បទយកការណ៍​៖ ​សាលា​បឋម​សិក្សា​ឡៅ​រមៀត​ក្នុង​ខេត្ត​មណ្ឌលគិរី​ប្រឈម​កង្វះ​សម្ភារ​សិក្សា​និង​អគារ​ចាស់​ទ្រុឌទ្រោម​

ទិដ្ឋភាពសាលាបឋមសិក្សាឡៅរមៀត ស្ថិតក្នុងភូមិឡៅរមៀត ឃុំត្រង់តេះ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២។ (សុត បាន)

នៅលើផ្ទៃដីជិត ៣ហិកតា សាលាបឋមសិក្សាឡៅរមៀត  ស្ថិតក្នុងឃុំក្រង់តេះ ស្រុកពេជ្រាដា ដែលមានចម្ងាយប្រមាណ ៥០គីឡូម៉ែត្រ ពីទីរួមខេត្តមណ្ឌលគិរី មានអគារសិក្សាធ្វើពីឈើតែ ២ខ្នងប៉ុណ្ណោះ ខណៈបណ្ណាល័យ សួនកុមារ ឬបន្ទប់ទីចាត់ការ ជាដើមនោះ មិនមានក្នុងបរិវេណសាលានោះឡើយ។

នៅម៉ោងជាង ៧ព្រឹកនាថ្ងៃមួយ ក្នុងខែតុលា ឆ្នាំ២០២២   ក្នុងសម្លៀកបំពាក់ជាសិស្ស កុមារជនជាតិដើមភាគតិចជិត១០នាក់បាននាំគ្នាអង្គុយ ក្នុងបន្ទប់សាលារៀន ធ្វើអំពីឈើប្រក់ស័ង្កសីដើម្បីអានសៀវភៅ ដោយសំឡេងលាន់ឮកងរំពងពេញបន្ទប់រៀន។

ប៉ុន្តែសំឡេងទាំងអស់នេះ នឹងលែងឮនៅពេលដែលមានភ្លៀងធ្លាក់ លាយឡំនឹងខ្យល់បក់មក ព្រោះពួកគេមិនអាចអង្គុយរៀនក្រោមដំបូលអគារសាលាប្រក់ស័ង្កសីដែលចាស់ទ្រុឌទ្រោមនោះបានទៀតទេ ដោយសារមានទឹកលិចជាច្រើនកន្លែង។

ពាក់អាវសដៃខ្លី កុមារី រេត រដ្ឋារី ដែលជាជនជាតិដើមភាគតិចពូនង បានរៀបរាប់ប្រាប់អ្នកសារព័ត៌មានថា សព្វថ្ងៃនាងកំពុងសិក្សាថ្នាក់ទី៦ នៅក្នុងសាលាមួយនេះ  ប៉ុន្តែនាងតែងតែខកខានរៀនសូត្រ នៅពេលមានភ្លៀងធ្លាក់ ដោយសារមានទឹកសាចតាមជញ្ជាំង និងលិចតាមដំបូលសាលា។

កុមារី រេត រដ្ឋារី និយាយថា « ផលលំបាកដូចជាពេលភ្លៀងទៅវាសាច ពេលយប់ទៅវាងងឹតអត់មានភ្លើងទេ។ ពេលភ្លៀងខ្លាំងទៅដំបូលវាធ្លុះ វាស្រក់ចូលក្នុងសាលារៀន ភ្លៀងខ្លាំងលិចដល់សាលា»។

នៅក្នុងបរិវេណសាលា ដែលមិនមានទីធ្លាសួនកុមារ បណ្ណាល័យផងនោះ នាំឱ្យកុមារដែលសិក្សាក្នុងសាលាមួយនេះត្រូវសង្ងំក្នុងថ្នាក់ ឬទៅផ្ទះរបស់ពួកគេ នៅម៉ោងចេញលេង។

មានសម្បុរខ្មៅស្រអែមកុមារី អាយុ១២ឆ្នាំ រូបនេះថា នាងចង់បានសួនកុមារសម្រាប់លេង និងសាលារៀនថ្ម ខណៈសាលាដែលខ្លួនកំពុងអង្គុយរៀនសព្វថ្ងៃនេះជាសាលាឈើហើយដំបូលធ្លុះធ្លាយផងដែរ។

កុមារី រេត រដ្ឋារី ជាសិស្សរៀនថ្នាក់ទី៦ កំពុងអង្គុយក្នុងបន្ទប់រៀនក្នុងសាលាបឋមឡៅរមៀតកាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២។ (សុត បាន)

កុមារី រេត រដ្ឋារី និយាយថា « [សាលាគេ] មានសួនច្បារ មានកន្លែងកម្សាន្ត មានកន្លែងលេងកីឡា ហើយទៀតមានសាលារៀនថ្ម គ្រប់បែបយ៉ាង [សាលាខ្ញុំ] ខុសគ្នាឆ្ងាយ »។

កុមារីរូបនេះបន្ថែមថា៖ « ចង់បានសាលារៀន អណ្តូងទឹក សួនច្បារ អីចីង»។

អគារសាលាធ្វើពីឈើចំនួន ២ខ្នងនេះ សរុបមានចំនួន ៦បន្ទប់ ក្នុងនោះមាន ៤បន្ទប់សម្រាប់ឱ្យសិស្សអង្គុយរៀន និង ២បន្ទប់ទៀត សម្រាប់ការស្នាក់នៅរបស់គ្រូបង្រៀននៅទីនោះ ប៉ុន្តែនៅតែមិនអាចបំពេញតម្រូវការគ្រប់គ្រាប់សម្រាប់ដំណើរការបង្រៀនឱ្យដូចទៅនឹងសាលារៀននៅតំបន់ទីប្រជុំជនផ្សេងៗបាន​ឡើយ។

ក្រៅពីអគារធ្វើអំពើឈើ ដំបូលទឹកលិចហើយ ចម្ងាយផ្លូវចូលទៅដល់​សាលាបឋមឡៅរមៀត ប្រវែងប្រមាណ២០គីឡូម៉ែត្រមានល្បាប់ និងភក់ជ្រាំខ្លាំង ជង្ហុកធំៗ អមដោយព្រៃឈើស្ងាត់ ព្រមទាំងជ្រោះសងខាងផ្លូវបង្ក​ការលំបាកដល់ការធ្វើដំណើរសម្រាប់លោកគ្រូអ្នកគ្រូ​ ដែលតម្រូវឱ្យពួកគាត់សម្រេចចិត្តស្នាក់នៅទីនោះ ទោះបីសាលារៀន​កំពុងធ្លុះឆ្លាយ និងពុំមានសុវត្ថិភាពក្ដី។

​ ទិដ្ឋភាពផ្លូវចូលទៅកាន់សាលាបឋមសិក្សាឡៅរមៀត ស្ថិតក្នុងភូមិឡៅរមៀត ឃុំត្រង់តេះ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី កាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២។ (​សុត បាន​)

កំពុងអង្គុយនៅមុខបន្ទប់សាលារៀនដែលជាគ្រូបង្រៀននៅសាលាបឋមសិក្សាឡៅរមៀត   កញ្ញា ក្រុល ឌីណា ជាជនជាតិដើមភាគតិចជាតិពូនងរស់នៅភូមិពូលូង សង្កាត់រមនា​ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី បានរៀបរាប់ថា រូបគាត់បានចូលបង្រៀនសិស្សនៅសាលាបឋមសិក្សានេះ តាំងពីអំឡុងឆ្នាំ២០២១ ហើយបច្ចុប្បន្នសាលានៅដាច់ស្រយាលមួយនេះ  កំពុងខ្វះខាតសម្ភារសិក្សា និងការរៀបចំហេដ្ឋារចនាសម្ព័ន្ធក្នុងសាលា សម្រាប់ទ្រទ្រង់ដល់ការសិក្សារបស់សិស្ស។

គ្រូបង្រៀនវ័យ២៤ឆ្នាំ រូបនេះ ចង់បានសម្ភារផ្សេងៗ និងអាគារសិក្សាថ្មី ដោយយល់ថានឹងជំរុញចិត្តសិស្សដែលកំពុងរៀនឱ្យមានការខិតខំរៀនសូត្របន្ថែមទៀតផងដែរ។

ទោះបីជាសាលាបឋមសិក្សានេះ នៅតំបន់ដាច់ស្រយាលក៏ដោយ ប៉ុន្តែ កញ្ញា ក្រុល ឌីណា ចង់ឱ្យសាលាដែលគាត់កំពុងបង្រៀននេះ មានការអភិវឌ្ឍ​ដូចសាលារដ្ឋនៅតាមបណ្តាទីរួមស្រុកដទៃទៀត ដើម្បីជួយពង្រឹងការអប់រំសិស្សនៅតំបន់ដាច់ស្រយាលដែលជាកូនជាជនដើមភាគតិចឱ្យកាន់តែប្រសើរ។

អ្នកគ្រូនិយាយថា «ការពិតទៅវា[សម្ភារ]ក៏ជាចំណែករួមមួយផ្នែកដែរ ជាធម្មតាសូម្បីតែសិស្សចឹងបើមានសម្ភារៈគ្រប់គ្រាន់តែងតែទាក់ទាញចំណាប់អារម្មណ៍ពួកគាត់ឱ្យចូលចិត្តរៀនមែនអត់ ដូចជាថ្នាក់មត្តេយ្យ ថ្នាក់ទី១ ពួកគាត់ត្រូវការសម្ភារឧបទេសជាច្រើនដើម្បីទាក់ទាញកុមារ»។

អ្នកគ្រូបន្ថែមថា«បើមានលុយច្រើន មានសប្បុរសជួយច្រើន ខ្ញុំចង់ឱ្យសាងសងសាលាថ្មី មានសម្ភារសិក្សាគ្រប់គ្រាន់ដូចសាលានៅតាមទីប្រជុំជនដែរ ព្រោះលោកឃើញស្រាប់ហើយនៅទីនេះដាច់ស្រយាល ភាគច្រើនជាក្មេងៗជនជាតិពូនង បើមានរបស់លេងច្រើនអាចទាក់ទាញគាត់[កូនសិស្ស]មករៀនច្រើនដែរ»។

មិនខុសគ្នានេះដែរ ​គ្រូបង្រៀនម្នាក់ទៀត​ កញ្ញា ខែល ស្រីញោក ជាជនជាតិពូនងរស់នៅភូមិ ពូលូង សង្កាត់រមនា ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី  ហើយបច្ចុប្បន្នកំពុងបង្រៀននៅសាលាបឋមសិក្សាឡៅរមៀតបានរៀបរាប់ទាំងទឹកមុខក្រៀមក្រំថា  រយៈពេល ២ឆ្នាំដែលអ្នកគ្រូមកបង្រៀនសិស្សទីនេះ។ កញ្ញា មើលឃើញថាសាលាបឋមសិក្សានេះ មានការខ្វះខាតច្រើន ដែលធ្វើឱ្យសិស្សពិបាកក្នុងការសិក្សារៀនសូត្រ។

អ្នកគ្រូនិយាយថា«ធម្មតាពេលដែលយើងរៀនចប់ យើងត្រូវចាប់ប៉ុស្តិ៍[ទីកន្លែងបង្រៀន] អ៊ីចឹងពេលហ្នឹងដូចត្រូវគេដាក់មកទៅកន្លែងនេះ ទៅកន្លែងនោះដូចការងារផ្សេងៗដូចទាហានចឹងដែររដ្ឋគេតម្រូវ […] ខ្ញុំគិតថាសាលាមានការខ្វះខាតច្រើនដូចជាពេលភ្លៀងចឹងលិចទាំងអស់ម៉ងទឹកចូលក្នុងសាលាទៀត»។

គ្រូបង្រៀនដដែលនេះបន្ថែមថា សាលាបឋមសិក្សាឡៅរមៀតមិនត្រឹមតែខ្វះខាតសម្ភារ និងអគារសិក្សាទេ ចំណែកផ្លូវធ្វើដំណើរទៅកាន់សាលាក៏ពិបាក ដែលជាហេតុធ្វើឱ្យគ្រូបង្រៀនផ្សេងទៀតសម្រេចចិត្តស្នាក់នៅក្នុងសាលាសិក្សាដែលមានចម្ងាយឆ្ងាយពីទីប្រជុំជន។ ដោយឡែក អាហារសម្រាប់បរិភោគ និងសម្ភារប្រើប្រាស់ក៏ពិបាក​រកទិញ ដោយសារតំបន់ដែលពួកគាត់​បង្រៀនជាតំបន់ជនជាតិដើមភាគតិចរស់នៅ ដោយមិនសូវនាំទំនិញពីផ្សារមកលក់ឡើយ។

ទោះបីជាប្រឈមការលំបាកទាំងនេះក្តី ប៉ុន្តែសម្រាប់គ្រូបង្រៀនរូបនេះ នៅតែតាំងចិត្តថា ​មិន​បោះបង់ចោលអាជីពជាគ្រូបង្រៀនដែលខ្លួនស្រឡាញ់ ទោះបីជាត្រូវឃ្លាតឆ្ងាយពីផ្ទះ មករស់នៅតំបន់ដាច់ស្រយាល ខណៈក្នុងសាលាដែលកំពុងស្នាក់នៅក៏មិនមានសុវត្ថិភាពសម្រាប់ពួកគាត់ដែលជាស្ត្រីផងដែរ។

​គ្រូបង្រៀនរូបនេះថា«ឧបសគ្គច្រើនសម្រាប់ខ្ញុំ ទីមួយគឺផ្លូវ ទីពីរការរស់នៅពិបាកខ្វះខាតច្រើន តែធ្វើម៉េចតួនាទីត្រូវមកបំពេញដូចកន្លែងស្នាក់នៅដូចសាលានេះវា​ដាច់តែឯង ផ្ទះអ្នកភូមិនៅខាងនោះឆ្ងាយៗចឹងដល់ពួកខ្ញុំស្រីៗចឹងត្រូវនៅតែពីរនាក់ស្ងាត់ ត្រូវទ្រាំ ណាមួយយើងក៏ស្រឡាញ់ការងាររបស់យើងដែរ។ ចឹងបើឱ្យបោះបង់ចោល អត់អាចទេ»។

នាយកសាលាបឋមសិក្សាឡៅរមៀត លោក  ពេម ប៊ុនណា លើកឡើថា អគារសាលារៀនដែលកំពុងបង្រៀនសិស្សសព្វថ្ងៃមិនមានស្ដង់ដារហើយ សម្ភារសិក្សារបស់សិស្ស និងបណ្ណាល័យដាក់សៀវភៅពុម្ព សៀវភៅរឿង សម្រាប់ទុកឱ្យសិស្សសិក្សាជាដើមក៏មិនមានដែរ។ លោកបន្តថា ក្នុងនាមជានាយកសាលា រូបលោកចង់បានសាលារៀនជាអគារថ្មដែលមានស្ដង់ដារ ដោយមានសោភ័ណ្ឌភាពល្អ និងមានខ្យល់ចេញចូល ដូចសាលារៀនផ្សេងៗទៀតដែរ។

លោកបន្តថា «យើងដឹងហើយសម័យនេះ ជាសម័យអ៊ិនធឺណិត សម័យឌីជីថល។ អ៊ីចឹងឯកសារអីត្រូវប្រើកុំព្យូទ័រ ប្រើម៉ាស៊ីនព្រីនឯកសារអ៊ីចឹងទៅ  ដើម្បីការងារយើងលឿន ហើយឆាប់ហើយ។ ការងារនៅនេះ ខ្វះម៉ាស៊ីនព្រីន ចង់បានម៉ាស៊ីនភ្លើងមួយទៀតសម្រាប់បូមទឹក ដាក់បន្ទប់ទឹកអី ត្រូវប្រើម៉ាស៊ីនភ្លើង»។

លោកបន្ថែមថា « អ៊ីចឹងរាល់ថ្ងៃម៉ាស៊ីនភ្លើងវាខូចហើយ អ៊ីចឹងយើងខ្វះសម្ភារច្រើន ទឹកស្អាតយើងអត់មានទេ  ហើយអណ្ដូងនេះ យើងហូបអត់បានទេ  យើងប្រើសម្រាប់តែងូតទេ ហូបមិនបានទេ ដោយសារកំណកច្រើន វាមានផលលំបាកដែរ។ សម្រាប់ទឹកផឹកខ្ញុំដូរទឹកសុទ្ធទឹកអីអ៊ីចឹងទៅ»។

នាយកសាលាបឋមសិក្សាឡៅរមៀត លោក ពេម ប៊ុនណា កំពុងអង្គុយផ្តល់បទសម្ភាសមុខថ្នាក់រៀនកាលពីថ្ងៃទី ១០ ខែ​តុលា ឆ្នាំ​២០២២។ (សុត បាន)

កំពុងអង្គុយនៅលើកៅអ៊ីជ័រពណ៌ក្រហមស្លៀកពាក់ខោជើងវែងនិងអាវដៃវែងពណ៌សលោក  ពេម ប៊ុនណា បន្តថា អគារសិក្សារបស់សាលាបច្ចុប្បន្នដែលសង់ពីឈើប្រក់ស័ង្គសីមានចំនួន ៦ថ្នាក់ ដោយចាប់ពីថ្នាក់ទី១ ដល់ថ្នាក់ទី៦  ដែលមានសិស្សសរុបចំនួន ៥០នាក់។ លោកបន្តថា កុមារដែលកំពុងសិក្សានៅក្នុងសាលារៀនមួយនេះ ​ជាកូនជនជាតិដើមភាគតិច។ នាយកសាលារូបនេះ ស្នើទៅរដ្ឋាភិបាល និងសប្បុរសជនឱ្យជួយផ្ដល់ថវិកា ដើម្បីបានសាងសង់អគារសិក្សាថ្មី និងទិញសម្ភារផ្សេងៗ ជាដើម ដើម្បីបំពេញនូវសេចក្តីខ្វះខាតនាពេលបច្ចុប្បន្ន។ ​

លោកថា «យើង សាងសងដោយសហគមន៍ផ្ទាល់  បើគិតពីស្ដង់ដារគឺអត់មានទេ អ៊ីចឹងយើងនៅមានកម្រិតនៅឡើយ។ អ៊ីចឹងដើម្បីមានសាលារៀនស្អាត ទាល់ស្នើសុំសប្បុរសធម៌  ក៏ដូចជាអ្នកពាក់ព័ន្ធរួមទាំងរាជរដ្ឋាភិបាល សុំសាលារៀនថ្ម សុំអគារមួយខ្នង នេះគឺជាតម្រូវការ ។ អ៊ីចឹងបើអត់មានបណ្ណាល័យ  កន្លែងសម្រាប់ដាក់សៀវភៅអត់មាន ដូចឥឡូវយើងចេះតែដាក់  អត់មានតាមលំដាប់លំដោយ ណាមួយមានវាកណ្ដៀរឡើង ស៊ីពុកអស់រលីង អ៊ីចឹងយើងពិបាកទុកដាក់ឯកសារដែរ»។

ចំណែកមេភូមិឡៅរមៀត លោក កើន ប្រាណ  ដែលបានចូលរួមសាងសង់សាលាបឋមសិក្សាឡៅរមៀត បានរៀបរាប់ថា រូបគាត់បារម្ភខ្លាចក្មេងៗនៅភូមិរបស់គាត់មិនចេះអក្សរដូចក្មេងៗដទៃទៀត ស្របពេលតំបន់ដែលលោកកំពុងគ្រប់គ្រងនេះ ​ស្ថិតនៅតំបន់ដាច់ស្រយាល។

មេភូមិឡៅរមៀត លោក កើន ប្រាណ អាយុ៥២ឆ្នាំ កំពុងអង្គុយផ្តល់បទសម្ភាសដល់់អ្នកសារព័ត៌មានមុខថ្នាក់រៀនជុំវិញស្ថានភាពសាលាកាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២។ (សុត បាន)

ដោយបារម្ភបែបនេះ ទើបជំរុញឱ្យលោកនិង នាយកសាលាជួបប្រជុំជាមួយសហគមន៍ ដើម្បីរៃថវិកា​យកមកសាងសង់សាលារៀន ទោះបីជាថវិកាដែលប្រមូលបានមិនច្រើនក្តី ដោយសារ  ប្រជាពលរដ្ឋកំពុងរស់នៅក្នុងភូមិនេះ នៅមានចំនួនតិចនៅឡើយ។

លោកថា«កូនចៅចេះដឹងក្នុងការរៀនសូត្រ ប្រកបការងារអ្វីឱ្យបានយល់ដឹង សារៈសំខាន់នៃចំណេះដឹងអ៊ីចឹង។ មនុស្សមួយៗទាមទារការចេះដឹង បើសិនជាយើងល្ងង់ខ្លៅច្រើនចាញ់បោកគេ ! គេអូសទាញម៉េច តាមគេអ្នកនោះ។ អ៊ីចឹងបើយើងអ្នកចេះដឹង អ្នកយល់ដឹងយើងអាចទប់ស្កាត់ការបោកបញ្ឆោតរបស់គេអ៊ីចឹង។ ទី២ទៀត ការងារឥឡូវការងារសំខាន់អ្នកចេះដឹង បើយើងមិនចេះដឹងទេ គេមិនសូវមករវល់ជាមួយយើងទេ។ អ៊ីចឹងអប់រំគាត់ឱ្យយល់ពីចំណេះដឹង ដើម្បីឱ្យគាត់អាចអប់រំកូនចៅគាត់តៗ និងចូលរួមនិងរៀននៅក្នុងសហគមន៍យើងតៗអ៊ីចឹង»។

កំពុងអង្គុយលើកៅអីជ័រមុខបន្ទប់រៀនឈើ ដៃម្ខាងកាន់សៀវភៅ លោកមេភូមិ កើន ប្រាណ  រៀបរាប់បន្តថា កន្លងមកគាត់តែងតែលើកសំណើទៅថ្នាក់លើ ដើម្បីស្នើសុំអគារសិក្សាថ្មី ដែលធ្វើអំពីថ្ម ​ និងសម្ភារផ្សេងៗសម្រាប់សិស្សសិក្សា ព្រមទាំងកន្លែងកុមារលេងកម្សាន្តជាដើម ។ លោបញ្ជាក់ថា ទោះបីជារូបគាត់ខំតខំស្នើម្ដងហើយម្ដងទៀតក្ដី ប៉ុន្តែមិនបានផលឡើយ។

លោកថា«ខ្ញុំស្នើរាល់ឆ្នាំតាំងពីសាលារៀនតាំងពីអណ្ដូងទឹក តាំងពីស្អី ខ្ញុំស្នើរហូត តាំងពីផ្លូវតាំងពីអី រាល់ឆ្នាំតែម្ដង អត់មានខានឆ្នាំទេ ។ តែទី១ គេថាប្រជាជននៅមានកម្រិត។ និយាយទៅខ្ញុំសុំគេរហូតឱ្យតែមានផែនការប្រជុំអីខ្ញុំសុំគេរហូតហ្នឹងតែអត់មានទេ ដល់អត់មានគេអត់ផ្ដល់មកយើងហ្នឹង។ ខាងថ្នាក់លើគេឆ្លើយតបថាអត់អីៗអ៊ីចឹង ប៉ុន្តែមិនដឹងគាត់ខ្វះខាតថវិកាឬក៏យើងនៅឆ្ងាយពេកដាច់ស្រយាលពីទីប្រជុំជនពេកក៏មិនដឹង អ៊ីចឹងយើងក៏មិនដឹងដែរ»។

ទាក់ទិនបញ្ហានេះ ប្រធានមន្ទីរអប់រំ យុវជន និងកីឡា ខេត្តមណ្ឌលគិរី លោក ទឹម សង្វាត មានប្រសាសន៍ថាពាក់ព័ន្ធនឹងការចង់បានរបស់សាលាបឋមសិក្សា​នៅតំបន់ដាច់ស្រយាលក្នុងភូមិឡៅរមៀត ខាងមន្ទីរអប់រំបានផ្តល់ជាថវិកាជារៀងរាល់ឆ្នាំ និងបានសហការជាមួយសហគមន៍ផ្ទាល់ដើម្បី​​កសាងអគារឈើបន្តទៀតតាមតម្រូវការសហគមន៍។ លោកបន្តថា រឿងសហគមន៍ លោកគ្រូអ្នកគ្រូកូនសិស្សចង់បានអាគារថ្ម កន្លែងលេងកម្សាន្ត បណ្ណាល័យនិងសួនអីជាដើម ក្រសួងនឹងមើលតាមទិដ្ឋភាពជាក់ស្តែង ប្រសិនបើមានសិស្សច្រើន។

លោកមានប្រសាសន៍ថា«សាលានឹងយើងគ្រប់គ្រង់យើងបានផ្តល់ថវិកាផ្តល់លុយរាល់ឆ្នាំដូចគេដូចឯង[សាលាផ្សេងទៀតដែរ] ចឹងណា៎ ហើយសហគមន៍រួមធ្វើយើងបានផ្តល់ថវិកាសម្ភារៈខ្លះដែរ. វាចឹងហើយសាលានៅជនបទជាតម្រូវការរបស់គាត់[សហគមន៍]គាត់ធ្វើនេះធ្វើនោះបន្ថែមជារឿងរបស់គាត់ ហើយរឿងចង់បានអាគារថ្ម យើងចាំមើលតាមជាក់ស្តែង»។

ប្រធានមន្ទីរអប់រំរូបនេះ  បញ្ជាក់បន្ថែមថា ចំពោះសាលាបឋមសិក្សានៅខេត្តមណ្ឌលគិរី មិនថានៅជនបទដាច់ស្រយាល និងទីប្រជុំជននោះទេ ក្រសួងបានយកចិត្តទុកដាក់ពង្រីកសាលាទៅតាមតម្រូវការរបស់ប្រជាជនគ្រប់ទិសទី។ លោកបន្តថា បើតាមរបាយការណ៍របស់មន្ទីរអប់រំខេត្តមណ្ឌលគិរី សាលាបឋមសិក្សាទាំងតូចទាំងធំមិនក្រោមពី ១០០ សាលាទេ។

លោកថា«បើតាមរបាយការណ៍របស់ក្រសួងសាលាបឋមនៅខេត្តមណ្ឌលគិរី បើយើងគិតទាំងតូចទាំងធំប្រហែលជាង ១០៣ ទៅ ១០៤ ប៉ុន្តែបើក្រោមការគ្រប់គ្រងរបស់ក្រសួង  ធំៗមានតែ ៨៣ សាលាបឋមសិក្សាទេ»។

ប្រធានមជ្ឈមណ្ឌលអប់រំប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាព លោក យង់ គិមអេង មានប្រសាសន៍ថា ការសាងសង់អគារសិក្សាថ្មី ជំនួសអគារចាស់ទ្រុឌទ្រោម និងការផ្តល់សម្ភារសិក្សាគ្រប់គ្រាន់ សម្រាប់សាលានៅតំបន់ដាច់ស្រយាល គឺជា​​រឿងមួយចំបាច់​ ដែលរដ្ឋត្រូវតែយកចិត្តទុកដាក់​។ លោកបន្តថា សាលានៅតំបន់ដាច់ស្រយាលនៅតែចោទជាបញ្ហាប្រឈមសម្រាប់សង្គមកំពុងអភិវឌ្ឍន៍ បើទោះបីជាកម្ពុជាមានសាលារៀនរីកដូចផ្សិតហើយក៏ដោយ ប៉ុន្តែគម្លាតរវាងសាលានៅជនបទដាច់ស្រយាល នៅតែមានលក្ខណៈខុសគ្នានៅឡើយពីសាលានៅទីប្រជុំជន។

លោកមានប្រសាសន៍ថា«សាលានៅតំបន់ដាច់ស្រយាលវាជាបញ្ហាមួយធំផងដែរ បច្ចុប្បន្ននេះទោះបីជាគ្រូយើងសម្បូរហើយក៏ដោយ ប៉ុន្តែវានៅតែជាបញ្ហាធំដែរ ព្រោះប្រាក់ខែគ្រូគាត់មិនគ្រប់គ្រាន់នៅក្នុងការទៅបង្រៀននៅតំបន់ដាច់ស្រយាលនោះទេ ទាំងក្នុងការស្នាក់នៅអីជាដើម។ល។ ចឹងហើយដែលខ្ញុំឃើញថា បញ្ហាចោទនៃគម្លាតនៃការអប់រំរវាងទីក្រុង និងជនបទដាច់ស្រយាលគឺខុសគ្នា»។

មន្ត្រីសង្គមស៊ីវិលរូបនេះ​ផ្តល់ជាអនុសាសន៍ថា ដើម្បី​ទាក់ទាញសិស្សនៅតំបន់ដាច់ស្រយាលឱ្យចូលរៀន​កាន់តែច្រើន រដ្ឋាភិបាលនិងក្រសួងពាក់ព័ន្ធ ត្រូវតែចាត់វិធានការកសាងសាលានិងរៀបចំហេដ្ឋាចរនាសម្ព័ន្ធសាលាឱ្យបានប្រសើរឡើង។ ​ លោកបន្តថា នៅពេល​មានសាលាស្អាត មានសម្ភារគ្រប់គ្រាន់ មានហេដ្ឋារចនាសម្ព័ន្ធត្រឹមត្រូវ ពិសេសផ្លូវស្រួលធ្វើដំណើរ នោះទាំងគ្រូទាំងសិស្សនឹងមានអារម្មណ៍ស្រស់ស្រាយក្នុងការសិក្សារៀនសូត្រ និងបង្រៀន។ លើសពីនេះ ក៏ជាផ្នែកមួយអាចកាត់បន្ថយការបោះបង់ចោលការសិក្សារបស់សិស្ស ខណៈសិស្សទាំងនោះនឹងក្លាយជាធនធានមនុស្សកាន់តែច្រើនសម្រាប់សង្គមជាតិ។

លោកថា«ហើយយើងឃើញថាពាក់ព័ន្ធនឹងសាលាត្រូវតែមានសួនច្បារ ត្រូវតែមានទីធ្លាល្អស្អាតសម្រាប់ទាក់ទាញកូនសិស្សឱ្យមករៀន ក្មេងៗបើគ្នានៅផ្ទះគ្នាក៏ពិបាកនៅជុំវិញផ្ទះបរិយាកាសមិនល្អទៅហើយ ប៉ុន្តែមកដល់សាលាបើបរិយាកាសមិនល្អទៀតវាធ្វើឱ្យគ្នា[កូនសិស្ស]វាអត់មានអីខុសគ្នា វាអាចធ្វើឱ្យពួកគាត់ជួនកាលអត់រៀនចង់សូត្រដែរបាទ»។

របាយការណ៍របស់ក្រសួងអប់រំ យុវជន និងកីឡា ចេញផ្សាយ ក្នុងខែមីនា ឆ្នាំ ២០២២ ឱ្យដឹងថា សាលាបឋមសិក្សានៅកម្ពុជាបានកើនឡើងពីចំនួន ៧ ៧១៦សាលា (សាលារដ្ឋ ៧ ២២៨ និងឯកជន ៤៨៨) ក្នុងឆ្នាំសិក្សា ២០១៨ -២០១៩ ដល់ ៧ ៨៤៣សាលា (សាលារដ្ឋ ៧ ៣០៤ និងឯកជន ៥៣៩) ក្នុងឆ្នាំសិក្សា ២០២០-២០២១។

 អ្នកស្រី តាច ជី អាណាព្យាបាលសិស្សមួយរូបដែលរស់នៅភូមិឡៅរមៀត ខេត្តមណ្ឌលគិរី ស្នើឱ្យជួយបំពេញសេចក្តីត្រូវការរបស់សាលាមួយនេះកាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២។ (សុត បាន)

ងាកមកជនជាតិដើមភាគតិចពូនងម្នាក់ គឺអ្នកស្រី តាច ជី វ័យ៣៧ ឆ្នាំ ដែលមានកូនស្រីអាយុ ១២ឆ្នាំកំពុងរៀនថ្នាក់ទី៥ ក្នុងសាលាបឋមសិក្សាឡៅរមៀត ក៏ចង់បាន​អាគារសិក្សាថ្មី និងមានសម្ភារសិក្សាប្រសើរជាងបច្ចប្បន្ន ដើម្បីបង្កភាពងាយស្រួលសម្រាប់ការសិក្សារបស់កុមារក្នុងភូមិដាច់ស្រយាលមួយនេះ។

អ្នកស្រី តាច ជី និយាយថា៖ « ចង់ឱ្យគេជួយធ្វើបន្ទប់ឱ្យត្រឹមត្រូវឱ្យល្អ រកប្រដាប់ក្មេងលេង ដើម្បីទាក់ទាញសិស្សឱ្យបានចូលរៀនឱ្យច្រើន»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ