សហគមន៍​ជន​ជាតិ​ដើម​ភាគ​តិច​កួយ​រក​ឃើញ​បទ​ល្មើស​ព្រៃ​ឈើ​ជិត​១០០​ករណី​បន្ថែម​ទៀត​នៅ​​តំបន់​ព្រៃ​ព្រះរការ​

ក្ដារបន្ទះឈើដែលយកចេញពីព្រៃព្រះរការ ក្នុងខេត្តព្រះវិហារ ថ្ងៃទី០២ ខែសីហា ឆ្នាំ២០២២។ (ផ្ដល់ឱ្យ)

សហគមន៍ជនជាតិដើមភាគតិចកួយ ភូមិប្រមេរុ ឃុំប្រមេរុ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ បង្ហាញការសោកស្តាយ ​ក្រោយរកឃើញបទល្មើសព្រៃឈើជិត ១០០ករណីបន្ថែមទៀត ដែលបាន​កើតឡើងក្នុងដែនជម្រកសត្វព្រៃព្រះរការ។

ការសោកស្តាយនេះ ក្រោយពេលពួកគេបានចុះល្បាត កាលពីថ្ងៃទី១៧ ដល់ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២ បានប្រទះឃើញនូវបទល្មើសកាប់បំផ្លាញព្រៃឈើចំនួន ៨០ ករណី និងក្តារបន្ទះចំនួន ១៥១សន្លឹក។

សេចក្តីប្រកាសពត៌មានរបស់សហគមន៍ជនជាតិដើមភាគតិចកួយ នៅថ្ងៃទី២៨ ខែតុលានេះថា បានឱ្យដឹងថា ​ស្ថានភាពដែនជម្រកសត្វព្រៃព្រះរការនៅតែមានបទល្មើសកើតឡើងឥតឈប់ឈរ។ បន្ថែមពីនេះ ឈើដែលជនបទល្មើសកាប់បំផ្លាញរួមមាន ផ្តៀក ស្ទៀង កកោះ ត្រាច និងឈើទាល ដោយមានកាត់ចាប់ពី ៤៥ សង់ទីម៉ែត្រ ដល់១១៧សង់ទីម៉ែត្រ។  ​ប្រជាសហគមន៍អះអាងថា តំបន់អភិរក្សព្រៃព្រះរការ ជាមជ្ឈមណ្ឌលវប្បធម៌ប្រពៃណី និងផ្គត់ផ្គង់ជីវភាពរស់នៅប្រកបដោយចីរភាពរបស់សហគមន៍ជនជាតិដើមភាគតិចកួយនៅតំបន់នោះ។

តំណាងសហគមន៍ជនជាតិដើមភាគតិចកួយរស់នៅឃុំប្រមេរុ លោក ងន់ ហ៊ីន បានឱ្យដឹងថា ប្រជាសហគមន៍ចំនួន ៧នាក់បាននាំគ្នាចុះល្បាតព្រៃរយៈពេល ៣ថ្ងៃកាលពីពេលថ្មីៗនេះ បានរកឃើញ​បទល្មើស​កាប់បំផ្លាញឈើជាច្រើននៅក្នុងដែនជម្រកសត្វព្រៃព្រះរការ។ លោកបន្តថា សហគមន៍ពិតជាសោកស្តាយ​ ចំពោះបទល្មើសព្រៃឈើដែលនៅតែបន្តកើតមានជាហូរហែនៅក្នុងតំបន់អភិរក្សមួយនេះ។

លោកថា៖«សហគមន៍មានការព្រួយបារម្ភមែនទែន ទៅលើ​ឈើដែលគាត់ធ្លាប់ដកហូតអនុផលព្រៃឈើទាំងអស់នឹង ពីព្រោះដើមឈើទាំងអស់ត្រូវបានកាប់ផ្តួលរំលំជាបន្តបន្ទាប់ ដូចដែលសហគមន៍បានយើងបានរកឃើញចឹង»។

ប្រធានមន្ទីរបរិស្ថានខេត្តព្រះវិហារ លោកលោក សុង ច័ន្ទសុជាតិ បានប្រាប់សារព័ត៌មានវីអូឌីកាលពីថ្ងៃសុក្រ​ ដោយបដិសេធចំពោះ​ការរកឃើញបទល្មើសការកាប់បំផ្លាញព្រៃឈើនៅដែនជម្រកសត្វព្រៃព្រះរការនេះ។

លោកថា៖«សហគមន៍ជនជាតិកួយនឹងដូចអត់មានចុះកិច្ចព្រមព្រៀងជាមួយក្រសួងបរិស្ថានទេ ហើយគាត់ធ្វើការតែគ្នាគាត់ទេ អត់មានមន្រ្តីយើងចូលរួមទេ។ ចឹងគាត់រាយការណ៍ជារឿងរបស់គាត់ ពួកខ្ញុំធ្វើការរាល់ថ្ងៃមិនដែលដេកមិនដែលសម្រាកផង»។

ដោយឡែកមន្រ្តីគម្រោងតស៊ូមតិ នៃគម្រោងអ្នកការពារព្រៃឈើ នៃសមាគមបណ្ដាញយុវជនកម្ពុជា លោក សាន់ ម៉ាឡា យល់​ថា ប្រសិនបើការកាប់បំផ្លាញព្រៃឈើនៅដែនជម្រកសត្វព្រៃព្រះរការ ចេះតែបន្តកើតមានជាហូរហែរបែបនេះ ព្រៃអភិរក្សមួយនេះនឹង​វិនាសនៅពេលខាងមុខមិនខាន។ ​

លោកមានប្រសាសន៍ថា៖«ខ្ញុំយល់ឃើញថា ប្រសិនបើអាជ្ញាធរខេត្តព្រះវិហារ ជាពិសេសមន្ទីរបរិស្ថាននៅតែបន្តបណ្តែតបណ្តោយឱ្យមានបទល្មើសកើតឡើងជាហូរហែរក្នុងដែនជម្រកសត្វព្រៃព្រះរការ ស្ថានភាពព្រៃមួយនេះមិនយូរទេនៅក្នុងចន្លោះពេលមួយទសវត្សរ៍ទៀតអាចនឹងវិនាសបាត់បង់ជាក់ជាមិនខាន»។

មន្រ្តីសង្គមស៊ីវិលរូបនេះស្នើឱ្យរដ្ឋាភិបាលគួរតែ​អនុញ្ញាតឱ្យសហគមន៍ និងអង្គការពាក់ព័ន្ធចូលរួមសហការគ្នាឱ្យកាន់តែប្រសើរឡើងវិញ ពិសេសអាចចុះល្បាតក្នុងតំបន់ការពារដោយសេរី និងមិនមានការរារាំងតទៅទៀត ដើម្បី​​ទប់ស្កាត់បទល្មើស និងបញ្ឈប់ការកាប់បំផ្លាញព្រៃឈើនៅកម្ពុជា។

លោកថា៖«ខ្ញុំជឿជាក់ថា នៅណាដែលក្រសួងបរិស្ថានឱ្យតម្លៃដល់ការចួលរួមរបស់សាធារណជនទូទៅ ជាពិសេសសហគមន៍មូលដ្ឋាននិងអង្គការសង្គមស៊ីវិលនោះ យើងទាំងអស់គ្នាអាចធ្វើការរួមគ្នាដើម្បីកំណែទម្រង់វិស័យព្រៃឈើមួយនេះ»។

កាលពីដើមខែកញ្ញា ជនជាតិដើមភាគតិច​កួយ ភូមិប្រមេរុ ​ ខេត្តព្រះវិហារ បានចេញ​​សេចក្តីប្រកាសព័ត៌មានមួយដោយអះអាងថា  ​តាមរយៈ​ការ​ចុះអង្កេតចំនួន២លើក កាលពីចុងខែកក្កដា និងខែសីហាកន្លងទៅ​​ បានរកឃើញ​បទល្មើសព្រៃឈើកើតឡើងចំនួន ២៤៩ករណី។

ជាមួយគ្នានេះ កាលពីថ្ងៃទី១៩ ខែកក្កដា សហគមន៍ជនជាតិដើមភាគតិចកួយដដែលនេះ ក៏បានចេញសេចក្តីប្រកាសព័ត៌មាន ដោយអះអាងពីការរក​ឃើញបទល្មើសព្រៃឈើនៅ «តំបន់ព្រៃព្រះរការ» កើតមានជិត ៣០០ករណីផងដែរ។

កាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០២២ អង្គការលើកលែងទោសអន្តរជាតិ (Amnesty International) បានចេញរបាយការណ៍ដោយបង្ហាញថា ក្នុងឆ្នាំ២០២១ ព្រៃឈើជាង៦ ០០០ហិកតា នៅតំបន់ជម្រកសត្វព្រៃ «ព្រៃឡង់» និង«ព្រៃព្រះរការ» ត្រូវបានកាប់បំផ្លាញ ដោយមានការទទួលសំណូក និងការប្រព្រឹត្តអំពើពុករលួយរបស់អាជ្ញាធរពាក់ព័ន្ធ។ ទំហំនៃការបាត់បង់ផ្ទៃដីព្រៃឈើនៅតំបន់ការពារទាំង២នេះ អង្គការលើកលែងទោសអន្តរជាតិ អះអាងថា មានទំហំស្មើនឹងទីលានឬតារាងបាល់ទាត់ចំនួនជិត ១ម៉ឺនទីតាំង (៨ ៧៨៤ទីតាំង)។

រាជរដ្ឋាភិបាលបានដាក់បញ្ចូលព្រៃព្រះរការ ដែលមានទំហំជិត១០ម៉ឺនហិកតា ជាតំបន់ដែនជម្រកសត្វព្រៃ កាលពីឆ្នាំ២០១៦។ ព្រៃអភិរក្សមួយនេះ គ្របដណ្ដប់លើភូមិសាស្ត្រប្រជុំស្រុកចំនួន៣ រួមមាន ស្រុកជាំក្សាន្ត ស្រុកត្បែងមានជ័យ និងស្រុកឆែប ខេត្តព្រះវិហារ៕ 

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ