បទ​យកការណ៍​៖ ​ពលរដ្ឋ​រងផលប៉ះពាល់ពី​គម្រោង​អភិវឌ្ឍន៍​​ព្រលាន​យន្ត​ហោះ​​ថ្មី​នៅតែ​ស្រណោះ​ភូមិ​កំណើត​ធ្លាប់​រស់នៅ​ ​

អ្នកតវ៉ាមកពីខេត្តកណ្តាលនិងខេត្តតាកែវ អង្គុយនៅក្បែរការដ្ឋានសាងសង់ព្រលានយន្តហោះអន្តរជាតិថ្មី ដើម្បីធ្វើពិធីសាសនាបន់ស្រន់សុំឱ្យមានដំណោះស្រាយពាក់ព័ន្ធនឹងបញ្ហាដីធ្លី នៅឃុំបឹងខ្យាង ស្រុកកណ្តាលស្ទឹង នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១។ (Danielle Keeton-Olsen)

«គ្មាននរណាគេចង់ឃ្លាតឆ្ងាយពីស្រុកភូមិនោះទេក្មួយ ពេលក្រោកពីដេកម្តងៗអារម្មណ៍មិននៅនឹងខ្លួនទេក្មួយ មិនដឹងគេឱ្យ[រើចេញ]ទៅថ្ងៃណា និយាយទៅវានឹកស្រណោះភូមិដ្ឋានណាស់»។

នេះជាសំដីរបស់ពលរដ្ឋរស់នៅភូមិកំពង់តាឡុង ឃុំបឹងខ្យាង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល លោក ណៃ ភន និយាយទាំង​អួលដើមកអមដោយទឹកភ្នែក ចំពោះការនឹកស្រណោះ​ស្រុកកំណើតឬភូមិដ្ឋានចាស់ធ្លាប់រស់នៅ ផ្ទះសម្បែង ទ្រព្យសម្បត្តិ មាន់ គោ ក្របី ដែលធ្លាប់កសាងតាំងពីបាត់ដៃទទេអស់រយៈពេលជិតកន្លះជីវិត ប៉ុន្តែបច្ចុប្បន្នអាជ្ញាធរតម្រូវឱ្យគ្រួសារលោកនិងអ្នកភូមិផ្សេងទៀតត្រូវរុះរើទៅរស់នៅទីតាំងថ្មីដែលមិនមែនជាស្រុកកំណើត។

កំពុងឈរចង្អុលបង្ហាញពីដំណាំដាំដុះជុំវិញផ្ទះបុរសពាក់អាវដៃខ្លីក្រឡាការ៉ូ ស លាយខ្មៅ និងស្លៀកក្រមាពណ៌ខៀវ លោក ណៃ ភន បានរៀបរាប់​ថា លោកបានរស់នៅក្នុងភូមិនេះតាំង​ពីកើតរហូតដល់មានប្រពន្ធកូននិងបានសាងសង់ផ្ទះមួយខ្នងចាក់ដីធ្វើរបងអស់ច្រើនគិតជាទឹកប្រាក់សរុបជិតប្រាំម៉ឺនដុល្លារក្នុងទំហំដីជិតមួយហិចតា។

លោក ណៃ ភន ពលរដ្ឋរស់នៅភូមិកំពង់តាឡុង ឃុំបឹងខ្យាង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល មានប្រសាសន៍ប្រាប់វីអូឌី នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២២ ដោយបានបង្ហាញការសោកស្តាយនៅពេលអាជ្ញាធរតម្រូវឱ្យចាកចេញពីលំនៅឋានធ្លាប់រស់នៅ។ (លោក សុត បាន)

លោកបន្តថា តាំងពីរដ្ឋមានគម្រោងសាងសង់ព្រលានយន្តហោះ​ថ្មីក្នុងខេត្តកណ្តាល អំឡុងឆ្នាំ២០២០មក អ្នកភូមិ និងលោកបានប្រឈមការបាត់បង់ដីស្រែ និងដីលំនៅឋានជាង១០០គ្រួសារ ប៉ុន្តែរដ្ឋធ្លាប់ប្រកាសថា នឹងផ្តល់សំណងសមរម្យ​ ព្រមទាំងរកទីកន្លែងថ្មីជូនពលរដ្ឋ តែរហូតមកដល់ពេលនេះ លោកថាសំណងក៏មិនទាន់បាន កន្លែងថ្មីក៏មិនទាន់ឃើញដែរ។

លោកមានប្រសាសន៍ថា ៖«អ្វីដែលស្តាយបំផុតប្រចាំជីវិតរបស់ខ្ញុំគឺភូមិដ្ឋាន ផ្ទះសម្បែងហើយនឹងទ្រព្យសម្បត្តិដែលខំក៏កើតមកតាំងតែពីបាតដៃទទេ […] ហើយបើនិយាយថាចេញ[ចេញពីភូមិ]ទៅដោយក្តីរីករាយ ក្តីសោមនស្សអីហ្នឹងគឺអត់មានទេ ចេញទាំងឈឺចាប់ណាស់ ហើយបើនិយាយពីសំណងវិញនឹងគឺងងឹតឈឹងអត់ទាន់ដឹងទេ ហើយកន្លែងថ្មីឮថាមិនទាន់ហើយទេ»។

បុរសវ័យ ៥១ ឆ្នាំរូបនេះបានបន្ថែមទៀតថា ដីស្រែលោកមួយហិកតាកន្លះត្រូវបានគេហាមមិនឱ្យចុះទៅបង្កបង្កើនផលតាំងពីអំឡុងឆ្នាំ២០២១ ហើយលោកធ្លាប់ចូលរួមតវ៉ាជាមួយអ្នកភូមិដែលរងផលប៉ះពាល់ផងដែរ ប៉ុន្តែជាលទ្ធផលមិនទាន់ទទួលសំណងនៅឡើយ។

លោកបន្តថា បញ្ហាដីស្រែជារឿងមួយមិនទាន់ចប់ ធ្លាក់មកដល់រឿងភូមិកំណើតឬដីលំនៅឋានដែលធ្លាប់រស់នៅតាំងពីដូនតា អាជ្ញាធរតម្រូវឱ្យពលរដ្ឋរុះរើចេញ ទាំងដែលអ្នកភូមិស្តាយពីស្រុកកំណើតទៅនៅកន្លែងថ្មី លោកពិតជាមិនចង់ឃ្លាតឆ្ងាយពីស្រុកកំណើតទេ សុខចិត្តអស់ដីស្រែទៅចុះ សុំទុកតែដីភូមិ ផ្ទះឱ្យពលរដ្ឋមក។

លោកនិយាយថា៖«កាលពីជ​ម្លោះដីនោះខ្ញុំអស់ដីស្រែមួយហិកតាកន្លះដែរក្មួយ ចូលរួមតវ៉ាជាមួយគេដែរ  ឥឡូវមកដល់រឿងដីផ្ទះនេះទៀត ឃើញគេមកវាស់វែងដែរប៉ុន្តែមិនដឹងយ៉ាងម៉េចយ៉ាងម៉ាលទេសំណងមិនទាន់បានទេ ហើយរើទៅកន្លែងថ្មី ដឹងដូចកន្លែងចាស់យើងអត់ គិតទៅខ្ញុំដេកអត់ដែលលក់ទេក្មួយ»។

កាលពីខែកក្កដា ឆ្នាំ២០២១ ក្រុមពលរដ្ឋបានចេញលិខិតចំហមួយច្បាប់ដោយបញ្ជាក់ថា គម្រោងអភិវឌ្ឍន៍ព្រលានយន្តហោះអន្តរជាតិ​ថ្មី អូស៊ីអាយស៊ី (OCIC) របស់លោកឧកញ៉ា ពុង ឃាវសែ បានធ្វើឱ្យប៉ះពាល់ប្រជាពលរដ្ឋ៣៣០គ្រួសារ មកពីឃុំចំនួន៤ រួមមាន ឃុំបឹងខ្យាង ឃុំអំពៅព្រៃ ឃុំព្រែកស្លែង ក្នុងស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល និងឃុំពត់សរ នៅស្រុកបាទី ខេត្តតាកែវ ដែលមានក្បាលដីទំហំជាង១លានម៉ែត្រការ៉េ។

ស្រដៀងគ្នាដែរ ពលរដ្ឋរស់នៅភូមិកំពង់តាឡុង ឃុំបឹងខ្យាង ខេត្តកណ្តាលម្នាក់ទៀត លោក តាន់ សេង រៀបរាប់ថា លោកពិតជាមិនពេញចិត្តចំពោះការដកយកដីស្រែពីប្រជាពលរដ្ឋដែលធ្លាប់អាស្រ័យនោះទេ។

លោកបន្តថា បានមករស់នៅក្នុងភូមិនេះតាំងពីឆ្នាំ១៩៧៩ និងប្រកបមុខរបរធ្វើស្រែចំការរហូតមក ហើយបានសន្សំលុយបានធ្វើផ្ទះបានមួយខ្នងទុកសម្រាប់កូនចៅ មានដំណាំដាំដុះគ្រប់ប្រភេទ លោកមិនចង់ទៅណាទេ «រស់នៅទីណា ស្លាប់ទៅវិញទីនោះ» នេះជាសេចក្តីសុខរបស់លោកហើយ។

លោកនិយាយថា៖«កាលពីអត់ទាន់មានក្រុមហ៊ុនចូលមក ខ្ញុំធ្វើតែស្រែដីមួយហិកតាកន្លះដែរមួយឆ្នាំពីរដង មួយដងបាន ៣តោន ទៅ ៥តោន បានលុយធ្វើផ្ទះធ្វើអីនឹងបានលុយពីលក់ស្រូវ ហើយបានឱ្យកូនរៀន កូនខ្លះរៀនចប់ទៀត ហើយកាលនឹង ១គីឡូបាន ១ ៣០០រៀលដែរ ធូរធារដែរ»។

កំពុងអង្គុយនៅលើគ្រែពាក់អាវក្រឡា សដៃវែងស្លៀកក្រមាពណ៌ក្រហមបុរសវ័យ ៧១ ឆ្នាំរូបនេះបានឱ្យដឹងថា លោកពិតជាស្រឡោះដីស្រែចំការ ផ្ទះសម្បែងដំណាំដាំដុះដែលធ្លាប់រួមរស់អាស្រ័យផល មិនគួរណាក្រុមហ៊ុននិងរដ្ឋរំលោភយកដោយបំពាន​។

លោក តាន់ សេង ​ ពលរដ្ឋរស់នៅភូមិកំពង់តាឡុង ឃុំបឹងខ្យាង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល អង្គុយលើគ្រែក្រោមផ្ទះនៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២២ ​បានបង្ហាញការសោកស្តាយនៅពេលអាជ្ញាធរតម្រូវឱ្យចាកចេញពីលំនៅឋានធ្លាប់រស់នៅដោយសារប៉ះពាល់គម្រោងអភិវឌ្ឍន៍ព្រលានយន្តហោះថ្មី។ (លោក សុត បាន)

លោកបន្តថា៖«ដូចនិយាយចឹងខ្ញុំនៅតែមិនចង់ទៅក្មួយ ផ្ទះយើងភូមិយើងរបស់របរយើង ដំណាំដាំដុះពេញផ្ទះ និយាយទៅវាឈឺចាប់ណាស់ក្មួយអើយ នឹកឃើញវាតូចចិត្តខ្លួនឯង មិនគួរណាវាសនាជួបរឿងបែបនឹង អាណិតកូនអាណិតចៅដឹងពឹងអី!»។

មិនខុសគ្នានេះដែរ ពលរដ្ឋរស់នៅភូមិកំពង់តាឡុង ខេត្តកណ្តាលម្នាក់ទៀតគឺ អ្នកស្រី ឡាយ ឡាំង បានឱ្យដឹងថា លោកស្រីធ្លាប់ទៅមើលកន្លែងដែលរដ្ឋនឹងផ្លាស់ប្តូរពីរបីដងដែរ ប៉ុន្តែមិនទាន់ឃើញមានការអភិវឌ្ឍ​អ្វីនៅឡើយទេ។ លោកស្រីបន្ថែមថា យ៉ាងហោចណាស់មុននឹងឱ្យពលរដ្ឋផ្លាស់ប្តូរទៅរស់នៅកន្លែងថ្មី រដ្ឋគួរផ្តល់សំណងជាមុនសិន ព្រោះរហូតដល់ពេលនេះលោកស្រីនៅមិនទាន់បានទទួលសំណងណាមួយទីរដ្ឋនោះទេ។

អ្នកស្រីថា៖«ឱ្យទៅយ៉ាងម៉េច សំណងថ្លៃដីស្រែមិនបានផង ដីផ្ទះក៏គេមិនទាន់គិតគូរ ហើយខ្ញុំធ្លាប់ទៅមើលហើយដីហ្នឹង គេមិនទាន់អភិវឌ្ឍន៍អីផង»។

យ៉ាងណាមិញ អ្នកស្រីស្នើឱ្យរដ្ឋាភិបាលនិងមន្រ្តីពាក់ព័ន្ធគួរតែពន្លឿនក្នុងការអភិវឌ្ឍ​ទីតាំងថ្មីនិងកំណត់ថ្ងៃរើចេញឱ្យបានច្បាស់លាស់មុននឹងឱ្យពលរដ្ឋចាកចេញពីភូមិកំណើតចាស់ ទៅកាន់កន្លែងថ្មី ដែលស្ថិតនៅភូមិអំពៅព្រៃទី១ ឃុំអំពៅព្រៃ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។

អ្នកស្រី ឡាយ ឡាំង ពលរដ្ឋរស់នៅភូមិកំពង់តាឡុង ឃុំបឹងខ្យាង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល អង្គុយលើគ្រែក្រោមផ្ទះនៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២២ ​បានបង្ហាញការសោកស្តាយនៅពេលអាជ្ញាធរតម្រូវឱ្យចាកចេញពីលំនៅឋានធ្លាប់រស់នៅដោយសារប៉ះពាល់គម្រោងអភិវឌ្ឍន៍ព្រលានយន្តហោះថ្មី។ (លោក សុត បាន)

លោកស្រីថា៖«មុនឱ្យទៅប្រាប់ឱ្យច្បាស់លាស់មក ហើយកន្លែងហ្នឹងគួតែមានហេដ្ឋាចរនាសម្ព័ន្ធឱ្យបានល្អ ទឹកភ្លើង ផ្លូវថ្នល់ ហើយសំណងឱ្យ ឱ្យគ្រប់មកគ្រាន់បានយកទៅប្រកបមុខទៀត ហើយទៅដល់ដីថ្មីមិននៅម៉េចទេ មិនទាន់ធ្លាប់ចឹង! ធ្វើម៉េចបើចឹងហើយ»។

ពាក់ព័ន្ធនឹងបញ្ហានេះមេភូមិកំពង់តាឡុង លោក អ៊ែល អឿន បានឱ្យដឹងថា ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ និងតម្រូវឱ្យផ្លាស់ប្តូរផ្ទះសម្បែងទៅរស់នៅទីតាំងថ្មីដែលរដ្ឋបានកំណត់ជូននៅសល់តែ ៥៨ គ្រួសារ និង ៦៤ ផ្ទះទាំងតូចទាំងធំក្នុងចំណោម ១០០គ្រួសារ  ។ លោកបន្តថា បញ្ហា​ផ្ទះសម្បែងក្រុមហ៊ុននិងរដ្ឋបានកំណត់តម្លៃដីថា ៨​ដុល្លារក្នុងមួយ​​ម៉ែត្រ​ការ៉េ ហើយនិងផ្តល់សំណងជូនទាំងអស់ដល់ពលរដ្ឋក្រោយពីមានការវាយតម្លៃពីអ្នកជំនាញ។

លោកថា៖«ពាក់ព័ន្ធនឹងផ្ទះប្រសិនបើផ្ទះថ្មអានឹងគេសងដូចថាវីឡាមានវីឡាមួយនៅចុងភូមិហ្នឹង គេឱ្យស្មើនឹង២៧០ដុលា្លរក្នុងមួយម៉ែត្រការ៉េផ្ទះថ្ម ហើយនឹងផ្ទះឈើគិតទៅតាមតម្លៃឈើដែលនៅតាមដេប៉ូគេលក់ក្នុងមួយគូបប៉ុន្មាន? ឧទាហរណ៍ថាផ្ទះទទឹង៥ [ម៉ែត្រ]បណ្តោយ៧[ម៉ែត្រ] ស្មើនឹងប៉ុន្មានម៉ែត្រគូបគេគិតតម្លៃប៉ុណ្ណឹងឱ្យគាត់ ហើយនឹងដីឧទាហរណ៍ដីយើងមាន ១០អា គេវាស់ឱ្យទៅកន្លែងនោះ[ទីតាំងថ្មី] ១០អាវិញហើយគេចាក់សងឱ្យប្រជាពលរដ្ឋយើងវិញ»។

ដោយឡែក នាយករដ្ឋបាលសាលាខេត្តកណ្តាល លោក គ្រុយ ម៉ាឡែន បានឱ្យដឹងថា ជាធម្មតាទេ ប៉ះពាល់ដីនរណាក៏គេមានការស្រណោះដូចតែគ្នាទេ ប៉ុន្តែលោកថា​នេះជាតម្រូវការអភិវឌ្ឍន៍របស់រដ្ឋ។ លោកបន្តថា ខាងក្រុមហ៊ុននិងខាងអន្តរក្រសួងមានគោលការណ៍ផ្តល់សំណងជូនពលរដ្ឋទាំងអស់ទៅតាមទំហំដីជាក់ស្តែងដែលជាដីកម្មសិទ្ធិរបស់ពួកគាត់។

លោកថា៖«ធម្មតាទេប្រសិនជាដីធ្លីនរណា!កុំថាឡើយរបស់គាត់ របស់យើងក៏យើងស្រណោះដែរ ប៉ុន្តែធម្មតាការអភិវឌ្ឍន៍ គេហៅថាការបំរើផលប្រយោជន៍ប្រជាជនទូទៅ ចឹងប្រជាជនដលគាត់រងប៉ះពាល់ជាធម្មតានៅក្នុងតំបន់ព្រលានយន្តហោះហ្នឹងមានការគិតគួរជាសំណងជាដីកម្មសិទ្ធិរបស់គាត់ មានសំណងទៅតាមគោលការណ៍អន្តរក្រសួងបានកំណត់ទុកមុនហើយ ចឹងការប៉ះពាល់ទាំងឡាយគឺទទួលបានសំណងតាមទំហំដីជាក់ស្តែងនឹងទៅតាមតម្លៃដែលក្រសួងបានកំណត់»។

ប្រធាន​សមាគមការពារសិទ្ធិមនុស្សអាដហុក លោក នី សុខា សង្កេតឃើញថា ការបណ្តេញពលរដ្ឋចេញពីភូមិកំណើតបែបនេះ គឺជាភាពអយុត្តិធម៌មួយ។ លោកបន្តថា មានពលរដ្ឋរងគ្រោះមួយចំនួនដែលចូលរួមតវ៉ាទាមទារសំណងនាពេលកន្លងមក ត្រូវបានអាជ្ញាធរចោទប្រកាន់រហូតមានការឃុំខ្លួនពួកគាត់ ស្របពេលពួកគេមិនទទួលបានសំណងសមរម្យនៅឡើយ។

លោកមានប្រសាសន៍ថា ៖« ខ្ញុំគិតថាកាដោះស្រាយមួយដែលវាមិនយុត្តិធម៌ ដែលរងការបណ្តេញចេញដោយអយុត្តិធម៌ នោះហើយដែលធ្វើឱ្យគាត់កាន់តែមានការសោកស្តាយ ហើយមួយទៀតខ្ញុំគិតថា​ទន្ទឹមនឹងការដោះស្រាយដែលពាក់ព័ន្ធនឹងការគំរាមគំហែងអ្នកខ្លះរហូតមានការចាប់ដាក់ពន្ធនាគារជាហូ​រហែទៀត នេះគឺជារូបភាពមួយដែលធ្វើឱ្យគាត់មានការរងគ្រោះបាត់បង់នូវដីធ្លីហើយ រងគ្រោះនូវបាត់បង់ផ្ទះសម្បែងជាដើម»។

យ៉ាងណាក្តី មន្ត្រីសង្គមស៊ីវិលរូបនេះ ​ជំរុញឱ្យរដ្ឋាភិបាល  គិតគូរផ្តល់ដំណោះស្រាយសម្រាប់ពលរដ្ឋដែលរងគ្រោះដើម្បីទទួលបានសំណងសមរម្យ។

លោកថា៖«ជាទូទៅយើងនៅតែទទូចឱ្យរដ្ឋាភិបាលចំពោះដំណោះស្រាយរឿងដីធ្លីនេះ រដ្ឋាភិបាលគួរតែពិចារណាក្នុងការដោះស្រាយឱ្យបានត្រឹមត្រូវ ឱ្យបានស្របតាមច្បាប់ ស្របតាមយុត្តិធម៌ សមធម៌នៅក្នុងសង្គម ឱ្យបានធ្វើម៉េចពលរដ្ឋអភិវឌ្ឍន៍ប៉ុន្តែឱ្យប្រជាពលរដ្ឋរងគ្រោះ ឱ្យអភិវឌ្ឍន៍គឺទទួលបានផលប្រយោជន៍ទាំងអស់គ្នាទាំងក្រុមហ៊ុនទទួលបានប្រយោជន៍ទាំងប្រជាពលរដ្ឋទទួលបានប្រយោជន៍»។

កាលពីខែមិថុនា ឆ្នាំ២០២០ រដ្ឋាភិបាលបានចេញអនុក្រឹត្យមួយដោយកាត់ដីរដ្ឋទំហំ២ ៦០០ហិកតា ដើម្បីសាងសង់ព្រលានយន្តហោះអន្តរជាតិថ្មីមួយនេះ ដែលលាតសន្ធឹងលើឃុំចំនួន៤ រួមមាន ឃុំបឹងខ្យាង ឃុំអំពៅព្រៃ ឃុំព្រែកស្លែង ក្នុងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល និងឃុំពត់សរ ស្រុកបាទី ខេត្តតាកែវ។

គម្រោងនេះ ត្រូវបានទទួលសិទ្ធិសាងសង់ដោយក្រុមហ៊ុនសាជីវកម្មវិនិយោគក្រៅប្រទេសកម្ពុជា ហៅកាត់ថា អូស៊ីអាយស៊ី (OCIC) របស់ឧកញ៉ា ពុង ឃាវសែ និងលេខាធិការដ្ឋានអាកាសចរណ៍​ស៊ីវិល (SSCA) ដែលត្រូវចំណាយ​ទឹកប្រាក់​ជាង​មួយ​ពាន់​លាន​ដុល្លារ (១ ៥០០លានដុល្លារ) ហើយ​ត្រូវ​បានព្យាករថា នឹងសាងសង់រួចរាល់ក្នុងឆ្នាំ២០២៣៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ