មនុស្ស​១៤នាក់​ស្លាប់ ខណៈ​អ្នកទោស​ជាង​២០នាក់​រត់គេចខ្លួន​ក្នុង​ការវាយប្រហារ​នៅ​ពន្ធនាគារ​មួយ​ក្នុង​ប្រទេសម៉ិកស៊ិក

យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក នៅទីក្រុង Ciudad Juarez ប្រទេសម៉ិកស៊ិក កាលពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២៣ បានឱ្យដឹងថា កងទ័ពម៉ិកស៊ិកមកដល់ពន្ធនាគាររដ្ឋ Cereso លេខ៣ បន្ទាប់ពីជនមិនស្គាល់មុខបានចូលទៅក្នុងពន្ធនាគារ ហើយបានបាញ់ប្រហាររំដោះអ្នកទោសជាច្រើននាក់ ដែលបណ្តាលឱ្យមានរបួស និងស្លាប់។ (REUTERS /Jose Luis Gonzalez)

យ៉ាងហោចណាស់ មានមន្ត្រីសន្តិសុខពន្ធនាគារ១០​នាក់ និងអ្នកទោសចំនួន៤​នាក់ផ្សេងទៀតបានស្លាប់​នៅក្នុ​ង​ការ​​វា​យ​ប្រហារ​​ដ៏គួរឱ្យភ្ញាក់ផ្អើលមួយនៅ​ពន្ធនាគារ​រដ្ឋមួយកន្លែង តាមបណ្ដោយព្រំដែនប្រទេស​ម៉ិកស៊ិក ដែលបង្កឡើងដោយខ្មាន់កាំភ្លើងមួយក្រុម។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មាន New York Post។

ក្នុងហេតុការណ៍នេះក៏​មាន​អ្នក​ទោស​ចំនួន២៤​​នាក់បាន​រត់​គេច​ខ្លួនចេញពី​ពន្ធនាគារនេះផង​​ដែរ។

យោង​តាម​អាជ្ញាធររដ្ឋ Chihuahua ប្រទេសម៉ិកស៊ិក បានលើកឡើងថា ពន្ធនាគារមួយកន្លែងក្នុងទីក្រុង Ciudad Juarez ត្រូវបានរងការវាយប្រហារកាលពីព្រឹកថ្ងៃអាទិត្យ ដែលក្នុងនោះក៏បានបណ្ដាលឱ្យមនុស្ស ១៣នាក់រងរបួស បន្ថែមពីលើការស្លាប់ចំនួន១៤​នាក់ផងដែរ។

ជាមួយគ្នានេះ កាសែតរបស់អាមេរិកមួយក៏បានរាយការណ៍ឱ្យដឹងដែរថា ក្រុមខ្មាន់កាំភ្លើងនៅក្នុងរថយន្តដែលបំពាក់ដោយប្រព័ន្ធការពារគ្រាប់កាំភ្លើង បានទៅ​ដល់ទីតាំងពន្ធនាគារ Cereso No. 3 នៅវេលាម៉ោងប្រមាណជា៧ព្រឹក ហើយក៏បានចាប់ការផ្តើមបាញ់ប្រហារ។

ទោះជាយ៉ាងណា ទាហានម៉ិកស៊ិក និងសមត្ថកិច្ចនៅក្នុងតំបន់​​ កាលពីថ្ងៃអាទិត្យម្សិលមិញ អាចគ្រប់គ្រង​ស្ថានការណ៍នៅទីតាំងពន្ធនាគារនោះ​​វិញ​បាន ប៉ុន្តែបន្ទាប់ពីអ្នកទោសជាង២០នាក់បានរត់គេចខ្លួនចេញអស់ទៅហើយ។

ទាក់ទិននឹងករណីនេះ អាជ្ញាធរប្រចាំរដ្ឋ Chihuahua បានបន្ថែមថា មន្ត្រីរបស់ខ្លួនកំពុងតែស៊ើបអង្កេតលើឧប្បត្តិហេតុដ៏សាហាវនេះ។

គួរបញ្ជាក់ថា អំពើហិង្សា គឺតែងតែកើតឡើងញឹកញាប់នៅតាមពន្ធនាគារទាំងឡាយក្នុងប្រទេសម៉ិកស៊ិក ខណៈកាល​ពី​ខែ​សីហាកន្លងទៅ កុបកម្ម​មួយ​ក៏បាន​ផ្ទុះ​ឡើង​នៅ​ក្នុង​ពន្ធនាគារ​មួយ​នេះផងដែរ ដែលក្នុងនោះបានបណ្ដាលឱ្យមនុស្ស១១នាក់ស្លាប់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ