​អាជ្ញាធរ​ខណ្ឌ​ដូន​ពេញ​រង​ការ​ចោទ​ថា​រារាំង​មិន​ឱ្យ​យុវជន​​ដាក់​សៀវភៅ​សម្រាប់​ពលរដ្ឋ​​​អាន​​​នៅ​​​ទី​​សា​ធារណៈ

សកម្មភាពក្រុមយុវជន ដាក់ដាក់តាំងសៀវភៅចែកជូនសាធារណជនអានដោយឥតគិតថ្លៃ និងសកម្មភាពអានសៀវភៅរបស់កុមារ និងយុវជន នៅសួនមុខវត្តបទុមវតី រាជធានីភ្នំពេញ កាលពីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២២។ (ផ្តល់ជូនដោយយុវតី ឆែម ស្រីគា)។

យុវជនមួយក្រុមបានលើកឡើងថា អាជ្ញាធរដែលរៀបចំសណ្តាប់ធ្នាប់នៅសួនមុខវត្តបទុមវតី ក្នុងខណ្ឌដូនពេញ រាជធានីភ្នំពេញ​បានរឹតត្បិតពួកគេ មិនឱ្យយកសៀវភៅដាក់នៅទីសាធារណៈ សម្រាប់ប្រជាពលរដ្ឋទូ​​ទៅ​អានដោយឥតគិតថ្លៃ ដោ​​យតម្រូវឱ្យស្នើសុំលិខិតពីសាលាក្រុងជាមុនសិន មុននឹងចេញ​​ធ្វើ​​ស​​ក​ម្ម​ភាព។

យុវតីឈ្មោះ ឆែម ស្រីគា ហៅខ្លឹមសារ បានឱ្យដឹងសៅរ៍នេះថា រូបគេតែងតែប្រមូលសៀវភៅចាស់ៗយកទៅដាក់នៅទីសាធារណៈ ប្រមាណ៣ឆ្នាំមកហើយ ចាប់តាំងពីឆ្នាំ ២០២០មក។ ប្រភ​​ព​​ប​​ន្ត​​​​​ថា ពីមុន​​ក្រុមការងាររបស់នាង តែងរៀបចំការងារនេះនៅតាមបណ្តាខេត្ត តែទើបតែ ៣ខែចុង​​​ក្រោ​​​​​​យ​នេះ ក្រុមការងារបានលើកទឹកចិត្តឱ្យមានអំណាន ជ្រើសរើសរាជធានីភ្នំពេញ ដើម្បីឱុ្យសា​ធា​​រ​​​ណជន បានអានដោយឥតគិតថ្លៃដូចដែលធ្លាប់បានធ្វើរួចមកហើយ នៅតាមខេត្តក្នុង​​ពេល​​កន្លងទៅ។

យុវតី ឆែម ស្រីគា បន្តថា៖« នៅសប្តាហ៍មុនថ្ងៃសៅរ៍ [ទី២៩]  ហ្នឹង អាជ្ញាធរគេហ្នឹងបានចុះមកហាមឃាត់ឱ្យខ្ញុំទៅសុំការអនុញ្ញាតពីសាលារាជធានី គេប្រាប់ថា សួនសារណៈហ្នឹងមិនមែនជាកន្លែងអានសៀវភៅទេ »។

បើតាមយុវតីវ័យ ២១ឆ្នាំ រូបនេះ ប្រាប់ វីអូឌី ថា កាលពីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២២ អាជ្ញាធរក្នុងខណ្ឌដូនពេញ ដែលប្រចាំការនៅសួនទល់មុខវត្តបទុមវតី បានមកហាមឃាត់ក្រុមការងាររបស់​​ខ្លួ​​ន​​​ឱ្យ​​​បញ្ឃប់សកម្មភាពដាក់សៀវភៅ​បន្តទៀត ដោយទាមទារឱ្យមានលិខិតអនុញ្ញាតពីសាលាក្រុងជាមុនសិន។

ប្រភពដដែល បន្តថា សៀវភៅដែលយកឱ្យសាធារណជនអាននៅសួនច្បារនោះ ឧបត្ភម្ភពីសម្បុរស​​ជននានា នៅតាមបណ្តាញសង្គម ដែលរួមមានប្រភេទ សៀវភៅស្តីពីការលើកទឹកចិត្ត ការធ្វើអា​​ជីវកម្ម និងសៀវភៅប្រលោមលោកជាដើម ។

កញ្ញា ឆែម ស្រីគា លើកឡើងទៀតថា ការចូលរួមសកម្មភាពសង្គមនៅពេលនេះ គឺដើម្បីបណ្តុះ​​ស្មា​​រ​​តី​សា​ធារណជន ជាពិសេសយុវជន ឱ្យមានគំនិតស្រលាញ់ការអាន ជាជាងការមកអង្គុយលេងសា​​សងគ្នានៅទីសាធារណៈ។

យុវតីបន្តថា« ខ្ញុំសម្លឹងឃើញភាគច្រើននៅទីតាំងសាធារណៈបែបហ្នឹង គាត់អត់ចាប់អារម្មណ៍ក្នុងការស្វែងរកចំណេះ។ ភាគច្រើនគាត់មកអង្គុយសាសងគ្នា អង្គុយញាំស្រា អីចឹងទៅ។ ខ្ញុំឃើញបែបហ្នឹង ខ្ញុំក៏កើតមានគំនិតថា  យើងមានសៀវភៅស្រាប់ហើយ។ ចឹងយើងយកមកដាក់នៅទីសាធារណ

ៈបែបហ្នឹងដើម្បីឱ្យគាត់មានឱកាសបានអានសៀវភៅ»។

ពាក់ព័ន្ធករណីនេះ អភិបាលខណ្ឌដូនពេញ លោក ជា​ ខេមា មិនអាចសុំការបកស្រាយបានទេ នៅ​​ថ្ងៃសៅរ៍នេះ ដោយលោកអះអាងថា កំពុងជាប់រវល់។ យ៉ាងនេះក្តី អភិបាលរងខណ្ឌដូនពេញ លោ​​ក ឈឹម ឌីណា បដិសេដដោយខ្លីថា ​មិនមានករណីបែបនេះកើតឡើង នៅក្នុងមូលដ្ឋានរបស់លោ​​ក​​នោះទេ។

លោកបន្តថា៖ «មិនមានករណីគ្រាន់តែមកអានសៀវភៅ គេដេញចេញទេ! មិនអាចទេ មិនមានករណីចឹងទេ! ខ្ញុំសូមការពារចឹង។ បើយុវជនហ្នឹងចង់ដឹងពីព័ត៌មានច្បាស់ យុវជនហ្នឹងមកជួបខ្ញុំនៅសាលាខណ្ឌដូនពេញមក»

ចំណែក អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក លោក ស៊ឹង សែនករុណា បានជំរុញឱ្យអាជ្ញាធរមូលដ្ឋាន សម្របសម្រួលរកទីតាំងឱ្យក្រុមយុវជន ដែលមានគំនិតចូលរួមលើ​​ក​កម្ពស់វិស័យអំណានជាជាងការហាមឃាត់។ លោកបន្តថាប្រសិនបើបែបនេះមែន នោះមានន័យថា វាជាការ​​អនុវត្តផ្ទុយពីគោលនយោបាយរបស់ក្រសួងអប់រំយុវជន និងកី​​ឡា​ ដែលតែងតែមានសកម្មភាពបំផុសស្មារតីយុវជនឱ្យស្រលាញ់ការអាន​​។

លោកបន្តថា ៖«ករណីនេះ អាជ្ញាធរនៅមូលដ្នានហ្នឹង ជាពិសេសសន្តិសុខហ្នឹង គួរតែសម្របស​​ម្រួល ធ្វើយ៉ាងណាឱ្យគាត់ដាក់តាំងសៀវភៅហ្នឹងឱ្យសាធារណជនបានអាន។ វាជាផលប្រ​​យោ​​ជន៍សាធារណៈ វាមិនមែនជាផលប្រយោជន៍បុគ្គលទេ។ គួតែមានការជួយសម្របសម្រួលរកទីតាំងណា រកកន្លែងណាមួយដើម្បីជាជាកន្លែងសមគួរអាចគាត់ដាក់តាំងនូវសៀវភៅទាំងអស់នៅ»។

សម្រាប់នាយិកា​ប្រតិបត្តិ​នៃ​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា (CCHR) លោកស្រី ចក់ សុភាព ចាត់ទុកការហាមឃាត់នេះថា គឺជាការរំលោភសិទ្ធិរបស់ប្រជាពលរដ្ឋក្នុងការចូលរួមសកម្មភាពសង្គម ដែលផ្ទុយពី​រដ្ឋធម្មនុញ្ញកម្ពុជាបានកំណត់។

លោកស្រីបន្ត «ខ្ញុំឃើញនៅពេលដែលយុវជនមានការផ្តួចផ្តើមគំនិតល្អៗដើម្បីបរិស្ថាន ដើម្បីបុព្វហេ​​​តុក្នុងការលើកកម្ពស់ការយល់ដឹងក្នុងចំណោមសាធារណជនហ្នឹងហាក់ដូចជាមិនទទួលបា​​​​​​សាទរពីអាជ្ញាធរទេ។អាជ្ញាធរតែងតែបង្កភាពលំបាក ហើយពេលខ្លះហ្នឹងតម្រូវឱ្យយុវជនមានកា​​​​ស្នើសុំការអនុញ្ញាត ។ ខ្ញុំមើលទៅជាការបន្ទុចបង្អាក់ ភាពសកម្មរបស់ពលរដ្ឋទៅវិញ»។

រដ្ឋធម្មនុញ្ញកម្ពុជា ​មាត្រា៣៥ ចែងថា ប្រជាពលរដ្ឋខ្មែរទាំងពីរភេទ មានសិទ្ធិចូលរួមយ៉ាងសកម្មក្នុងជីវភាពនយោបាយ សេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌របស់ប្រទេសជាតិ ។ សេចក្តីស្នើទាំង​​ឡាយរបស់ប្រជាពលរដ្ឋ ត្រូវបានទទួលការពិនិត្យ និងដោះស្រាយយ៉ាងហ្មត់ចត់ពីអង្គការរដ្ឋ ។

យ៉ាងណាមិញ សម្រាប់ យុវតី ឆែម ស្រីគា ប្រាប់ថារូបគេ  និងក្រុមការងារនឹងបន្តសកម្មភាព យកសៀវភៅ ដាក់នៅតាមសួនសាធារណៈ សាជាថ្មីម្តងទៀត ដើម្បីជំរុញឱ្យយុជន ងាកមកចាប់អា​​រម្មណ៍​​​ការអានឱ្យបានកាន់តែច្រើនឡើង៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ