កម្ពុជា​បន្ត​បញ្ជាក់​ជំហរ​​មិន​គាំទ្រ​​ការ​​ឈ្លាន​ពាន​ទឹកដី​​ប្រទេស​អ៊ុយក្រែន​​

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កំពុងចាប់ដៃជាមួយរដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន លោក ដឹមីត្រូ គូលេបា (Dmytro Kuleba) ក្នុងឱកាសចូលជួបសម្តែងការគួរសម និងពិភាក្សាការងារនៅវិមានសន្តិភាពនាព្រឹកថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២២។ (នាយករដ្ឋមន្ត្រី ហ៊ុន សែន)

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រាប់ប្រមុខការទូត​អ៊ុយក្រែនថា ​ ជំហរកម្ពុជានៅតែប្រឆាំងចំពោះការឈ្លានពានមកលើអធិបតេយ្យ​ និងបូរណភាព​ដែនដី​​​របស់រដ្ឋឯករាជ្យ ហើយក៏​មិនគាំទ្រដល់​ការបំបែករដ្ឋ ឬការ​ទន្ទ្រានឈ្លានពានយកទឹកដី​ពីប្រទេសដ​ទៃឡើយ។​​

ការអះអាងនេះ ធ្វើឡើងក្នុងជំនួបផ្លូវការរវាងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងរដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន លោក ដឹមីត្រូ គូលេបា (Dmytro Kuleba) នាវិមានសន្តិភាព នៅព្រឹកថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២២ ស្របពេលប្រទេសអ៊ុយក្រែងកំពុងរងការឈ្លានពាន និងបំបែករដ្ឋពីសំណាក់ប្រទេសរុស្ស៊ី។ ​

ទំព័រហ្វេសប៊ុករបស់​​នាយករដ្ឋមន្រ្តី​ឱ្យដឹងថា ក្នុងជំនួបរវាងថ្នាក់ដឹកនាំកម្ពុជា និងរដ្ឋមន្ត្រីការបរទេសអ៊ុយក្រែននៅព្រឹកថ្ងៃពុធ លោក ហ៊ុន សែន  អះអាងប្រាប់ភាគីអ៊ុយក្រែនថា កម្ពុជាធ្លាប់ឆ្លងកាត់សង្គ្រាម និងធ្លាប់ទទួលរងការឈ្លានពានផងដែរ។ លោកបន្តថា ដូច្នេះកម្ពុជាយល់ពីអារម្មណ៍របស់ប្រជាជនអ៊ុយក្រែននៅពេលបច្ចុប្បន្ន។

លោកបន្ថែមថា ជំហររបស់កម្ពុជា​ចំពោះសង្គ្រាមនៅអ៊ុយក្រែន​ គឺការប្រកាន់​ភ្ជាប់ និង​គោរព​គោលការណ៍​ដែលបានចែកក្នុងធម្មនុញ្ញអង្គការ​សហប្រជាជាតិ​ និងច្បាប់អន្តរជាតិ ព្រមទាំងប្រឆាំងចំពោះការបំបែករដ្ឋ ឬការឈ្លានពានអ៊ុយក្រែនផងដែរ។

ទំព័រហ្វេសប៊ុកនាយករដ្ឋមន្ត្រីសរសេរថា៖ «កម្ពុជាប្រឆាំងនឹងការឈ្លានពាន ប្រឆាំងការគំរាមកំហែង​ ឬការប្រើប្រាស់​ហិង្សាមកលើអធិបតេយ្យ​ និងបូរណភាព​ដែនដី​របស់រដ្ឋឯករាជ្យនិង​មិនគាំទ្រដល់​ការបំបែករដ្ឋ ឬការ​ទន្ទ្រានយកទឹកដី​ពីប្រទេសដ​ទៃឡើយ»។

ប្រភពដដែលបន្តថា រដ្ឋមន្ត្រីការបរទេសប្រទេសអ៊ុយក្រែន បានអរគុណកម្ពុជា ដ្បិតកម្ពុជា​ធ្លាប់បាន​ចេញ​សេចក្តីថ្លែងការណ៍តាមរយ:​រដ្ឋមន្ត្រីការបរទេស​អាស៊ាន ចំពោះការ​គាំទ្របង្ហាញ​ពីកង្វល់ជុំវិញស្ថានការណ៍នៅក្នុងប្រទេសអ៊ុយក្រែន។

កង្វល់នោះ គឺកម្ពុជា​បានទាមទារឱ្យបញ្ឈប់ការប្រើប្រាស់កម្លាំងប្រដាប់អាវុធជាបន្ទាន់ និងងាកមករកការចរចាដោយសន្តិវិធីវិញ។ លើសពីនេះ កម្ពុជាក៏បានធ្វើជាសហស្ថាបនិកគាំទ្រចំពោះសេចក្តីសម្រេចចិត្តរបស់មហាសន្និបាតអង្គការសហប្រជាជាតិ ដែលពាក់ព័ន្ធនឹងការឈ្លានពានមកលើអ៊ុយក្រែនពីសំណាក់ប្រទេសរុស្ស៊ីថែមទៀតផង។

តាមរយៈហ្វេសប៊ុកលោក ហ៊ុន សែន ដដែល បានស្រង់ការលើកឡើងរបស់ ប្រមុខការទូតអ៊ុយក្រែន​ថា ​សុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍគ្រប់វិស័យ​ទាំងអស់ដែលកម្ពុជាមានពេលបច្ចុប្បន្ននេះ គឺជាសេចក្តីប្រាថ្នារបស់ប្រជាជនអ៊ុយក្រែនចង់បាន។

វីអូឌីបានព្យាយាមសុំការឆ្លើយតបបន្ថែម​ពី​អ្នកនាំពាក្យ​ក្រសួងការបរទេសកម្ពុជា លោក ជុំ សន្ទរី នៅថ្ងៃ៩ ខែវិច្ឆិកា ជាច្រើនសារ ប៉ុន្តែមិនអាចទាក់ទងបាន។ ​

អ្នកជំនាញ​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ​លោក ឯម សុវណ្ណរ៉ា បានលើកឡើងថា ​ការមក​បំពេញទស្សនកិច្ច​របស់​រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន​​​ជាសញ្ញាវិជ្ជមាន​​មួយ ​ក្នុងនាមកម្ពុជាជាប្រធានអាស៊ាន​។

លោក សុវណ្ណរ៉ា បន្ថែមថា ​ក្នុងកិច្ចប្រជុំ​កំពូលអាស៊ានខាងមុខនេះ​ អាចនឹងមិន​មាន​កិច្ចពិភាក្សាអំពីវិបត្តិ​នៅអ៊ុយ​ក្រែន​នោះទេ​ តែអាចមាន​ការ​ពិភាក្សាអំពីកិច្ចព្រមព្រៀង​លើ​ដៃគូសហប្រតិបត្តិការ និងមិត្តភាព​រវាងអ៊ុយក្រែនជាមួយអាស៊ាន​។

លោកបន្តថា៖«អ៊ីចឹងវាជាចំណុច​វិជ្ជមាន​មិនជាអ្វីទេ ហើយកន្លងមកកម្ពុជា​ឈរលើ​ទស្សនច្បាប់អន្តរជាតិ​បានផ្ដួចផ្ដើមជាសហស្ថាបនិក​ក្នុងការចេញសេចក្ដី​សម្រេច​​អង្គការសហប្រជាជាតិពីរលើក​ និងសហស្ថានិកក្នុងការថ្កោលទោស​រុស្ស៉ីដែល​ចូលទៅកាត់ទឹកដីរបស់អ៊ុយ ក្រែន​ចូលទៅក្នុងសហព័ន្ធរុស្សីជាដើម​»។

ក្រសួងការបរទេសកម្ពុជាកាលពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២២ បានចេញសេចក្តីប្រកាសព័ត៌មានមួយជុំវិញលទ្ធផលនៃកិច្ចសន្ទនាតាមខ្សែទូរសព្ទរវាងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាមួយប្រធានាធិបតីអ៊ុយក្រែន លោក វូឡូឌីម៉ែ ហ្សេឡិនស្គី (Volodymyr Zelenskyy) នៅថ្ងៃដដែលនោះ។

​តាមរយៈកិច្ចសន្ទនា​នោះ លោក ហ៊ុន សែន បានបង្ហាញការសោកស្តាយដែលប្រទេសអ៊ុយក្រែនរងការវាយប្រហារពីសំណាក់ប្រទេសរុស្ស៊ី លើ​ទីក្រុងកៀវ និងទីក្រុងផ្សេងៗទៀត ​បណ្តាលឱ្យបាត់បង់អាយុជីវិត និងរបួស​ជាច្រើន ព្រមទាំងខូចខាតហេដ្ឋានរចនាសម្ព័ន្ធ ដាច់ចរន្តអគ្គិសនី និងបំផ្លាញប្រព័ន្ធទឹកស្អាតយ៉ាងធ្ងន់ធ្ងរ។ ​បន្ថែមពីនេះ បណ្តាលឱ្យមានវិបត្តិថាមពល និងស្បៀងអាហារធ្ងន់ធ្ងរ រួមទាំងអតិផរណាកើនឡើងលើពិភពលោកថែមទៀតផង។

ប្រទេសរុស្ស៊ី បានចាប់ផ្តើមឈ្លានពានប្រទេសអ៊ុយក្រែនដោយកម្លាំងយោធា ដែលរុស្ស៊ីហៅថា ជាប្រតិបត្តិការយោធាពិសេស កាលពីខែកុម្ភៈ ឆ្នាំ២០២២៕  

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ