ប្រធានា​ធិបតី​សហរដ្ឋ​អាមេរិក​​ជំរុញ​កម្ពុជា​ដោះ​លែង​អ្នក​ជាប់​ឃុំ​នយោបាយ​ រួមទាំង​កញ្ញា​ ​សេង​ ​ធារី​

កញ្ញា សេង ធារី ឈរស្រែកនៅមុខសាលាដំបូងរាជធានីភ្នំពេញ ក្នុងថ្ងៃប្រកាសសាលក្រមសាលាដំបូងរាជធានីភ្នំពេញ លើកញ្ញា និងសកម្មជនគណបក្សសង្គ្រោះជាតិដែលត្រូវតុលាការរំលាយ ពាក់ព័ន្ធបទចោទ «ញុះញង់ និងរួមគំនិតក្បត់» ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២។ (ហ៊ាន រង្សី)

ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន បានជំរុញទៅលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ឱ្យដោះលែងអ្នកជាប់ឃុំដែលត្រូវបានចោទប្រកាន់ពាក់ព័ន្ធរឿងនយោបាយ និងមេធាវីអន្តរជាតិដែលមានសញ្ជាតិអាមេរិកាំង កញ្ញា សេង ធារី ព្រមទាំងស្នើឱ្យបើកលំហសិទ្ធិពលរដ្ឋ សង្គមស៊ីវិល និងសិទ្ធិនយោបាយឡើងវិញ នៅមុនការបោះឆ្នោតឆ្នាំ២០២៣។

ការជំរុញបែបនេះ ធ្វើឡើងក្នុងជំនួបទ្វេភាគីរវាងមេដឹកនាំសហរដ្ឋអាមេរិក លោក ចូ​ បៃដិន ជាមួយមេដឹកនាំកម្ពុជា និងជាប្រធានអាស៊ាន លោកនាយករដ្ឋមន្ត្រី​ ហ៊ុន សែន នៅរាជធានីភ្នំពេញ នាថ្ងៃទី១២ ខែវិច្ឆិកា។

ក្នុងសេចក្តីថ្លែងការណ៍របស់សេតវិមាន ឬវិមានប្រធានាធិបតីសហរដ្ឋអាមេរិក( The White House) ​នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២២ ​ឱ្យដឹងថា លោកប្រធានាធិបតី បៃដិន ​បានជំរុញទៅលោក ហ៊ុន សែន ឱ្យបើកលំហសិទ្ធិសេរីភាពពលរដ្ឋ សង្គមស៊ីវិល និងនយោបាយឡើងវិញ ឱ្យបានមុនការបោះឆ្នោតឆ្នាំ ២០២៣។

សេចក្តីថ្លែងការណ៍បន្តថា«លោក បៃដិន ក៏បានអំពាវនាវឱ្យមានការដោះលែងសកម្មជនដែលត្រូវបានឃុំខ្លួនដោយចោទប្រកាន់ពាក់ព័ន្ធរឿងនយោបាយ រួមទាំងពលរដ្ឋខ្មែរអាមេរិកកាំង កញ្ញា សេង ធារី ផងដែរ។ លោកប្រធានាធិបតីសហរដ្ឋអាមេរិក ចូ បៃដិន  បានរម្លឹកឡើងវិញអំពីការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិកចំពោះប្រជាជនកម្ពុជា និងសេចក្តីប្រាថ្នារបស់ពួកគេសម្រាប់ប្រទេសឱ្យកាន់តែមានភាពរីកចម្រើន ប្រជាធិបតេយ្យ និងឯករាជ្យ»។

ឆ្លើយតបបញ្ហានេះ អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន មានប្រសាសន៍ថា លោកមិនដឹងថាសហរដ្ឋអាមេរិកស្នើបែបនេះ ឬយ៉ាងណានោះឡើយ ប៉ុន្តែសម្រាប់កម្ពុជា គឺអនុវត្តទៅតាមច្បាប់ក្នុងនាមប្រទេសដែលជារដ្ឋមានអធិបតេយ្យភាព។

លោកមានប្រសាសន៍ថា៖ «ចំពោះសំណុំរឿងដែលស្ថិតនៅក្នុងដំណើរការនីតិវិធីរបស់តុលាការ រដ្ឋាភិបាលមិនមានសិទ្ធិអំណាចក្នុងការលូកដៃឬជ្រៀតជ្រែកទៅនឹងស្ថាប័នតុលាការដែលជាស្ថាប័នឯករាជ្យ។ អីចឹងទេត្រូវដំណើរការទៅតាមនីតិវិធីច្បាប់នៅតុលាការនៅកម្ពុជា»។

ក្នុងជំនួបពិភាក្សាជាមួយ លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិដែលត្រូវបានតុលាការរំលាយ កាលពីថ្ងៃទី  ២៨ ខែតុលា ឆ្នាំ២០២២ ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជាលោកស្រី Carmen Moreno ​លើកឡើងថា ការបើកលំហសិទ្ធិសេរីភាពពលរដ្ឋ និងនយោបាយ គឺជារឿងសំខាន់ ដើម្បីជាធាតុផ្សំមួយធានាឱ្យមានការបោះឆ្នោតប្រកបដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌នៅកម្ពុជាក្នុងឆ្នាំ២០២៣ ខាងមុខ​។

អ្នកវិភាគនយោបាយ លោក គឹម​ សុខ យល់ឃើញថា ក្រោយការស្នើសុំរបស់លោកប្រធានាធិបតី ចូ បៃដិន ពេលនេះ ប្រសិនបើករណី កញ្ញា សេង ធារី ត្រូវបានបន្ធូរបន្ថយឬដោះលែង នោះមានន័យថា សិទ្ធិពលរដ្ឋ សិទ្ធិនយោបាយ និងសង្គមស៊ីវិលក្តី នៅមានសង្ឃឹមខ្លះ។ ក៏ប៉ុន្តែប្រសិនបើសូម្បីតែករណី កញ្ញា សេង ធារី គ្មានការបន្ធូរបន្ថយហើយ នោះគឺទាល់តែពលរដ្ឋគ្រប់រូបចេញតវ៉ាទាមទារយុត្តិធម៌ ទើបអាចមានសង្ឃឹមសម្រាប់ផ្លូវប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សប្រសើរនៅកម្ពុជា

លោកបន្ថែមថា៖ «ពីព្រោះលោក ហ៊ុន សែន កំពុងប្រតិបត្តិនយោបាយពីរ គឺទីមួយ មេដឹកនាំចិនបង្ហាញនូវគន្លឹះនយោបាយណាមួយឱ្យលោក ហ៊ុន សែន រំពឹងថាចិន នៅការពារអំណាចគ្រួសារត្រកូលហ៊ុន នៅយូរអង្វែងទៀត និងទីពីរ យើងគិតមើលទៅមើលតាំងពីទំនាក់ទំនងកងទ័ពរដ្ឋាភិបាលលោក ហ៊ុន សែន និងចិនត្រឹមកម្រិតសង្ស័យ ឥឡូវប្រកាសជាចំហទៅហើយ ក្នុងពេលដំណើរទស្សនកិច្ចនាយករដ្ឋមន្ត្រី ចិន ទៅកាន់ប្រទេសកម្ពុជាលើកនេះ»។

 

កាលពីខែកញ្ញា ឆ្នាំ២០២២ អង្គការសម្ព័ន្ធភាពពិភពលោក​សម្រាប់ការចូលរួមរបស់ប្រជាពលរដ្ឋ​ (CIVICUS) ចេញអត្ថបទសង្ខេបមួយដោយបង្ហាញថា អ្នកការពារសិទ្ធិមនុស្ស និងសកម្មជនបក្សប្រឆាំង ព្រមទាំងសកម្មជនផ្សេងទៀត នៅតែបន្តប្រឈមនឹងការគំរាមកំហែង និងគាបសង្កត់ពីអាជ្ញាធរ និងតុលាការកម្ពុជា។

ជាក់ស្តែង​ រយៈពេល១ឆ្នាំកន្លងមក រដ្ឋាភិបាលបានប្រើប្រាស់ប្រព័ន្ធតុលាការ ដើម្បីធ្វើទុក្ខបុកម្នេញ និងយាយីលើសកម្មជនបក្សប្រឆាំង ដោយចាប់ឃុំខ្លួននិងចោទប្រកាន់ពួកគេតាមអំពើចិត្ត ហើយមិនទទួលបានការជំនុំជម្រះដោយយុត្តិធម៌ឡើយ។ ​

ក្រៅពីសកម្មជនបក្សប្រឆាំង និងសិទ្ធិមនុស្ស អង្គការ CIVICUS ថាតំណាងនិងសកម្មជនសហជីពយ៉ាងហោចណាស់ ១១នាក់នៅក្រុមហ៊ុន ណាហ្គាវើលដ៍ ត្រូវបានចាប់ខ្លួននិងចោទប្រកាន់ ស្របពេលកូដករដែលធ្វើកូដកម្មអហិង្សាត្រូវបានអាជ្ញាធររុញច្រាន​ដោយហិង្សា ហើយរងការបៀតបៀនផ្លូវភេទពីសំណាក់ក្រុមអាជ្ញាធរ ព្រមទាំងបញ្ហាមួយចំនួនទៀត។

ចំណែកសេរីភាពសារព័ត៌មាននៅកម្ពុជា អង្គការដដែលអះអាងថា បច្ចុប្បន្ននៅតែរងការវាយប្រហារ ក្នុងនោះស្ថានីយវិទ្យុ និងកាសែតត្រូវបានបិទការិយាល័យផ្សាយ ក្រោយពីអ្នកកាសែតត្រូវបានកាត់ទោស។

​អង្គការនេះ បានជំរុញឱ្យសហគមន៍អន្តរជាតិបង្កើនសម្ពាធលើរដ្ឋាភិបាលលោក​ ហ៊ុន សែន ដើម្បីឱ្យមានគោរព​សិទ្ធិមនុស្សពិតប្រាកដ​មុនការបោះឆ្នោតឆ្នាំ២០២៣ខាងមុន ខណៈការបោះឆ្នោតឃុំ-សង្កាត់កាលពីខែមិថុនា ឆ្នាំ២០២២ សមាជិក និងសកម្មជនគណបក្សភ្លើងទៀន ប្រឈមមុខនឹងការយាយីពីគណបក្សប្រជាជនកម្ពុជាដែលកំពុងកាន់អំណាច៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ