លោក​ ​ហ៊ុន​ ​សែន​ ​​សោក​ស្តាយ​​ដ្បិត​​ភរិយា​​មិន​អាច​ចូលរួម​ទទួល​​ភរិយា​ថ្នាក់​ដឹក​នាំ​​ប្រទេស​នានា​ដោយ​សារ​បញ្ហា​សុខភាព​

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងភរិយា ក្នុងពិធីទទួលស្វាគមន៍អតីតប្រធានាធិបតីសហរដ្ឋអាមេរិក លោក បារ៉ាក់ អូបាម៉ា នៅរាជធានីភ្នំពេញ អំឡុងពេលកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលអាស៊ាន ក្នុងនាមជាប្រធានអាស៊ានកាលពីឆ្នាំ២០១២។ (នាយករដ្ឋមន្ត្រី)

ប្រមុខរដ្ឋាភិបាល លោក ហ៊ុន សែន អះអាងថា ភរិយារបស់លោកមិនអាចចូលរួមទទួលភរិយាថ្នាក់ដឹកនាំនៃប្រទេសនានាបានដោយសារភរិយាលោកមានបញ្ហាសុខភាព ខណៈលោកបង្ហាញការសោកស្តាយចំពោះបញ្ហានេះ។

ការសោកស្តាយនេះ ធ្វើឡើង​ចំពេលទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា លើកទី៦៩ ឆ្នាំ២០២២ និងស្របពេលថ្ងៃទី២នៃដំណើរកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១ និងកិច្ចប្រជុំពាក់ព័ន្ធ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសរសេរសារនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់លោកនៅថ្ងៃពុធថា លោកសោកស្តាយ ដោយភរិយារបស់លោកមិនអាចចូលរួមទទួលភរិយាថ្នាក់ដឹកនាំនៃប្រទេសនានាបានដោយសារបញ្ហាសុខភាព។

ក្នុងនោះ លោកថា តាំងពីកម្ពុជាចូលជាសមាជិកអាស៊ាននៅឆ្នាំ ១៩៩៩មក ភរិយារបស់លោកមិនដែលខកខានក្នុងការចូលរួមប្រជុំអាស៊ានប្រចាំឆ្នាំជាមួយលោកឡើយ ជាពិសេសនៅពេលកម្ពុជាធ្វើប្រធានអាស៊ានឆ្នាំ២០០២ និងឆ្នាំ២០១២ ភរិយារបស់លោក គឺ លោកស្រី ប៊ុន រ៉ានី បានបំពេញកិច្ចការដ៏ល្អក្នុងនាមភរិយាប្រធានអាស៊ាន។

នាយករដ្ឋមន្ត្រីដែលកាន់អំណាចជិត៤០ឆ្នាំរូបនេះ ប្រាប់ថា ភរិយាលោកមិនត្រឹមតែចូលរួមអមដំណើរលោកក្នុងកិច្ចប្រជុំអាស៊ានទេ ប៉ុន្តែ​គ្រប់វេទិកាអន្តរជាតិតែម្តង ដែលភរិយារបស់គាត់នៅជាមួយលោករហូតមានដូចជាវេទិកាអង្គការសហប្រជាជាតិ ចលនាមិនចូលបក្សសម្ព័ន្ធ ត្បូង ត្បូង អាស៊ី អឺរ៉ុបជាដើម។

លោក ហ៊ុន សែន បន្តថា«សូម្បីតែការចរចារកសន្តិភាពរវាងភាគីកម្ពុជា ក៏មានវត្តមានភរិយាទៅចូលរួមជាប់ជានិច្ចដែលគេអាចមើលឃើញក្នុងខ្សែភាពយន្ត គេនឹងឃើញភរិយាខ្ញុំឈរពីក្រោយខ្ញុំពេលចុះហត្ថលេខាលើកិច្ចព្រមព្រៀងប៉ារីសតាំងពីក្មេងពាលនៅស្រាតនៅឡើយ។ នៅមានទៀត ភរិយាខ្ញុំនៅបានធ្វើសកម្មភាពដោយឡែកផ្សេងទៀតនៅតាមទីកន្លែងនិងប្រធានបទខុសៗគ្នារាប់ទាំងទៅថ្លែងការណ៍នៅអង្គការសហប្រជាជាតិតាមការអញ្ជើញពីអគ្គលេខាធិការអង្គការសហប្រជាជាតិទៀតផង»​។

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន មានប្រសាសន៍ប្រាប់ VOD នៅទី៩ខែវិច្ឆិកាថា គ្រូពេទ្យបានហាមប្រាមមិនឱ្យភរិយាលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ឈរ ឬអង្គុយយូរឡើយ។ លោកថា ដូច្នេះទើបលោកស្រី ប៊ុន រ៉ានី មិនអាចទទួលភ្ញៀវក្នុងឱកាសសំខាន់នេះបាន។ លោកបន្ថែមថា នេះមិនមែនជារឿងចម្លែកទេ ត្បិតមនុស្សលោកតែងមានឈឺ មានជា គឺជារឿងធម្មតា។

យ៉ាងណា លោក សុខ ឥសាន ថា អវត្តមានភរិយារបស់នាយករដ្ឋមន្ត្រីកម្ពុជាក្នុងពេលប្រជុំធំបែបនេះគឺមិនមានផលប៉ះពាល់អ្វីនោះឡើយ។

លោកថា៖«មិនប៉ះពាល់អីទេ ពីព្រោះគ្រាន់តែពិធីការ! និយាយរួមការគួរសមចំពោះភ្ញៀវដែលអញ្ជើញមក ទាំងប្តីទាំងប្រពន្ធមកកម្ពុជា ហើយយើងមិនបានទទួលឱ្យបាន មានសម្តេច ផងហើយមានសម្តេចគតិព្រិទ្ធបណ្ឌិតផង គ្រាន់តែប៉ុណ្ណឹងតើ។ ​រឿងអស់នេះ វាមិនចម្លែកអីទេ ហើយសម្តេចនាយករដ្ឋមន្ត្រី លោកក៏បានជម្រាបជូនសាធារណជន ក៏ដូចជាភ្ញៀវជាតិ-អន្តរជាតិទាំងអស់ហើយតើ»។

អ្នកស្រាវជ្រាវផ្នែកភូមិសាស្ត្រនយោបាយ លោក វណ្ណ ប៊ុនណា មើលឃើញថា មាន ឬអវត្តមានដៃគូអ្នកដឹកនាំមិនបានចោទជាបញ្ហាទេ ហើយក៏មិនបានបង្កផលប៉ះពាល់ដល់រូបភាពប្រជុំ ឬមុខមាត់អ្វីដែរ ពោលការចូលរួមជាគូ គឺគ្រាន់តែជាពិធីការដែលបង្ហាញនូវភក្តីភាពរវាងដៃគូថ្នាក់ដឹកនាំទៅវិញទៅមកតែប៉ុណ្ណោះ។

លោកថា៖«មុខមាត់របស់កម្ពុជា ខ្ញុំគិតថាមិនប៉ះពាល់ទេ ដោយសារការប្រជុំអាស៊ានគេផ្តោតសំខាន់ទៅលើការដោះស្រាយបញ្ហាធំៗដែលអាស៊ានកំពុងតែចួបវិបត្តិ។ ចឹងទេដំណើរការហ្នឹង មិនមានភរិយារបស់មេដឹកនាំចូលរួម វាអត់ប៉ះពាល់ដល់មេដឹកនាំ ឬក៏ការវិវឌ្ឍនៃកិច្ចប្រជុំទេ»។

ទោះជាយ៉ាងណា លោក ប៊ុនណា មិនបានដឹងទេ ថាតើពីមុនមកនៅលើឆាកអន្តរជាតិធ្លាប់កើតមានបញ្ហាបែបនេះដែរ ឬអត់នោះឡើយ។

កាលពីថ្ងៃទី៦ ខែវិច្ឆិកា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបកស្រាយថា ​អវត្តមានភរិយារបស់លោកក្នុងពិធីធំៗក្នុងរយៈពេលកន្លងមក រួមទាំងការប្រជុំអាស៊ានផង គឺដោយសារ​ភរិយាលោកមានបញ្ហាសុខភាពទាក់ទងដល់ឆ្អឹងខ្នងដែលគ្រូពេទ្យហាម​មិនឱ្យគាត់​អង្គុយយូរបាន។

បញ្ហានេះ លោក ហ៊ុន សែន បានសុំការអធ្យាស្រ័យពី​ភរិយាប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលនៃប្រទេសនានាដែល​អញ្ជើញមកកម្ពុជា ព្រោះតែ​ភរិយាគាត់មិនអាចចេញទទួលបានដោយ​សារស្ថិតក្នុងរយៈពេលនៃការព្យាបាលជំងឺ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ