បើគ្មានលុយ តើ​យុវជន​ពិត​ជា​ពិបាក​ធ្វើ​នយោបាយ​មែនឬទេ?

(រាប់ពីឆ្វេងទៅស្ដាំ) លោក ឯម សុខសុវណ្ណ ប្រធាននាយកដ្ឋាន​​កិច្ចការនយោបាយរបស់​​គណ​​បក្ស​​​​យុវជនកម្ពុជា, លោក មិន ពៅ មកពីគណបក្សប្រជាធិបតេយ្យមូលដ្ឋាន, ក្រុមការងារគណបក្សប្រជាជនចុះជួយឃុំរលាំងចក ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ លោក ឡុង សុផល, លោក គង់ រ៉ៃយា សកម្មជនគណបក្សភ្លើងទៀន និងលោក ប៉ា ចន្ទរឿន ប្រធានមជ្ឈមណ្ឌលប្រជាធិបតេយ្យកម្ពុជា។

មន្ត្រីជាន់ខ្ពស់របស់​​គណ​​បក្ស​​​​យុវជនកម្ពុជាមួយរូបបានអះអាងថា បើ​​គ្មាន​លុយ​សម្រាប់​ធ្វើនយោបាយ នោះយុវជននឹងមិន​អាចសម្រេច​គោល​​ដៅ​​មហិច្ឆតាន​យោ​បាយ​​រប​​ស់​ខ្លួន​​បាននោះទេ ខណៈគណបក្សនយោបាយដែល​​នៅក្រៅ​​រដ្ឋា​​ភិបាលមួយចំនួនយល់​​ថា ដើម​​ទុន​​ដើម្បី​​ធ្វើ​​នយោបាយពិតប្រាកដ គឺសមត្ថភាពដឹកនាំទៅវិញទេ។

លោក ឯម សុខសុវណ្ណ ប្រធាននាយកដ្ឋាន​​កិច្ចការនយោបាយរបស់​​គណ​​បក្ស​​​​យុវជនកម្ពុជា បាន​​ថ្លែងប្រាប់ វីអូឌី ថាប្រសិនបើយុវជនប្រឡូកក្នុងឆាកនយោបាយ ហើយគ្មាន​​លទ្ធ​​ភាព​​ចូលរួមក្នុងសកម្មភាពនយោបាយ នោះពួកគេនឹងមិនអាចសម្រេច ឬពិ​​បា​ក​​​សម្រេច​​គោល​​ដៅនយោបាយតែម្ដង។

​យុវជនដែលមានវ័យ៣៣ឆ្នាំ និងជាអតីតអនុប្រធានយុវជនគណ​​បក្សសង្គ្រោះជាតិប្រចាំ​​ខេត្តស្វាយ​​រៀងរូបនេះ បញ្ជាក់បន្ថែមថា ពា​ក្យ “លទ្ធភាព” គឺលោកចង់សំដៅ​ទៅដល់​ធនធាន​​ថវិកា​ដែល​​អ្នក​ន​យោ​​​​បាយត្រូវចំណាយក្នុងសកម្មភាពនយោបាយតែម្ដង។

ហាក់ផ្ទុយពីការអះអាងនេះ បេក្ខជនមេឃុំគណបក្សប្រជាធិបតេយ្យមូលដ្ឋាន លោក មិន ពៅ បានលើកឡើងថា ​​​កត្តាជាអាទិភាពដែលធ្វើឱ្យយុវជនជោគជ័យក្នុងវិស័យនយោបាយពិតប្រាកដ មិន​​មែន​​ជា​លទ្ធ​ភាពផ្នែកហិរញ្ញវត្ថុទេ តែផ្ទុយទៅវិញ នោះគឺជាសមត្ថភាពផ្នែកបញ្ញាស្មារតី។

លោកបន្តថា៖ «ខ្ញុំមើលឃើញថា បញ្ហាសំខាន់គឺសមត្ថភាពធំ។ លុយកាក់ឬធនធានហ្នឹង​​គឺជា​ការ​ចាត់ចែង យើងមិនបដិសេធ តែវាមិនមែនជាអាទិភាពទេ តែយើងត្រូវមានសមត្ថភាពគ្រប់គ្រងវា»។

បើតាមលោក មិន ពៅ ជាបេក្ខជនមេឃុំ ដែលហ៊ានចូលរួមប្រកួតប្រជែង​​​ការបោះឆ្នោតឃុំ-សង្កាត់កាល​ពីខែមិថុនាថ្មីៗនេះ បានសង្កត់ធ្ងន់ថា ការធ្វើនយោបាយមិនមែនជាការចុះចែកលុយឱ្យពលរដ្ឋឡើយ តែវា​គឺ​ជា​​ការបង្ហាញសមត្ថភាពដឹកនាំ និងគោលនយោបាយទៅកាន់​​ម្ចាស់ឆ្នោត អំពីភាពជាអ្នក​​នយោ​​បាយ​​​របស់​ខ្លួន ដើម្បីទាក់ទាញការគាំទ្រពីម្ចាស់ឆ្នោត។

នៅពេលគេនិយាយអំពីសកម្មភាពនយោបាយ គេមិនអាចមិននិយាយអំពីទស្សនៈរបស់បណ្ឌិត កែម ឡី បាននោះ​​ទេ ដែលកាលលោកនៅមានជីវិតលោកតែងចេញវិភាគនយោបាយ និងផ្ដល់ជា​ដំណោះ​​ស្រាយ​​​ចំពោះបញ្ហាសង្គមនានា។ សារទាំងនោះបានទាក់ទាញ​​ការគាំទ្រជាច្រើនពីសំណាក់​​ពលរដ្ឋ​​រាប់​​​​លាននាក់ ដោយលោកពុំបានចំណាយធនធានថវិកាដើម្បីផ្សព្វផ្សាយនោះឡើយ។

បើទោះយ៉ាងនេះក៏ដោយចុះ លោក ប៉ា ចន្ទរឿន ប្រធានមជ្ឈមណ្ឌលប្រជាធិបតេយ្យកម្ពុជា ហាក់មិនឯក​​ភាពទៅលើសមត្ថភាពតែមួយមុខថាអាចនឹងទទួលបានជោគជ័យក្នុងជីវិតនយោបាយនោះឡើយ ​​​ប្រ​សិនបើ​យុ​​​​​វ​​ជន​​​​​​ពុំ​​មា​នថវិកាគ្រប់គ្រាន់ទេ គឺពិតជាពិបាក​​ក្នុង​​កា​រធ្វើ​សកម្មភាពនយោបាយពិតមែន។

លោកបន្តថា៖ «ធ្វើអីក៏ដោយ គឺត្រូវការផ្នែកបច្ចេកទេស ធនធានហិរញ្ញវត្ថុ មិនថាតែធ្វើនយោបាយទេ ធ្វើ​អីក៏ដោយ»។

អ្នកវិភាគសង្គមរូបនេះអះអាងទៀតថា យុវជនដែលមានមហិច្ឆតាប្រឡូកក្នុងឆាកនយោបាយ យ៉ាង​​ហោ​​ច​​ណាស់ក៏ត្រូវមានប្រភពចំណូល និងមុខរបរច្បាស់លាស់ដែរ មុនពេលពួកគេចូលក្នុង​សង្វៀន​​នយោបាយ ទើបអាចធ្វើឱ្យក្ដីសុបិនរបស់យុវជនដែលចូលរួមក្នុងសកម្មភាព​​ភាពនយោបាយ​​​ស​​​ម្រេ​ចបានតាមគោលបំណងរបស់ខ្លួន។

ដោយឡែក ក្រុមការងារគណបក្សប្រជាជនចុះជួយឃុំរលាំងចក ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ លោក ឡុង សុផល អះអាងប្រាប់ វីអូឌី ថាចាប់តាំងពីពេលលោក​​ចូលរួមជាមួយបក្សកាន់​​​អំណាច​ម​ក គឺ​​លោ​​ក​ចូលរួមធនធានថវិកាតាមលទ្ធភាព ដោយមិនមានការដាក់កម្រិតថវិកាណាមួយនោះទេ ។

លោកបន្តថា៖ «ចំពោះវិស័យសាធារណៈ បើសិនយើងមានទឹកចិត្តរួមចំណែកជាសម្ភារឬថវិកា​​សម្រាប់​ពលរដ្ឋហ្នឹង គឺធ្វើតាមដែលយើងមាន អត់មានការបង្ខិតបង្ខំទេ គឺទៅតាមសមត្ថភាព-លទ្ធភាព»។

ចំណែកឯយុវជន គង់ រ៉ៃយា ដែល​ជាសកម្មជនគណបក្សភ្លើងទៀន ហាក់បង្ហាញជំហរ​​មិនសូវជា​គាំ​ទ្រ​ប៉ុន្មាន​នោះទេ ដែលថាយុវជនទាល់តែមានលុយទើបអាចធ្វើនយោបាយបាននោះ។ ប្រសិនបើទាល់​​តែ​​មានថវិកា ទើបអាចចូលសង្វៀននយោបាយបាន ប្រាកដណាស់នឹងពុំមាន​​យុវជនណាហ៊ាន​​ចូល​​ប្រឡូកក្នុងឆាកនយោបាយឡើយ។

យុវជនដែលធ្លាប់ជាប់ពន្ធធនាគារដោយសារបញ្ហានយោបាយរូបនេះ បានសង្ងត់ធ្ងន់ថា ការដែលមាន​ចំណេះដឹង និងឈ្វេងយល់ពីនយោបាយ ទើបជាកត្តាសំខាន់ពិតប្រាកដ ដែលយុវជនត្រូវមាន មិនមែន​ពឹង​​ផ្អែកលើ​​ប្រភពថវិកាតែមួយផ្នែកនោះទេ។

ជំរឿនជាតិ ឆ្នាំ២០១៩ ប្រជាជនដែលជាយុវជនប្រមាណ ២ភាគ៣ នៃប្រជាជនកម្ពុជាសរុបជាង១៦លាន​​នា​ក់៕  ​


រាយការណ៍ដោយ៖ លោក ឃី ពិសី

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ