​លោក​ ​ហ៊ុន​ ​សែន​ ​ដឹក​នាំ​ប្រតិភូ​កម្ពុជា​​​បំពេញ​ទស្សន​កិច្ច​រយៈពេល​៣​ថ្ងៃ​នៅ​ប្រទេស​ម៉ាល់ឌីវ​

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងថ្នាក់ដឹកនាំប្រទេសម៉ាល់ឌីវ ក្នុងឱកាសទទួលស្វាគមន៍ថ្នាក់ដឹកនាំកម្ពុជានាសាធារណរដ្ឋម៉ាល់ឌីវ នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៣។ (ទំព័រហ្វេសប៊ុកនាយករដ្ឋមន្ត្រី ហ៊ុន សែន)

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋម៉ាល់ឌីវ ​រយៈពេល៣ថ្ងៃ ដើម្បីពង្រឹងបន្ថែមទៀតចំពោះកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសទាំងពីរលើវិស័យមួយចំនួន។ ​

ទំព័រហ្វេសប៊ុកលោកនាយករដ្ឋមន្ត្រីនៅថ្ងៃអាទិត្យបានឱ្យដឹងថា លោក និងគណៈប្រតិភូកម្ពុជាបានទៅដល់ប្រទេសម៉ាឌីវ ប្រកបដោយសុវត្ថិភាព​ នៅវេលាម៉ោង១០: ៤០នាព្រឹក(ម៉ោងនៅ ម៉ាល់ឌីវ) ត្រូវនឹងម៉ោង១២:៤០នាទី(ម៉ោងនៅកម្ពុជា) ថ្ងៃ​ទី១៥ ខែមករា ឆ្នាំ២០២៣  ដើម្បីបំពេញទស្សនកិច្ចផ្លូវការរយៈពេល៣ថ្ងៃ ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣។

ទំព័រហ្វេសប៊ុកលោក ហ៊ុន សែន សរសេរថា៖ «នាយករដ្ឋមន្ត្រី និងគណៈប្រតិភូត្រូវបានទទួលការធ្វើគារវកិច្ចស្វាគមន៍យ៉ាងកក់ក្តៅជាទីបំផុត  ពីសំណាក់ថ្នាក់ដឹកនាំនៃសាធារណរដ្ឋម៉ាល់ឌីវ និងមន្ត្រីពាក់ព័ន្ធជាច្រើនទៀត»។

ទំព័រហ្វេសប៊ុកលោក ហ៊ុន សែន ឱ្យដឹងថា តាមគម្រោងដំណើរទស្សនកិច្ចនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងមានជំនួបពិភាក្សាផ្លូវការជាមួយ​ប្រធានាធិបតី អ៊ីប្រាហ៊ីម ម៉ូហាមេដ សូលី(Ibrahim Mohamed Solih)  ក្នុងទិដ្ឋភាពនានានៃកិច្ចសហប្រតិបត្តិការទ្វេភាគី ក្នុងតំបន់ និងអន្តរជាតិ នឹងត្រូវលើកយកមកពិភាក្សា។ បន្ទាប់ពីជំនួបនោះ ថ្នាក់ដឹកនាំទាំងពីរ នឹងអញ្ជើញធ្វើជាអធិបតីក្នុងពិធីចុះហត្ថលេខាលើឯកសារមួយចំនួន ស្ដីពីកិច្ចសហប្រតិបត្តិការទ្វេភាគី។

បន្ថែមពីនេះ ក្នុងដំណើរទស្សនកិច្ចនេះ លោក ហ៊ុន សែន នឹង​ចូលជួបសម្តែងការគួរសម ដាច់ដោយឡែកពីគ្នា ដោយអនុប្រធានាធិបតី ប្រធានសភា ប្រធានតុលាការកំពូល និងរដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋម៉ាល់ឌីវ។

ប្រភពដដែលបន្តថា ដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រីនិងប្រតិភូកម្ពុជា ទៅកាន់ប្រទេសម៉ាល់ឌីវនាពេលនេះ នឹងផ្ដល់កាលានុវត្តភាពសម្រាប់ភាគីទាំងពីរធ្វើការពិនិត្យមើលឡើងវិញនៅដែនវិសាលភាពទាំងមូលនៃកិច្ចសហប្រតិបត្តិការទ្វេភាគី រួមទាំងការស្វែងរកអភិក្រមថ្មីៗ ដើម្បីពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម ការវិនិយោគ ការតភ្ជាប់ សុខាភិបាល វប្បធម៌ កសិកម្ម និងការអភិវឌ្ឍធនធានមនុស្ស ដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមកសម្រាប់ប្រទេស និងប្រជាជនទាំងពីរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ