តំណាងបក្សកាន់អំណាចខេត្តត្បូងឃ្មុំប្ដឹងលោក គង់ គាំ ទាមទារសំណង៥០ម៉ឺនដុល្លារ

លោក គង់ គាំ ថ្លែងក្នុងពិធីប្រកាសសុពលភាពក្រុមការងារ និងគណៈកម្មការប្រតិបត្តិ គណបក្សភ្លើងទៀន ខេត្តប៉ៃលិន កាលពីខែធ្នូ ឆ្នាំ២០២២។ (ហ្វេសប៊ុកលោក គង់ គាំ)

គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តត្បូងឃ្មុំ បានប្ដឹងឧត្ដមទីប្រឹក្សាគណបក្សភ្លើងទៀន លោក គង់ គាំ ដើម្បីផ្តន្ទាទោសតាមច្បាប់ និងទាមទារសំណងចំនួន៥០ម៉ឺនដុល្លារសហរដ្ឋអាមេរិក ក្រោមហេតុផលថា សម្ដីមន្ត្រីជាន់ខ្ពស់បក្សប្រឆាំងរូបនេះដែលថ្លែងក្នុងវេទិកាសាធារណៈនៅខេត្តជាប់ព្រំដែនវៀតណាមមួយនេះ កាលពីពេលថ្មីៗនោះ ឆ្លុះបញ្ចាំងពីចេតនាញុះញង់។

ការប្តឹងនេះបន្ទាប់ពីប្រធានគណបក្សកាន់អំណាច លោក ហ៊ុន សែន កាលពីថ្ងៃទី៩ ខែមករា បានព្រមានវាយខ្នោះ និងរឹបអូសយកទ្រព្យសម្បត្តិរបស់លោក គង់ គាំ ប្រសិនបើ​មិនបញ្ឈប់ការរិះគន់មកលើគណបក្សប្រជាជនកម្ពុជាបន្តទៀត។

ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តត្បូងឃ្មុំ លោក ស៊ាក ឡេង បានចេញលិខិតប្រគល់សិទ្ធិមួយកាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២៣ ដោយឱ្យលោក សេង ជ័យវុធ ដែលមានតួនាទីជាអនុប្រធានក្រុមការងារយុវជនខេត្តត្បូងឃ្មុំ ​ប្ដឹងលោក គង់ គាំ តែម្តង។

ក្នុងពាក្យបណ្ដឹងរបស់អនុប្រធានក្រុមការងារយុវជនខេត្តត្បូងឃ្មុំ លោក សេង ជ័យវុធ បានដាក់ទៅសាលាដំបូងខេត្តត្បូងឃ្មុំកាលពីថ្ងៃទី១០ ខែមករានេះ ឱ្យដឹងថា សម្ដីរបស់លោកលោក គង់ គាំ ដែលថ្លែងក្នុងវេទិកាសាធារណៈកាលពីថ្ងៃទី៧ ខែមករា ឆ្នាំ២០២៣ នៅខេត្តត្បូងឃ្មុំ បានឆ្លុះបញ្ចាំងអំពីចេតនាទុច្ចរិត ក្នុងគោលបំណងបង្កឱ្យមានភាពវឹកវរ ចលាចល អសន្តិសុខសង្គម បំពានលើមាត្រា ៦ថ្មី នៃច្បាប់ស្ដីពីវិសោធនកម្មស្ដីពីគណបក្សនយោបាយ ជាដើម។

ពាក្យបណ្ដឹងសរសេរថា៖ «ខ្ញុំបាទ [លោក សេង ជ័យវុធ] សុំប្ដឹង និងសំណូមពរចំពោះព្រះរាជអាជ្ញាឱ្យពិនិត្យសម្រេច ចោទប្រកាន់ និងផ្ដន្ទាទោសឱ្យបានធ្ងន់ធ្ងរបំផុតទៅលើឈ្មោះ គង់ គាំ តាមបទប្បញ្ញតិនៃក្រមព្រហ្មទណ្ឌ។ បង្គាប់ឱ្យឈ្មោះ គង់ គាំ បង់សំណងជំងឺចិត្តចំនួន៥០០ ០០០ដុល្លារ ទៅគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តត្បូងឃ្មុំ»។

ពាក្យបណ្ដឹងរបស់គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តត្បូងឃ្មុំ ដែលដាក់ទៅសាលាដំបូងខេត្តនេះ ក៏បានដកយកសម្រង់សម្ដីរបស់លោក គង់ គាំ ដែលបានថ្លែងក្នុងវេទិសាធារណៈកាលពីថ្ងៃទី៧ ខែមករា ឆ្នាំ២០២៣ ផងដែរ។

បើតាមពាក្យបណ្ដឹង៖ «លោកអនុប្រធាន ចេប គីមអ៊ាង ចង់ឈ្នះដល់ទៅប្រាំមួយ ប៉ុន្តែខ្ញុំថាឱ្យតែពាក់កណ្ដាលថែម១ គឺឈ្នះហើយ ប្រាំក៏បានដែរ! ដូច្នេះ បើប្រាំបី ប្រាំហ្នឹង វាឈ្នះបាត់ហើយ ហើយអំណោយគណបក្សប្រជាជនចាញ់ហ្នឹង សល់ប៉ុន្មានយកទៅ ខ្ញុំមិនចង់សំណេះសំណាលវែងទេ។ ប៉ុន្តែថ្ងៃនេះ គណបក្សប្រជាជនប្រហែលគេនាំគ្នារំលឹកថ្ងៃកំណើតរបស់គេដែរហើយ យើងរំលឹកថ្ងៃឈ្នះ ទាំងគណបក្សប្រជាជន ទាំងគណបក្សភ្លើងទៀន ជួបគ្នា ថ្ងៃនេះរំលឹកគ្នា រំលឹកថា ផឹកទឹកឱ្យនឹកប្រភព ជ្រកម្លប់ឱ្យនឹកអ្នកដាំ ខ្ញុំមិនដឹងទេ! ខ្ញុំធ្លាប់នៅគណបក្សប្រជាជនដែរ កាលហ្នឹងគេប្រាប់ខ្ញុំផឹកទឹកឱ្យនឹកប្រភព ប្រភពឯជើង ឆ្ងាយកើត ហើយអ្នកដាំគេដុះពុកមាត់បរទេស»។

អ្នកនាំពាក្យសាលាដំបូងខេត្តត្បូងឃ្មុំ លោក ថេង ជាង ប្រាប់វីអូឌីនៅថ្ងៃទី១១ ខែមករា ថា តុលាការបានទទួលពាក្យបណ្ដឹងពីតំណាងគណបក្សប្រជាជនកម្ពុជារួចហើយកាលពីម្សិលមិញ។

លោកថា៖ «បច្ចុប្បន្ន ខាងសាលាដំបូងខ្ញុំបាទ បានទទួលពាក្យបណ្ដឹងរួចរាល់ហើយ អាចសួរអ្នកនាំពាក្យតំណាងអយ្យការដោយសារសំណុំរឿងនៅខាងតំណាងអយ្យការនៅឡើយ។ [អាចសួរនាំ]អ្នកនាំពាក្យតំណាងអយ្យការ លោក សូ សុវិទ្យា»។

អ្នកនាំពាក្យតំណាងអយ្យការអមសាលាដំបូងខេត្តត្បូងឃ្មុំ លោក សូ សុវិទ្យា ឆ្លើយតបយ៉ាងខ្លីថា រូបលោកមិនទាន់បានដឹងចំពោះរឿងនេះនៅឡើយទេ ដោយលោកឱ្យអ្នកសារព័ត៌មានសួរទៅអ្នកនាំពាក្យសាលាដំបូងវិញ។

លោកនិយាយថា៖ «ខ្ញុំយល់ហើយ ប៉ុន្តែខ្ញុំមិនទាន់បានដឹងទេ សួរទៅខាងសាលាដំបូងទៅ ព្រោះខ្ញុំនៅខាងរដ្ឋបាលមិនទាន់បានដឹងរឿងហ្នឹងទេ»។

ចំណែកអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន មានប្រសាសន៍ថា ការប្ដឹងលោក គង់ គាំ ទៅតុលាការពេលនេះ បណ្ដាលមកពីគណបក្សប្រជាជនខេត្តត្បូងឃ្មុំ យល់ថា ខ្លួនទទួលរងភាពអយុត្តិធម៌ ដោយសារការលើកឡើងរបស់មន្ត្រីជាន់ខ្ពស់បក្សភ្លើងទៀនរូបនេះ ជាពិសេសសេចក្ដីថ្លៃថ្នូររបស់គណបក្សប្រជាជនកម្ពុជាតែម្ដង។

លោកមានប្រសាសន៍ថា៖ «យើងដឹងទាំងអស់គ្នាហើយ គឺសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា លោកបានជម្រាបជនរួមជាតិជាសាធារណៈហើយថា ពេលដែលមានការរំលោភបំពារបំពានដល់សិទ្ធិសេរីភាពគណបក្សប្រជាជនកម្ពុជា ដល់កិត្តិយសសេចក្ដីថ្លៃថ្នូររបស់គណបក្សប្រជាជន ហើយចោទដោយអយុត្តិធម៌មកលើគណបក្សប្រជាជន ត្រូវតែស្វែងរកយុត្តិធម៌តាមផ្លូវច្បាប់ ដោយដាក់ពាក្យបណ្ដឹងទៅតុលាការ»។

កាលពីថ្ងៃទី៩ ខែមករា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្រៅពីព្រមានចាត់វិធានការច្បាប់ និង​រឹបអូសទ្រព្យសម្បត្តិលោក គង់ គាំ ហើយ ​លោកក៏បានបញ្ជាផ្ទាល់មាត់ ឱ្យក្រុមមេធាវីតាមរាជធានី-ខេត្ត តាមដានសារន​យោបាយក្រុមអ្នកនយោបាយបក្សជំទាស់ ដើម្បីចាត់វិធានការច្បាប់ ដើម្បីការពារកិត្តិយសបក្សកាន់អំណាច និងដើម្បីលុបបំបាត់វប្បធម៌ចោទប្រកាន់បក្សកាន់អំណាចថាជាចោរលួចសន្លឹកឆ្នោតក្រោយបោះឆ្នោតជាដើម។

លោក គង់ គាំ ជាអតីតមន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ​ដែល​តុលាការ​រំលាយ និង​ក៏​ជា​អតីត​មន្ត្រី​ជាន់ខ្ពស់​​​គណបក្សប្រជាជនកម្ពុជា នៅក្រសួងការបរទេស អំឡុងទសវត្សរ៍៨០។

ក៏ប៉ុន្តែក្រោយ​ពី​មាន​​​បញ្ហា​​ក្នុ​ង​​​ជួរ​​​បក្ស លោក គង់ គាំ បានប្រឡូកចូល​ក្នុង​ជីវភាព​នយោបាយ​ជាមួយ​គណបក្ស​សម រង្ស៊ី របស់លោក សម រង្ស៊ី ចាប់ពីឆ្នាំ១៩៩៥មក៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ