ដំណើរការរៀបចំកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១ និងកិច្ចប្រជុំពាក់ព័ន្ធ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ចាប់ផ្តើមដំណើរការចាប់ពីថ្ងៃអង្គារនេះ ក្រោមការរឹតបន្តឹងសន្តិសុខសុវត្ថិភាព ខណៈអាជ្ញាធររាជធានីភ្នំពេញអះអាងថា បានត្រៀមរួចរាល់អស់ហើយ ក្នុងនោះមានការប្រើកម្លាំង ជាង ២ ០០០នាក់ ដើម្បីការពារសន្តិសុខ សណ្តាប់ធ្នាប់ក្នុងអំឡុងកិច្ចប្រជុំនេះ។
ការរឹតបន្តឹងសន្តិសុខសុវត្ថិភាពនេះ ធ្វើឡើងខណៈកិច្ចប្រជុំកំពូលអាស៊ានលើកនេះត្រូវបានរៀបចំឡើងនៅរាជធានីភ្នំពេញ មានរយៈពេល ៦ថ្ងៃ ពោលគិតចាប់ពីថ្ងៃទី ៨ខែវិច្ឆិកា ដល់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២។
អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោក សាន សុខសីហា ប្រាប់ VOD ថា អាជ្ញាធរបានត្រៀមរួចរាល់ហើយ ដើម្បីរក្សាសន្តិសុខក្នុងដំណើរការនៃកិច្ចប្រជុំកំពូលអាស៊ាន។ ក្នុងនោះលោកថា មានការដាក់ចេញនូវផែនការ និងត្រៀមកម្លាំងសរុប ជាង ២ ៣០០នាក់។
លោកឱ្យដឹងថា៖ «ត្រៀមរួចរាល់ហើយ មានការដាក់ចេញនូវផែនការច្បាស់ ដើម្បីការពារសន្តិសុខ សណ្តាប់ធ្នាប់ ដោយស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ប្រើប្រាស់កម្លាំងសរុប ជាង ២៣០០នាក់»។
យ៉ាងណា លោក សីហា មិនបានបញ្ជាក់ទេថា តើកម្លាំងសមត្ថកិច្ចនឹងត្រូវពង្រាយនៅគោលដៅណាខ្លះ ហើយក្នុងនោះមានកម្លាំងការពារអ្វីខ្លះដែរ?
ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាព លោក យង់ គិមអេង លើកឡើងថា ការរៀបចំកិច្ចប្រជុំកំពូលអស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធលើកនេះ គឺជាកិត្តិយស ហើយក៏ជាមុខមាត់របស់កម្ពុជាផងដែរ។ ក្នុងនោះ មានប្រទេសតូច ធំ ប្រទេសមហាអំណាច ដែលជាដៃគូរបស់អាស៊ានបានចូលរួម ដែលអាចជំរុញមានការប្រែប្រួលនូវទំនាក់ទំនងរបស់ពួកគេជាមួយអាស៊ាន។
ទោះជាយ៉ាងណា លោកថា អ្វីដែលពលរដ្ឋអាស៊ានរំពឹងចង់បាន គឺលទ្ធិប្រជាធិបតេយ្យ ការគោរពសិទ្ធិមនុស្សក្នុងតំបន់ ជាពិសេសការបញ្ចប់នូវរបបដឹកនាំបែបផ្តាច់ការ ដែលជារបៀបដឹកនាំអាចបណ្តាលឱ្យមនុស្សស្លាប់ ក្រោមការដឹកនាំរបស់ពួកគេ។
កិច្ចប្រជុំនេះ ទាមទារឱ្យអាស៊ានជម្នះឧបសគ្គដូចជា បញ្ចប់បញ្ហានៅមីយ៉ានម៉ា និងជជែករកដំណោះស្រាយឱ្យពលរដ្ឋរងគ្រោះនៅអ៊ុយក្រែនជាដើម។ ក្រៅពីនោះ បញ្ហាឈូងសមុទ្រចិនខាងត្បូង ក៏អាចនឹងត្រូវបានជជែកដើម្បីជំរុញទំនាក់ទំនងប្រសើររវាងអាស៊ាន និងប្រទេសមហាអំណាចផងដែរ។
មន្ត្រីសង្គមស៊ីវិលរូបនេះថា បើកិច្ចប្រជុំនេះមិនបានជំរុញឱ្យមានការប្រែប្រួលជាវិជ្ជមានទេ គេអាចនឹងវាយតម្លៃកម្ពុជាក្នុងទិដ្ឋភាពមួយចំពោះការដែលមិនអាចដឹកនាំកិច្ចប្រជុំឱ្យសម្រេចគោលដៅតាមក្តីប្រាថ្នារបស់ពលរដ្ឋអាស៊ាន។
លោក យង់ គិមអេង ថា៖ «បើសិនជាគ្មានការប្រែប្រួលទេ វាប្រាកដណាស់គេអាចនឹងវាយតម្លៃកម្ពុជានៅក្នុងកម្រិតមួយផ្សេងចំពោះការដែលយើងអត់អាចសម្រេចទៅដល់គោលដៅនៃការចង់បាននៃក្តីស្រមៃ ក្តីប្រាថ្នារបស់ប្រជាជនអាស៊ាន។ រឿងដែលសំខាន់ ដូចយើងដឹងហើយថា កាលពីកម្ពុជាធ្វើជាប្រធានអាស៊ានលើកមុន ក្រសួងការបរទេសអាស៊ានមិនអាចចេញនូវសេចក្តីថ្លែងការណ៍រួមមួយបាន។ ដូច្នេះពេលនេះយើងសង្ឃឹមថា វានឹងគ្មានឧបសគ្គក្នុងការឈានដល់ការសម្រេចណាមួយរបស់អាស៊ាននោះទេ»។
ស្ថាបនិកអង្គការអភិវឌ្ឍន៍ផ្នត់គំនិត លោក សេក សុជាតិ មានយល់ថា កិច្ចប្រជុំនៅភ្នំពេញពេលនេះ ជាប្រវត្តិសាស្ត្រសម្រាប់កម្ពុជាដែលបានធ្វើជាប្រធានអាស៊ានលើកទី២ ព្រមទាំងបានផ្សព្វផ្សាយពីជាតិខ្លួនដល់ប្រទេសផ្សេងៗទៀត។
លោកថា នេះក៏ជាឱកាសឱ្យកម្ពុជបង្ហាញស្នាដៃដោះស្រាយបញ្ហាក្នុងតំបន់ និងវិបត្តិផ្ទៃក្នុងនយោបាយនៅកម្ពុជាផងដែរ ខណៈប្រទេសផ្សេងៗកំពុងសំឡឹងមើលម្ចាស់ផ្ទះថា តើអាចដោះស្រាយបញ្ហារបស់ខ្លួនឯងបានកម្រិតណា ហើយទំនុកចិត្តសហការរបស់ពួកគេជាមួយកម្ពុជាក៏ទៅតាមនោះដែរ។
យ៉ាងណា លោក សុជាតិ គិតថាកិច្ចប្រជុំនេះអាចជំរុញសមិទ្ធផលបានតិចតួចណាស់ជាពិសេសពាក់ព័ន្ធបញ្ហានយោបាយក្នុងស្រុក ដោយថារឿងនេះវាអាស្រ័យលើឆន្ទៈសម្របសម្រួលគ្នា។
លោក សេក សុជាតិ ថា៖ «បើសិនជាប្រធានប្តូរវេនអាស៊ានមានភាពឆ្លាតវៃនៅក្នុងការដោះស្រាយបញ្ហានេះ គួរតែចាប់យកឱកាស ហើយដោះស្រាយបញ្ហាវិបត្តិផ្ទៃក្នុងនយោបាយជាតិឱ្យបានឆាប់រហ័ស ដើម្បីយកផលប្រយោជន៍ប្រទេសមហាអំណាចដូចជាសហរដ្ឋអាមេរិកតាមរយៈការស្នើសុំ GSP ហើយនឹងអាចស្នើសុំទៅសហភាពអឺរ៉ុបដើម្បីឱ្យគាត់លើកលែង EBA ២០%មកវិញ តាមរយៈការធ្វើសម្បទាននយោបាយទៅឱ្យគណបក្សប្រឆាំង អាចចូលរួមការបោះឆ្នោតប្រកបដោយសេរី យុត្តិធម៌ ត្រឹមត្រូវសម្រាប់ការបោះឆ្នោត និងជ្រើសតាំងតំណាងរាស្រ្តនៅនីតិកាលទី៧ ឆ្នាំ២០២៣នេះ»។
មន្ត្រីសង្គមស៊ីវិលរូបនេះថា បើប្រធានអាស៊ានមិនអាចជំរុញការដោះស្រាយជាវិជ្ជមានបាន វាបង្ហាញពីអសមត្ថភាព ហើយនោះក៏នឹងបង្ហាញពីចំណុចខ្សោយដែលធ្វើឱ្យបរទេសមើលស្រាលកម្ពុជាដែរ៕