បទ​យកការណ៍​៖​ ​ពលរដ្ឋ​រស់​នៅ​អម​ផ្លូវ​ចូល​ទៅ​រមណីយដ្ឋាន​ទន្លេ​បាទី​ប្រឈម​បញ្ហា​សុខភាព​ដោយ​សារ​ដី​ហុយ​

ប្រជាពលរដ្ឋកំពុងធ្វើដំណើរលើផ្លូវលេខ១២០ (B) ដែលតភ្ជាប់ពីផ្លូវជាតិលេខ២ ឆ្លងកាត់រមណីយដ្ឋានទន្លេបាទី ក្នុងឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២២។ (សុត បាន)

ប្រជាពលរដ្ឋរស់នៅតាមបណ្តោយផ្លូវលេខ១២០ (B) ដែលតភ្ជាប់ពីផ្លូវជាតិលេខ២ ឆ្លងកាត់រមណីយដ្ឋានទន្លេបាទី ក្នុងឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ លើកឡើងពីក្តីបារម្ភចំពោះបញ្ហាសុខភាព ដោយសារបញ្ហាធូលីដីហុយខ្លាំង ចេញពី​កំណាត់ផ្លូវប្រវែងប្រមាណ៤គីឡូម៉ែត្រ ដែលជាប់គាំងក្នុងការសាងសង់ផ្លូវ ប្រមាណ ២ខែ មកហើយ។

ក្រុមអ្នកភូមិបានលើកឡើងថា ក្តីបារម្ភនេះកើតឡើង ក្រោយមានអ្នកភូមិខ្លះកំពុងកើតមានអាការៈផ្តាសាយ និងក្អក ខណៈអ្នកជំនាញថា កម្ទេចធូលីទាំងនោះ នឹងបង្កផលប៉ះពាល់ដល់សរីរាង្គសួត និងផ្លូវដង្ហើមរបស់មនុស្ស។

កំពុងអង្គុយលក់នំបញ្ទុក ពាក់អាវផ្កាពណ៌ក្រហមដៃវែង អ្នកស្រី ញែម ម៉ាច  វ័យ ៥៩ឆ្នាំ  រស់នៅភូមិទន្លេបាទី  ឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ  បានប្រាប់អ្នកសារព័ត៌មាន វីអូឌីថា គ្រឿងចក្រ បានចាប់ផ្តើមជួសជុលផ្លូវនេះ ក្នុង​កំឡុងខែមិថុនា ឆ្នាំ២០២២។ អ្នកស្រីថា  ​បច្ចុប្បន្ននេះ មិនមានសកម្មភាពស្ថាបនាបន្តនោះទេ ដែលបណ្តាឱ្យមានដីហ៊ុយខ្លាំង  បង្កការលំបាកដល់ការរស់នៅរបស់ប្រជាពលរដ្ឋនៅសងខាងផ្លូវ។

អ្នកស្រីបន្ថែមថា ដោយសារតែមានធូលីដីហុយបែបនេះ បានបង្កឱ្យគាត់មានអាការៈផ្តាសាយ ​និងក្អកជាញឹកញាប់។

អ្នកស្រី ញែម ម៉ាច និយាយថា ៖ «កុំឱ្យនៅចឹង [ផ្អាកការជួសជុល] ហ៊ុយលើប្រជាជនដូចថា កើតជំងឺឈឺដល់សួតអីអស់ហើយ! តាំងពីក្មេងៗអីហ្នឹង! ខ្ញុំឧស្សាហ៍ផ្តាសាយ ក្អក! »

បន្ថែមលើនេះ អ្នកស្រីក៏បង្ហាញក្តីបារម្ភពីផលប៉ះពាល់សុខភាពចំពោះកុមារ ដែលកំពុងរស់នៅក្នុងភូមិនេះផងដែរ។

អ្នកស្រី ញែម ម៉ាច កំពុងលក់នំបញ្ចុក នៅតាមបណ្តោយផ្លូវលេខ១២០(B) ស្ថិតក្នុងភូមិទន្លេបាទី ឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២២។ (សុត បាន)

អ្នកស្រី ញែម ម៉ាច បន្តថា ៖ « ក្មេងៗ ឥឡូវហ្នឹង!  ឩស្សាហ៍ក្តៅផ្តាសាយ! ជាពិសេសចៅខ្ញុំបើវារត់លេងចិង [ដី] ហ៊ុយ ដឹងទៅចាប់វាមិច!»។

មេភូមិទន្លេបាទី លោក ហាក់ មាំង បានឱ្យដឹងថា ផ្លូវដែលហុយនេះ ជាផ្លូវលេខ ១២០ (B)  ដែលមានប្រវែងជាង១០គីឡូម៉ែត្រ ប៉ុន្តែគឺមានការជួសជុលតែប្រវែង ៤គីឡូម៉ែត្រតែប៉ុណ្ណោះ ដែលតភ្ជាប់ពីផ្លូវជាតិលេខ២ ទៅកាន់ផ្លូវជាតិលេខ៣  ឆ្លងកាត់ភូមិថ្នល់ទក្សិណ និងភូមិទន្លេបាទី ស្ថិតនៅឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ  ទៅកាន់ភូមិសាស្រ្ត ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។

លោកទទួលស្គាល់ថា រយៈពេលជិត ២ខែមកហើយ ដែលមិនមានសកម្មភាពសាងសង់ផ្លូវបន្ត ហើយលោកក៏មិនដឹងមូលហេតុពិតប្រាកដនោះទេ។ លោកបន្តថា ក្នុងនាមអាជ្ញាធរមូលដ្ឋាន​គឺលោកបានដាក់សំណើទៅកាន់ថ្នាក់ខេត្តរួចហើយ ដើម្បីរកដំណោះស្រាយ ពាក់ព័ន្ធការជាប់គាំងនៃការសាងសង់ផ្លូវមួយខ្សែនេះ ។ 

លោក ហាក់ មាំង បញ្ជាក់ថា ៖ «ដាក់សំណើទៅខេត្តរួចហើយ! ប្រជុំថ្ងៃមុនខ្ញុំដាក់សំណើទៅខេត្តហើយ!»

បើតាមមេភូមិរូបនេះ បានបន្ថែមថា ផ្លូវលេខ ១២០ (B)   ជាប្រភេទផ្លូវចាក់បេតុងទទឹង៦ម៉ែត្រ និងមានគម្រោងរៀបចំដាក់ប្រព័ន្ធលូដើម្បីរំដោះទឹកនៅសងខាងផ្លូវថែមទៀតផង។

នៅអមសងខាង ផ្លូវលេខ ១២០ (B) វិញ គឺមានផ្ទះប្រជាពលរដ្ឋរាប់រយគ្រួសារកំពុងរស់នៅ និងប្រកបរបរលក់ចំណីអាហារ ផ្លែឈើ និង​ភេសជ្ជៈជាដើម។ ក្រៅពីការព្រួយបារម្ភចំពោះសុខភាពភាពហើយនោះ ករណីដីហុយនេះក៏បានប៉ះពាល់ដល់មុខរបរលក់ដូររបស់អ្នកភូមិផងដែរ។

បើតាមអ្នកស្រី ញែម ម៉ាច បាននិយាយថា មុនពេលស្ថាបនានិងជួសជុល​ផ្លូវនេះ គាត់អាចរកចំណូលបាន ៣ម៉ឺនរៀលក្នុងមួយថ្ងៃពីការលក់នំបញ្ចុក ប៉ុន្តែបច្ចុប្បន្នគឺបាន២ ម៉ឺនរៀល ដោយថាមិនសូវមានអ្នកមកទិញឬហូបច្រើនដូចមុននោះទេ។

ចំណែកពលរដ្ឋមួយរូបទៀត លោក ប៉េង រ៉ា វ័យ ៤៤ឆ្នាំ រស់នៅភូមិទន្លេបាទី  ឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ  សង្កេតឃើញថា អ្នកភូមិដែលកំពុងរស់នៅតាមបណ្តោយផ្លូវមួយខ្សែនេះ កំពុងប្រឈមបញ្ហាសុខភាព ព្រោះតែធូលីដីបានហុយមកចូលក្នុងផ្ទះរបស់ពួកគេ ហើយលោកបារម្ភពីសុខភាពកូនៗរបស់លោកជាខ្លាំង។

លោក ប៉េង រ៉ា និយាយថា៖ «សូម្បីរាល់ថ្ងៃចាស់ៗគាត់នៅយូរៗក្អកពេញវាលដែរហ្នឹង ! ដីហុយមក។ ខ្ញុំក៏ក្អកដែរ រាល់ថ្ងៃនេះ កូនខ្ញុំអីហ្នឹង ក្អកគ្រប់គ្នា ដីហុយជុកមក »

ពលរដ្ឋមានវ័យ ៤៤ឆ្នាំរូបនេះ  បានឱ្យដឹងថា មានឡានធំៗជាច្រើនគ្រឿងបានដឹកដី និងថ្មកាត់ផ្លូវនេះជារៀងរាល់ថ្ងៃ ដើម្បីយកទៅសាងសង់ព្រលានយន្តហោះថ្មីក្នុងខេត្តកណ្តាល ដែលបណ្តាលឱ្យមានដីហុយកាន់តែខ្លាំងឡើង។

លោក ប៉េង រ៉ា  និយាយថា ៖ «តាំងពីឈប់ធ្វើផ្លូវមកគេមិនដែលរវល់ទេ ។ ហុយអីចឹងរហូត គេមិនដែលអើពើថា ឥលូវបាញ់ទឹកកុំឱ្យហុយ អត់ទេ! តាំងពីគេផ្អាកធ្វើផ្លូវហ្នឹងមក គេទុកចោលចឹងហ្មង »

ស្រដៀងគ្នានេះដែរ ពលរដ្ឋម្នាក់ទៀត លោក ធូ សាមុត អាយុ៥០ឆ្នាំ រស់នៅភូមិថ្នល់ទក្សិណ ឃុំក្រាំងធ្នង់ ស្រុកបាទី បានលើកឡើងថា លោកមិនសូវហ៊ានអង្គុយក្នុងផ្ទះនោះទេ ព្រោះបារម្ភពីសុខភាព ដោយថា នៅពេលមានឡានធំៗបើកបរមកម្តងៗ គឺបង្កឱ្យដីហុយយ៉ាងខ្លាំង។

លោក ធូ សាមុត បន្តថា ៖ «ប៉ះពាល់នៅមិនបានថយចេញអស់។ ដូចខ្ញុំថយចេញពីផ្ទះអស់ អត់ដែលនៅសោះ វាហុយពេក។ សុខភាពសំខាន់ ប៉ះពាល់សុខភាព ប៉ះពាល់អាជីវកម្ម កាលណាហុយហើយ គាត់នៅលក់ដូរអីបាន! ថយចេញគ្រប់គ្នា»

ជាមួយគ្នានេះ លោក បានស្នើឱ្យក្រុមហ៊ុនដែលដឹកដីឆ្លងកាត់ផ្លូវមួយខ្សែនេះ និងអាជ្ញាធរមានវិធានការ បាញ់ទឹកដើម្បីកាត់បន្ថយការហុយដីមកលើផ្ទះរបស់ប្រជាជន ដែលកំពុងរស់នៅតាមបណ្តោយផ្លូវនេះ។

លោក ធូ សាមុត ថ្លែងថា៖ «ការធ្វើអាជីវកម្មរបស់ក្រុមហ៊ុនចុះឡើងៗ រាប់រយឡានៗ។ គួរតែតំណាងក្រុមហ៊ុន ឬម្ចាស់អាជីវកម្មមកស្រោចទឹកឱ្យប្រជាជន នៅអាស្រ័យផលទីហ្នឹងគាត់។ ប្រជាជនហាត់បីដូចជាពិបាកជាង អា [ផ្លូវ] មិនទាន់ធ្វើទៀត»។

ឆ្លើយតបការស្នើសុំនេះ មេឃុំក្រាំងធ្នង់លោក ជិន អ៊ីម បានឱ្យដឹងថា ក្នុងពេលថ្មីៗនេះអាជ្ញាធរមូលដ្ឋានបានប្រើប្រាស់ឡានបាញ់ទឹកលើផ្លូវជាបណ្តោះអាសន្នរួចហើយ ដើម្បីកាត់បន្ថយដី​ហុយ និងរង់ចាំការដោះស្រាយពីថ្នាក់ខេត្ត ដើម្បីបន្តការសាងសង់ ដោយថាករណីនេះហួសដែនកំណត់ពីអាជ្ញាធរមូលដ្ឋាន​។

លោក ជិន អ៊ីម និយាយថា៖« គេបាញ់តើ [ឡានបាញ់ទឹក] ផ្លូវកុំឱ្យហុយ! ព្រោះឡានដឹកថ្ម។ ចាំមើលឱ្យគេជួយបាញ់បន្ថែមទៀត។ ប៉ុន្មានថ្ងៃមុន ចៅហ្វាយខេត្តមក គេឱ្យបាញ់ ខាងក្រសួងសាធារណៈការ [ចុះមកត្រួតពិនិត្រ] »។

យ៉ាងណាក្តី មេឃុំក្រាំងធ្នង់រូបនេះ បន្ថែមថា លោកមិនទាន់ដឹងថា ថ្នាក់លើនឹងជួសជុលផ្លូវនេះបន្តនៅពេលណានោះទេ។

អភិបាលស្រុកបាទី លោក ភួន ឈីម បានឆ្លើយតបថា មូលហេតុដែលមានការជាប់គាំង ការសាងសង់ផ្លូវលេខ ១២០ (B) គឺដោយសារប្រទេសកម្ពុជាជួបវិបត្តិសេដ្ឋកិច្ច​ដែលជាមូលហេតុធ្វើឱ្យអាជ្ញាធរមិនមានថវិការសាងសង់បន្តបាន។ លោកបានជំរុញឱ្យប្រជាពលរដ្ឋដែលកំពុងរស់នៅជាប់ផ្លូវដែលមានដីហុយនោះ មានការអត់ធ្មត់បន្តទៀត។

លោក ភួន ឈីម  បន្ថែមថា៖«ទី១ ផ្លូវជាប់គាំងនូវការសាងសង់ ចឹងក្នុងលោកជាអ្នកសារព័ត៌មានហ្នឹង! លោកដឹងថា វិបត្តិសេដ្ឋកិច្ចហ្នឹងជាប់គាំងអីខ្លះ? ។ ទី២ ថវិការជាតិ ការកសាងយើងអត់ទាន់មានគ្រប់គ្រាន់ ទី៣ សូមសំណូមពរឱ្យប្រជាពលរដ្ឋទាំងអស់ បើមានការហុយ សូមមានការអត់ធ្មត់! យើងអាចថា បាញ់ទឹក ស្រោចទឹកដាក់មុខផ្ទះ »។

ចំពោះសំណួរថា អាជ្ញាធរនឹងចាប់ផ្តើមការស្ថាបនាផ្លូវនេះ​បន្តនៅពេលណា? អភិបាលស្រុកបាទី លោក ភួន ឈីម ថា លោកមិនទាន់អាចកំណត់បាននៅឡើយទេ។

លោកបញ្ជាក់ថា៖ «កម្រិតស្រុកមិនអាចបញ្ជាក់បានទេ!  សូមរក្សាសិទ្ធិមិនឆ្លើយ»។

ប្រធាន​សមាគម​គ្រូពេទ្យ​គុណធម៌​កម្ពុជា លោកវេជ្ជបណ្ឌិត ​អ៊ូច វុទ្ធី បានពន្យល់ថា កម្ទេចកំទីដីហុយទាំងនោះ នឹងបង្កផលប៉ះពាល់ដល់ស្បែករបស់ប្រជាពលរដ្ឋ ជាពិសេសធូលីដែលពលរដ្ឋស្រូបចូលតាមរយៈផ្លូវបង្ហើមនោះ នឹងវិវត្តន៍ទៅជាជំងឺសួត។

លោកវេជ្ជបណ្ឌិត អ៊ូច វុទ្ធី ពន្យល់ថា៖ «អាធូលីដីហ្នឹងវា ច្រមុះគាត់ម្តងបន្តិចៗ។ ចូលសួតគាត់ហ្នឹង រ៉ាំរៃ  ​យូៗគេហៅរបេងសួត របេងសួត ដោយសារការហុយដីហ្នឹង ប៉ះពាល់ខ្លាំងណាស់»។

ទោះជាបែបនេះក្តី ត្រឡប់ទៅកាន់ អ្នកស្រី ញែម ម៉ាច  បានស្នើឱ្យអាជ្ញាធរពន្លឿនការស្ថាបនាផ្លូវ ១២០ (B) ឱ្យបានឆាប់រហ័ស ដើម្បីឱ្យគាត់ងាយស្រួលក្នុងការរស់នៅ និងដើម្បីបញ្ចៀសពីផលប៉ះពាល់សុខភាពរបស់អ្នកភូមិបន្តទៀត។

អ្នកស្រីថា៖ « ចង់ឱ្យរដ្ឋធ្វើផ្លូវហ្នឹងឱ្យហើយទេ។  ពួកខ្ញុំវាស្រួល  អត់ហ៊ុយ អត់អីចឹងទៅណា៎»

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ