«ជញ្ជាំងអត់មាន! អីអត់មាន! មើលទៅក៏ស្រណោះសិស្សសាលាដែលគ្នារៀន»
នេះជាការរៀបរាប់ពីទិដ្ឋភាពចាស់ទ្រុឌទ្រោមនៃថ្នាក់រៀនរបស់សិស្សនៅសាលាបឋមសិក្សាចំការចេក ពីសំណាក់អ្នកស្រី ស្រិប រដ្ឋណី ជាម្តាយរបស់សិស្សម្នាក់ដែលកំពុងសិក្សាថ្នាក់ទី៣ នៅសាលាបឋមសិក្សាមួយនេះ ស្ថិតនៅភូមិចំការចេក ឃុំស្លែងស្ពាន ស្រុកស្រីស្នំ ខេត្តសៀមរាប ដែលដាច់ស្រយាលពីសាលាបឋមសិក្សាដទៃ។

កំពុងអង្គុយយោលអង្រឹងកូនតូចនៅក្រោមផ្ទះ អ្នកស្រី ស្រិប រដ្ឋណី បានឱ្យដឹងថា អ្នកស្រីមានកូនប្រុសម្នាក់កំពុងសិក្សាថ្នាក់ទី៣ នៅសាលាបឋមសិក្សាចំការចេក ដែលត្រូវបានសាលាបែងចែកឱ្យទៅរៀននៅអគាររោងដោលធ្វើពីឈើ មានដំបូលធ្លុះធ្លាយ និងគ្មានជញ្ជាំង។ អ្នកស្រីបន្តថា បញ្ហានេះ ធ្វើឱ្យអ្នកស្រីមានក្តីបារម្ភ និងអាណិតស្រណោះកូនរបស់ខ្លួន និងកុមារដទៃទៀតដែលកំពុងសិក្សាក្រោមអគារចាស់ទ្រុឌទ្រោមនោះ។

យោលអង្រឹងកូនបណ្តើរ អ្នកស្រីរៀបរាប់ថា គាត់ចង់ឃើញកុមារក្នុងភូមិមានសាលារៀនថ្មស្អាតដូចទៅនឹងសាលារៀនដទៃទៀត ដោយថា ប្រសិនបើមានសាលារៀនស្អាតល្អ នោះសិស្សក៏កាន់តែកក់ក្តៅ និងចង់រៀនដែរ។
អ្នកស្រីបន្តថា៖«ចង់ឃើញគេជួយឧបត្ថម្ភឱ្យសិស្ស ជួយឱ្យសាលាយើងរីកលូតលាស់តទៅមុខទៀត ឱ្យកូនសិស្សយើងមានអារម្មណ៍ទៅរៀនរាល់ថ្ងៃ»។
មិនមែនមានតែអ្នកស្រីទេដែលលើកឡើងបែបនេះ ប៉ុន្តែថ្នាក់ដឹកនាំសាលា និងអាណាព្យាបាលសិស្សដែលកំពុងសិក្សានៅសាលាបឋមសិក្សាចំការចេកផ្សេងទៀត ក៏បានលើកឡើងពីបញ្ហាស្រដៀងគ្នានេះដែរ។

ពួកគេនិយាយថា កូនសិស្សតូចៗ ត្រូវរងផលប៉ះពាល់ដល់ការសិក្សា ដោយសារភ្លៀង ខ្យល់ និងកម្តៅថ្ងៃ ដ្បិតសាលាមានតែដំបូលប្រក់ស័ង្កសី និងចាស់ទ្រុឌទ្រោម ធ្លុះធ្លាយដោយដុំៗ ហើយក៏គ្មានជញ្ជាំងបិទបាំងនោះឡើយ។

ឈរអាំងសាច់នៅខាងមុខផ្ទះនៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០២២។ (ប៉ា តុងចិន)
អ្នកស្រី ប៉ិ ផល្លិត ដែលជាម្តាយរបស់សិស្សថ្នាក់ទី៥ មួយរូប បានលើកឡើងថា នៅពេលថ្នាក់រៀនចាស់ទ្រុឌទ្រោមបែបនេះ ពួកគាត់ចេះតែបារម្ភពីសុវត្ថិភាពកូនៗពេលទៅរៀន។ បន្ថែមពីនេះ អ្នកស្រីថា បញ្ហាសាលារៀននេះក៏បានបង្កផលប៉ះពាល់ដល់កូនអ្នកស្រី ព្រមទាំងកុមារផ្សេងទៀត ពិសេសនៅរដូវភ្លៀងធ្លាក់ ដែលធ្វើឱ្យពួកគេត្រូវខកខានការសិក្សា។
អ្នកស្រីថា៖«សាលានឹងវាអត់ជញ្ជាំងអត់អី ក៏ស្រណោះកូនដែរ មិនឱ្យកូនពាក់អាវរៀនទៅទេ ឱ្យពាក់តែអាវធំៗទៅ ហើយពេលរលឹមស្រិចៗក៏អត់បានទៅរៀនដែរ»។
ចំណែកអាណាព្យាបាលសិស្សម្នាក់ទៀត គឺលោក នាង រដ្ឋា ដែលកំពុងអង្គុយក្នុងអង្រឹងបានលើកឡើងដោយសម្តីមួយៗថា នៅពេលមានភ្លៀងធ្លាក់សិស្សមិនចង់ទៅរៀនទេ ព្រោះពួកគេដឹងថាឱ្យតែភ្លៀងធ្លាក់ គឺរៀនមិនកើតតែម្តង។
លោកថា៖«វាមានផលលំបាកហើយ ព្រោះអីវាប្រសេចប្រសាចមានភ្លៀង ដល់ពេកកូនសិស្សគ្នារៀនតែភ្លៀងមកគ្នារៀនវាមិនកើត។ ភ្លៀងមកមិនសូវមាននរណាទៅរៀនទេ! វាពិបាកដែរ ប្រសិនបើយើងធ្វើល្អស្រួលបួលទៅ កូនសិស្សគ្នាចេះតែមានចំណាប់អារម្មណ៍រៀន»។
របាយការណ៍ស្រាវជ្រាវរបស់អង្គការយូនីស្កូ(UNESCO) កាលពីឆ្នាំ២០១៨ បានបង្ហាញថា ការរៀនសូត្រមិនគ្រប់គ្រាន់នៅឆ្នាំដំបូងៗ គួបផ្សំនឹងការពុំទទួលបានអាហារូបត្ថម្ភបានគ្រប់គ្រាន់ផង ធ្វើឱ្យកុមារជាច្រើននាក់អភិវឌ្ឍខ្លួនយឺតយ៉ាវ។ មួយវិញទៀត គុណភាពនៃបរិស្ថានរៀនសូត្រនៅមានកម្រិតទាប និងហេដ្ឋារចនាសម្ព័ន្ធជាមូលដ្ឋាន ដូចជាបរិក្ខារ អនាម័យ និងទឹកស្អាត នៅខ្វះខាតក៏បង្កផលប៉ះពាល់ដល់ការសិក្សារបស់កុមារដែរ។
របាយការណ៍ដដែលបានរកឃើញថា ការរៀបចំបរិស្ថានសាលារៀនដែលធ្វើឱ្យកុមារមានសុខភាពល្អ ជួយជំរុញទឹកចិត្តឪពុកម្តាយ ឱ្យបញ្ជូនកូនៗពួកគេទៅសាលារៀន និងលើកទឹកចិត្តសិស្សឱ្យបន្តរៀនសូត្រ។ ប្រភពដដែលបានបង្ហាញថា កុមារនៅកម្ពុជានៅបន្តរៀនយឺតយ៉ាវដោយសារមូលហេតុជាច្រើន ដូចជាការពុំបានត្រៀមខ្លួនឱ្យបានគ្រប់គ្រាន់សម្រាប់ចូលរៀន គុណភាពទាបនៃការរៀន និងបង្រៀនដែលកុមារទទួលបាន និងការមករៀនមិនទៀងទាត់។ បញ្ហាទាំងអស់នេះ ជាហេតុធ្វើឱ្យកុមារជាច្រើន បោះបង់ចោលការសិក្សាថែមទៀតផង។
សំឡេងខ្យល់បក់ដំបូលស័ង្គសីសាលាដែលសណ្តកដែកគោលលាន់សូរផូងផាំងៗ ខណៈម៉ោងប្រមាណ១១ព្រឹក ពន្លឺព្រះអាទិត្យចាប់ផ្តើមបញ្ចេញកម្តៅខ្លាំងឡើងៗ បានជះពន្លឺចូលក្នុងសាលារោងដោលដែលគ្មានជញ្ជាំងនេះ។ នៅក្នុងបរិវេណសាលារោងដោលនេះ មានស្មៅដុះព័ទ្ធជុំវិញ និងមានស្នាមទឹកដក់ដែលទើបនឹងស្ងួតថ្មីៗ។ រីឯនៅក្នុងថតតុសិស្សនីមួយៗមានចាន និងស្លាបព្រាស្ទើរតែគ្រប់តុ ដែលប្រជាពលរដ្ឋក្នុងភូមិប្រាប់ថា ជាចាននិងស្លាបព្រារបស់សិស្សសម្រាប់បរិភោគអាហារពេលព្រឹកដែលសាលារៀបចំឱ្យ។
លោក នាង រដ្ឋា ចង់ឱ្យក្រសួងអប់រំដោះស្រាយការលំបាកសម្រាប់សិស្សានុសិស្ស និងលោកគ្រូអ្នកគ្រូនៅសាលាបឋមសិក្សាចំការចេក តាមរយៈការសាងសង់អគារថ្មី ឬជួសជុលអាគារសិក្សាចាស់ជូនពួកគេ។

លោកថា៖«ចង់បានឱ្យក្រសួង[ក្រសួងអប់រំ]ស្នើឱ្យជួយធ្វើសាលាធ្វើអីឱ្យគ្នាបានរៀងស្នំស្នួនណ៎ា ធ្វើឱ្យវាដូចថាអាណាដែលចាស់ៗហើយពីមុនមក។ យើងត្រូវតែផ្លាស់ប្តូរឱ្យគ្នាខ្លះទៅណា៎ បើយើងមានលទ្ធភាពណា៎»។
អង្គុយបញ្ឈរជង្គង់លើគ្រែក្រោមសំយាបផ្ទះ ដែលមានចម្ងាយប្រមាណ២០០ម៉ែត្រពីសាលារៀន នាយកសាលាបឋមសិក្សាចំការចេក លោក សេម ហេត បានរៀបរាប់ដោយទឹកមុខក្រៀមក្រំថា សិស្ស និងគ្រូបង្រៀនជួបផលលំបាកច្រើន ដែលធ្វើឱ្យការសិក្សារបស់សិស្សត្រូវជួបការរំខាន ពិសេសពេលមានភ្លៀងម្តងៗ។ លោកចង់បានអគារសមរម្យមួយទៀតសម្រាប់សាលាបឋមសិក្សារបស់លោក ដើម្បីកុំឱ្យសិស្ស និងគ្រូបង្រៀនជួបការលំបាកបន្តទៀត។
លោកថា៖«កាលណាគ្មានជញ្ជាំងគ្នាអីចឹង វាសាចទឹកចឹងឯង! ពេលភ្លៀងខ្លាំងរត់ទៅមួយចំហៀងទៅ»។
យ៉ាងណា លោក សេម ហេត មានប្រសាសន៍ទៀតថា សាលារៀនរបស់លោកក៏មានអគារថ្មមួយខ្នង ដែលមាន ៤បន្ទប់ដែរ ប៉ុន្តែមិនអាចរៀបចំឱ្យសិស្សរៀនបានគ្រប់គ្រាន់ ដោយសារសិស្សមានចំនួន ៧ថ្នាក់ ពីកម្រិតមតេយ្យរហូតដល់ថ្នាក់ទី៦។

លោកបន្តថា បច្ចុប្បន្នសាលាបឋមសិក្សាចំការចេកមានសិស្សសរុបចំនួន ១៥៦នាក់ និងមានអគារថ្មមួយខ្នងដែលបានសាងសង់ឡើងក្នុងឆ្នាំ២០០២។ ចំណែកអគាររោងដោលសង់ពីឈើប្រក់ស័ង្កសី គ្មានជញ្ជាំងនោះបានសាងសង់ឡើងក្នុងឆ្នាំ២០១៦ ហើយបច្ចុប្បន្នសាលាឈើនេះមានសិស្សប្រមាណ៦០នាក់ ដោយមាន ៣កម្រិត គឺថ្នាក់ទី៣, ទី៥ និងទី៦។

នាយកសាលារូបនេះ ធ្លាប់បានស្នើសុំទៅមន្ទីរអប់រំខេត្តសៀមរាប ឱ្យជួយដោះស្រាយបញ្ហានេះ ប៉ុន្តែត្រូវបានបដិសេធដោយអះអាងថា មិនមានលក្ខខណ្ឌចាំបាច់ និងណែនាំឱ្យចែកវេនសិក្សាជាពីរ គឺវេនព្រឹក និងរសៀល នៅអាគារថ្មមួយខ្នងដែលមានស្រាប់នោះ។
លោកបន្ថែមថា ដោយសារមនោសញ្ចេតនា ហើយសាលាមានគោលបំណងផ្តល់អាហារពេលព្រឹកជូនសិស្សានុសិស្សឱ្យបានគ្រប់គ្នាដើម្បីសម្រួលជីវភាពអាណាព្យាបាលសិស្ស ដែលសុទ្ធសឹងតែមានជីវភាពខ្វះខាតនោះ ដោយថាប្រសិនបើចែកវេនសិស្សឱ្យរៀនពេលរសៀលខ្លះ នោះពួកគេនឹងមិនទទួលបានអាហារឡើយ។
លោកបន្តថា៖«គេមិនឱ្យយើងបង្រៀនមួយពេលទេ គេឱ្យយើងបង្រៀនព្រឹកល្ងាច ហើយរោងដោលនឹងគេថាសាលាយើងវាគ្រប់ហើយ ព្រោះដោយសារតំបន់យើងវាមានអាហារពេលព្រឹកនោះឯង ដែលយើងអាចថាធ្វើដើម្បីឱ្យសិស្សបានហូបព្រឹកទាំងអស់គ្នា»។

ប្រធានមន្ទីរអប់រំ យុវជន និងកីឡា ខេត្តសៀមរាប លោក លី ប៊ុនណា អះអាងថា លោកបានចុះពិនិត្យមើលស្ថានភាពនៃសាលារៀនចំការចេកដែរ ដោយមើលឃើញថា មានអាគារសិក្សាធ្វើពីថ្មមួយខ្នង ដែលមានបន្ទប់សមល្មមនឹងអាចឱ្យសិស្សរៀនបានគ្រប់គ្រាន់ទៅតាមគោលការណ៍របស់ក្រសួងអប់រំ ប្រសិនបើចែកជាពីរវេន គឺវេនព្រឹក និងរសៀល។ ដូច្នេះលោកថា មិនចាំបាច់ឱ្យសិស្សរៀននៅក្នុងអគារឈើរោងដោលនោះទេ។
ប្រធានមន្ទីរអប់រំដដែលបញ្ជាក់ថា លោកបានពិនិត្យលទ្ធភាព និងឱ្យថ្នាក់ដឹកនាំសាលា និងប្រជាពលរដ្ឋក្នុងសហគមន៍ជាអ្នកសម្រេចកំណត់វេនសិក្សា ប្រសិនបើចង់ឱ្យសិស្សានុសិស្សអាចទទួលបានអាហារពេលព្រឹកទាំងអស់គ្នា។ ដោយឡែក លោកថា មន្ទីរអប់រំមិនមានលទ្ធភាពក្នុងការជួយនោះទេ ដោយសារត្រូវជួយសាលារៀនផ្សេងទៀត ដែលមានតម្រូវការចាំបាច់ខ្លាំងជាមុនសិន។
លោកបន្តថា៖«សម្រាប់សំណង់អគារសិក្សាហ្នឹង គឺយើងមានគ្រប់គ្រាន់ហើយ សម្រាប់ឱ្យគាត់បង្រៀនទាំងព្រឹកទាំងថ្ងៃ[រសៀល]។ អ៊ីចឹងយើងមានសំណូមពរអគារសិក្សាហ្នឹងច្រើនកន្លែងដែរ ប៉ុន្តែយើងជួយតែកន្លែងណាដែលវាខ្វះខាតដែលជាអាទិភាពទេ»។
នាយកប្រតិបត្តិអង្គការសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា លោក សន ជ័យ បានចាត់ទុកថា ស្ថានភាពនៃការរៀនសូត្ររបស់សិស្សានុសិស្សនៃសាលាបឋមសិក្សាចំការចេក គឺជាស្ថានភាពចាំបាច់មួយដែលត្រូវគិតគូរឱ្យបានតាមតម្រូវការរបស់ពួកគេ។ មួយវិញទៀត លោកថា គួរតែមានការសហការគ្នាពីភាគីពាក់ព័ន្ធដូចជាខាងវិស័យអប់រំ សង្គមស៊ីវិល និងប្រជាសហគមន៍ទាំងមូល ដើម្បីចូលរួមដោះស្រាយបញ្ហានេះ។
លោកថា៖«ស្ថានភាពមួយនេះខ្ញុំហៅជាស្ថានភាពតម្រូវការខ្លាំង ហើយនឹងមានលក្ខខណ្ឌគ្រប់គ្រាន់សម្រាប់ការដែលអ្នកទទួលខុសត្រូវក្នុងវិស័យអប់រំនឹងត្រូវកំណត់អាទិភាព»។
ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាព លោក យង់ គិមអេង បានលើកឡើងដែរថា ក្នុងដំណាក់កាលនេះ វិស័យអប់រំដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍប្រទេសជាតិ។ ដូច្នេះលោកថា មន្ទីរអប់រំខេត្តមិនគួរបដិសេធនឹងតម្រូវការជាក់ស្តែង និងចាំបាច់របស់សាលាបឋមសិក្សាចំការចេកនេះទេ ដោយគួរតែរកដំណោះស្រាយឱ្យសមស្រប ឬគួរតែស្នើទៅក្រសួងអប់រំជាមុនសិន មុននឹងបដិសេធនឹងសំណើនោះ។
លោកចាត់ទុកថា ជាការខាតបង់ដ៏ធំនឹងកើតមាន ប្រសិនបើមិនមានការយកចិត្តទុកដាក់ចំពោះសាលារៀនដែលកំពុងជួបការខ្វះខាត។
លោកថា៖«បើសិនជានៅក្នុងកាលទេសនេះ យើងមិនបានយកចិត្តទុកដាក់ លើកកម្ពស់ទៅដល់វិស័យអប់រំទេ នោះគឺជាការខាតបង់មួយយ៉ាងធំ ព្រោះឱកាស ហើយនិងពេលវេលាសម្រាប់អភិវឌ្ឍមនុស្សនឹងវាចាំបាច់ ហើយសំខាន់»។
លោក យង់ គិមអេង បន្ថែមថា នាពេលបច្ចុប្បន្ននេះ ប្រសិនបើនៅមានអ្នកដែលមិនទទួលបានការអប់រំត្រឹមត្រូវ នោះគឺជារឿងមួយដ៏ឈឺចាប់បំផុតរបស់ពួកគេ។ ដូច្នេះលោកថា ប្រសិនបើភាគីពាក់ព័ន្ធមិនបានដោះស្រាយបញ្ហាខ្វះខាតរបស់សាលារៀនដែលកំពុងជួបការលំបាក នោះអាចធ្វើឱ្យសិស្សានុសិស្សខ្ជិល ឬឈានដល់បោះបង់ការសិក្សា ដែលធ្វើឱ្យបាត់បង់ធនធានមនុស្សនាពេលអនាគត។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំសិក្សា២០២០-២០២១ និងលើកទិសដៅការងារឆ្នាំសិក្សា២០២១-២០២២ កាលពីខែមេសា ឆ្នាំ២០២២កន្លងទៅ ធ្លាប់បានផ្តល់អនុសាសន៍ចំនួន ៦ចំណុច ដើម្បីពង្រឹងវិស័យអប់រំ។ ក្នុងនោះលោកបានណែនាំឱ្យបន្តពង្រឹងប្រព័ន្ធអប់រំ និងបន្តធានានូវសេវាអប់រំដែលមានគុណភាពប្រកបដោយសមធម៌ និងបរិយាបន្ន ព្រមទាំងលើកកម្ពស់ឱកាសការសិក្សាពេញមួយជីវិតសម្រាប់ទាំងអស់គ្នា និងដោះស្រាយការខាតបង់ការរៀនសូត្ររបស់សិស្សនិស្សិតដែរ។
នាយកសាលាបឋមសិក្សាចំការចេក លោក សេម ហេត បានរៀបរាប់ថា បើទោះបីជាមិនមានការសាងសង់អគារថ្មីពីមន្ទីរ ឬក្រសួងអប់រំ ប៉ុន្តែថ្នាក់ដឹកនាំសាលា និងលោកគ្រូអ្នកគ្រូទាំងអស់បានសម្រេចប្រកាសសុំជំនួយពីសប្បុរសជនដើម្បីសង់អគារសិក្សាមួយខ្នងមាន ៣បន្ទប់ ដើម្បីជំនួសអគាររោងដោលនោះ។

លោកថា ការប្រកាសរកជំនួយនេះ ដោយសារមិនអាចឈរមើលពីផលលំបាកសម្រាប់សិស្សានុសិស្សតូចៗ ដែលប្រឈមនឹងបញ្ហាផ្សេងៗក្នុងអំឡុងពេលសិក្សា និងអាចឱ្យសិស្សទាំងអស់អាចរៀនវេនព្រឹកជុំគ្នាដើម្បីទទួលបានអាហារពេលព្រឹកទាំងអស់គ្នា។
គម្រោងសាងសង់អាគារសិក្សាសម្រាប់សិស្ស និងការគិតគូរពីការផ្តល់ដល់អាហារពេលព្រឹកដល់សិស្សានុសិស្សពីសំណាក់សាលារៀននេះ ត្រូវបានអាណាព្យាបាលចាត់ទុកថា ជាការយកចិត្តទុកដាក់ចំពោះសិស្ស និងបានជួយសម្រួលជីវភាពពួកគេមួយកម្រិត។
ជាក់ស្តែង អ្នកស្រី ស្រិប រដ្ឋណី បានចាត់ទុកថា ការផ្តល់អាហារពេលព្រឹកដល់សិស្សនេះ បានជួយសម្រាលដល់ជីវភាពគ្រួសារអ្នកស្រីផងដែរ។
អ្នកស្រីថា៖«ព្រោះយើងខ្វះខាតដែរ បានអាហារនៅសាលារៀនក៏យើងធូរ មិនសូវពិបាកចំណាយឱ្យគាត់ទៅរៀន។ យើងឱ្យខ្លះៗដែរ ប៉ុន្តែមិនពិបាកឱ្យរាល់ថ្ងៃ»។
មេភូមិចំការចេក លោក ដា ហាំង មានប្រសាសន៍ថា នៅក្នុងភូមិរបស់លោកមានប្រជាពលរដ្ឋចំនួន ២៩០គ្រួសារ ដែលពួកគាត់ភាគច្រើនប្រកបរបរធ្វើស្រែចម្ការ។ លោកឱ្យដឹងទៀតថា ប្រជាពលរដ្ឋក្នុងភូមិភាគច្រើនមានបញ្ហាជីវភាព ដោយពេលខ្លះមិនអាចរកចំណូលផ្គត់ផ្គង់ការចំណាយបានគ្រប់គ្រាន់នោះទេ ខណៈអ្នកភូមិខ្លះទៀតបានចំណាកស្រុកទៅធ្វើពលករនៅប្រទេសថៃ ដែលធ្វើឱ្យកូនៗពួកគេបាត់បង់ឱកាសសិក្សារៀនសូត្រ។
លោកថា៖«អារឿងជីវភាពខ្វះខាតហ្នឹងឯង! ថ្ងៃខ្លះក៏ហូបគ្រាន់ ថ្ងៃខ្លះក៏ខ្វះខាតទៅ»។
ប្រធានភូមិរូបនេះបានចាត់ទុកថា ការផ្តល់អាហារពេលព្រឹកជូនសិស្សានុសិស្សតូចៗរបស់សាលារៀនចំការចេក គឺជាការជួយសម្រួលដល់ជីវភាពពលរដ្ឋក្នុងភូមិរបស់លោកដែលជួបការខ្វះខាត។
ត្រឡប់មកនាយកសាលាបឋមសិក្សាចំការចេកវិញ លោក សេម ហេត បញ្ជាក់ថា ប្រសិនបើមិនមានការសាងសង់អាគារសិក្សាថ្មីនោះទេ សិស្សានុសិស្ស និងដំណើរការបង្រៀនរបស់លោកគ្រូអ្នកគ្រូនៅតែជួបផលប៉ះពាល់ ដោយមិនអាចរៀបចំតុបតែងថ្នាក់រៀនបានស្អាតនោះទេ។

ជាក់ស្តែង លោកថា រាល់បញ្ជីឈ្មោះសិស្ស បញ្ជីចំណាត់ថ្នាក់ និងបញ្ជីផ្សេងៗទៀតដែលបិទសម្រាប់ឱ្យសិស្សបានមើល ត្រូវបានខូចខាតទាំងស្រុងដោយសារភ្លៀងសាចទទឹក ព្រោះ តែអគាររោងដោលធ្វើពីឈើនោះ គ្មានជញ្ជាំងបិទបាំង។
លោកថា៖ «រដូវភ្លៀងធ្លាក់វាយ៉ាប់ វាសាចទទឹកសៀវភៅទទឹកអី! សូម្បីតែគ្រូដាក់តារាងអីផ្សេងៗក៏ដាក់មិនបាន»៕