កម្ពុជា​ប្រគល់​ញញួរ​ប្រធាន​អាស៊ាន​ដល់​ប្រធានា​ធិបតី​ឥណ្ឌូនេស៊ី​ ​ក្រោយ​គ្រប់គ្រង​១​ឆ្នាំ​

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងប្រធានាធិបតីតឥណ្ឌូនេស៊ី ចូកូ វីដូដូ ក្នុងពិធីបិទកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០-៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ព្រមទាំងពិធីផ្ទេរដំណែងប្រធានអាស៊ានជូនសាធារណរដ្ឋឥណ្ឌូនេស៊ីនៅរាជធានីភ្នំពេញ នាថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២។ (ហ៊ាន រង្សី)

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងជាប្រធានអាស៊ានប្តូរវេននៅឆ្នាំ២០២២ បានប្រគល់ញញួរប្រធានអាស៊ានប្តូរវេនទៅប្រធានាធិបតីឥណ្ឌូនេស៊ីសម្រាប់តំណែងជាប្រធានអាស៊ានបន្តពីកម្ពុជានៅឆ្នាំ២០២៣ ខាងមុខនេះ។

នៅមុនបិទបញ្ចប់កិច្ចប្រជុំកំពូលអាស៊ាន លើកទី៤០ និង៤១ និងកិច្ចប្រជុំពាក់ព័ន្ធ ដែលកម្ពុជារៀបចំធ្វើជាម្ចាស់ផ្ទះ នៅរសៀល ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២ លោក ហ៊ុន សែន ​ បានប្រគល់ញញួរប្រធានអាស៊ាន ជូនដល់ ប្រធានាធិបតីឥណ្ឌូនេស៊ីលោក ចូកូ វីដូដូ ។

ឥណ្ឌូនេស៊ី ដែលជាប្រទេសសហស្ថាបនិកអាស៊ានមួយក្នុងចំណោមប្រទេសចំនួន៥ បានក្លាយទៅជាប្រធានអាស៊ានប្តូរវេន ជាថ្មី បន្តពីប្រទេសកម្ពុជា នៅឆ្នាំ២០២៣ ខាងមុខនេះ។

ក្នុងសន្ទរកថាបិទបញ្ចប់កិច្ចប្រជុំកំពូលអាស៊ានលើកទី៤០,៤១ និងកិច្ចប្រជុំពាក់ព័ន្ធនៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២ ប្រធានអាស៊ានជិតផុតអាណត្តិលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន លើកឡើងថា  រយៈពេល១ឆ្នាំហើយដែលលោកបានទទួលតំណែងជាប្រធានអាស៊ានប្តូរវេនបន្តពីព្រះចៅស៊ុលតង់ ហាជី ហាល់សាណាល់ ប៊ុលគីយ៉ា នៃប្រទេសប្រ៊ុយណេ ដារ៉ូសាឡឹម កាលពីថ្ងៃទី ២៨ ខែតុលា ឆ្នាំ២០២១។

ក្នុងរយៈពេល ១ឆ្នាំមកនេះ លោក ហ៊ុន សែន លើកឡើងថា ជាពេលវេលាពោលពេញទៅដោយអនុស្សាវរីយ៍ និងប្រវត្តិសាស្ត្រសម្រាប់លោក និងកម្ពុជា ដែលមានកិត្តិយសដ៏ខ្ពង់ខ្ពស់ទទួលបានតំណែងជាប្រធានប្តូរវេនរបស់អាស៊ាន។  

លោកបន្តថា ខណៈដែលអាស៊ានបាននិងកំពុងខិតខំស្តារឡើងវិញពីផលប៉ះពាល់នៃជំងឺកូវីដ-១៩​ និងដោះស្រាយវិបត្តិនៅប្រទេសមីយ៉ាន់ម៉ានោះ ស្ថានភាពមិនបានរំពឹងទុកក៏បានកើតឡើង ដែលប៉ះពាល់ធ្ងន់ធ្ងរ​ដល់សេដ្ឋកិច្ច សង្គម និងសន្តិសុខ។ ទោះបីជាយ៉ាងនេះក្តី អាស៊ានបានគ្រប់គ្រងនិងសម្របសម្រួលលើបញ្ហាប្រឈមទាំងនោះ រហូតទទួលបានលទ្ធផលជាច្រើនគួរជាទីគាត់ចិត្ត។

សន្ទរកថា លោក ហ៊ុន សែន បន្តថា៖ «រយៈពេល៤ថ្ងៃមកនេះ យើងសម្រេចបាននូវកិច្ចសន្ទនាគ្រប់ជ្រុងជ្រោយ និងប្រកបដោយផ្លែផ្កាលើកិច្ចការបន្តទៅមុខ ដើម្បីពង្រឹងមជ្ឈភាពអាស៊ាន និងគុណតម្លៃរបស់យើង ជាមួយទំនាក់ទំនងជាមួយដៃគូខាងក្រៅ ជាពិសេសនៅពេលដែលសកលលោក កំពុងជួបប្រទះនឹងបញ្ហាស្មុគស្មាញក្នុងតំបន់ និងជាអន្តរជាតិ ដែលប្រែប្រួលយ៉ាងឆាប់រហ័ស»។

លោកនាយករដ្ឋមន្ត្រីសង្កត់ថា មជ្ឈភាពអាស៊ាន ​គឺជាកម្លាំងចលករចម្បងសម្រាប់កិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការជាមួយដៃគូរខាងក្រៅ តាមរយៈយន្តការដឹកនាំដោយអាស៊ាន។ ទោះបីជាស្ថិតនៅក្នុងស្ថានភាពយ៉ាងណាក៏ដោយ លោកថា ត្រូវរក្សាឯកភាពអាស៊ានដើម្បីអត្ថប្រយោជន៍ខ្ពស់បំផុតសម្រាប់តំបន់ទាំងមូល។

កម្ពុជាក្នុងនាមប្រធានអាស៊ានប្តូរវេនចាស់រូបនេះ សង្ឃឹមថា ឥណ្ឌូនេស៊ី ដែលក្លាយជាប្រធានអាស៊ានប្តូរវេនបន្ទាប់ទៅនេះ នឹងបន្តដឹកនាំអាស៊ានដើម្បីសម្រេចបាននូវគោលបំណងចម្បង គឺសហគមន៍អាស៊ាន ប្រកបដោយសុខសន្តិភាព ភាពធន់ និងបរិយាបន្ន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ