អ្នកស្ម័គ្រចិត្ត​អំពាវនាវ​រកថវិកា​ទ្រទ្រង់​កម្មវិធី​មហោស្រព​អក្សរសិល្ប៍ខ្មែរ​ឱ្យ​បានរាល់ឆ្នាំ

យុវជនមួយក្រុមចូលរួមកម្មវិធីមហោស្រពអក្សសិល្បិ៍ខ្មែរ កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២២ ក្នុងវិទ្យាល័យពោធិ៍សាត់ ខេត្តពោធិ៍សាត់។ (រូបភាព ៖ ទំព័រហ្វេសប៊ុកមហោស្រពអក្សសិល្ប៍ខ្មែរ)

អ្នកស្ម័គ្រចិត្តបង្កើតកម្មវិធីមហោស្រពអក្សរសិល្ប៍ខ្មែរ បានអំពានាវរកថវិកាក្នុងគោលបំណងរៀប​ចំព្រឹត្តិការណ៍ «មហោស្រពអក្សរសិល្ប៍ខ្មែរ» ឱ្យដំណើរការបានរៀងរាល់ឆ្នាំ ដើម្បីបំផុសស្មារតីឱ្យយុវជនស្រលាញ់ការអាន និងលើកកម្ពស់ស្នាដៃអ្នកនិពន្ធខ្មែរ។

នាយកគ្រប់គ្រងមហោស្រពអក្សរសិល្ប៍ខ្មែរ លោក ឃុត សុខៀន បានឱ្យដឹងថា មហោស្រពអក្សរសិល្ប៍ គឺបានចាប់ផ្តើមដំបូងក្នុងឆ្នាំ២០១៧ ដោយអ្នកស្ម័គ្រចិត្តមួយក្រុម។ លោកថាការបង្កើតកម្មវិធីនេះគឺជំរុញឱ្យពលរដ្ឋកម្ពុជា ជាពិសេសយុវជនឱ្យស្រលាញ់អក្សរសិល្ប៍ជាតិ ស្រលាញ់សិល្បៈ វប្ប​ធម៌របស់ខ្លួន និងការបង្កើតភាពជិតស្និតរវាងអ្នកនិពន្ធ និងអ្នកអាន។

ប្រភពដដែលបន្តថា ថវិកាចំណាយលើព្រឹត្តិការណ៍ មហោស្រពអក្សរសិល្ប៍ខ្មែរនាពេលកន្ល​​ង​​មក ដែ​​​​ល​ទ​ទួលបានពីយុទ្ធនាការរៃអង្គាសថវិកាតាមបណ្តាញសង្គម និងការចូលរួមពីក្រុមហ៊ុនឯកជននានានោះ មិនទាន់អាចទ្រទ្រង់ដំណើរការមហោស្រពមួយនេះឱ្យបានគ្រប់គ្រាន់បាននៅឡើយ។

បន្ថែមពីលើនេះ លោក​​បារម្ភថា មិនអាចដំណើរការមហោស្រពមួយនេះបានឱ្យបានជារៀងរាល់ឆ្នាំបន្តទៀត ករណីដែលមិនមានថវិកាក្នុងការទ្រទ្រង់ដើម្បីរៀបចំកម្មវិធីទៅមុខទៀត។

លោកបន្តថា៖ «ពិបាកដែរក្នុងមូយឆ្នាំៗ[បើ] យើងទៅរកថវិការអត់បាន យើងពិបាកនឹងរកមនុស្សមកធ្វើការងារដោយស្ម័គ្រចិត្តបានច្រើនឆ្នាំ។ ចិងវាប៉ះពាល់ដល់ធនធានមនុស្សដែរអ្វីដែរសំខាន់យើង​មានថវិការគាំទ្រពួកគាត់ទោះបីស្ម័គ្រចិត្តក៏ដោយ វាត្រូវមានកំរៃតិចតួច ថ្លៃសាំងថ្លៃហូបចុក ថ្លៃស្នាក់នៅ  គៀវគរថវិការអត់គ្រប់គា្រន់វាប៉ះពាល់ដំណើរការទាំងមូលដែរ»។

នាយកគ្រប់គ្រងមហោស្រពអក្សរសិល្ប៍ខ្មែររូបនេះ បានអំពាវនាវឱ្យពលរដ្ឋចូលរួមឧបត្ថម្ភជាថវិកា ដើម្បីគាំទ្រកម្មវិធីមួយនេះ ឱ្យមានសកម្មភាពដូចវិស័យដទៃទៀត។

លោកបន្តថា៖ «ការកៀរកថវិកាសម្រាប់ធ្វើសកម្មភាពមហោស្រពអក្សសិល្ប៍ គឺជារឿងសំខាន់ណា​​ស់ ដែលទាមទារឱ្យមានការចូលរួម ពីគ្រប់មជ្ឈដ្ឋាន ទាំងប្រជាពលរដ្ឋ ទាំងមន្រ្តីរាជការ នាម៉ឺនសព្វមុន​​មន្រ្តី ក្តុម្ពី អីផ្សេងៗហ្នឹង ចង់ឱ្យមានការចូលរួមជាថវិកា មកដល់ពួកយើង ដើម្បីពួកយើងដំ​​ណើ​​​​រការធ្វើមហោស្រពហ្នឹងជាបន្តបន្ទាប់បាន»។

មហោស្របអក្សរសិល្ប៍ខ្មែរលើកទី៥ ត្រូវបានប្រារព្ធឡើងរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី២១ ដល់២៣ ខែតុលា ឆ្នាំ២០២២ ក្រោមប្រធានបទ «មត៌ករស់នៃអក្សរសិល្ប៍» នៅវិទ្យាល័យពោធិ៍សាត់ និងទីតាំងមួយចំនួនទៀតក្នុងខេត្តពោធិ៍សាត់ មានពលរដ្ឋចូលរួមប្រមាណ៤០០០នាក់។

ក្នុងព្រឹត្តិការណ៍នេះ កម្មវិធីជាច្រើនត្រូវបានរៀបចំឡើងដូចជា សិក្ខាសាលា ការតាំងពិពណ៌សៀវ​​ភៅ  ការប្រកួតប្រជែងស្នាដៃអក្សសិល្ប៍ កំណាព្យ រឿងខ្លី ការសម្តែងចាប៉ីដងវែង ល្ខោននិយាយ និ​​ង​​​​របាំជាដើម។

អ្នកនិពន្ធមួយរូប លោក ទឹម ម៉ានី ដែលបានចូលរួមលើកកម្ពស់ស្នាដៃនៃការតែងនិពន្ធ ក្នុងកម្មវិធីនេះ បាន​​បង្ហាញការសាទរ នៅពេលដែលមានព្រឹត្តិការណ៍មួយនេះកើតឡើង។ អ្នកនិពន្ធរូបនេះ ក៏​​ប្រាថ្នា​​​​ចង់​​ឃើញមហោស្របអក្សរសិល្ប៍នេះ មានសកម្មភាពជាប្រចាំ ហើយពង្រីកវិសាលភាព​​រប​​ស់​​​​ខ្លួន ទៅ​​តំបន់គោលដៅដទៃទៀត តាមលទ្ធផលដែលអាចធ្វើទៅបាន។

លោកបន្តថា៖ «ជាគំនិតលោកគ្រូ! រំភើប ចង់ឱ្យមានជានិច្ចនិរន្តរ៍ ចង់ឱ្យខេត្តនីមួយៗ ធ្វើដោយខ្លួនឯងដែរ លោកគ្រូនឹងចូលរួម» ។

អ្នកនិពន្ធវ័យ ៧៧ ឆ្នាំរូបនេះ បានឱ្យដឹងថា លោកដាក់បង្ហាញសា្នដៃ ក្នុងមហោស្រពមហោស្របអក្សរសិល្ប៍ខ្មែរលើកទី៥នេះ មានប្រលោមលោកជាង១០រឿង  និងមានសៀវភៅស្តីពីវិធីសាស្រ្តតែង​​និពន្ធផងដែរ។ ​លោកសង្កេតឃើញថា មហោស្រពអក្សរសិល្ប៍ខ្មែរ ក៏ជាផ្នែកមួយចូលរួមផ្លាស់ប្តូរឥរិយាបថយុវជនឱ្យចាប់អារម្មណ៍ការអាន និងការតែងនិពន្ធកាន់់ច្រើនឡើង។

ប្រធាននាយកដ្ឋានសៀវភៅ និងការអាន នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោក កុក រស់ លើកឡើងថា លោកគាំទ្រ រាល់សកម្មភាពភាពដែលលើកកម្ពស់ស្នាដៃអក្សសិល្ប៍ខ្មែរ។ បន្ថែមពីលើនេះ ការបង្កើតឱ្យមានសកម្មភាពនៃមហោស្រពអក្សរសិល្ប៍ វានឹងជួយឱ្យវិស័យអំណាននៅកម្ពុជា លេ​​ច​​​ធ្លោរ និងទាក់ទាញការអានកាន់តែច្រើន។

លោកថ្លែងថា៖ ​«បងមានចំណាប់អារម្មណ៍ខ្លាំង និងសូមគាំទ្រចំពោះការរៀបចំបង្កើតឱ្យមានមហោ​​ស្រព​អក្សរសិល្ប៍មួយនេះឡើង ដើម្បីជួយជំរុញការបង្កើតស្នាដៃតែងនិពន្ធ និងការអាននៅកម្ពុជា ស្រ​​បនឹងផែនការសកម្មភាពដែលនាយកដ្ឋានសៀវភៅ និងការអាន បាននឹងកំពុងធ្វើសព្វថ្ងៃនេះផងដែរ»។

លោក កុក រស់ ឱ្យដឹងទៀតថា ដើម្បីលើកកម្ពស់ស្នាដៃ និងគុណតម្លៃរបស់អ្នកនិពន្ធខ្មែរ ក្រសួងវប្ប​​ធម៌ និងវិចិត្រសិល្បៈ បានរៀបចំយន្តការជាបន្តបន្ទាប់ ដូចជា ជំរុញក្រសួងស្ថាប័ន អង្គការ ស​​មា​​គម សង្គមស៊ីវិល និងវិស័យឯកជន ចូលរួមសហការរៀបចំការប្រលងស្នាដៃតែងនិពន្ធនេះឱ្យ​បាន​​​​ញឹកញាប់។ មិនតែប៉ុណ្ណោះ ពាក់ព័ន្ធការរៀបចំប្រលងស្នាដៃតែងនិពន្ធប្រលោមលោក និងកំ​​ណា​​​​​ព្យ ក្រសួងបានធ្វើជាប្រចាំ គិតមកដល់ពេលនេះ បានផ្តល់ជារង្វាន់លើកទឹកចិត្តជិត២០ពានរ​​ង្វា​ន់​រួចហើយ។

ស្របគ្នានឹងចក្ខុវិស័យរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈនេះដែរ នាយកគ្រប់គ្រងមហោស្រពអ​ក្ស​រសិល្ប៍ខ្មែរ លោក ឃុត សុខៀន ប្តេជ្ញាថា លោ​​កមានបំណងនឹងដឹកនាំមហោស្របអក្សរសិល្ប៍ខ្មែរ ឱ្យបានរៀងរាល់ឆ្នាំ នៅគ្រប់ខេត្តក្នុងប្រ​​​ទេ​សកម្ពុជា ដើម្បីជំរុញឱ្យយុវជន នៅតាមបណ្តាខេត្ត មានឱកាសយល់ដឹងពីស្នាដៃអក្សសិល្ប៍ កាន់​​តែទូលំទូលាយបន្ថែមទៀត៕

អត្ថបទដោយ៖ វណ្ណ ប្រសិទ្ធ

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ