ពលរដ្ឋ​​នៅ​​ឃុំព្រែកសំបួរ​​ចោទ​​​មេឃុំ​ និង​​មន្រ្តីពាក់ព័ន្ធ​ថា​​​យក​ដី​រដ្ឋ​ធ្វើ​​ជា​កម្ម​​សិទ្ធិ​ ប៉ុន្តែត្រូវអាជ្ញាធរ​បដិសេធ

ប្រជាពលរដ្ឋ​​ឃុំព្រែកសំបួរ ស្រុកពាមជរ ខេត្តព្រៃវែង ​ចោទ​​មេឃុំ​​ និង​មន្រ្តីពាក់ព័ន្ធ​​ផ្សេងទៀត ថា​​បាន​ព្យាយាម​​កាត់​ដី​​រដ្ឋបាល​ឃុំ​​ចំនួន ​៣​ហិកតា ​យក​ធ្វើ​ជា​កម្ម​សិទ្ធ​ផ្ទាល់​ខ្លួន​ ប៉ុន្តែ​ត្រូវ​បាន​អាជ្ញាធរ​បដិសេធ និងថាជារឿង​ភ័ន្តច្រឡំ។

ប្រជាពលរដ្ឋ​រស់នៅ​ឃុំ​ព្រែក​សំបួរ ដែលសុំមិនបញ្ចេញឈ្មោះ​​ បាន​អះអាង​​នៅថ្ងៃ​ចន្ទនេះ​ថា ​​ដីរដ្ឋបាល​​​ឃុំព្រែ​ក​សំបួរ​​​ចំនួន ​៣ហិកតា ត្រូវ​បាន​​មន្រ្តី​​ដែល​មកពីគណបក្សប្រជាជន​កម្ពុជា រួម​មាន​អតីត​អភិបាល​ស្រុក​ពាមជរ​ លោក សេង ធា​ អតីត​មេឃុំព្រែកសំបួរលោកស៊ុន យ៉ឹម​ មេឃុំស្ដីទី​ព្រែក​សំបួរ លោក កយ សុផល ស្មៀនឃុំ​ និង​មន្រ្តី​​សូរិយោដីជាដើម បាន​លួច​​​កាត់​​ដី​ចែ​ក​គ្នា​​ជា ​៩ចំណែក​ កាលពីឆ្នាំ២០២១​មក​ម្លេះ ប៉ុន្តែរឿងនេះទើបតែមានការ​បែក​ធ្លាយឯកសារ​ កាលពីចុងខែតុលា ឆ្នាំ២០២២នេះ។

លោកថា «យើងដឹងព័ត៌មាន​សំងាត់​ពី​មន្រ្តីគេដែរ ​​ខាងហ្នឹងគេចែកគ្នា​អ៊ីចឹង​បានបែកធ្លាយមក ​ព្រោះចំណែក​ហ្នឹង​វាអត់​គ្រប់​គ្នា​ដែរ​​ គប់គិត​គ្នា​តែមួយក្រុម​»។ ​

លោកបន្តថា ​ការពុះដី​​រដ្ឋ​​ចែក​គ្នា​​ ដោយយក​ធ្វើជា​កម្មសិទ្ធិពី​សំណាក់មន្រ្តីទាំងនោះ ​​បាន​ធ្វើ​ឱ្យ​ប្រជា​ពលរដ្ឋ​មិនសប្បាយចិត្ត​ និង​ផ្ទុះ​ការ​តវ៉ា ទាមទារ​ឱ្យ​​រក្សា​​ដីឃុំនោះទុកជាសម្បត្តិរដ្ឋ​វិញ។​

លោកថា៖ «ក្នុងនាមគាត់ជាអ្នកដឹកនាំ​​ មិនគួរមានគំនិតទុច្ចរិត​​ដែល​ចង់​បាន​សម្បត្តិ​​​សាធារណៈ​​ទៅ​ដាក់​​ជា​សម្បត្តិ​ឯកជន​ និយាយទៅទង្វើ​វាហាក់ដូចជា​ចោរ គាត់មិនបានឱ្យប្រជាពលរដ្ឋដឹងណា​ គាត់​អត់​មាន​ប្រជុំ អត់​មាន​ប្រកាស​ក្រុមប្រឹក្សា​ប្រកាសឱ្យ​ដឹងព្រមព្រាងឯកភាពឯណា​»។

តំណាងពលរដ្ឋ​ឃុំព្រែកសំបួរ លោក សន សុង បានឱ្យដឹងដែរ​ថា​ ក្រោយ​បែក​ធ្លាយ​ឯក​សារ​​ដែល​មន្ត្រី និងអតីតមន្ត្រី​នៅស្រុកពាមជរនេះ​​លួចកាត់ដីរដ្ឋបាល​ឃុំព្រែកសំបួរ​​ យកធ្វើកម្មសិទ្ធនេះ ប្រជាពលរដ្ឋ​ចំនួន ១៦០នាក់ បាន​ធ្វើញត្តិ​ និងផ្តិតមេដៃ ដាក់ទៅអធិការ​នគរបាល​ស្រុក ប៉ុន្តែ​ត្រូវបានអាជ្ញាធរបញ្ជាក់ថា ​ករណីនេះជាការភ័ន្តច្រឡំ និងជាកំហុសរបស់មេឃុំមុន ដែល​បានទទួលមរណភាពទៅហើយ។

លោកថា «ពីដើមមកដីហ្នឹងជាដីរបស់​សាលាឃុំ​ តាំងពីឆ្នាំ​៧៩ ៨០[១៩៧៩-១៩៨០] មក​ដល់​ពេល​បច្ចុប្បន្ន មានមេឃុំ​ឡើង​ក្រោយៗ​ ​ក៏មានគំនិតវាស់ដីសាលាឃុំហ្នឹងចែកគ្នា​ ហើយ​ខ្ញុំក៏អត់ដឹង​ដល់​ពេល​យូរ​ គេវាស់តាំង​២០២១​ តែខ្ញុំទើបនឹងដឹង​ថ្ងៃទី​២៧ ២៨​ចុង​ខែ​តុលាហ្នឹ​ង​[…]ដល់ឥឡូវគេទើបបាញ់ប្លង់ថ្មី​ ហើយឥឡូវ​គេ​ចោទ​ថា​​ពេល​ដែល​វាស់​ដី​ហ្នឹង​ ​លោកមេឃុំ ​ស៊ុន យ៉ឹម [អតីត​មេឃុំព្រែក​សំបួរ] គាត់​​នៅ​​មេឃុំ កាល​គាត់​អត់​ទាន់ស្លាប់​ ហើយ​ឥឡូវមេឃុំ​ស្ដីទីគាត់អត់ទាន់​ដឹង​ ដល់​ម្សិលមិញ​ទៅ​ដោះស្រាយ​គេសុំ​ទោស​ ហើយគេព្យាយាមការពារដីហ្នឹង​មិនឱ្យនរណាយកឡើយ»។

វីអូឌី មិនទាន់អាចសុំការឆ្លើយតបពីមេឃុំស្ដីទី​ព្រែក​សំបួរ លោក កយ សុផល ដែលរងការ​ចោទប្រកាន់​បានទេ ​នៅថ្ងៃ​ចន្ទនេះ​។

ចំណែកឯ ស្មៀនឃុំ​​​​​ព្រែក​សំបួរ លោក អោម សុគន្ធ បានឱ្យដឹងថា ករណី​ដែល​ពលរដ្ឋ​ចោទមន្ត្រី​ថា​​មាន​ការកាត់ដី​រដ្ឋបាល​ឃុំចែកគ្នាធ្វើកម្មសិទ្ធិ​នោះ គឺជារឿងភ័ន្ត​ច្រឡំ​ទេ ដោយលោក​ថា ​ឈ្មោះ​​មេឃុំ និង​អ្នក​ផ្សេងៗ​ទៀត​នៅ​លើ​ដីរដ្ឋបាល​ឃុំនោះ ​គ្រាន់តែតំណាងឱ្យរដ្ឋប៉ុណ្ណោះ​។

លោកថា៖ «តាមពិតនេះ គ្រាន់តែជាដី​មានឈ្មោះមេឃុំ​​ គ្រាន់​តែតំណាងដីរបស់រដ្ឋបាលឃុំ ​ព្រោះមេឃុំគាត់ជា​តំណាង​​ឱ្យ​ឃុំរបស់​រដ្ឋ​ ដល់​​គាត់ឃើញឈ្មោះមេឃុំឈ្មោះអ៊ីចឹង​ទៅ​ គាត់ថា​​មេឃុំ ក្រុមប្រឹក្សា ជំទប់រួម​ដៃគ្នា[លួចយកដីរដ្ឋ]​»។

អ្នកសម្របសម្រួលអាដហុកប្រចាំខេត្តព្រៃវែង អ្នកស្រី​ អៀង គឹមលី​ យល់ឃើញថា ​ប្រសិន​បើ​មាន​ករណី​កាត់ដី​រដ្ឋបែបនេះ​មែន គឺជារឿងខុសច្បាប់​ ព្រោះថា​រាល់​ការ​លក់ ឬផ្ទេរកម្មសិទ្ធិ​ដីរដ្ឋណាមួយ ទាមទារឱ្យមានអនុក្រឹត្យដែលចេញដោយនាយករដ្ឋមន្រ្តី ​តាមរយៈ​ការធ្វើអនុប​យោគ​​​ជាដើម​ ហើយ​មន្រ្តីពាក់ព័ន្ធគួរ​តែស៊ើបអង្កេតចំពោះការលក់ដីរដ្ឋនេះផងដែរ។

អ្នកស្រីថា​៖ ​«បើលក់មែនខុសច្បាប់ហើយ​ ព្រោះគាត់មានអំណាចជាងនាយករដ្ឋមន្រ្តីទៀត​ អ្នកដែលចេញអនុក្រឹត្យបានមានតែនាយករដ្ឋមន្រ្តីទេ ដែលចុះហត្ថលេខាលើហ្នឹង បើអត់មានអនុក្រឹត្យ​​មានន័យថា​គាត់ធំជាងទៀត​ គាត់ធ្វើហ្នឹងមិនគោរពតាមច្បាប់​»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ