គណបក្សភ្លើងទៀននឹងធ្វើពហិការមិនចូលរួមបោះឆ្នោត បើរូបភាពគំរាមកំហែងបន្តកើតឡើង

គណបក្សភ្លើងទៀន ធ្វើការហែក្បួនឃោសនាបក្សបម្រើឱ្យការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ នៅរាជធានីភ្នំពេញ ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២២។ (ហ៊ាន រង្សី)

គណបក្សភ្លើងទៀន បានព្រមានធ្វើពហិការមិនចូលរួមក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រដែ​​​ល​​នឹងប្រព្រឹត្តទៅនាខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះទេ ប្រសិនបើបរិយាកាសនយោបាយនៅ​​តែ​បន្តមានភាពអាប់អួដូចសព្វថ្ងៃនេះ ប៉ុន្តែគណបក្សកាន់អំណាចវិញបាន​ចាត់ទុកសារន​​យោ​​បា​​យរប​​ស់​គណបក្សក្រៅរដ្ឋាភិបាលមួយនេះថា វាគឺជាផ្នែកមួយនៃការគំរាមកំ​​ហែង​​ខាង​​នយោ​​បា​យ​​។

នៅថ្ងៃចន្ទនេះ គណបក្សភ្លើងទៀន បានចេញសេចក្តីថ្លែងការណ៍ ដោយបង្ហាញក្ដីព្រួយបារម្ភ​​ចំ​​ពោះ​សម្ពាធនយោបាយ ដែលនៅតែមិនមានអំណោយផលសម្រាប់អ្នកនយោបាយ ជាពិសេ​​ស​​អ្នកគំាំទ្រ និងមន្ត្រីរបស់គណបក្សក្រៅរដ្ឋាភិបាលមួយនេះ។

តាមរយៈសេចក្ដីថ្លែងការណ៍របស់ខ្លួន គណបក្សភ្លើងទៀន សង្កេតឃើញថា ចាប់តាំងពី​​ការ​បោះ​​ឆ្នោ​​ត​ឃុំសង្កាត់ ឆ្នាំ២០២២ បានបិទបញ្ចប់ទៅ រូបភាពនៃការគំរាមកំហែង ចលនា​​នៃការបំភិត​​បំ​ភ័​​យពីអ្នកមានអំណាចចំពោះគណបក្សភ្លើងទៀន បានកើតឡើងមិនឈប់ឈរឡើយ។

មិនតែប៉ុណ្ណោះ ក្រៅពីការបំភិតបំភ័យ គំរាមកំហែង យាយី និងធ្វើទុក្ខបុកម្នេញហើយ ការ​​ប្រើប្រា​​ស់​​​​ប្រព័ន្ធ​​តុលាការដើម្បី​រឹប​​អូស​​ដោយបង្ខំនូវទ្រព្យសម្បត្តិរបស់មន្ត្រីជាន់ខ្ពស់គណបក្សជំទាស់ ជា​​ថ្នូរ​​នឹងសំណងជំងឺចិត្ត គណបក្សភ្លើងទៀនចាត់ទុកថាវាគឺជារូបភាពនៃការបំបាក់ស្មារតី សង្កត់​​សង្កិ​ន​​​ខាងនយោបាយ និងបង្កបរិយាកាសនៃការភ័យខ្លាចដល់ថ្នាក់ដឹកនាំបក្ស និងអ្នកគាំទ្រ។

លើសពីនេះទៅទៀត គណបក្សភ្លើងទៀន យល់ឃើញថា ការអនុវត្តដូច្នេះ វានឹងជះឥទ្ធិ​​ពល​​កាន់​​តែ​​អា​ក្រក់​ចំពោះស្ថានការណ៍នយោបាយនៅមុនការបោះឆ្នោតមក​​ដល់។

គណបក្សភ្លើងទៀន អំពាវ​​នាវឱ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងស្ថាប័នរបស់រដ្ឋាភិបាល​​ប​​ញ្ឈ​​​​​​ប់គ្រប់រូបភាពនៃការគំ​​រាម​កំហែង ប្រឆាំងគណបក្សក្រៅរដ្ឋាភិបាល និងអង្គការសង្គម​​​ស៊ី​​វិល​​។​​ គណបក្សភ្លើងទៀន យល់ឃើញថា មានតែកា​​​រធ្វើដូច្នេះទេ ទើបអាច​​ធានាបានពី​​​​​​​​​​ដំ​​ណើ​​រ​​ការ​​​បោះឆ្នោត​​ជ្រើស​តាំង​តំណាងរាស្រ្ត ប្រ​​ព្រឹត្ត​​ទៅដោយសេរី ត្រឹមត្រូវ និងយុត្តិ​ធម៌។ លើ​ស​ពី​​​នេះ​​ទៀ​​ត ប្រសិន​​បើ​ស្ថានភាពនេះនៅតែ​​មិន​ធូរស្រាលទេ គណបក្សភ្លើងទៀនអាច​​នឹងពិចារ​ណាក្នុង​កា​​រ​​បោះ​​បង់​​សិទ្ធិ​​ចូលរួមនៅក្នុង​​ការបោះ​​ឆ្នោត​​ថា្នក់ជាតិខាងមុខនេះ។

ឆ្លើយតបរឿងនេះ លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ចាត់ទុកសារនយោ​​បាយ​របស់គណបក្សភ្លើងទៀននេះថា គឺជារូបភាពនៃដាក់បន្ទុកប្រឆាំង​​គណ​​បក្សកាន់​អំណា​ច​​ហើ​​យ​។ បើតាមលោក សុខ ឥសាន គណបក្សប្រជាជនកម្ពុជា មិនញញើត ហើយក៏មិនខ្វល់ខ្វាយ​​នឹង​​កា​​រ​​បោះបង់​​​​​សិទ្ធិក្នុងការចូលរួមបោះឆ្នោត​​របស់​គ​​ណបក្សក្រៅរដ្ឋាភិបាល​​នេះឡើយ​​។ អ្នកនាំពាក្យ​​​រូប​នេះ ថ្លែងថា បើទោះជាគ្មានវត្តមានគណបក្សភ្លើងទៀនមួយ មិនមែនមានន័យថា រដ្ឋាភិបាល​​​មិនអាច​​រៀបចំដំ​​​ណើ​រ​​ការបោះឆ្នោតបានទេ ពោលនៅមានបណ្ដា​​បក្សនយោបាយ​​ផ្សេងទៀត​​មិន​​តិច​​ជាង ៤០គណ​​​បក្ស​​ន​​​យោបាយទេ ដែលមាន​ឈ្មោះក្នុងបញ្ជីគណបក្សនយោបាយនៅ​​ក្រសួង​​ម​​ហា​​ផ្ទៃ។

លោកបន្តថា៖ «អាហ្នឹងជាសិទ្ធិនយោបាយរបស់គាត់ បើគាត់ចង់ចូល អាហ្នឹងជារឿងគាត់។ តែបើគាត់អត់ចង់ចូលទេ គាត់កុំគំរាមគេ។ គាត់កំពុងតែចោទប្រកាន់​​គណបក្សប្រជាជនកម្ពុជាថាគំ​​រាម​​គាត់​​។​ បើ​​​​បរិយាកាសនយោបាយមិនល្អ ហើយគាត់មិនចូលរួមបោះឆ្នោត ខ្ញុំយល់ថា អាហ្នឹងជា​​សិទ្ធិរបស់​​គាត់​ទេ ការប្រើពាក្យហ្នឹងជាការគំរាមកំហែងហើយ ហើយក៏ជាការគំរាមកំហែង​​ដល់គណបក្សដ​ទៃ​​​​​ជិត​​​ ៥០គណបក្សទៀតដែល​​​បានចុះបញ្ជីជាផ្លូវការនៅ​ក្រសួងមហាផ្ទៃ។ បើអត់ពីគាត់មួយ សួរ​​ថា​​តើ​​គណបក្សនយោបាយទាំងអស់នោះស្លាប់ ឬយ៉ាងម៉េច? គេនៅតែ​ដំណើរការ​​លទ្ធិប្រជាធិប​​តេ​យ្យ​​នៅកម្ពុជា»។

ហាក់ផ្ទុយពីការថ្លែងរបស់អ្នកនាំគណបក្សប្រជាជនកម្ពុជានេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ឯណោះវិញ មួយរយៈពេលចុងក្រោយនេះ គេសង្កេតឃើញថា ស្ទើរនៅ​​គ្រប់​​វេទិ​​ការបស់​​លោក ហ៊ុន សែន តែងគំរាមមន្ត្រីគណបក្សជំទាស់ បើរកឃើញថាមានទំនាក់​​ទំនងជាមួយ​​​នឹង​លោ​ក សម រង្ស៊ី  គណបក្សភ្លើងទៀនអាចនឹងត្រូវកម្ចាត់ចេញពីសង្វៀននយោបាយដូចគណបក្ស​​សង្គ្រោះជាតិដែលត្រូវបានរំលាយ កាលពីចុងឆ្នាំ២០១៧ យ៉ាងដូច្នោះដែរ។

ផ្ដើមចេញពីរឿងរ៉ាវនេះហើយ ដែលនាំឱ្យអនុប្រធានគណបក្សភ្លើងទៀន និងជាអ្នកនាំ​​ពាក្យ​​ លោ​​ក ថាច់ សេដ្ឋា បញ្ជាក់ជំហរ​​នៅ​​ថ្ងៃទី១៦ ខែមករា នេះថា ការប្រកាន់ឥរិយាបថ​​បែបនេះរបស់គណ​​បក្ស​​ជំទាស់ វាមិនមែនមានន័​​យ​ថាជាកា​​រធ្វើវិទ្ធង្សនា​​​ដែលធ្វើឱ្យមានបញ្ហាទៅ​​ដល់ដំណើរការបោះ​​ឆ្នោតនោះឡើយ។ ប៉ុន្តែនេះគ្រា​​ន់​​​​តែ​​​ជាការប្រើប្រាស់សិទ្ធិក្នុងការបញ្ចេញមតិ ក្នុងនាមជាបក្សន​​យោបាយ ដែលមាន​​បញ្ញត្តិ​​នៅ​​ក្នុង​​ច្បា​ប់ប៉ុណ្ណោះ។ ផ្ទុយទៅវិញ លោកអះអាងថា មានតែរដ្ឋាភិ​​បា​​ល​​ដែលដឹកនាំ​​ដោយគណ​​បក្ស​​កា​​ន់​​អំ​​ណាចទេ ដែល​​តែង​មួលបង្កាច់មន្ត្រីនយោបាយ​​បក្សភ្លើង​​​ទៀន​ក្នុងផ្លូវអាក្រក់។

លោកបន្តថា៖ «ហើយចុះកន្លងមកសុទ្ធតែចោទប្រកាន់គេថាសុទ្ធតែក្បត់ជាតិក្បត់អីហ្នឹង ម៉េចមិន​​មើល​​​ផង

អ្នកជំនាញផ្នែកគោលនយោបាយ ចាត់ទុកការបង្កើនកម្ដៅនយោបាយនៅមុនការបោះ​​ឆ្នោត​​នេះ​​ថា ជាការឆ្លុះបញ្ចាំងឱ្យឃើញអ្នកនយោបាយនៅមិនទាន់មានភាពចាស់ទុំនៅឡើយ។

លោក ឯម សុវណ្ណរ៉ា អ្នកជំនាញផ្នែកវិទ្យាសាស្រ្តនយោបាយ មានប្រសាសន៍ថា ប្រសិនបើ​​​គណ​ប​​ក្ស​​​​​ភ្លើងទៀន បោះបង់សិទ្ធិក្នុងការចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត អ្នកដែលខាត​​​ធំ​ជា​ង​​​គេ គឺពលរដ្ឋ។ លោកបន្តថា ប្រសិនបើគណបក្សជំទាស់នេះ សម្រេចចិត្តក្នុងការដើរចេញមែន នោះ​​​ជាឱកាសយ៉ាងធំសម្រាប់គណបក្សកាន់អំណាច វាមិនខុសអីដូចការបោះឆ្នោតថ្នាក់ជាតិ កា​​ល​អា​ណ​​​​ត្តិ​ទី៦ ប៉ុន្មាននោះឡើយ គឺគណបក្សប្រជាជនកម្ពុជា នឹងសម្រេចអ្វីៗគ្រប់យ៉ាងតាម​​ដែល​​ខ្លួន​​ចង់បាន។ មិនតែប៉ុណ្ណោះ ភាពស្របច្បាប់របស់គណបក្សប្រជាជនកម្ពុជា នៅតែ​​អាចទទួលបាន​​កា​​​រ​​គាំទ្រពីសហគមន៍អន្តរជាតិដដែល។

លោកបន្តថា៖ «ការធ្វើពហិការរបស់គណបក្សប្រឆាំង គឺមិនចំណេញសម្រាប់ពលរដ្ឋកម្ពុជា ឬក៏គ​​ណ​បក្សប្រឆាំងទេ។ប្រសិនបើរូបភាពគំរាមកំហែងនៅតែបន្តកើតមាន ហើយមិនមាន​​ការ​ឈឺឆ្អាល​ពី​​សហគមន៍អន្តរជាតិទេ។ ខ្ញុំគិតថា អ្នករងគ្រោះ គឺពលរដ្ឋកម្ពុជា និងអ្នកគាំទ្រ​​គណបក្សប្រឆាំង»។

ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី៧ នឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣។ នៅចំពោះមុខនេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ទើបបានបិទបញ្ចប់​​ទាំ​​ង​​ភាពចម្រូងចម្រាសទៅលើការ​​ពិ​​និត្យ​លើបទបញ្ជា និងនីតិវិធីនៃការបោះឆ្នោតជ្រើស​​តាំងតំ​​ណាង​​រាស្រ្ត ឆ្នាំ២០២៣។

លោក កន សាវាង្ស មន្រ្តីជាន់ខ្ពស់នៃអង្គការខុមហ្វ្រែល យល់ឃើញថា ការសម្រេចចិត្តចូលរួមក្នុងការប្រកួតប្រជែងនៃការបោះឆ្នោត ឬមិនចូលរួម វាជាសិទ្ធិសម្រេចរបស់គណ​​បក្ស​​ន​​យោ​​​​​បាយ ផ្អែកលើទៅលើមូលដ្ឋានដែលខ្លួនមាន។ ប៉ុន្តែការផ្តល់ការអនុគ្រោះគ្នា វាគួរ​​កើត​​មាន​​ឡើ​​ងរវាងគណបក្សនយោបាយ និងគណបក្សនយោបាយ​​។ បើតាមអ្នកជំនាញកិច្ចការបោះ​​ឆ្នោត​​រូប​​នេះ អ្នកដែលផ្តល់ការអធ្យាស្រ័យ និងបង្កបរិយាកាសឱ្យល្អនេះ វាគួរណាស់តែជា​គណបក្ស​​ដែល​​មា​​ន​​សិទ្ធិអំណាចជាងទេ។

លោកបន្តថា៖ «ទោះបីយ៉ាងណាក៏ដោយ ខ្ញុំយល់ឃើញថា ដំណើរការនៃបរិយាកាសភាពបន្ធូរបន្ថយ ឬក៏ការលើកលែងផ្នែកបរិយាកាសនយោបាយ វាជារឿងមួយដែលធំសម្រាប់ឱ្យគណបក្សនយោបាយចូលរួមដោយសេរីមុនការបោះឆ្នោត ជាពិសេសពីគណបក្សនយោបាយដែលមានអំណាច គឺ​​គ​​ណ​បក្សដែលគ្រប់គ្រងរដ្ឋាភិបាលហ្នឹងតែម្តង»។

ក្រោយការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ ក្នុងអាណត្តិទី៥ កន្លងទៅនេះ វាជាលើក​​ទី១​​ហើ​​​យដែល​គេសង្កេត​​ឃើ​​ញ​​លោក សុន ឆ័យ អ្នកនយោបាយមកពីបក្សជំទាស់ ត្រូវបានប្តឹ​​ងចោទ​​ប្រ​​​កាន់​ទៅតុលាការ និងទាមទារសំ​​ណងក្នុងទំហំទឹកប្រាក់រាប់លានដុល្លារ​​អាមេរិក​​។ ដោយ​​ឡែ​​ក លោក គង់ គាំ ឧត្តមទីប្រឹក្សាជាន់ខ្ពស់គណបក្ស ជាមួយនឹងលោក សុន ឆ័យ ដែរ បាន​​​សម្រេច​ប្រគល់ដី និងផ្ទះឱ្យទៅរដ្ឋវិញ ក្រោយលោក ហ៊ុន សែន បានគំរាមប្តឹងទៅតុលាការ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ