កូដករ​ណា​ហ្គាវើលដ៍​ស្នើ​​​លោក​​ ចូ​ ​បៃដិន​ ​​​ជំរុញ​រដ្ឋាភិបាល​កម្ពុជា​ដោះ​ស្រាយ​វិវាទ​ការងារ​

ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន (រូបកណ្តាល) កំពុងដើរនៅអាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញ ក្រោយចុះពីលើយន្តហោះនៅព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២២ ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក នៅរាជធានីភ្នំពេញ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ (ហ៊ាន រង្សី)

កូដករក្រុមហ៊ុនណាហ្គាវើលដ៍ ​នៅថ្ងៃសៅរ៍​ទី១២ ខែវិច្ឆិកា បានអំពាវនាវដល់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក​ ចូ បៃដិន​ ជួយ​ជំរុ​ញ​ទៅរាជ​រដ្ឋាភិបាលកម្ពុជាឱ្យដោះស្រាយ​វិវាទការងារនៅក្រុមហ៊ុនល្បែងមួយ​​នេះ និង​​គោរពសិទ្ធិបញ្ចេញមតិ សិទ្ធិ​មនុស្ស ព្រមទាំង​បញ្ឈប់ការប្រើប្រាស់អំពើហិង្សាទៅលើក្រុមអ្នកតវ៉ាដោយសន្តិវិធី​។

ការអំពាវនាវនេះ បានធ្វើឡើងស្របពេលប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន បានមកដល់កម្ពុជាហើយនៅ​ព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ដើម្បីចូលរួម​កិច្ច​ប្រជុំ​កំពូល​​អាស៊ាន-អាមេរិក​នៅរាជធានីភ្នំពេញ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

ការ​ធ្វើកូដកម្មដោយអហិង្សានៅថ្ងៃទី១២ ខែវិច្ឆិកា នៅ​ខាងមុខក្រុមហ៊ុនណាហ្គាវើលដ៍២ របស់​កូដករណាហ្គាវើលដ៍ជិត​១០០នាក់​បានស្លៀកសម្លៀកបំពាក់ឯកសណ្ឋាន​បុគ្គលិក និងមានការកាន់បដាក្នុងខ្លឹមសារទាមទារឱ្យមានដំណោះស្រាយ​វិវាទការងារ​ និងគោរពសិទ្ធិការងារ ជាដើម។

កូដករណាហ្គាវើលដ៍កញ្ញា ផាត ចាន់ណា​ អាយុ​៣០ឆ្នាំ​ បានឱ្យដឹង​ថា ​ក្រុមហ៊ុន​ណាហ្គាវើលដ៍ បាន​បញ្ឈប់ថ្នាក់ដឹកនាំសហជីពប្រចាំក្រុមហ៊ុន​ និង​​បុគ្គលិកដោយអយុត្តិធម៌ ហើយការដោះស្រាយនោះ​ទៀតសោតក៏នៅពុំទាន់មាន​តម្លា​ភាព និងយុត្តិធម៌សម្រាប់ពួកគាត់នៅឡើយ។

​ស្របពេល​ដែល​ប្រធានាធិបតី​សហរដ្ឋអាមេរិក លោក ចូ បៃដិន​ មកជួបមេដឹកនាំកម្ពុជា​​ និងអាស៊ានផង​ កូដករណាហ្គាវើលដ៍រូបនេះ ​ស្នើ​ដល់​មេដឹកនាំប្រទេសប្រជាធិបតេយ្យរូបនេះ​​​​ឱ្យ​ជួយ​ដោះស្រាយបញ្ហាសិទ្ធិមនុស្ស​នៅកម្ពុជា​ ជាពិសេស​​កូដករណាហ្គាវើលដ៍ ​ដែល​កំពុង​រងភាព​អយុត្តិធម៌​។

កញ្ញាបន្តថា​៖«ខ្ញុំសូមសំណូមពរដល់គាត់​។ លោក ចូ បៃដិន គាត់ជា​ប្រធានាធិបតី​ធំក្នុ​ង​ប្រទេសសេរីឱ្យជួយមើល​ដល់សិទ្ធិសេរីភាព​នៅក្នុងប្រទេសកម្ពុជាផង​​ ដែលជាក់ស្ដែងមិនមែនតែក្រុមកូដករណាហ្គាវើលដ៍ដែលជួបរឿងអយុត្តិធម៌ និងរំលោភសិទ្ធិមនុស្ស​គឺទូទាំងផ្ទៃប្រទេស​ហើយ​ គ្រប់កន្លែង​ មិនថាដីធ្លី មិនថាអ្វី​ៗ»។​

​ចំណែក​កូដករណាហ្គាវើលដ៍ដែលមិនមានឈ្មោះកាត់ពីការបញ្ឈប់ពីការងារ​ អ្នកស្រី​ ប៊ន​ ស៊ីណា​ អាយុ​៣៧ឆ្នាំ​ បានឱ្យដឹងថា ​​​ខាងសាលា​រាជធានីភ្នំពេញ​ចេញលិខិតនាពេលកន្លង​ទៅ​មិនឱ្យបុគ្គលិក​ណាហ្គា​វើល​ដ៍​​​មិន​ពួកគេ​ធ្វើ​កូដកម្ម​អំឡុង​ពេល​​កិច្ចប្រជុំកំពូលអាស៊ាននេះគឺជាចេតនាគំរាមកំហែង​ និងមិនមានចេតនា​ក្នុងការដោះ​ស្រាយបញ្ចប់​វិវាទការងារនោះទេ​។

អ្នកស្រីបន្ថែមថា ​មូលហេតុដែលកូដករណាហ្គាវើលដ៍​បន្តធ្វើកូដ​កម្ម​តស៊ូមតិ​នៅថ្ងៃនេះ​​ក្នុងគោល​បំណង​ស្នើ​មេដឹកនាំ​​បណ្ដាប្រទេសអាស៊ាន​ ឬប្រធានាធិបតី​សហរដ្ឋអាមេរិក​ជួយរកយុត្តិធម៌ដល់ពួកគេ ពិសេស​​ឱ្យ​បុគ្គលិក និង​​​សហជីព​​ចូលធ្វើការវិញ ដ្បិត​ថា ប្រសិនបើមិនមានវត្តមានសហជីព​នោះ​ម្ចាស់​កាស៊ីណូ​នឹង​រំលោភលើ​សិទ្ធិ​​បុគ្គលិកបន្តទៀត​។

អ្នកស្រី​ថា​៖​«ខាងពួកខ្ញុំជាបុគ្គលិកនេះ​គ្រាន់តែទាមទារសុំ​ឱ្យ​ទទួលយកបុគ្គលិក​ដែល​នៅសេសសល់មួយនាក់ជាង​ ព្រមទាំងប្រធាន ​សហជីព និងសកម្មជន​​ទាំងអស់ហ្នឹង​​​ចូលធ្វើការវិញ​ជាចំណុច​សំខាន់​ដែល​ពួកយើងចង់បាន​ ចំណុចផ្សេងៗទៀត​យើងអាចដោះស្រាយ​គ្នា​បាន​»។

វីអូឌី នៅមិនទាន់សុំការអត្ថាធិប្បាយជុំវិញករណីនេះពីអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាល​វិជ្ជាជីវៈ លោក ហេង សួរ បានទេ នៅថ្ងៃសៅរ៍​នេះ។

អភិបាល​រងរាជធានីភ្នំពេញ លោក កើត ឆែ មានប្រសាសន៍​ថា ​​​​​លោកមិនដឹង​ថា​គោលបំណង​នៃ​ការ​ទាមទារ​ ឬស្នើសុំ​របស់​កូដករណាហ្គាវើលដ៍​អំពីអ្វី​​​នោះទេ​ តែ​ពួកគេ​ដែល​បន្តចេញធ្វើកូដកម្ម​ក្នុងថ្ងៃនេះ​​នឹង​ប្រឈម​ជាមួយ​ផ្លូវ​ច្បាប់​​ដូច​ដែល​សេចក្ដីជូនដំណឹង​របស់​សាលា​រាជធានីភ្នំពេញ​បានចេញ​កាលពីពេលកន្លងទៅ។

លោកបន្តថា​៖​«អូនឯងមើលលិខិតហ្នឹងគេសរសេរថា​ម៉េច​? ថាបើគាត់​ធ្វើទៀត​ហ្នឹង​នឹងទទួល​ខុសត្រូវចំពោះមុខ​ច្បាប់​ លិខិតហ្នឹង​សរសេរ​គ្រប់​គ្រាន់​ហើយ​តើ​»។

​នាយិកា​ប្រតិបត្តិ​នៃ​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា អ្នកស្រី ចក់ សុភាព បានលើកឡើងថា ​វិវាទការងារ​រវាង​ក្រុមហ៊ុន​ណាហ្គាវើលដ៍ ​​​បានអូសបន្លាយ​ជាង​មួយឆ្នាំ​​​មិនទាន់មានដំណោះស្រាយ​នៅឡើយ។ តែ​ផ្ទុយទៅវិញកូដករណាហ្គាវើលដ៍ បែរជាត្រូវ​​រងអំពើហិង្សា ចាប់ខ្លួន​ ឃាត់​ខ្លួន​​ពីសំណាក់​ពី​​អាជ្ញាធរ​ទៅវិញ​ដោយគ្រាន់​តែ​ពួកគេ​ធ្វើកូដកម្ម​ដោយសន្តិវិធី​។

អ្នកស្រីបន្ថែម​ថា ​មូលហេតុ​ដែល​កូដករ​ស្នើ​ទៅ​មេដឹកនាំ​ប្រទេស​ផ្សេង​ៗ​ឱ្យ​ជួយ​រកដំណោះ​ស្រាយជូនពួកគេ​នោះ​ ដោយសារតែ​​ក្រសួង​ពាក់ព័ន្ធ​មិន​បាន​រកដំណោះ​ស្រាយសមស្រប​ជូនពួកគេ​នោះឡើយទេ​។

អ្នកស្រីបន្តថា​៖​«​​​​ជាធម្មតា​ទេ​នៅពេល​ដែល​មិនអាច​ទទួលដំណោះស្រាយពីអាជ្ញាធរ​មានសមត្ថកិច្ច​នៅប្រទេសយើង​ហ្នឹង​ ជាធម្មតាពួកគាត់ព្យាយាម​ស្វែង​រក​កិច្ច​អន្តរាគមន៍ពីអន្តរជាតិផ្សេង​ៗ​»។

អ្នកស្រីបន្ថែមថា​៖​«​គឺជាជំនួប​កំពូល​ពី​អាស៊ាន​ហ្នឹង​ថ្នាក់ដឹកនាំ​សំខាន់​ទាំងប្រធានាធិបតី ចូ បៃដិន​ ហ្នឹងគាត់បានអញ្ជើញ​មក​។ ចង់មិនចង់គាត់អំពាវនាវ​ដល់​ថ្នាក់​ដឹកនាំទាំងអស់​ហ្នឹង​ដើម្បីមានឱកាស​ជួបជាមួយ​​ក្នុងការពាំនាំបញ្ហាទាំងអស់ហ្នឹង​ដើម្បីឱ្យពួកគាត់ទទួលបានដំណោះស្រាយ»​។

វិវាទ​ការងារក្រុមហ៊ុនណាហ្គាវើលដ៍បានកើតឡើង​ជាង១ឆ្នាំមក​ហើយ ក្រោយ​ពេល​​ក្រុ​ម​ហ៊ុន​នេះបាន​បញ្ឈប់​​​បុគ្គលិក​ចំនួន១ ៣២៩នាក់ ក្នុង​ចំណោម​​បុគ្គលិក​សរុ​ប​ជាង៨ ០០០នាក់ពី​ការ​ងារ ក្រោមហេតុផល​​ថា «ជួប​វិបត្តិ​ហិរញ្ញ​វត្ថុ​ដោយ​សារ​តែបញ្ហា​ជំងឺ​កូវីដ-១៩»។ យ៉ាងណា បុគ្គលិកដែល​ចេញធ្វើ​កូដកម្មរយៈពេល១០ខែ​មក​នេះ អះអាងថា ការបញ្ឈប់នោះដោយ​សារ​ថៅកែមា​ន​ចេតនា​រំលាយ​សហជីព​ការ​ពារ​សិទ្ធិកម្មករ​​ឱ្យអស់ពីក្រុមហ៊ុនមួយនេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ