អាជ្ញាធរ​សង្កាត់​ចុង​ឃ្នៀស​កំពុង​​កៀរគរ​​យុវជន​ឱ្យ​ចូល​​រួម​​សម្អាត​​សំរាម​​ប្លា​ស្ទិក​

សកម្មភាពយុវជនចូលរួមយុទ្ធនាការប្រមូលសំរាម នៅក្នុងសង្កាត់ចុងឃ្នៀស ក្រុងសៀមរាប ខេត្តសៀមរាប កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២។ (រូបភាពដោយ កញ្ញា យូ រស្មី)

អាជ្ញាធរសង្កាត់ចុងឃ្នៀង ក្រុងសៀមរាប កំពុងកៀរគរប្រជាពលរដ្ឋក្នុងសហគមន៍ និងយុវជន ឱ្យចូលរួមបន្ថែមទៀត ក្នុងការងារប្រមូលសំរាមប្លាស្ទិក ជាពិសេសក្នុងយុទ្ធនាការប្រមូលសំរាម នាអំឡុងចុងខែវិច្ឆិកាខាងមុខ ខណៈឥរិយាបថនៃការចោលសំរាម និងថង់ប្លាស្ទិក របស់ពលរដ្ឋដែល​រស់នៅក្បែរបឹងទន្លេសាប នៅតែ​​មិន​​ផ្លា​​ស់​​​​​ប្តូរ​​ទ​​ម្លាប់។

លោក អ៊ុំ សារី ចៅ​សង្កាត់​ចុង​ឃ្នៀ​ស ក្រុងសៀមរាប ឱ្យដឹងថា សំរាមប្លាស្ទិកគឺជាបញ្ហាចម្បងបំផុតសម្រាប់មូលដ្ឋានរបស់លោក ដែលនៅជាប់ផ្ទៃបឹងទន្លេសាប។ លោកបន្តថា ក្រៅពីការណែនាំឱ្យពលរដ្ឋ ក្នុងសហគមន៍ទុក​​ដាក់​​សំរាមឱ្យបានត្រឹមត្រូវហើយ អាជ្ញាធរសង្កាត់ បានកៀរគរប្រជាពលរដ្ឋ ជាពិសេសយុវជន​ឱ្យចូលរួមបានច្រើន​​ជា​ង​​មុន ក្នុងយុទ្ធ​​​នា​​​​ការប្រមូលសំរាមប្លាស្ទិក ដែលអាជ្ញាធរបានសហការជាមួយអង្គការដៃគូរ។ ប្រភពដដែល​​បន្ត​​ថា យុទ្ធនាការប្រមូលសំរាមប្លាស្ទិកនេះ គ្រោងនឹងរៀបចំ នៅចុងខែវិច្ឆិកា ឆ្នាំ២០២២ ខាងមុខនេះ។

លោកបន្តថា៖«គាត់អត់មើលពីស្ថានភាពនៃការរស់នៅ ពីស្ថានភាពនៃការដឹកជញ្ជូន ពីស្ថានភាពទទួលខុសត្រូវរបៀ​​ប​​ថ្នាក់លើនិងថ្នាក់ក្រោម ហើយដោះស្រាយដោយវិធីណា ជាមួយគ្នាកន្លងមកធ្លាក់ទៅលើអាជ្ញាធរឃុំទាំង​​ស្រុ​​ង​​​តែម្តង។ ដូច្នេះអ្វីក៏ដោយខ្ញុំសង្ឃឹមថា បើសិនមានការដឹកជញ្ជូន មានការផ្សព្វផ្សាយ ការចូលរួម ក៏កាន់តែល្អជា​ង​​មុន»។

បើតាមលោក អ៊ុំ សារី ក្រៅពីបំផុសឱ្យពលរដ្ឋ និងយុវជនចូលរួមក្នុងយុទ្ធនាការ ប្រមូល និងទុកដាក់សំរាមប្លាស្ទិកនេះហើយ អាជ្ញាធរនឹងចែកការរ៉ុងសម្រាប់ពួកគាត់ ដើម្បីទុកដាក់សំរាមប្លាស្ទិកនេះឱ្យមានរបៀបរៀបរយ។

បើទោះយ៉ាងណា អាជ្ញាធរទទួស្គាល់ថា ការដឹកជញ្ជូនសំរាមចេញពីទីតាំងប្រមូលសំរាម ហាក់មានភាពយឺតយ៉ាវ ដែលនាំឱ្យកំណើនសំរាមមានការកើនឡើង។

ប្លាស្ទិក ត្រូវបានគេដឹងថា ជាសំរាម មានហានិភ័យខ្ពស់ និងមានអាយុរាប់រយឆ្នាំទើបអាចរលាយ ដែលបង្កឱ្យមានផលប៉ះពាល់ដល់អាយុជិវិតមនុស្ស និងសត្វ។

សកម្មភាពយុវជនចូលរួមយុទ្ធនាការប្រមូលសំរាម នៅក្នុងសង្កាត់ចុងឃ្នៀស ក្រុងសៀមរាប ខេត្តសៀមរាប កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២។ (រូបភាពដោយ កញ្ញា យូ រស្មី)

លោក ស៊ា សុផល ប្រធានអង្គការមូលនិធិទំពាំងស្នងឫស្សី ប្រចាំខេត្តសៀមរាប បានប្រាប់ វីអូឌី នៅថ្ងៃទី​៣០ ខែតុលា ឆ្នាំ២០២២ ថា មូលហេតុដែលអង្គការលោកជ្រើសយកតំបន់ចុងឃ្នៀស ជាសង្កាត់ដែលត្រូវធ្វើយុទ្ធនាការ ប្រមូលសំរាមប្លាស្ទិក នាចុងខែវិច្ឆិកាខាងមុខ ដោយសារឆ្នាំ២០២២នេះ ចុងឃ្នៀសជាសង្កាត់មួយ មិនទាន់ថមថយរឿងសំរាមប្លាស្ទិកនៅឡើយ។ ក្នុងនោះលោកបានជួយដោះស្រាយ បញ្ហាគ្រប់គ្រងកាកសំណល់រឹង និងសំរាមប្លាស្ទិក ដោយបានផ្តួចផ្តើមយុទ្ធនាការដូចគ្នានេះ តាំងពីខែមិថុនាមកម៉្លេះ។

ទោះយ៉ាងណា​ ដើម្បីឱ្យចុងឃ្នៀស ក្លាយជាមូលដ្ឋានកាត់បន្ថយសំរាមប្លាស្ទិកបាន លោកថា អាជ្ញាធរសង្កាត់ត្រូវយកចិត្តទុកដាក់បន្ថែម ជាពិសេ​​ស​​​ការដឹកនាំ លើកទឹកចិត្ត និងផ្តល់ឱកាសឱ្យយុវជនចូលរួមកាន់តែច្រើន។

លោកបន្តថា៖«ដើម្បីឱ្យមាននិរន្តរភាពការងារសម្អាតអនាម័យបរិស្ថាននេះ គឺទី១សំខាន់ណាស់សង្កាត់ចុងឃ្នៀសខ្លួនឯង រដ្ឋបាលសង្កាត់ត្រូវតែបញ្ចូលផែនការគ្រប់គ្រងបរិស្ថាន និងការងារធ្វើសកម្មភាពអប់រំ ប្រមូលសំរាម សម្អាតបរិស្ថាន នឹងត្រូវតែដាក់ចូលក្នុងផែនការប្រចាំឆ្នាំ ឬប្រចាំអាណត្តិរបស់សង្កាត់។ អ៊ីចឹងសហគមន៍ដទៃទៀតក៏មិនស្អាតដែរ អត់ទាន់មានផែនការជាក់លាក់ដូចគ្នា ចុងឃ្នៀសដូចជាដំបូងតែម្តង​បើសិនយើងជោគជ័យ»។

កម្ពុជា បានដាក់ចេញនូវអនុក្រឹត្យ១៦៨ ស្តីពីការគ្រប់គ្រងថង់ប្លាស្ទិក កាលពីឆ្នាំ ២០១៧។ បញ្ញត្តិមាត្រា១២ នៃអនុក្រឹត្យនេះ បានតម្រូវឲ្យប្រជាពលរដ្ឋគ្រប់រូបមានកាត្វកិច្ច ចូលរួមចំណែកកាត់បន្ថយការប្រើប្រាស់ថងប្លាស្ទិក តាមដែលអាចធ្វើទៅបាន តាមរយៈការប្រើប្រាស់ឡើងវិញនូវថង់ប្លាស្ទិក ឬប្រើប្រាស់វត្ថុជំនួសថង់ប្លាស្ទិក។

សកម្មភាពប្រជាសហគមន៍ក្នុងសង្កាត់ចុងឃ្នៀស ក្រុងសៀមរាប ចូលរួមយុទ្ធនាការប្រមូលសំរាមប្លាស្ទិក តាមមាត់ច្រាំង ក្នុងបឹងទន្លេសាប កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២។ (រូបភាពដោយកញ្ញា យូ រស្មី)

ទាក់ទិនបញ្ហានេះ យុវជន ម៉ៃ មាន រស់នៅភូមិទី៣ សង្កាត់ចុងឃ្នៀង ខេត្តសៀមរាប ឱ្យដឹងថា លោកបានកៀរគរយុវជនក្នុងសហគមន៍ប្រមាណពី១៥ទៅ២០នាក់ ក្នុងមួយខែដែរ ដើម្បីចូលរួមជាប្រចាំ ជាមួយអាជ្ញាធរក្នុងតំបន់ លើការងារប្រមូលសំរាមប្លាស្ទិក នៅក្នុងមូលដ្ឋាននេះ។

យុវជនរូបនេះសង្កេតឃើញថា ការប្រមូល និងការទុកដាក់សំរាម ប្រជាពលរដ្ឋបានយល់ដឹងច្រើនជាងមុន។ ​​ក៏​​ប៉ុ​ន្តែ​​​​អ្វីដែលនៅតែជាបញ្ហាដោះស្រាយមិនចេញនោះគឺ ការដឹកជញ្ជូនវិញហាក់យឺតយ៉ាវ ដែលជាហេតុនាំឱ្យមាន​​ការបោះចោ​​លសំរាមនៅទីសាធារណៈ និងក្នុងទឹកមិនថមថយ។

លោកបន្តថា«យុវជនគាត់ដើរជាគំរូ ដល់ពេលមានយុវជនអ៊ីចឹង ប្រជាពលរដ្ឋក៏គាត់មកចូលរួមដែរ និយាយទៅប្រហាក់ប្រហែលគ្នា និយាយទៅនៅចុងឃ្នៀងនេះ ការចូលរួមវាមិនជាបញ្ហាប្រឈមទេ អ្វីដែលបញ្ហាប្រឈមគឺបានសំរាមហើយ យើងខ្វះមធ្យោបាយដឹកជញ្ជូន»។

ទោះបីជាយ៉ាងណា តំណាងអង្គការសង្គមស៊ីវិលមើលឃើញថា ចុងឃ្នៀសក៏ជាតំបន់ទេសចរណ៍មួយដ៏មានសក្តានុពល ដូច្នេះការធ្វើយុទ្ធនាការប្រចាំឆ្នាំ ដើម្បីកៀរគរប្រមូលកាកសំណល់ប្លាស្ទិក មិនអាចធ្វើឱ្យសង្កាត់ចុងឃ្នៀស​​នេះ ក្លាយជាមូលដ្ឋានគ្មានសំរាមបានឡើយ បើគ្មានផែនការមេជាក់លាក់ និងការចូលរួមពីសហគមន៍ទេនោះ។

សំរាមប្លាស្ទិកភាគច្រើនហូរចូលបឹងទន្លេសាប ដោយសារការប្រើប្រាស់ប្រចាំថ្ងៃរបស់ពលរដ្ឋនៅសហគមន៍ផ្ទាល់ និ​​​​​ង​​ហូរនាំយកប្លាស្ទិកពីខាងក្រៅ រួមមានស្ទឹង និងប្រព័ន្ធប្រឡាយនានាក្នុងក្រុងសៀមរាម។ កាកសំណល់​​ថង់ប្លា​​ស្ទិ​​ក ត្រូវគេដឹងថា អាចកប់ក្នុងដីហើយពេលខ្លះមានអាយុកាលរាប់ពាន់ឆ្នាំ ដោយមិនងាយនឹងរលាយទេ។

សារធាតុប្លាស្ទិកដែលបានបំបែកខ្លួនជាបំណែកតូចៗ នៅក្នុងស្រទាប់ផែនដី វាអាចនឹងបង្កជាហានិភ័យ​ក្នុង​កម្រិ​​ត​​​​​​ខ្ពស់ នៅពេលដែលវាបញ្ចេញសារធាតុគីមីពុលក្រោយប្រើប្រាស់រួច និងទុកដាក់មិនបានត្រឹមត្រូវ  ហើយសារ​​ធា​តុ​​ទាំងនោះ​ ​អាច​​​បង្ក​​គ្រោះថ្នាក់ដល់សុខភាពមនុស្ស សត្វ និងបរិស្ថានទៅថ្ងៃក្រោយ៕

អត្ថបទដោយ៖ កញ្ញា យូ រស្មី

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ