គណបក្សភ្លើងទៀនចោទថា បក្សកាន់អំណាចធ្វើឱ្យប្រជាធិបតេយ្យធ្លាក់ចុះនិងរឹតត្បិតសេរីភាពខាងនយោបាយ

លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ចូលរួមក្នុងអង្គមិទ្ទិញអបអរសាទរខួប៧១ឆ្នាំ ថ្ងៃកំណើតបក្សប្រជាជនកម្ពុជា (២៨ មិថុនា ១៩៥១-២៨ មិថុនា ២០២២) ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២២។ (ហ្វេសប៊ុកលោក ហ៊ុន សែន)

នៅអំឡុងពេលដែលមេដឹកនាំនៃប្រទេសមហាអំណាចកំពុងចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ាន ដែល​​​កម្ពុជាធ្វើជាម្ចាស់ផ្ទះនេះ គណបក្សភ្លើង​ទៀន ដែល​ជា​បក្សនៅក្រៅរដ្ឋាភិបាល ស្នើឱ្យបណ្ដា​​​មេ​ដឹកនាំ​ទាំង​នោះ ជាពិសេសសហរដ្ឋអាមេរិក ធ្វើកិច្ចអន្តរាគមន៍ដោយជំរុញរដ្ឋាភិបាលកម្ពុជាឱ្យ​​គោ​​​រព​សិទ្ធិ​មនុស្ស និងសិទ្ធិនយោបាយរបស់បក្សប្រឆាំង។

នៅថ្ងៃព្រហស្បតិ៍នេះ គណបក្សភ្លើងទៀន បានចេញសេចក្តី​អំពាវនា​វ​​មួយ នៅមុ​​​ន​ដំណើរ​បំ​​ពេញ​ទ​​ស្ស​ន​កិច្ច​មក​ដល់​កម្ពុជា​​របស់ប្រធានាធិបតីសហរដ្ឋអាមេរិក ដោយ​គណ​​ប​​ក្ស​​​​ក្រៅ​រដ្ឋាភិបាល​នេះស្វាគ​​មន៍​​​​ការ​​បង្ហាញវត្តមាន​របស់​លោក ចូ បៃឌិន (Jo Biden) សម្រាប់​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​បូក ​ដែ​​​​ល​​​កម្ពុជាធ្វើជាម្ចាស់ផ្ទះនៅឆ្នាំ២០២២នេះ។

គណបក្សភ្លើងទៀន ក៏បានលើកឡើង​នៅក្នុងសេចក្តីថ្លែងការណ៍​របស់​ខ្លួន នៅថ្ងៃទី១០ ខែវិច្ឆិកា​នេះ​​​​​​ ថាក្នុងនាមជាបក្សនយោបាយ គឺស្នើសុំការអន្តរាគម​ន៍ពីសហរដ្ឋអាមេរិក ក្នុងការជំរុញឱ្យ​​រដ្ឋាភិ​​បាលដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា បញ្ឈប់​សកម្មភាពធ្វើទុក្ខបុកម្នេញ​​ខាង​នយោ​បាយ ស​​ម្លុត​​​​គំ​​រាម​​​​កំហែង និងការប្រើប្រាស់ប្រព័ន្ធតុលាការដើម្បី​បង្រ្កាប​សំឡេង​ប្រឆាំង។ មិនតែ​ប៉ុណ្ណោះ គណបក្សនេះក៏ស្នើ​​​ឱ្យ​ទម្លាក់ចោលរាល់ការចោទប្រកាន់ក្រោម​ហេតុ​ផល​នយោ​បាយ​​ប្រឆាំង​សកម្ម​ជន និងយុ​​វ​​ជ​​ន​​​ស្រឡាញ់​បរិស្ថាន ដែល​ត្រូវ​បាន​ឃុំខ្លួន​ទាំង​អយុត្តិធម៌​នៅ​ក្នុង​ពន្ធនាគារ។

ប្រភព​ដដែលបន្ថែមថា ក្រៅពីនេះ ត្រូវបង្កើតឱ្យមានលំហនយោបាយឡើងវិញ ដើម្បីធានាចំពោះ​​ប្រ​​ក្រ​​​​​តីភាព​​នៃដំណើរប្រជាធិបតេយ្យ សិទ្ធិក្នុងការបញ្ចេញមតិ និងការគោរពសិទ្ធិ​​មនុស្សជាមូល​​ដ្ឋា​​ន​ ហើយដោះលែងអ្នកទោសនយោបាយដោយគ្មានលក្ខខណ្ឌ​​។ មួយវិញទៀត ត្រូវធានាឱ្យ​​បាន​​​ពី​​ឯ​ក​​រាជ្យភាពរបស់ស្ថាប័នជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ដូចគោលការណ៍សេរី ត្រឹមត្រូវ និង​​យុត្តិ​​ធម៌ ដើម្បីឱ្យការបោះឆ្នោតដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី​២៣ ខែកក្កដា ឆ្នាំ២០២៣ ខាង​​មុខ​នេះ អាច​​​ជឿ​ទុក​ចិត្តបាន ដែលស្របតាមរដ្ឋធម្មនុញ្ញ និងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសស្តីពី​​កម្ពុ​​ជា​។

ឆ្លើយតបនឹងការចោទប្រកាន់នេះ មន្រ្តីនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន ហៅ​​កា​រ​​រិះគន់នេះថា ជាការមើលសភាពការណ៍នយោបាយមិនបានស៊ីជម្រៅ ហើយថែមទាំ​​ងមិន​​បា​ន​​​ឆ្លុះ​បញ្ចាំងពីភាពរីកចម្រើន​ខាងប្រជាធិបតេយ្យដែលក​ម្ពុជា​កំពុងតែមានដូច​​ក្នុងពេលបច្ចុប្បន្ន​​នេះ​។

បើតាមលោក សុខ ឥសាន អ្វីដែលមេដឹកនាំសំខាន់ៗនៅលើពិភពលោក​បង្ហាញវត្តមាននៅកម្ពុជា អំ​​ឡុ​ងកិច្ចប្រជុំកំពូលអាស៊ាន ដែល​កម្ពុជាធ្វើជាម្ចាស់ផ្ទះនេះ មានន័យថា​​ ដោយសារកម្ពុជា​​ពោរ​​ពេ​​ញ​​ដោយ​​ប្រជាធិបតេយ្យ ការគោរពសិទ្ធិមនុស្ស និងធានាបានពីសុខសុវត្ថិភាពសម្រាប់ដំណើ​​រកា​​រ​​នៃ​​​​កិច្ច​​ប្រជុំទាំង​​មូល​​នេះ​​​។

លោកបន្តថា៖ «ការដែលចង់ឱ្យមហាអំណាចស្ដារល​ទ្ធិប្រជាធិបតេយ្យ ខ្ញុំយល់ថា សភាព​ការណ៍​នេះ វា​​​មិន​ដូចអ្នកថាទេ។ ប្រសិនណាបើលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាធ្លាក់ចុះ ហើយនឹងមាន​​ការរំ​​លោ​​ភ​​​​​សិទ្ធិមនុស្សធ្ងន់ធ្ងរដូចដែលគេនិយាយលាប​ពណ៌​នោះ ខ្ញុំយល់ថា បណ្តា​​​ប្រទេស​មហា​​អំណាច​ ​​គេ​​​​នឹ​​ងមិនមកចូលរួមនៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន ហើយនឹងភាគី​ពាក់​ព័ន្ធ​នៅ​ពេល​នេះ​ទេ»។

ក្រសួងការបរទេសកម្ពុជា កាលពីថ្ងៃទី​៤ ខែ​វិច្ឆិកា ឆ្នាំ២០២២ បានចេញសេចក្តីប្រកាសព័ត៌​​មាន​​រ​ប​ស់​​​ខ្លួន ដោយបញ្ជាក់ថា ក្នុងរយៈពេល៤ថ្ងៃនៃកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ច​ប្រជុំ​កំពូល​ពាក់​ព័ន្ធ ដែ​​ល​​កម្ពុជាធ្វើជា​ម្ចាស់​ផ្ទះប្ដូរវេននេះ កម្ពុជាកំពុងតែត្រៀមខ្លួនទទួលប្រមុខរដ្ឋាភិបាលដែល​​នឹង​​ត្រូ​​​វចូលរួម នៅរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី​១០ រហូតដល់ថ្ងៃទី១៣ ខែវិច្ឆិកា។

ដោយឡែក សម្រាប់កិច្ចប្រជុំកំពូលអាស៊ាន លើកទី១០ រវាងអាស៊ាន និងសហរដ្ឋអាមេរិកនេះ មន្រ្តី​​រដ្ឋា​​ភិបាលនៅមិនទាន់​បញ្ជាក់បាននៅឡើយទេ ថាតើលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន អាចនឹង​​មា​​ន​​​​ជំនួប​ទ្វេភាគីជាមួយនិ​ង​លោក ចូ បៃឌិន ដែរ​ឬ​យ៉ាង​ណា។

បើទោះបែបណា គណបក្សភ្លើងទៀនបានលើកឡើងនៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់ខ្លួនកា​​ល​​​​​ពីថ្ងៃទី​៩ ខែវិច្ឆិកា ​ថាដោយសារកម្ពុជាមានទំនាក់ទំនងស្អិតល្មួតជាមួយចិនកុម្មុយនីស្ត បាន​បង្ខំ​​ឱ្យ​​រដ្ឋ​​អ​ធិ​​បតេយ្យមួយនេះត្រូវប្រឈមមុខនឹងការបាត់បង់​អព្យាក្រឹត្យភាព ដែលធានាដោយរដ្ឋ​​ធម្មនុ​​ញ្ញ​ និង​​កិច្ច​​ព្រ​ម​​ព្រៀងសន្តិភាពទីក្រុងប៉ារីស នឹងនាំឱ្យប្រទេសលោកសេរីបង្ហាញក្តី​​បារម្ភ​​ពី​​ចំពោះ​​​វ​​ត្ត​​​​​មាន​យោធាចិននៅសមុទ្ររាម ដែលជាការ​គំរាមកំហែងទៅដល់សន្តិសុខក្នុងតំបន់និង​ពិភ​​​ព​​​លោ​​​​ក​​។

សម្រាប់លោក វណ្ណ ប៊ុនណា អ្នកជំនាញផ្នែកវិទ្យាសាស្រ្តនយោបាយ ក៏ឯកភាពដែរថា ចំពោះស្ថាន​​ភាព​​​​នយោ​​បាយនៅកម្ពុជា ពិតជាជួបបញ្ហាដូចការមើល​​ឃើញរបស់គណបក្សនៅក្រៅ​​រដ្ឋា​​ភិបាល​​មែ​ន។ ​​មួយ​​​វិ​​ញទៀត លោកថា ប្រសិន​បើជំនួប​ពិត​ជាកើតឡើង​រវាង​លោក ចូ បៃឌិន ជាមួយ​នឹង​អាស៊ាន​មែន ទំនង​​​​នឹ​​ងមិន​ផ្តល់​​​ផល​​ចំ​​ណេញណាមួយសម្រាប់ផលប្រយោជន៍កម្ពុជាប៉ុន្មាន​ទេ ជាពិសេ​​​ស​​រឿ​​ង​​បញ្ហា​​សិទ្ធិម​​នុ​​ស្ស និងលំ​ហ​​​​សេ​​រីភាពខាងនយោបាយនេះ។

លោកបន្តថា តាម​ពិត​ទៅ ​រដ្ឋាភិបា​​ល​​​ធ្លា​​ប់​​​​រង​​ទណ្ឌកម្មខ្លះៗមកហើយពីសហគមន៍​អន្តរ​ជាតិ ប៉ុន្តែ​វិធាន​ការ​ទាំង​នោះនៅ​តែមិនទាន់​​​​​អា​​ច​​​​​​ចាប់​បង្ខំឱ្យកម្ពុជាអនុវត្ត​តាម​ដូច​អ្វីដែល​ប្រទេស​លោក​សេរី​ចង់​បាន​ដែរ។

លោកបន្តថា៖ «ដោយសារនៅពេលនេះ គឺភូមិសាស្រ្តន​យោបាយ​ត្រូវបាន​ផ្តោតខ្លាំង​ពីសំណាក់​ប្រទេស​​​​ទាំង​នោះ។ មួយ​ទៀត ប្រសិនបើមានការលើកឡើងអំពីសិទ្ធិមនុស្ស និង​ប្រជាធិប​តេយ្យ​ក៏ពិ​​​ត​​​មែន ខ្ញុំក៏នៅមានសង្ឃឹមតិច​​ណាស់ថារដ្ឋាភិបាលនឹង​​យកមកពិចារណា។​ កន្លងទៅនេះ ធ្លាប់​មាន​​​ទ​​ណ្ឌកម្ម ក៏ដូចជាមានការសំណូមពរ និងដាក់សម្ពាធយ៉ាងណាក៏ដោយ ក៏រដ្ឋាភិបាល​​កម្ពុជា​មិន​​អើ​​ពើ​​​​អំពីសិទ្ធិមនុស្ស និងប្រជាធិបតេយ្យហ្នឹងដែរ»។

បើទោះបែបណា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ធ្លាប់បានបញ្ជាក់ជំហរជាញឹកញាប់នៅក្នុងវេ​​ទិ​​កា​​​​​​​​សាធារណៈហើយថា កម្ពុជានឹងមិនរណបបរទេសព្រោះតែលក្ខខណ្ឌផ្សេងៗណាមួយ​នោះ​​ឡើ​​យ​​​​។ គោលនយោបាយរបស់រដ្ឋាភិបាលនេះហើយ ដែល​សហគមន៍ជាតិនិងអន្តរជាតិរិះគន់ថា កម្ពុ​​​ជា​​​​កំពុងតែធ្វើឱ្យប្រជាធិបតេយ្យធ្លាក់ចុះនិងដើរថយក្រោយ។

ដោយឡែក នៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់​គណបក្សភ្លើងទៀន សង្កេតឃើញថា បញ្ហា​​ធ្លាក់​​ចុះ​​​នៃដំណើរ​កា​​រ​​​ប្រ​ជា​ធិបតេយ្យ និងការមិនគោរពសិទ្ធិមនុស្សធ្ងន់ធ្ងរ មិនមែនមានតែកម្ពុជាទេ បណ្ដារដ្ឋ​​​ដ​ទៃ​​​​​​ទៀ​​​ត​​​​នៅក្នុងតំបន់អាស៊ាន ដូចជា មីយ៉ាន់ម៉ា​ និង​ថៃ ជាដើម រួម​ទាំង​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង​ផង បាន​​​ក្លា​​​យ​​ជាបន្ទុកដ៏ធំសម្រាប់ប្រទេសក្នុងតំបន់ និងពិភពលោក ត្រូវដោះស្រាយ និង​អន្តរា​គមន៍។

​​លើសពីនេះ គណបក្សភ្លើងទៀន មើលឃើញថា ​​សម្រាប់បរិបទនយោបាយ​នៅកម្ពុជាហាក់ប្លែក​​ពី​​បណ្តា​​​​រដ្ឋ​​ទាំង​នោះនៅត្រង់ថា សិទ្ធិធ្វើនយោបាយ​​ត្រូ​​វបានដកហូត ដោយមិនអនុវត្តតា​​មរដ្ឋធ​ម្ម​​នុ​​ញ្ញ និងធម្ម​​នុ​ញ្ញអន្តរជាតិដទៃទៀត ដូចមាន​​បញ្ញ​ត្តិ​​នៅក្នុងកិច្ចព្រមព្រៀងនយោបាយរួម ដែល​​អ្ន​ក​​​​ន​​យោ​​បា​​យ​​​​នៅក្រៅរដ្ឋាភិបាល ក្លាយជាគោល​​ដៅ​​នៃ​​​ការបង្រ្កាប​​៕​​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ