យុវជន​និង​កុមារ​ប្រមាណ​​៨០​ភាគរយ​ក្នុង​សហគមន៍​មួយ​នៅ​រាជធានី​ភ្នំពេញ​បោះបង់​ការ​សិក្សា​ព្រោះ​តែ​ជីវភាព​ក្រក្រី​

ទិដ្ឋភាពទឹកលិចក្នុងសហគមន៍ស្ដី្រក្លាហានគីឡូលេខ៦ ស្ថិតនៅភូមិក្រោលគោ សង្កាត់គីឡូលេខ៦ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២២។ (រូបភាពដោយ ជា រ៉ាយុទ្ធ)

ថ្នាក់ដឹកនាំសហគមន៍ដែលមានឈ្មោះ«ស្រ្តីក្លាហានគីឡូលេខ៦» ក្នុងរាជធានីភ្នំពេញ លើ​​ក​​​ឡើងថាយុវជន និងកុមារនៅក្នុងសហគមន៍ប្រមាណ ៨០ភាគរយហើយ ត្រូវបង្ខំចិត្តបោះបង់កា​​រ​​សិ​​​​​ក្សា​​​របស់​​​ពួក ដោយសារកត្តាជីវភាពក្រីក្រ ខណៈដែលមន្ត្រីរាជរដ្ឋាភិបាលធ្លាប់ចាត់ទុកការបោះបង់​​ការសិក្សានេះថា​​គឺ​​​​ជា​​រឿង​គួរឱ្យព្រួយបារម្ភ។

ប្រធានសហគមន៍ស្រ្តីក្លាហានគីឡូលេខ៦ អ្នកស្រី យ៉ាង ផាន់នី ឱ្យដឹងថា ក្រៅពីបញ្ហាប្រឈមធំៗជាច្រើនទៀតនៅក្នុ​​ងស​​ហ​គមន៍ សិស្សបោះបង់ការសិក្សានេះ​​ក៏ជារឿងដែលស្មុគស្មាញមួយបន្ថែម​​ទៀតដែរ។ អ្នកស្រីបន្ត​​ថា សព្វថ្ងៃ​​នេះ​​​​យុវជនចាប់ពីកម្រិតអនុវិទ្យាទៅដល់វិទ្យាល័យ បានបង្ខំចិត្តបោះបង់កា​​ររៀនសូត្រ​​របស់​​ខ្លួនព្រោះតែបញ្ហាជីវភាព សម្រាប់សហគមន៍«ស្រ្តីក្លាហានគីឡូលេខ៦» ស្ទើរមួយរយភាគរយទៅ​​ហើយ ដែលធ្វើឱ្យ​​ធ​​ន​​​​​ធាន​​មួយនេះ កាន់តែបន្តធ្លាក់ចុះ។

អ្នកស្រីបន្ដថា៖«ក្មេងៗចាប់ពីអាយុ១០ឆ្នាំឡើងគឺបោះបង់ការសិក្សាចោល ហើយទៅធ្វើការអីផ្សេ​ង​អ៊ីចឹងទៅ ហើយវាសឹងតែ៧០ទៅ៨០%ដែលឈប់រៀន ដោយសារបន្ទុកគ្រួសារ ពីព្រោះក្នុងមួយគ្រួសារយ៉ាងតិចក៏មានសមាជិក៤នាក់ដែរ»

អ្នកស្រី យ៉ាង ផាន់នី ប្រធានសហគមន៍ស្ដ្រីក្លាហានគីឡូលេខ៦ កំពុងផ្ដល់បទសម្ភាសន៍ឱ្យវីអូឌីពីបញ្ហាប្រឈមរបស់យុវជននិងកុមារក្នុងសហគមន៍អ្នកស្រី នៅថ្ងៃទី៣១ ខែតុលាឆ្នាំ២០២២។ (រូបភាពដោយ ជា រ៉ាយុទ្ធ)

បើតាមប្រធានសហគមន៍រូបនេះមើលឃើញថា មូលហេតុចម្បងដែលនាំឱ្យយុវជនមួយចំនួនធំ ត្រូវ​​ប​​ង្ខំ​​​ចិត្ត​​ឈប់រៀនសូត្រ ដោយសារអាណាព្យាបាល រកចំណូលមិនសូវបានក្នុងបរិបទជំងឺកូវីដ-១៩ និ​​ង​​​​សមាជិកក្នុង​​គ្រួ​​សា​​រខ្លះមានកូនច្រើនជាដើម ជាបន្ទុកដែលពួកគេត្រូវជួយរកចំណូល​​សម្រាប់​​គ្រួ​​សារ​។

អង្គការសហប្រជាជាតិ រកឃើញថា ក្នុងឆ្នាំ២០២០ សិស្សជាង៣លាន​នាក់នៅទូទាំងប្រទេស​កម្ពុជាបាន​ប៉ះ​​ពាល់ការសិក្សា បន្ទាប់ពីគ្រឹះស្ថានសិក្សារដ្ឋនិងឯកជនបានបិទដំណើរការជាបណ្តោះអាសន្ន​ដោយ​សារការរីករាលដាល​ជំងឺកូវីដ-១៩។

ក្នុងរបាយការណ៍ដែលចេញផ្សាយលើទំព័រហ្វេសប៊ុកអង្គការសហប្រជាជាតិនៅកម្ពុជា កាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១ ឱ្យដឹងថា មុនពេលមានរោគរាតត្បាតជំងឺកូវីដ-១៩ កម្ពុជាបានសម្រេចគោលដៅអភិវឌ្ឍន៍​ប្រកប​ដោយ​ចីរភាព ឬ SDG​ ទី៤ ស្តីពីការរៀនសូត្រប្រកបដោយគុណភាពនិងចីរភាព។ ប៉ុន្តែ​ចាប់តាំងពីខែមីនា ឆ្នាំ​២០២០ ដែលមានការ​ឆ្លង​​រីករាលដាលនៃជំងឺ​កូវីដ-១៩​មក សិស្សចំនួនជាង៣លាន២សែននាក់បានរងផលប៉ះពាល់ការរៀនសូត្រ បន្ទាប់ពីរដ្ឋាភិបាលកម្ពុជាបានបិទសាលារៀនដោយសារវិបត្តិកូវីដ-១៩។

អង្គការសហប្រជាជាតិ បន្តថា ការប៉ះពាល់នេះបានជំរុញឱ្យវិស័យអប់រំ​មាន​ការ​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង​ក្នុង​ការអភិវឌ្ឍមនុស្ស (HDI) នៅកម្ពុជា​សម្រាប់​ឆ្នាំ២០២០ ដោយ​ធ្លាក់​ចុះ​ជិត៤ភាគរយ ​(៣,៩៣%) បើប្រៀបធៀបពីឆ្នាំ២០១៩ ​ឬស្មើនឹងការលុបបំបាត់រាល់ការរីកចម្រើនលើវិស័យអប់រំដែលបានធ្វើក្នុងរយៈពេល៤ឆ្នាំកន្លងម​ក។

យុវជន ខុម សម្បត្តិ បច្ចុប្បន្នជាកម្មករលីសែង ដើម្បីជួយរកចំណូលសម្រាប់សម្រាលបន្ទុក​​ក្រុម​​គ្រួ​​សារ និយាយថា ខ្លួនពិតជាមិនចង់ឈប់រៀនទេ ប៉ុន្តែដោយសារកត្តាជីវភាពខ្វះខាត ត្រូវបង្ខំចិត្តឱ្យ​​រូប​​គេ​​ឈប់រៀនត្រឹមថ្នាក់អនុវិទ្យាល័យ។ រស់នៅភូមិក្រោលគោ សង្កាត់គីឡូលេខ៦ ខណ្ឌឬស្សីកែវ រា​ជធានីភ្នំពេញ សម្បត្តិ លើកឡើងដោយខ្លីថា រូបគេពិតជាមានសោកស្តាយ ប៉ុន្តែដោយគ្មាន​​ជម្រើ​​ស​​​​គឺ​​ត្រូវ​​បង្ខំ​​​​ចិត្តបោះបង់ការសិក្សា ទាំងមិនអស់ចិត្ត។

លោកបន្តថា៖«ខ្ញុំចង់រៀនដែរ តែជីវភាពលំបាកពេកក៏ឈប់រៀនជួយរកលុយម៉ែឪខ្ញុំទៅ»។​

ចំណែក របាយការណ៍ដែលចេញដោយក្រសួង អប់រំយុវជន និងកីឡា ស្ដីពីគោលដៅអប់រំសម្រាប់​​ឆ្នាំសិក្សា ២០១៩-២០២៣ ប្តេជ្ញាថា ក្រសួងនឹងសម្រេចគោលដៅដើម្បីឈានទៅកាត់បន្ថ​​យសិ​​ស្ស​​​​​​​បោះ​​​បង់​​​​ការសិក្សា ក្រោមប្រធានបទ«ការបណ្ដុះបណ្ដាលធនធានមនុស្សសម្រាប់បរិវត្ដកម្មសេ​​ដ្ឋ​​​​កិច្ច ឌីជីថល »

ហាក់ផ្ទុយពីយុវជនផ្សេងទៀត សម្រាប់យុវជន ព្រំ រតនៈ ដែលកំពុងសិក្សាថ្នាក់ទី​​១០នៃ​​វិទ្យាល័យ​​ឬ​​ស្សីកែវ រាជធានីភ្នំពេញ ប្រាប់ វីអូឌី ថា មូលហេតុដែលរូបគេនៅតែបន្ដការសិក្សា ដោយសារឃើញពីតម្លៃនៃការសិក្សា​​ទៅ​​​​ថ្ងៃខាងមុខទៀត អាចនឹងជួយឱ្យជីវិតមានភាពល្អប្រសើរ។ ម្យ៉ាងវិញទៀត ការជម្នះបានចំពោះ​​កា​រ​​សិក្សានេះ ក៏មានការលើកទឹកចិត្ត និងគាំទ្រពីអាណាព្យាបាលដែរ។

លោកបន្តថា៖«កត្ដាដែលខ្ញុំបន្ដការសិក្សា ពីព្រោះខ្ញុំមើលឃើញថាការសិក្សាវាជាស្ពានមួយសម្រាប់អនាគតខ្ញុំ។ ការសិក្សាននេះមានការជំរុញពីឪពុកម្ដាយខ្ញុំ និងខ្ញុំខ្លួនឯង»

ចៅសង្កាត់គីឡូលេខ៦ ខណ្ឌឬស្សីកែវ លោក ម៉ៅ វណ្ណា ថ្លែងថា អាជ្ញាធរមិនដែលព្រងើយ​​កន្តើយ​​ទេ ជាពិសេសទាក់ទងការសិក្សា និងបញ្ហាប្រឈមផ្សេងៗទៀតរបស់យុវជន ដែលកំពុងស្ថិតនៅ​​ក្នុ​​ង​​​​​វ័យ​​​សិក្សានេះ។ ដោយឡែក បញ្ហាយុវជនបោះបង់ការសិក្សានៅក្នុងសហគមន៍ ក្នុងនាមអាជ្ញាធរ លោកក៏មានក្ដីបារម្ភដែរ។ បើទោះបែបណា មកដល់ពេលនេះលោកនៅមិន​​ទាន់ទទួលបានទិន្នន័យ​​ជាក់​លាក់ អំពីតួលេខសិស្សបោះបង់ការសិក្សានេះនៅឡើយទេ។

លោកបន្តថា៖«ខ្ញុំអត់ទាន់បានព័ត៌មានពីគាត់[សហគមន៍ក្រោលគោគីឡូលេខ៦]។ គាត់ឧស្សាហ៍ជូន​​​​ដំណឹងមកខ្ញុំ  ប៉ុន្ដែរឿងយុវជនបោះបង់ការសិក្សាចាំខ្ញុំពិនិត្យម្ដងទៀត។ បើខ្ញុំមិនអាចដោះស្រា​​យ​​បានក៏យើងមានដៃគូរសហការដើម្បីធ្វើរឿងហ្នឹងដែរ ឱ្យតែគាត់រាយការណ៍មកខ្ញុំ»

វីអូឌី មិនទាន់អាចសុំការអត្ថាធិប្បាយពីលោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកី​ឡា​​​បាននៅឡើយទេ នៅថ្ងៃទី ២ វិច្ឆិកា។ ប៉ុន្ដែលោក ហង់ ជួន​ណារ៉ុន រដ្ឋមន្ត្រី​ក្រសួង​អប់រំ​យុវ​​ជ​ន និង​កីឡា ធ្លាប់ប្រាប់អ្នកកាសែតក្នុងស្រុក នៅក្នុង​សិក្ខាសាលា​ផ្សព្វផ្សាយ​ស្តីពី របាយការណ៍​ពិនិ​ត្យ​តាមដាន​ការអប់រំ​​ ជាសាកល​ឆ្នាំ​២០១៩ ថា លោកព្រួយបារម្ភ​ចំពោះ​យុវជនបន្តធ្វើចំណាក​​ស្រុក និង​បោះបង់​ចោល​ការសិក្សា ខណៈ​កម្ពុជា​កំពុង​ត្រូវការ​ធនធាន​មនុស្ស​​ដើម្បី​ចូលរួម​ក្នុង​​​ការអភិវឌ្ឍន៍​សេដ្ឋកិច្ចជាតិ​។​

ដោយឡែក ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ អ្នកស្រី អ៊ុក ឆាយ៉ាវី ថ្លែងថា​​ ស្ថាប័នសាម៉ី និង​​រដ្ឋាភិបាលត្រូវបង្ហាញឆន្ទៈ ឱ្យបានមុតមាំក្នុងការធានា និងជំរុញឱ្យវិស័យអប់រំមានគុណភាព ជា​​ពិសេសយុវជនដែលស្ថិតនៅក្នុងសហគមន៍ដែលជួបការលំបាកផ្នែកជីវភាព។

អ្នកស្រីបន្តថា៖«ក្រសួងអប់រំ និងរដ្ឋាភិបាលគួរតែគិតគូរពីបញ្ហារបស់យុវជនក្នុងសហគមន៍ក្រីក្រជា​​ចម្បង ដើម្បីធានាបានថា ពួកគាត់អាចទទួលបានការអប់រំគ្របគ្រាន់ដែរទេ មុននឹងទៅដល់អ្នកផ្សេង»

មិនខុសគ្នាទេ លោក ស៊ាង មួយឡៃ ប្រធានគម្រោងសិទ្ធិរស់នៅក្នុងទីក្រុងនៃអង្គការសមាគមធាងត្នោត ​ និងជាអ្នកស្រាវជ្រាវបញ្ហាប្រឈម ក្នុងសហគមន៍គីឡូលេខ៦ រកឃើញថា បញ្ហាចម្បងដែលនាំ​​ឱ្យ​​សិ​​​​​ស្ស​​បោះបង់ការសិក្សា គឺកត្តាជីវភាពក្រីក្រ។

នៅដើមឆ្នាំ ២០២១ អង្គការសមាគមធាងត្នោតរកឃើញថា ដោយ​​សា​រ​​ភាពក្រីក្រកុមារក្នុង សហគមន៍មួយចំនួននៅ​​ក្នុង​​រាជធានីភ្នំពេញ ត្រូវបង្ខំចិត្តឈប់រៀន ឬមិនបាន​​ចូល​​រៀន ក្នុងនោះកុមារ​​អា​​យុ​​​​ចន្លោះពី ៣ទៅ៥​​ឆ្នាំ​​​​ប្រហែល ៨០ភាគរយ មិនបានទៅ​​រៀនថ្នាក់មតេយ្យ​​សិក្សា​​។​​ ក្រៅ​​ពីនេះ កុមារអាយុចន្លោះពី ៦ ទៅ១១ឆ្នាំ ប្រហែល ៩ភាគរយ មិនបានចូលសាលារៀន ខណៈ​​១​​​​​ភា​គ​​​រយ បោះបង់ការសិក្សា ក្រោយចុះឈ្មោះ​​ចូល​រៀនរួច៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ