ប្រធានា​ធិបតី​​អាមេរិក​ ​លោក​ ចូ​ ​បៃដិន​ ​មក​ដល់​កម្ពុជា​​ក្រោម​ការ​រឹត​បន្តឹង​សន្តិសុខ​

ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន បានអញ្ជើញចុះពីលើយន្តហោះនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញនៅថ្ងៃព្រឹកថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ២០២២ ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក។ (ហ៊ាង រង្សី)

ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន បានមកដល់កម្ពុជាហើយនៅម៉ោងជាង ៨ព្រឹក ថ្ងៃសៅរ៍នេះ ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ ក្រោមការរឹតបន្តឹងសន្តិសុខនៅអាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញ ព្រមទាំងផ្អាកការធ្វើដំណើរនៅតាមបណ្តាមហាវិថីមួយចំនួនជាច្រើនម៉ោង។

បើតាមរបៀបវីរៈរបស់ប្រធានប្តូវវេនអាស៊ាន ឱ្យដឹងថា លោក ចូ បៃដិន នឹងចូលរួមក្នុងកិច្ចប្រជុំអាស៊ាន-អាមេរិក នៅ​ល្ងាចថ្ងៃសៅរ៍ទី១២ ខែវិច្ឆិកានេះ។

ក្រៅពីនោះ មេដឹកនាំនៃ​ប្រទេសសមាជិកអាស៊ាន និងថ្នាក់ដឹកនាំនៃប្រទេសតូច ធំ មួយចំនួនបាន​មកដល់ប្រទេស​កម្ពុជា​​ហើយ ដើម្បីចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១ និងកិច្ចប្រជុំពាក់ព័ន្ធ នៅរាជធានីភ្នំពេញ ខណៈឆ្នាំ២០២២​នេះ កម្ពុជាធ្វើជាម្ចាស់ផ្ទះ។

ភ្ញៀវ​សំខាន់ៗ​ដែល​បាន​មកដល់កម្ពុជា គិត​ត្រឹមព្រឹកថ្ងៃសៅរ៍នេះ រួមមាន លោក Klaus Schwab ស្ថាបនិក និងជាប្រធានប្រតិបត្តិនៃវេទិកាសេដ្ឋកិច្ចពិភពលោក និង​ភរិយា, នាយករដ្ឋមន្ត្រីឡាវ លោក Phankham Viphavanh និងភរិយា, ព្រះមហាក្សត្រ ស៊ុលតង់ ព្រមទាំងទាយាទរបស់ព្រះអង្គ និង​ថ្នាក់ដឹកនាំនៃប្រទេសព្រុយណេ, នាយករដ្ឋមន្រ្តីថៃ លោក ប្រាយុទ្ធ ចាន់អូចា និងភរិយា, ប្រធានាធិបតីឥណ្ឌូនេស៊ី លោក ចូកូ វីដូដូ និងភរិយា, ប្រធានាធិបតីហ្វីលីពីន លោក ហ្វឺឌីណាន់ ម៉ាកូស ជេអរ និងភរិយា, នាយករដ្ឋមន្រ្តីសិង្ហបុរី លោក លី សៀនឡុង,ប្រធានាធិបតីកូរ៉េខាងត្បូង លោក យូន ស៊ុកយុល និង រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងគោលនយោបាយ ចក្រភពអង់គ្លេស លោក ហ្រ្គេគ ហែន ជាដើម។

ចំណែកលោក លី ខឺឈាង (Li Keqiang) នាយករដ្ឋមន្ត្រីចិន បាន​មកដល់កម្ពុជា និង​ជួប​ជាមួយ​លោក​​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន នៅថ្ងៃ​៩ ខែវិច្ឆិកា ក្នុងនោះ ភាគីទាំង២ បាន​ចូលរួម​ពិធី​ចុះហត្ថលេខា​លើ​ឯកសារ​ផ្តល់ជំនួយ​លើគ​ម្រោង​អភិវឌ្ឍន៍​មួយ​ចំនួន​នៅ​កម្ពុជា​ នៅមុន​កាល​បរិច្ឆេទ​សំខាន់​នៃ​កិច្ច​ប្រជុំ​អាស៊ាន​នេះ។

ចំណែកនាយករដ្ឋមន្ត្រីវៀតណាម លោក ផាម មិញជិញ ក៏បានធ្វើដំណើរទស្សនកិច្ចផ្លូវការមកកម្ពុជាដែរ នៅថ្ងៃទី៨-៩ ខែវិច្ឆិកា តបតាម​ការ​អញ្ជើញ​របស់​លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។

ព្រឹត្តិការណ៍នៅរាជធានីភ្នំពេញនាឱកាសនេះមានដូចជា កិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និងលើកទី៤១, កិច្ចប្រជុំកំពូលអាស៊ាន-ចិន លើកទី២៥, កិច្ចប្រជុំកំពូលអាស៊ាន-ជប៉ុន លើកទី២៥ , កិច្ចប្រជុំកំពូលអាស៊ាន-សាធារណរដ្ឋកូរ៉េ លើកទី២៣, កិច្ចប្រជុំកំពូលអាស៊ានបូកបី លើកទី២៥ , កិច្ចប្រជុំកំពូលរំលឹកខួប៣០ឆ្នាំ នៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-ឥណ្ឌា, កិច្ចប្រជុំកំពូលអាស៊ាន-សហរដ្ឋអាមេរិក លើកទី១០, កិច្ចប្រជុំកំពូលអាស៊ាន-អូស្ត្រាលី លើកទី២, កិច្ចប្រជុំកំពូលរំព្ញកខួបនៃទំនាក់ទំនងអាស៊ាន-កាណាដា, កិច្ចប្រជុំកំពូលអាស៊ាន-អង្គការសហប្រជាជាតិ និងកិច្ចប្រជុំកំពូលអាស៊ីបូព៌ា លើកទី១៧ ផងដែរ។

ដំណើរការរៀបចំកិច្ចប្រជុំកំពូល​អាស៊ាន​លើក​ទី​៤០ និង​៤១ និង​កិច្ច​ប្រជុំពាក់ព័ន្ធដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ចាប់ផ្តើមដំណើរការចាប់ពីថ្ងៃអង្គារ ទី៨ ខែ​វិច្ឆិកានេះ ក្រោមការរឹតបន្តឹងសន្តិសុខសុវត្ថិភាព​ ខណៈអាជ្ញាធររាជធានីភ្នំពេញអះអាងថា បានត្រៀមរួចរាល់អស់ហើយ ក្នុងនោះមានការប្រើកម្លាំងជាង ២ ៣០០នាក់ ដើម្បីការពារសន្តិសុខ និង​សណ្តាប់ធ្នាប់ក្នុងអំឡុងកិច្ចប្រជុំនេះ។

កិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ​លើកនេះ ត្រូវបានរៀបចំឡើងនៅរាជធានីភ្នំពេញ មានរយៈពេល៦ថ្ងៃ ពោលគិតចាប់ពីថ្ងៃទី​៨ ខែវិច្ឆិកា ដល់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២។ យ៉ាងណា របៀបវារៈសំខាន់ៗត្រូវបានចា​ប់ផ្តើមនៅថ្ងៃទី១១-១៣ ខែវិច្ឆិកា៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ