយ​ការស្រលាញ់ភេទដូចគ្នាវាជាសិទ្ធិ និងពុំគួរមានការរើសអើងណាមួយសម្រាប់អ្នកដែលស្រ​​លាញ់​ភេទដូចគ្នាថែមទៀតផង។

យុវតីរូបនេះបន្ដថា៖«ការស្រលាញ់ភេទដូចគ្នាមិនគួរមានការរើសអើងឬក៏បិទសិទ្ធិសេរីភាពណាមួយនោះទេ។ ពួកខ្ញុំដែលស្រលាញ់ភេទដូចគ្នាក៏មានការសម្រេចចិត្តរបស់ខ្លួន មិនខុសពីមនុស្សដទៃដែរ ដូច្នេះមិនគួរមានការបិទសិទ្ធិនិងរើសអើងនោះទេ»

អង្គការសហគមន៍ឥន្ទធនូកម្ពុជា និងអង្គការសង្គមស៊ីវិលចំនួន១៩ស្ថាប័ន កាលពីថ្ងៃទី៣ ខែមីនា ឆ្នាំ២០២២ បានចេញរបាយការណ៍ស្តីអំពី សិទ្ធិនិន្នាការភេទ អត្តសញ្ញាណយេនឌ័រ ការបង្ហាញយេនឌ័រ លក្ខណៈភេទ សិទ្ធិសុខភាពផ្លូវភេទ និងបន្តពូជ សម្រាប់ការពិនិត្យស្ថានភាពសិទ្ធិមនុស្សជាសកលតាមកាលកំណត់ (យូ.ភី.អ) ពាក់កណ្តាលអាណត្តិ ដោយការស្ម័គ្រចិត្ត។

ចំណែកឯអ្នកស្រី លន់ សាត  ត្រូវជាម្តាយរបស់យុវតី នៅ ណាត បានថ្លែងថា ពីមុនអ្នកស្រីតែងតែស្ដីប​​ន្ទោ​​​សឱ្យកូនថា ខ្លួនជាស្រីមិនគួរស្លៀកពាក់បែបមនុស្សប្រុសឡើយ។ អ្នកស្រីបន្តថា កា​​រធ្វើបែប​​នេះ​​នាំ​​អា​​ណា​​ព្យាបាលខ្មាស់គេ ប៉ុន្ដែក្រោយមកក៏អ្នកស្រីលែងស្ដីបន្ទោស​កូនដោយយល់ថាវាជានិស្ស័យ។

អ្នកស្រី លន់ សាត  ត្រូវជាម្តាយរបស់យុវតី នៅ ណាត និងយុវតីរូបនេះ កំពុងអង្គុយនៅលើគ្រែក្នុងគេហដ្ឋានរបស់អ្នកស្រី ក្នុងភូមិកំពង់តាឡុង ឃុំបឹងខ្យាង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល កាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២។ (ឃាង សុខមាន)

អ្នកស្រីបន្ដថា៖«កាលពីមុនខ្ញុំឧស្សាហ៍ថាឱ្យដែរថា ម៉េចបានជាទៅធ្វើខ្លួនជាមនុស្សប្រុសចឹងវិញ ឆាប់ដោះចេញភ្លាម អញខ្មាសគេណាស់ កុំធ្វើចឹងមើល វាអត់ល្អទេ តែក្រោយមកក៏ខ្ញុំលែងស្ដីឱ្យ ព្រោះគិតថាវាជានិស្ស័យចឹងឱ្យវាធ្វើតាមចិត្តវាទៅ ខ្ញុំក៏លែងបង្ខំអីដែរ»

អ្នកស្រីបន្ដថា ឥឡូវឱ្យតែកូនស្រលាញ់ ទោះជាស្រីភេទដូចគ្នាក៏ដោយឱ្យតែអាចចាប់ដៃគ្នារកស៊ី និងបង្កើ​​​ត​​​សុភមង្គលក្នុងគ្រួសារបាន អ្នកស្រីមិនជំទាស់ទេ។ លើសពីនេះ អ្នកស្រីមិនខ្វល់ពីមជ្ឈដ្ឋានជុំវិញដូចមុនទៀតឡើយ និងស្នើឱ្យអាណាព្យាបាលដែលមានកូនស្រលាញ់ភេទដូចគ្នាកុំបិទសិទ្ធិ ឬក៏បង្ខំកូនទៅ​​តាមចង់​បានរបស់ខ្លួន។

នៅអំឡុងឆ្នាំ ២០១៩ អ្នកដែលស្រលាញ់ភេទដូចគ្នាធ្លាប់ស្នើឱ្យមានច្បាប់ការពារ និងអនុញ្ញាតឱ្យពួកគាត់អាចសុំច្បាប់រៀបការបាន ហើយទទួលបានសិទ្ធិគាំពារពួកគាត់ដោយស្មើភាពនឹងអ្នកស្រលាញ់ភេទផ្ទុយគ្នាដែរ។

បើតាមមេភូមិកំពង់តាឡុង លោក អ៊ែល អឿន បានថ្លែងថា ការស្រលាញ់ភេទដូចគ្នាមិនគួរមានការរើស​​​អើង​នោះទេ។ លោកបន្តថា កាលពីមុនអាចនឹងមានការរើសអើង ប៉ុន្ដែដោយសារឥឡូវការស្រលាញ់ភេទនេះមានច្រើនគួរសម រហូតដល់អ្នកខ្លះក៏បានស្នើសុំច្បាប់រៀបការនឹងគ្នាក៏មានដែរ។

លោកបន្ដថា៖«ដូចជាមិនគួរឱ្យរើសអើងអីផង អ្នកខ្លះមកសុំច្បាប់ការជាមួយក៏មាន សម្រាប់ពូដូចជាពុំគួររើសអើងពួកគាត់អីទេ»

កាលពីឆ្នាំ២០១៩ អង្គការសង្គមស៊ីវិលចំនួន១៩ បានចេញរបាយការណ៍ ដែលផ្តោតលើការការពារសិទ្ធិអ្នកស្រលាញ់ភេទដូចគ្នា។ នៅក្នុងរបាយការណ៍នេះ បង្ហាញថា  ប្រទេសកម្ពុជាបានទទួលយក អនុសាស​ន៍​​​ចំនួន ៩ ចំណុច អំពីការការពារសិទ្ធិស្ត្រីស្រលាញ់ស្ត្រី បុរសស្រលាញ់បុរស អ្នកស្រលាញ់ទាំងពីរភេទ អ្នកប្តូរយេនឌ័រ អ្នកអន្តរភេទ និងអ្នកមិនកំណត់អត្តសញ្ញាណយេនឌ័រ និងនិន្នាការភេទ។

ជុំវិញរឿងអ្នកស្រលាញ់ភេទដូចគ្នានេះ ត្រូវបានមន្ដ្រីជំនាញ និងជាអ្នកសម្របសម្រួលសមភាពយេនឌ័រនៃមជ្ឍមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោក លឹម បូរិន  មានប្រសាសន៍ថា បើនិយាយពីច្បាប់ទាក់ទងនឹងការ​ការ​​ពា​រ​​សិទ្ធិអ្នកស្រលាញ់ភេទដូចគ្នានៅមិនទាន់មាន​ជាផ្លូវការណ៍នៅឡើយ។ ប៉ុន្ដែអាចមានជាការផ្តល់​​យោ​បល់​ដែ​​ល​​​កន្លងមករដ្ឋាភិបាលក៏បានថ្លែងថា កុំឱ្យការរើសអើងចំពោះអ្នកស្រលាញ់ភេទដូចគ្នាដែរ។ លោកបន្តថា ​ដោ​​យ​​សារតែប្រជាពលរដ្ឋមិនសូវមានការយល់ដឹងទើបធ្វើឱ្យការស្រលាញ់ភេទដូចគ្នាត្រូវបានរើងអើង។

លោកបន្ដថា៖«និយាយពីច្បាប់ការពារអ្នកស្រលាញ់ភេទដូចគ្នាមិនទាន់មាននោះទេ តែទោះយ៉ាងណាក៏ពួកយើងជាអង្គការសង្គមស៊ីវិលកំពុងតែលើកឡើងពីការប្រឈមរបស់អ្នកស្រលាញ់ភេទដូចគ្នាដើម្បីឱ្យមានច្បាប់និងផ្ដល់ឱ្យពួកគាត់អាចមានសិទ្ធិរៀបការនិងកុំឱ្យការរើងអើងចំពោះពួកគាត់ ជាពិសេសសុំឱ្យពលរដ្ឋទូទៅកុំយកបញ្ហរបស់ជាការលេងសើច វាអាចប៉ះពាល់ដល់អារម្មណ៍ពួកគាត់»

ស្រដៀលគ្នានេះដែរ គ្រូបង្រៀននៃសកលវិទ្យាល័យបញ្ញាសាស្ដ្រកម្ពុជាផ្នែកព្រះពុទ្ធសាសនា ព្រះតេជគុ​​ណ ពក ពន្លឺ ព្រះជន្ម២៧ព្រះវស្សា មានថេរដីកាថា  ពាក់ព័ន្ធនឹងការស្រលាញ់ភេទដូចគ្នានេះ បើតាមន័​​យក្នុងព្រះពុទ្ធសាសនា វាអាស្រ័យលើកម្មផលរបស់ពួកគាត់ពីអតីតកាល។ មានន័យថា ក្នុងជាតិណាមួយពួកគាត់បានធ្វើសេចក្ដីល្អជាមួយគ្នានឹងបានសន្សំសេចក្ដីល្អហើយបានសច្ចាថាមិនត្រូវបែកគ្នាគ្រប់ៗជាតិ។

ព្រះអង្គមានថេរដីកាបន្ដថា៖«វាជាកត្ដាកម្មផលពីអតីតកាលហ្នឹងក៏ជាហេតុធ្វើឱ្យពួកគាត់ទាំង២នាក់ហ្នឹងអាចរស់នៅជាមួយគ្នា ទោះបីវារៀងប្រាសចាកអំពីធម្មជាតិរបស់មនុស្សជាតិក៏ដោយ ប៉ុន្ដែពួកគាត់នៅតែចង់រស់នៅជាមួយគ្នាដដែល។ អាហ្នឹងអាស្រ័យលើហ្នឹងឯង ម្យ៉ាងទៀតក៏វាអាចមកពីកត្ដាអាហារដែលវាធ្វើឱ្យសរីរាង្គកាយរបស់មនុស្សប្រែប្រួលដែរ»

ចាប់ពីឆ្នាំ២០១៩ អង្គការសង្គមស៊ីវិលសង្កេតឃើញថា ការស្រលាញ់ភេទដូចគ្នានេះ ហាក់មានពីការវិវឌ្ឍន៍មួ​យ​​​​​ជំហាន ក្នុងការលើកកម្ពស់នឹងការការពារសិទ្ធិស្មើភាពគ្នារបស់អ្នកស្រលាញ់ភេទដូចគ្នានៅក្នុងប្រទេ​​សកម្ពុជា។ ប៉ុន្តែគេសង្កេតឃើញថា រដ្ឋាភិបាលកម្ពុជា ហាក់នៅមិនទាន់រៀបចំឱ្យមានសកម្មភាពជាក់លាក់ក្នុងការជំរុញនូវដំណើរការរៀបចំកែប្រែច្បាប់សំខាន់ៗ ដើម្បីអនុវត្តអនុសាសន៍ស្តីអំពីសិទ្ធិនិន្នាការភេទ អត្តសញ្ញាណយេនឌ័រ ការបង្ហាញយេនឌ័រ និងលក្ខណៈភេទ ដែលកម្ពុជាទទួលយកនៅជុំទី៣ឱ្យបានពេញលេញនៅឡើយទេ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ