ពលរដ្ឋ​​នៅ​ភូមិ​ស្នា​សង្គ្រាម​រំពឹង​ថា​ ​អាជ្ញាធរ​នឹង​ដោះ​ស្រាយ​បញ្ចប់​បញ្ហា​ដីធ្លី​​ជូន​ពួក​គាត់​​​ក្រោយ​បុណ្យ​អុំទូក​

ពលរដ្ឋរស់នៅភូមិស្នាសង្គ្រាម ឃុំបល្ល័ង្គ ស្រុកប្រាសាទបាគង ខេត្តសៀមរាប លើកបដាតវ៉ា​ប្រឆាំងអាជ្ញាធរជាតិអប្សរា កាលពីថ្ងៃទី២៩​ ខែតុលា ឆ្នាំ២០២២។ (រូបថត៖ ផ្តល់ឱ្យ)

តំណាងពលរដ្ឋជាង២០០គ្រួសារ នៅភូមិស្នាសង្គ្រាម ស្រុកប្រាសាទបាគង ខេត្តសៀមរាប រំពឹងថា អាជ្ញាធរនឹងជួយដោះស្រាយបញ្ហាដីធ្លីរបស់ពួកគាត់ដែលអូសបន្លាយជិត២០ឆ្នាំ​ឱ្យដាច់ស្រេច ក្រោយបុណ្យអុំទូកចប់ ស្របពេលពួកគេកំពុងប្រឈមកង្វះដីធ្លីសម្រាប់បង្កបង្កើនផល​។

ក្តីរំពឹងនេះ ធ្វើឡើងក្រោយពលរដ្ឋជាង ១០០នាក់ដែលអះអាងថាតំណាងឱ្យពលរដ្ឋ២១០គ្រួសារ លើទំហំដី ១៦០ហិកតា នៅស្រុកប្រាសាទបាគង ខេត្តសៀមរាប បានលើកគ្នា​មកតវ៉ាម្តងហើយម្តងទៀតនៅមុខសាលាស្រុក សាលាខេត្ត ដើម្បីទាមទារ​សំណងដីធ្លីសមរម្យតាម​តម្លៃទីផ្សារពាក់ព័ន្ធបញ្ហាដីធ្លីរ៉ាំរ៉ៃ​ ដែលអាជ្ញាធរអប្សរាបានដកហូតយកតាំងពីឆ្នាំ២០០៥។ ​

ពលរដ្ឋរស់នៅភូមិស្នាសង្គ្រាម ឃុំបល្ល័ង្គ ស្រុកប្រាសាទបាគង ខេត្តសៀមរាប លោក សំ មុំ ប្រាប់ VOD នៅថ្ងៃពុធថា អភិបាលរងស្រុកប្រាសាទបាគងបានសន្យាជាមួយពលរដ្ឋថា អាជ្ញាធរនឹងចុះមកដោះស្រាយបញ្ហាដីធ្លីនេះជូនអ្នកភូមិដោយតម្លាភាព ក្រោយចប់ពិធីបុណ្យអុំទូក។ លោកបន្តថា ការសន្យារបស់អាជ្ញាធរនេះបានធ្វើឡើង នៅពេលអ្នកភូមិបានលើកគ្នាទៅសួរនាំដល់សាលាស្រុកកាលពីថ្ងៃទី ៣ ខែវិច្ឆិកា។

យ៉ាងណា ពលរដ្ឋនៅខេត្តសៀមរាបរូបនេះថា អ្នកភូមិកំពុងទន្ទឹមរង់ចាំដំណោះស្រាយឱ្យដាច់ស្រេច ដើម្បីលៃលកដីធ្វើស្រែចម្ការចិញ្ចឹមជីវិត ព្រោះជីវភាពរបស់ពួកគាត់ពឹងផ្អែកស្ទើរទាំងស្រុងលើរបរកសិកម្ម ស្របពេលតម្រុយដំណោះស្រាយនៅមិនទាន់លេចជារូបរាង។

លោកថា៖ «ខ្ញុំសង្ឃឹម ៣០% [ថាអាជ្ញាធរនឹងជួយដោះស្រាយក្រោយបុណ្យអុំទូក] បើសង្ឃឹម៥០%ទៅ ក្រែងវាមិនបាន។ ពលរដ្ឋមានតែការដាក់ពាក្យស្នើសុំគាត់រហូតដើម្បីឱ្យគាត់ជួយដោះស្រាយដីពលរដ្ឋ។ ពលរដ្ឋមិនមានដីសម្រាប់ធ្វើស្រែធ្វើចម្ការដើម្បីចិញ្ចឹមគ្រួសារទេ បើគិតទៅគាត់មានតែបាតផ្ទះ និងភូមិបន្តិចទេ»។

ចាប់​តាំង​ពី​ពាក់​កណ្តាល​ឆ្នាំ២០២២មក ប្រជាពលរដ្ឋ​រាប់សិ​បនា​ក់ រស់​​នៅ​ភូមិ​ស្នា​​សង្គ្រាម ឃុំ​​បល្ល័ង្ក ស្រុក​ប្រាសាទ​បាគង ដែលមាន​ដី​អាស្រ័យ​ផល​​នៅ​ភូមិ​ធម្មជាតិ​រុនតា​ឯក ឃុំ​រុន​តាឯក ស្រុក​បន្ទាយ​ស្រី បាននាំគ្នាដាក់ញត្តិ និងតវ៉ាជាបន្តបន្ទាប់នៅតាមស្ថាប័នរដ្ឋមួយចំនួនក្នុងខេត្តសៀមរាប ដើម្បីទាមទាររក​ដំណោះ​ស្រាយ។

បើតាមអ្នកភូ​មិ ពួក​គាត់​​ចំនួន​​២១០គ្រួសារ ត្រូវបានអាជ្ញាធរជាតិអប្សរាដាក់បង្គោល​​​ហ៊ុំព័ទ្ធ​យក​ដី​ស្រែ​អស់ ១៦០​​ហិកតា កាល​ពី​ឆ្នាំ២០០៥ ដោយ​សន្យាផ្តល់សំណង​ចន្លោះពី​៥០០​ដុល្លារ ទៅ៧០០ដុល្លារក្នុង១ហិកតា ប៉ុន្តែរហូតមកដល់ចុងឆ្នាំ២០២២​នេះ ស្ថាប័ន​មួយ​នេះ​មិន​ទាន់​​ផ្ត​ល់​សំណង​ជូនពលរដ្ឋនៅ​ឡើយ ដែលធ្វើឱ្យពួកគាត់កើតទុក្ខមិនសុខ​ចិត្ត ហើយបន្តតវ៉ាម្តងហើយម្តងទៀត៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ