ថ្នាក់​ដឹក​នាំ​វៀតណាម​បន្ត​ស្នើ​ឱ្យ​កម្ពុជា​បង្ក​ភាព​ងាយ​ស្រួល​ចំពោះ​ការ​ផ្តល់​​​ឯកសារ​ស្រប​ច្បាប់​​ដល់​ពលរដ្ឋ​ខ្លួន​

ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា លោក ហេង សំរិន ក្នុងឱកាសជួបពិភាក្សាការងារជាមួយ លោក វឿង ឌីញ ហ្វេ (VUONG DINH HUE) ប្រធានរដ្ឋសភានៃសាធារណរដ្ឋសង្គមនិយមវៀតណាម នៅព្រឹកថ្ងៃសៅរ៍ទី១៩ ខែវិច្ឆិកា ឆ្នាំ២០២២ នៅវិមានរដ្ឋសភា។ (ហ្វេសប៊ុក ប្រធានរដ្ឋសភា លោក ហេង សំរិន)

ថ្នាក់ដឹកនាំវៀត​ណាម ​បាន​ស្នើ​ដល់ភាគីកម្ពុជាជាថ្មីទៀត ​ឱ្យបង្កលក្ខណៈងាយស្រួលទាក់ទងនឹងការផ្តល់ឯកសារ​​ស្របច្បាប់​​ដល់​ប្រជាពលរដ្ឋ​ខ្លួន​ ដែលតាំងទីលំនៅ​​​លើទឹកដីកម្ពុជា ខណៈអ្នកឃ្លាំមើលនិយាយថា ការស្នើនេះ ជារឿងអាក្រក់នៃនយោបាយការទូតរបស់វៀតណាមមកលើកម្ពុជា។​

ជា​ការ​ស្នើនេះ ​​​ធ្វើ​ឡើង​តាម​រយៈ​ប្រធាន​រដ្ឋសភានៃសាធារណរដ្ឋសង្គមនិយមវៀតណាម ​ លោក វឿង ឌីញ ហ្វេ (VUONG DINH HUE) ​ ​នៅ​ក្នុង​ជំនួប​ទ្វេ​ភាគី​ជា​មួយប្រធានរដ្ឋសភា​កម្ពុជា លោក ហេង សំរិន នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២២ ​មុន​ពេល​កិច្ច​ប្រជុំ​អន្តរសភា​អាស៊ាន​ ដែល​ត្រូវ​រៀប​ចំ​ឡើង​នៅ​រាជធានី​ភ្នំពេញ។​ ​

ទីភ្នាក់ងារសារព័ត៌មានវៀតណាម VNA(Vietnam News Agency) បានចេញផ្សាយនៅថ្ងៃទី២០ ខែវិច្ឆិកា ថា ប្រធាន​រដ្ឋសភាវៀតណាម លោក វឿង ឌីញ ហ្វេ ​ បានស្នើឱ្យកម្ពុជាបន្តបង្កើតលក្ខខណ្ឌអំណោយផលបន្ថែមទៀត ទាក់ទងនឹងការផ្តល់ឯកសារស្របច្បាប់សម្រាប់ពលរដ្ឋ​វៀតណាមដែលរស់នៅ​ក្នុងប្រទេសកម្ពុជា។

ប្រភពដដែលបន្តថា លោកបានថ្លែងអំណរគុណចំពោះភ្នាក់ងារពាក់ព័ន្ធរបស់កម្ពុជា ដែលបានសហការយ៉ាងជិតស្និទ្ធជាមួយវៀតណាម ក្នុងការជួយសង្គ្រោះពលរដ្ឋវៀតណាម ដែលត្រូវបានចាញ់បោក​ និងបង្ខំឱ្យធ្វើការខុសច្បាប់នៅក្នុងគ្រឹះស្ថានអាជីវកម្មរបស់ជនបរទេសមួយចំនួននៅកម្ពុជា។

VNA ក៏បានចុះផ្សាយបន្តថា ជាការឆ្លើយតបសំណើនេះ ​ប្រធានរដ្ឋសភាកម្ពុជា លោក ហេង សំរិន បានសន្យាការពារសិទ្ធិ និងធានាការមិនរើសអើងប្រឆាំងនឹងសហគ្រាសបរទេស រួមទាំងអ្នកវិនិយោគវៀតណាមដែលកំពុងប្រតិបត្តិការរកស៊ីនៅកម្ពុជា។

ក្រៅពីនេះលោក ហេង សំរិន បានថ្លែងអំណរគុណចំពោះបក្សកុម្មុយនីស្តវៀតណាម រដ្ឋាភិបាល និងប្រជាជនវៀតណាម ដែលបានផ្តល់ការគាំទ្រដល់ប្រជាជនកម្ពុជា ក្នុងការតស៊ូដណ្តើមឯករាជ្យជាតិ ​ការកសាង និងអភិវឌ្ឍន៍ជាតិនាពេលបច្ចុប្បន្ន ជាពិសេសបានជួយពួកគេឱ្យរួចផុតពីរបបប្រល័យពូជសាសន៍ខ្មែរក្រហម។

តាមរយៈទំព័រហ្វេសប៊ុករបស់ស្ថានទូតវៀតណាមប្រចាំកម្ពុជា ឱ្យដឹងថា កាលពីថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២២ ក្នុងជំនួបពិភាក្សារវាងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាមួយ លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម ដោយភាគីវៀតណាមក៏បានស្នើរាជរដ្ឋាភិបាលកម្ពុជាបង្កើតលក្ខខណ្ឌអំណោយផលបន្ថែមទៀតសម្រាប់សហគ្រាសវៀតណាមចូលមកវិនិយោគ និងធ្វើអាជីវកម្មនៅកម្ពុជាប្រកបដោយស្ថិរភាព និងយូរអង្វែង ដោយឈរលើមូលដ្ឋាននៃការផ្ដល់ផលប្រយោជន៍គ្នាទៅវិញទៅមក។

ស្ថាបនិកអង្គការអភិវឌ្ឍន៍ផ្នត់គំនិត លោក សេក សុជាតិ យល់ឃើញថា ការស្នើរបស់ភាគីវៀតណាមម្តងហើយម្តងទៀតលើបញ្ហានេះ គឺជារូបភាពនៃទំនាក់ទំនងនយោបាយការបរទេសឬ ការទូតមួយដែលអាក្រក់មកលើកម្ពុជា។

លោកលើកឡើងថា៖ ខ្ញុំនិយាយថាអាក្រក់ ដោយសារ​ខ្ញុំមើលឃើញថា វាជាចិត្តសាស្ត្រមួយ នៅក្នុងការគំរាមកំហែងមេដឹកនាំកម្ពុជាដែលធ្លាប់ទទួលបាននូវការគាំទ្រនិងជួយជ្រោមជ្រែងពីប្រទេសវៀតណាមនៅក្នុងទសវត្សឆ្នាំ១៩៧៩។ ដូច្នេះហើយយើង ​ឃើញបញ្ហាមួយទៀតនៅត្រង់ថា ភាគីវៀតណាមបានតាំងខ្លួនជាម្ចាស់នៃជោគវាសនានៃមេដឹកនាំកម្ពុជា ហើយការស្នើសុំនេះគឺតែងតែធ្វើជាដរាប ហើយធ្វើរហូតដល់ថ្នាក់មេដឹកនាំនៃគណបក្សកាន់អំណាចបច្ចុប្បន្នមិនមានអ្វីឆ្លើយតប គឺមានតែការសម្របសម្រួល និងជួយ​ពន្លឿនឱ្យជនអន្តោប្រវេសន៍ទាំងអស់នោះទទួលបាននូវភាពស្របច្បាប់ឬការស្នាក់នៅអចិន្ត្រៃយ៍ ឬទទួលបានផលប្រយោជន៍ផ្សេងៗ តាមអ្វីដែលពួក​ប្រទេសវៀតណាមបានស្នើសុំមកកម្ពុជាហ្នឹង»។

​កាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២២ ​​ក្រសួងមហាផ្ទៃ​បាន​ជូនដំណឹង​ដល់​ក្រសួង ស្ថាប័ន រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ និង​វិស័យ​ឯកជន អំពី​ការ​ផ្តល់​បណ្ណ​ស្នាក់នៅ​អចិន្ត្រៃយ៍​ដល់​ជនបរទេស​អន្តោ​ប្រវេ​សន្ត សម្រាប់​ប្រើប្រាស់​បម្រើ​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ ដូចជា ការ​ស្នើ​សុំ​សេវា​រដ្ឋបាល សេវា​សាធារណៈ សេវា​សុខភាព សេវា​ធនាគារ ការទិញ​លក់​អចលនវត្ថុ ចលនវត្ថុ ការ​ធ្វើ​អាជីវកម្ម ការ​ស្នើសុំ​ធ្វើការ​ងារ​តាម​រោងចក្រ សហគ្រាស និង​សកម្មភាព​មួយ​ចំនួ​នទៀត ដែល​ច្បាប់​អនុញ្ញាត​សម្រាប់​ជនបរទេស។

ក្រោយក្រសួងមហាផ្ទៃចេញសេចក្តីជូនដំណឹងនេះ យុវជនមួយក្រុម ដឹកនាំដោយ លោក ធែល ធីលែន បានចេញតវ៉ាជំទាស់ទៅនឹងការសម្រេចនេះ ព្រមទាំងជំទាស់ការបង្កើតដេប៉ាតឺម៉ងរៀនភាសាវៀតណាមនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដោយថាជាហានិភ័យសម្រាប់កម្ពុជានៅថ្ងៃអនាគត។ សកម្មភាពរបស់ពួកគេមានទាំងការប្រមូលស្នាមមេដៃដាក់ទៅស្ថាប័នពាក់ព័ន្ធ និងការស្នើសុំធ្វើបាតុកម្មអហិង្សានៅទីលានប្រជាធិបតេយ្យប្រឆាំងលើបញ្ហានេះ ប៉ុន្តែអាជ្ញាធរក្រុងភ្នំពេញមិនអនុញ្ញាតិឡើយក្រោមហេតុផលផ្សេងៗ។

ទាក់ទងគម្រោងស្នើសុំធ្វើបាតុកម្មប្រឆាំងការផ្តល់បណ្ណស្នាក់នៅអចិន្ត្រៃយ៍ដល់ជនបរទេស និងគម្រោងបង្កើតដេប៉ាតឺម៉ង់សិក្សាភាសាវៀតណាមនេះ ​លោក ធែល ធីលែន ក៏ត្រូវបានសមត្ថកិច្ចចាប់ខ្លួនកាលពីថ្ងៃទី៤ ខែ​តុលា ឆ្នាំ២០២២នេះ។ ការចាប់ខ្លួនលោកពេលនោះ ធ្វើឡើង​ក្រោយ​លោកជួបមន្ត្រីរដ្ឋបាលរាជធានីភ្នំពេញ ដោយសមត្ថកិច្ចសម្អាងលើបទចោទក្នុងសំណុំរឿងកាលពី ៦ឆ្នាំមុន ដែលចោ​ទ​យុវជន​រូបនោះថា​ បានលួចលក់អចលនវត្ថុ[ដី]របស់អ្នកដទៃ នៅ​ឃុំព្រែកអំពិល ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។

បន្ទាប់ពី លោក ធីលែន ត្រូវបានចាប់និងឃុំខ្លួននៅពន្ធនាគារព្រៃស សកម្មភាពតវ៉ាប្រឆាំងលើបញ្ហាទាំងពីរនេះក៏ត្រូវបានស្ងប់ស្ងាត់បន្តិចទៅវិញដែរ។

ភាគីវៀតណាម ត្រូវបានគេសង្កេតឃើញថា តែងស្នើសុំមកភាគីកម្ពុជាឱ្យជួយមើលថែ និងគិតគូរភាពស្របច្បាប់ដល់ពលរដ្ឋខ្លួនដែលរស់នៅ និងរកស៊ីលើទឹកដីកម្ពុជាជាច្រើនលើកច្រើនសារ​ ទាំងអំឡុងពេលដំណើរទស្សនកិច្ចរបស់ថ្នាក់ដឹកនាំ​វៀតណាមមកកាន់កម្ពុជា និងទាំងនៅពេលថ្នាក់ដឹកនាំរបស់កម្ពុជាធ្វើទស្សនកិច្ចនៅប្រទេសវៀតណាម។  ​

លោក សុជាតិ មើលឃើញថា កម្ពុជាគួរតែមានការស្នើសុំបែបនេះទៅកាន់ភាគីវៀតណាមដោយត្រង់ៗ ដោយធ្វើយ៉ាងណាផ្តល់សេរីភាពពេញលេញ និងភាពងាយស្រួលដល់ពលរដ្ឋខ្មែរកម្ពុជាក្រោម​ ឱ្យដូចពលរដ្ឋវៀតណាមដែរ។ បន្ថែមពីនេះ កម្ពុជាក៏គួរស្នើភាគីវៀតណាម ឱ្យបើកទូលាយដល់ពលរដ្ឋខ្មែរកម្ពុជាក្រោមក្នុងការរៀនភាសាខ្មែរផងដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ