លោក​ ​ចូ​ ​បៃដិន​ បង្ហាញ​កង្វល់​លើ​បញ្ហា​មូលដ្ឋាន​យោធា​រាម​ដែល​ពាក់ព័ន្ធ​កង​ទ័ព​ចិន​

ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន (Joe Biden)(រូបកណ្តាល) ថ្លែងក្នុងកិច្ចប្រជុំកំពូល អាស៊ាន-សហរដ្ឋអាមេរិក លើកទី១០ នៅរាជធានីភ្នំពេញ នាថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២២។ (ហ៊ាន រង្សី)

ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន(Joe Biden) បានបង្ហាញពីកង្វល់របស់ប្រទេសមហាអំណាចមួយនេះ ចំពោះបញ្ហាមូលដ្ឋានយោធារាម ដែលត្រូវបានសង្ស័យថាផ្តល់សិទ្ធិផ្តាច់មុខឱ្យកងទ័ពចិន ខណៈមន្ត្រីរាជរដ្ឋាភិបាលកម្ពុជាបន្តច្រានចោលលើបញ្ហានេះ។

ការបង្ហាញកង្វល់ចំពោះបញ្ហាមូលដ្ឋានយោធារាមជាថ្មីទៀតនេះ ធ្វើឡើងក្នុងជំនួបទ្វេភាគីរវាងមេដឹកនាំសហរដ្ឋអាមេរិក លោក ចូ​ បៃដិន ជាមួយមេដឹកនាំកម្ពុជានិងជាប្រធានអាស៊ាន លោកនាយករដ្ឋមន្ត្រី​ ហ៊ុន សែន នៅរាជធានីភ្នំពេញ នាថ្ងៃទី១២ ខែវិច្ឆិកា។

ក្នុងសេចក្តីថ្លែងការណ៍របស់សេតវិមាន ឬវិមានប្រធានាធិបតីសហរដ្ឋអាមេរិក( The White House) ​នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២២ បានឱ្យដឹងថា ក្នុងជំនួបនោះ លោក បៃដិន បានលើកឡើងពីកង្វល់ទាក់ទងស្ថានការណ៍នៅមូលដ្ឋានយោធាជើងទឹករាម ក្នុងខេត្តព្រះសីហនុ ដែលពាក់ព័ន្ធសកម្មភាពកងទ័ពសាធារណរដ្ឋប្រជាមានិតចិន។

សេចក្តីថ្លែងការណ៍បន្តថា៖ «លោកប្រធានាធិបតី ចូ បៃដិន បានលើកឡើងពីកង្វល់ទាក់ទងនឹងស្ថានការណ៍នៅមូលដ្ឋានទ័ពជើងទឹករាម និងបានគូសបញ្ជាក់ពីសារៈសំខាន់នៃតម្លាភាពយ៉ាងពេញលេញអំពីសកម្មភាព​យោធានៃសាធារណរដ្ឋប្រជាមានិតចិន(PRC) នៅមូលដ្ឋានទ័ពជើងទឹករាម»។

ថ្លែងក្នុងសន្និសីទសារព័ត៌មានក្រោយកិច្ចប្រជុំកំពូលអាស៊ានថ្ងៃទី២ នាល្ងាចថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២២ អ្នកនាំពាក្យផ្លូវការនៃកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធឆ្នាំ២០២២ លោក​ គង់ ភោគ បានច្រានចោលការចោទប្រកាន់​ពាក់ព័ន្ធព័ត៌មានយោធាចិននៅលើមូលដ្ឋានយោធា​រាម ខេត្តព្រះសីហនុ។

មិនខុសពីការច្រានចោលរបស់កម្ពុជាដែលធ្លាប់ធ្វើកន្លងមកជុំវិញរឿងនេះ លោក គង់ ភោគ ក៏បានអះអាងថា រដ្ឋធម្មនុញ្ញកម្ពុជាមិនអនុញ្ញាតឱ្យមានមូលដ្ឋានយោធាបរទេសនៅក្នុងទឹកដីរបស់ខ្លួនឡើយ។ លោកបន្តថា ការបើកចំហព័ត៌មានជុំវិញរឿងនេះ ព្រមទាំងការបកស្រាយរបស់កម្ពុជាជាច្រើនលើកជុំវិញបញ្ហាយោធារាមនេះកន្លងមកកម្ពុជាសង្ឃឹមថា នឹងមានការវាយតម្លៃមួយដែលឆ្លុះបញ្ចាំងពីការពិតនៅទីនោះ និងដើម្បីយុត្តិធម៌សម្រាប់កម្ពុជាផងដែរ។

លោក គង់ ភោគ បន្ថែមថា៖ «កម្ពុជាផ្អែកទៅលើរដ្ឋធម្មនុញ្ញរបស់យើង គឺយើងមិនអនុញ្ញាតឱ្យដាក់មូលដ្ឋានយោធាបរទេសនៅលើទឹកដីរបស់យើងនោះទេ ហើយកម្ពុជាក៏មិនមានភាពចាំបាច់សម្រាប់ធ្វើដូច្នោះដែរ ហើយកម្ពុជាក៏មិនដែលបានចាប់ផ្តើមសង្គ្រាមជាមួយបណ្តាប្រទេសណាទេ។ តាមពិតយើងជាប្រទេសរងគ្រោះដោយសារសង្គ្រាម។ អ្វីដែលយើងប្រឹងកសាង និងលើកតម្កើងសព្វថ្ងៃនេះគឺសន្តិភាព។ យើងមិនបានបង្កើនទ័ព ប៉ុន្តែយើងបានបញ្ជូនទ័ពទៅជួយនៅក្រៅប្រទេសថែមទៀត»។ ​

​នេះមិនមែនជាលើកទី១ឡើយសម្រាប់ភាគីសហរដ្ឋអាមេរិក ដែលបានលើកឡើងពីបញ្ហាមូលដ្ឋានយោធារាម ដោយសង្ស័យពាក់ព័ន្ធនឹងការបម្រើប្រយោជន៍ផ្តាច់មុខរបស់កងទ័ពចិន​។

ការលើកឡើងម្តងហើយម្តងទៀតជុំវិញបញ្ហានេះ កើតឡើងក្រោយកាសែតសហរដ្ឋអាមេរិក The Wall Street Journal កាលពីខែកក្កដា ឆ្នាំ២០១៩ បានចុះផ្សាយអត្ថបទមួយដោយអះអាងថា កម្ពុជានិងចិនបានចុះហត្ថលេខាជាសម្ងាត់លើកិច្ចព្រមព្រៀងយោធាមួយជាមួយគ្នា។ ប្រភពដដែលបន្តថា កិច្ចព្រមព្រៀងនោះ កម្ពុជាបានអនុញ្ញាតឱ្យចិន​មានសិទ្ធិផ្ដាច់មុខ​ប្រើប្រាស់មូលដ្ឋានកងទ័ពជើង​ទឹករាមក្នុងរយៈពេល៣០ឆ្នាំ ហើយកិច្ចព្រមព្រៀងនេះអាចបន្តឡើងវិញនៅរៀងរាល់១០ឆ្នាំម្ដង។

កាសែតបរទេសដដែលបញ្ជាក់ថា ​កម្ពុជាក៏បានអនុញ្ញាតឱ្យចិនដាក់ពង្រាយបុគ្គលិកយោធា រក្សាទុកសព្វាវុធ និងអនុញ្ញាតឱ្យនាវាចម្បាំងចិនចូលចតបានថែមទៀតផង។

ក្រោយការចុះផ្សាយរបស់កាសែតបរទេសនេះ សហរដ្ឋអាមេរិកក្នុងរដ្ឋការរបស់អតីតប្រធានាធិបតី ដូណាល់ ត្រាំ ធ្លាប់បានចោទសួរកម្ពុជាចំពោះការវាយកម្ទេចអគារដែលសាងសង់ដោយជំនួយរបស់​អាមេរិកចំនួនពីរ ក្នុងភូមិសាស្ត្រមូលដ្ឋាន​យោធារាម អំឡុងខែកញ្ញា ​ឆ្នាំ២០២០ ដោយមិនបានជូនដំណឹងទៅអាមេរិក ហើយ ​ជំនួស​មកវិញនូវការកសាងអគារថ្មីដែលជាជំនួយរបស់ចិន​។

ទោះបីជាយ៉ាងណាក៏ដោយ ក្នុងឱកាសបើកការដ្ឋានសង់ស្ពានឆ្លងទន្លេបាសាក់ ភ្ជាប់ពីកោះពេជ្រទៅកោះនរា និងពីកោះនរា ទៅផ្លូវជាតិលេខ១ កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ ប្រមុខរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន សែន មានប្រសាសន៍ថា ការតវ៉ាករណីមូលដ្ឋានទ័ពចិននៅកម្ពុជានេះ គឺមានបំណង​ធ្វើរដ្ឋប្រហារទម្លាក់រូបលោក ​ដូចគ្នាទៅនឹងការធ្វើរដ្ឋប្រហារទម្លាក់អតីតព្រះមហាក្សត្រ សម្តេច ព្រះនរោត្តម សីហនុ កាលពីឆ្នាំ១៩៧០ ក្រោមហេតុផលវត្តមានពួកយៀកកុងនៅលើ​ដីខ្មែរ។

អ្នកវិភាគនយោបាយដែលមានមូលដ្ឋាននៅក្រៅប្រទេស លោក គឹម សុខ មានប្រសាសន៍ថា មូលហេតុដែលអាមេរិកបន្តលើកឡើងពីបញ្ហារសើបនៃមូលដ្ឋានយោធារាមនេះ ដោយសង្ស័យពាក់ព័ន្ធការបម្រើប្រយោជន៍ឱ្យកងទ័ពចិននោះ ពីព្រោះរឿងនេះពាក់ព័ន្ធនឹងសន្តិសុខតំបន់។ លោកបន្តថា ប្រសិនបើបញ្ហានេះមិនទាន់ដោះស្រាយគ្នាចប់ សហរដ្ឋអាមេរិកនឹងនៅតែបន្តលើកឡើងរហូត ដ្បិតពួកគេយល់ថាការបដិសេធរបស់កម្ពុជាគឺគ្រាន់តែជាសារនយោបាយដើម្បីការពារខ្លួនតែប៉ុណ្ណោះ ខណៈកម្ពុជា-ចិន ក៏បានចុះកិច្ចព្រមព្រៀងជុំវិញការពង្រឹងវិស័យយោធាថែមទៀតផង។

លោកមានប្រសាសន៍ថា៖ «ករណីនេះ​បើប្រធានាធិបតី ចូ បៃដិន មិនលើកពីជំហរច្បាស់ៗរបស់សហរដ្ឋអាមេរិកទេ លោក ហ៊ុន សែន កាន់តែបានដៃ ធ្វើតាមចិត្តមិនញញើតតែម្តង ព្រោះតែអ្វីៗក្នុងពេលនេះនៅក្នុងដៃចិនរួចទៅហើយ។ ចិនមានលុយ ចិនបង្ហូរលុយចូលទៅរដ្ឋាភិបាលលោក ហ៊ុន សែន ដូច្នេះចិន អាចក្តោបនយោបាយមួយចំណែកធំ នៅក្នុងតំបន់ភូមិសាស្ត្រអាស៊ីភាគអាគ្នេយ៍ ជាពិសេសនៅប្រទេសកម្ពុជាតែម្តង»។  

ក្នុងដំណើរទស្សនកិច្ចមកកាន់កម្ពុជា អនុរដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិក អ្នកស្រី Wendy Sherman នៅដើមខែមិថុនា ឆ្នាំ២០២១ ធ្លាប់បានចោទសួរកម្ពុជាជុំវិញការកម្ទេចអគារយោធាដែលជាជំនួយរបស់ខ្លួន និងបានបង្ហាញកង្វល់យ៉ាងខ្លាំងចំពោះបញ្ហាវត្តមានយោធាចិននៅកំពង់ផែរាម។ ជាការឆ្លើយតបបញ្ហានេះ ប្រមុខរដ្ឋាភិបាលបានសន្យាឱ្យក្រុមមន្ត្រីអនុព័ន្ធយោធារបស់អាមេរិកធ្វើទស្សនកិច្ចទៅតំបន់កំពង់ផែរាមតែម្តង។

ក្រោយមកនៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១  ក្នុងដំណើរទស្សនកិច្ចរបស់ក្រុមមន្ត្រីអនុព័ន្ធយោធារបស់អាមេរិកទៅកាន់តំបន់មូលដ្ឋានយោធារាម ​មិនបានផលអ្វីឡើយ ដោយក្នុងសេចក្តីប្រកាសព័ត៌មានរបស់អាមេរិកថែមទាំងចោទកម្ពុជាថា មានបំណងលាក់បាំងការពិត ដ្បិតមិនឱ្យមន្ត្រីខ្លួនបានពិនិត្យមើលសព្វកន្លែង ខណៈកម្ពុជាបានចោទអាមេរិកវិញថា បានបំភ្លៃការពិត និងមានបំណងបង្កើតសេណារីយ៉ូថ្មីៗ ដើម្បីបំផ្លាញទំនាក់ទំនងប្រទេសទាំងពីរ។

រដ្ឋធម្មនុញ្ញកម្ពុជា មាត្រា​៥៣​ ចែងថា ​កម្ពុជា​ប្រកាន់​ខ្ជាប់​ជានិច្ច​នូវ​នយោបាយ​អព្យាក្រឹត្យ​ អចិន្ត្រៃយ៍​ និង​មិន​ចូល​បក្ស​សម្ព័ន្ធ ហើយរួមរស់​ដោយ​សន្តិ​សហ​វិជ្ជមាន​ជា​មួយ​ប្រទេស​ជិត​ខាង​ និង​ប្រទេស​ដទៃ​ទៀត​ទាំងអស់​នៅ​លើ​សកលលោក។

មាត្រាដដែលនេះថា ​កម្ពុជា​មិន​អនុញ្ញាត​ឱ្យ​មាន​មូលដ្ឋាន​យោធា​បរទេស​នៅ​លើ​ទឹកដី​របស់​ខ្លួន​ ហើយ​ក៏​មិន​អនុញ្ញាត​ឱ្យ​មាន​មូលដ្ឋាន​យោធា​របស់​ខ្លួន​នៅ​បរទេស​ដែរ​ លើកលែង​តែ​ក្នុង​ក្របខណ្ឌ​​​របស់​អង្គការ​សហប្រជាជាតិប៉ុណ្ណោះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ