លីកាដូ​ថា​ ​ការ​​ផ្ដល់​​ដី​សម្បទាន​​សេដ្ឋកិច្ច​​ជា​​ថ្មី​​នាំ​​ឱ្យ​​មាន​​ជម្លោះ​​ ​

ទីតាំងដែលពលរដ្ឋអះអាងថា ជាកន្លែងដែលក្រុមហ៊ុនបានឈូសឆាយចូលដល់ដី «សហគមន៍ក្បាលរមាស» របស់ពួកគេ ស្ថិតនៅស្រុកសេសាន ខេត្តស្ទឹងត្រែង។ (ផ្ដល់ឱ្យ)

អង្គការសិទ្ធិមនុស្សក្នុងស្រុកមួយបានរកឃើញថា ការ​ផ្ដល់​ដីសម្បទាន​សេដ្ឋកិច្ច​ថ្មីទៅក្រុមហ៊ុនឯកជនបន្ថែមទៀត នាំ​ឱ្យ​មាន​ជម្លោះជាមួយពលរដ្ឋមូលដ្ឋាន​ ​ ខណៈ​តាម​ផ្លូវច្បាប់តម្រូវឱ្យ​រាល់​ដីសម្បទាន​សេដ្ឋកិច្ច​ទាំងអស់​ ​ត្រូវមានការ​វាយ​តម្លៃ​ពីផល​ប៉ះពាល់​បរិស្ថាន​ ​និង​សង្គម​ ​មុន​ពេល​ចាប់ផ្ដើម​ប្រតិបត្តិការ​។​

ការរកឃើញនេះ ធ្វើឡើងតាមរយៈ «សេចក្តីថ្លែងការណ៍មួយស្តីពីការ​ផ្ដល់​ដីសម្បទាន​សេដ្ឋកិច្ច​ថ្មី​នាំ​ឱ្យ​មាន​ជម្លោះ​ ​និង​ចោទ​ជា​សំណួរ​» ចេញផ្សាយដោយអង្គការសម្ព័នខ្មែរជំរឿន និងការពារសិទ្ធិមនុស្ស ហៅកាត់ថា អង្គការលីកាដូ​ នៅថ្ងៃទី​១៦ ខែមករា ឆ្នាំ២០២៣​។

សេចក្តីថ្លែងការណ៍បញ្ជាក់ថា រាជរដ្ឋាភិបាល​បាន​​​ផ្ដល់​ដីសម្បទាន​សេដ្ឋកិច្ច​ថ្មី​មួយនៅខេត្តស្ទឹង​ត្រែង​ ​កាលពី​ខែ​មីនា​ ​ឆ្នាំ​២​០​២​២​ ​គឺ​រយៈពេល​ជិត​មួយ​ទសវត្សរ៍​ក្រោយ​ពី​លោកនាយករដ្ឋមន្ត្រី​ ហ៊ុន សែន ​បាន​ចុះហត្ថលេខា​ដើម្បី​ផ្អាក​ការ​ផ្ដល់​ដីសម្បទាន​សេដ្ឋកិច្ចកាលពីឆ្នាំ២០១២​ ​ដែល​ការណ៍​នេះ​នាំ​ឱ្យ​បន្ត​កើតមាន​ទំនាស់​ដីធ្លី​នៅ​ក្នុង​ខេត្ត​ស្ទឹង​ត្រែង​។​

​អង្គការលីកាដូបន្តថា ប្រជាពលរដ្ឋ​រាប់​រយ​គ្រួសារ​ ​កំពុងតែ​ទទួលរង​ផល​ប៉ះពាល់​ស្រាប់​ទៅ​ហើយ​ ​ដោយ​ការស្ថាបនា​ផ្លូវ​មួយ​ខ្សែ​ឆ្ពោះទៅ​កាន់​ដីសម្បទាន​សេដ្ឋកិច្ច​នោះ​។ ​លើសពីនេះ ​ការ​ខ្វះ​តម្លា​ភាព​ជុំវិញ​ទំហំ​ជាក់ស្ដែង​ ​និង​ទីតាំង​នៃ​ដីសម្បទាន​ ​បាន​នាំ​ឱ្យ​អាជ្ញាធរ​មូលដ្ឋាន​ ​ប៉ាន់ប្រមាណ​ថា​ ​ប្រជាពលរដ្ឋ​រហូតដល់​ ​៤​០​០​គ្រួសារ​ ​អាច​នឹង​រង​ផល​ប៉ះពាល់​ ​នៅ​ក្នុងស្រុក​បុរី​អូរ​ស្វាយ​សែន​ជ័យ​ ​ស្រុក​សៀម​ប៉ាង​ ​និង​ស្រុក​សេសា​ន​ ​នៅ​ភាគ​ឦសាន​នៃ​ខេត្ត​ស្ទឹង​ត្រែង​​។

​នាយិកា​ទទួលបន្ទុក​កិច្ចការ​ក្រៅ​តំបន់​នៃ​អង្គការ​លី​កា​ដូ ​អ្នកនាង​ ​ណា​លី​ ​ពី​ឡូ​ក​ ​​មានប្រសាសន៍ក្នុងសេចក្តីថ្លែងការណ៍ថា​៖ «​រាជរដ្ឋាភិបាល​គួរតែ​ផ្ដល់​ព័ត៌មាន​បន្ថែម​ទៅលើ​អ្វី​ដែល​ជា​ភាព​ផ្ទុយគ្នា​នៃ​ការ​ផ្អាក​ផ្ដល់​ដីសម្បទាន​សេដ្ឋកិច្ច​ថ្មី​។​ ​ការ​ផ្អាក​នេះ​ ​ធ្វើឡើង​ក្រោយពេល​ដែល​មានការ​ដកហូត​កម្មសិទ្ធិ​ ​និង​ទំនាស់​ដីធ្លី​រាប់​ឆ្នាំ​ ​ដែល​ត្រូវ​បាន​ចងក្រង​ទុកជាឯក​សារ​ ​ដោយ​បាន​បង្កឡើង​ពី​កា​រជួល​ដី​ក្នុង​ទំហំ​ធំ​ៗ​ទាំងនេះ​ ​ហើយ​បញ្ហា​ជម្លោះ​ថ្មីៗ​នេះ​បង្ហាញ​ឱ្យ​ឃើញ​ពី​ បញ្ហា​ដូចគ្នា​ជាមួយនឹង​ដីសម្បទាន​សេដ្ឋកិច្ច​មុន​ៗ​»។​

​នាយកទទួលបន្ទុកកិច្ចការទូទៅ នៃអង្គការការពារសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត មានប្រសាសន៍ថា រដ្ឋាភិបាលបានចុះហត្ថលេខាផ្អាកការផ្តល់ដីសម្បទានសេដ្ឋកិច្ចកាលពីខែឧសភា ឆ្នាំ ២០១២ ប៉ុន្តែរដ្ឋាភិបាលក៏បានលើកឡើងថា ក្រុមហ៊ុនណាដែលបានទទួលគោលការណ៍ពីរដ្ឋក្នុងការផ្តល់ដីសម្បទានសេដ្ឋកិច្ចរួចហើយ អាចបន្តទៅតាមនីតិវិធី ដែលកាលនោះលោកថាករណីបានបន្តរហូតដល់ឆ្នាំ ២០១៤។

យ៉ាងណា ក្រោយឆ្នាំ ២០១៤ មកដល់បច្ចុប្បន្ន លោក សំអាត ថា នេះជាលើកទី១ហើយដែលលីកាដូបានរកឃើញថា មានក្រុមហ៊ុនឯកជនបានទទួលដីសម្បទានសេដ្ឋកិច្ចពីរដ្ឋ។

លោក អំ សំអាត ថា ចោទជាសំណួរថា តើមុននឹងផ្តល់ដីសម្បទានសេដ្ឋកិច្ចឱ្យក្រុមហ៊ុនឯកជន រដ្ឋាភិបាលបានពិនិត្យត្រឹមត្រូវតាមនីតិវិធី ឬទេ ដូចជាហេតុប៉ះពាល់បរិស្ថាន ពិគ្រោះយោបល់សាធារណៈជាមួយអាជ្ញាធរមូលដ្ឋាន និងពលរដ្ឋ ព្រមទាំងការដោះស្រាយដោយសន្តិវិធីជាមុន បើសិនមានផលប៉ះពាល់នោះ?

លោក អំ សំអាត ថា«អង្គការលីកាដូដោយសារតែឃើញករណីអ៊ីចឹងកើតឡើងហ្នឹងហើយ បានយើងចេញសេចក្តីថ្លែងការណ៍នេះ គឺអំពាវនាវឱ្យអាជ្ញាធរក៏ដូចជារាជរដ្ឋាភិបាលលោកពិនិត្យ និងពិចារណាដើម្បីស្វែងរកដំណោះស្រាយឱ្យបានដោយសន្តិវិធី ដើម្បីជៀសវាងជម្លោះរវាងពលរដ្ឋជាមួយនឹងក្រុមហ៊ុនសម្បទានដីសេដ្ឋកិច្ចហ្នឹង»។

បើតាមសេចក្តីថ្លែងការណ៍ ​លិខិត​មួយ​របស់​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​ ​ចុះ​ថ្ងៃ​ទី​១​១​ ​ខែ​មីនា​ ​ឆ្នាំ​២​០​២​២​ ​បាន​​​ផ្ទេរ​ដី​ទំហំ​ ​៩​ ៧​៨​៨​​ហិក​តា​ ​ក្នុង​ខេត្ត​ស្ទឹង​ត្រែង​ ឱ្យ​ទៅ​ក្រុមហ៊ុន​ ហឹ​រ៉ា​យ​ហ្សិ​ន​ អេហ្គ​រី​ខ​ល​ឈ័​រ​ ឌេ​វេឡុ​ប​មេន​ ​។​ ​លិខិត​ ​ដែល​ចុះហត្ថលេខា​ដោយ​រដ្ឋលេខាធិការ​ ប៊ិ​ន​ ​ប៊ុន​ឆាត​ ​ក៏បាន​ផ្ដល់​សិទ្ធិ​ឱ្យ ​ក្រុមហ៊ុន​ ហឹ​រ៉ា​យ​ហ្សិ​ន​ ​ក្នុង​ការផ្ទេរ​ដី​នោះ​ ឱ្យ​ទៅ​ក្រុមហ៊ុន​ ​ធី​.អេ​ស​.អិ​ម​.​ដាប់​បែ​ល​យូ​ ​ឯ​.​ក​ ​ព្រមទាំង​បង្គាប់​ឱ្យ​ក្រសួង​កសិកម្ម​ ​រុក្ខា​ប្រមាញ់​ ​និង​នេសាទ​ ​​ចាប់ផ្ដើម​ដំណើរការ​ប្ដូរ​ស្ថានភាព​ផ្លូវច្បាប់​​​ ​ដើម្បី​បង្កើត​ជា​ដីសម្បទាន​សេដ្ឋកិច្ច​មួយ​ក្នុង​កា​រជួល​រយៈពេល​ ​៥​០​ឆ្នាំ​។​

​ប្រភពដដែល ក៏បានលើកឡើងឯកសារ​ផ្សេងទៀត​ពី​ក្រសួង​កសិកម្ម​ ​ដែល​បាន​ចុះហត្ថលេខា​ដោយ​អតីត​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម លោក វេ​ង​ ​សា​ខុន​ ​ចុះ​ថ្ងៃ​ទី​១​៧​ ​ខែ​មីនា​ ​ឆ្នាំ​២​០​២​២​ ​សំដៅ​លើ​ដីសម្បទាន​សេដ្ឋកិច្ច​មួយ​ ​និង​បាន​កំណត់​ទំហំដី​ ​៥​ ៦​០​២​ហិក​តា​។​ ​

លិខិត​មួយ​ពី​រដ្ឋបាល​ព្រៃឈើ​ ​ក្នុង​ខែ​កក្កដា​ ​ឆ្នាំ​២​០​២​២​ ​ក៏បាន​បញ្ជាក់​ពី​ដីសម្បទាន​សេដ្ឋកិច្ច​នេះ​។​ ​លិខិត​មួយ​ពី​ក្រសួង​បរិស្ថាន​ ​ចេញ​ក្នុង​ខែកញ្ញា​ ​ឆ្នាំ​២​០​២​២​ ​បង្គាប់​ឱ្យ​មានការ​វាយ​តម្លៃ​ទៅលើ​ទំហំដី​ ​៥​ ​៦​០​២​ ​ហិក​តា​ ​ដែល​ជាន់គ្នា​ទាំងស្រុង​ជាមួយនឹង​ ​តំបន់​របៀង​អភិ​រក្ស​ជីវៈ​ចម្រុះ​ឦសាន​ ​ដែល​គ្រប់គ្រង​ដោយ​ក្រសួង​បរិស្ថាន​ ​ទោះបីជា​ឯកសារ​នោះ​ ​មិនបាន​សរសេរ​ពី​ដីសម្បទាន​សេដ្ឋកិច្ច​ក៏ដោយ​។​

អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កញ្ញា អ៊ឹម រចនា បានតបសំណួរវីអូឌីតាមប្រព័ន្ធទំនាក់ទំនងតេឡេក្រាម នៅថ្ងៃទី១៧ ខែមករា ថា មែនទែនទៅ ករណីដែលអង្គការលីកាដូបានលើកឡើងតាមរយៈសេចក្ដីថ្លែងការណ៍ចុះថ្ងៃទី១៦ ខែមករានោះ ពុំមែនជាការផ្ដល់ដីសម្បទានសេដ្ឋកិច្ចថ្មីនោះទេ។ កញ្ញាថា វាគឺជាការសងត្រលប់ទៅឱ្យក្រុមហ៊ុន ហឺរ៉ាយហ្សិន ដែលធ្លាប់បានទទួលការផ្ដល់ដីសម្បទានសេដ្ឋកិច្ចក្នុងខេត្តក្រចេះ តាំងពីឆ្នាំ២០១០ តែត្រូវបានកាត់ជូនប្រជាពលរដ្ឋវិញក្នុងឆ្នាំ២០១៤។

មន្ត្រីក្រសួងកសិកម្មរូបនេះ បន្ថែមថា រដ្ឋាភិបាលសម្រេចសងត្រលប់ទៅឱ្យក្រុមហ៊ុន ហឺរ៉ាយហ្សិន បន្ទាប់ពីវាយតម្លៃនិងរកឃើញអំពីផលប៉ះពាល់ចំពោះក្រុមហ៊ុន។

កញ្ញាឱ្យដឹងថា៖ «ក្រុមហ៊ុនហឺរ៉ាយហ្សិន បានផ្ទេរដីសម្បទានដែលខ្លួនទទួលបានទៅឱ្យក្រុមហ៊ុន ធី.អេស.អិម»។

អ្នកនាំពាក្យក្រសួងកសិកម្មដដែល បន្តថា ការសម្រេចផ្អាកការផ្ដល់ដីសម្បទានសេដ្ឋកិច្ចពីសំណាក់រាជរដ្ឋាភិបាលកម្ពុជាកាលពីឆ្នាំ២០១២ នៅជាធរមាន ពុំមានការផ្លាស់ប្ដូរទេ។

កញ្ញាថា បច្ចុប្បន្ន មានក្រុមហ៊ុនចំនួន២២៩ក្រុមហ៊ុន ដែលកំពុងធ្វើការអភិវឌ្ឍដីសម្បទានសេដ្ឋកិច្ចដែលទទួលបានពីរាជរដ្ឋាភិបាលកម្ពុជា។

បុរសម្នាក់ដែលទទួលទូរសព្ទ ហើយបដិសេធប្រាប់ឈ្មោះនិងតួនាទី បានលើកឡើងថា លោកធ្លាប់ជាបុគ្គលិកបម្រើការក្នុងក្រុមហ៊ុន Horizon Agriculture Development co., ltd.។ លោកបន្តថា ក្រុមហ៊ុន​កូរ៉េនេះ បានផ្លាស់ប្តូរទីតាំងទៅក្រៅប្រទេសវិញ ដោយសារ​ការងារបរាជ័យ។

​យ៉ាងណា ​លោកមិនបានដឹងទេថា ក្រុមហ៊ុននេះបានទទួលដីសម្បទានដោយឡែកទៀតនៅខេត្តស្ទឹងត្រែង កាលពីឆ្នាំ២០២២នោះ។

អង្គការលីកាដូអះអាងថា ក្រុមហ៊ុន ហឹរ៉ាយហ្សិន អេហ្គរីខលឈ័រ ឌេវេឡុបមេន ធ្លាប់ទទួលបានការផ្ដល់ដីសម្បទានសេដ្ឋកិច្ចក្នុងខេត្តក្រចេះ កាលពីឆ្នាំ២០១០ ដោយពួកគេបានជាប់ពាក់ព័ន្ធនឹងជម្លោះដីធ្លីមួយ ជាមួយប្រជាពលរដ្ឋរាប់រយគ្រួសារនៅទីនោះ ប៉ុន្តែអាជ្ញាធរបាននិយាយក្នុងឆ្នាំ២០១៤ ថា ដីសម្បទានសេដ្ឋកិច្ចនេះត្រូវបានលុបចោលវិញហើយ ក្រោយពីក្រុមហ៊ុនបរាជ័យក្នុងការដាំដុះនៅលើដីនោះ។

អង្គការជំនាញលើកិច្ចការសិទ្ធិមនុស្សលីកាដូបន្តថា តាម​ផ្លូវច្បាប់​ ​រាល់​ដីសម្បទាន​សេដ្ឋកិច្ច​ទាំងអស់​ ​តម្រូវ​ឱ្យ​មានការ​វាយ​តម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន​ ​និង​សង្គម​ ​មុន​ពេល​ចាប់ផ្ដើម​ប្រតិបត្តិការ​។​

សេចក្តីថ្លែងការណ៍ថា«អ្នកភូមិ​នៅ​ក្នុង​តំបន់​ ​បាន​ប្រាប់​អង្គការ​លី​កា​ដូ​ថា​ ​ពួកគេ​ពុំ​ទទួល​បាន​ព័ត៌មាន​អ្វី​ទាល់តែសោះ​ ​មុន​ពេល​ក្រុមហ៊ុន​ ​ធី​.អេ​ស​.អិ​ម​.​ដាប់​បែ​ល​យូ​ ​ចាប់ផ្ដើម​ធ្វើការ​នៅ​ក្នុង​តំបន់​នោះ​»។​ ​

ប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល លោក ផៃ ស៊ីផាន មានប្រសាសន៍ថា ​ មុននឹងរដ្ឋាភិបាលផ្តល់ដីសម្បទានសេដ្ឋកិច្ចទៅឱ្យឯកជន គឺឆ្លងកាត់ការវិនិច្ឆ័យក្នុងគុណភាពបន្ដាក់ទុនពីក្រុមប្រឹក្សាសេដ្ឋកិច្ច ប្រជុំអន្តរក្រសួង និងអាជ្ញាធរដែនដីភូមិសាស្ត្រ។

ក្រៅពីនោះ លោកថា រដ្ឋាភិបាលផ្តល់ ស.ជ.ណ ភាគច្រើនសម្រាប់តែក្រុមហ៊ុនដែលមានមូលដ្ឋាននៅក្នុងស្រុកប៉ុណ្ណោះ ព្រោះរដ្ឋាភិបាលយកមូលដ្ឋានគ្រឹះសេដ្ឋកិច្ចក្នុងស្រុកដែលជាមូលដ្ឋានពិតប្រាកដដើម្បីពង្រឹងតុល្យភាពសេដ្ឋកិច្ចនិងសង្គមកិច្ច។

បែបនេះក្តី មន្ត្រីរដ្ឋាភិបាលរូបនេះយល់ស្របចំពោះការបារម្ភរបស់អង្គការលីកាដូ ដោយថាហេតុនេះទើប ក្នុងដំណាក់កាលនីយមួយៗរដ្ឋាភិបាលតែងតែវិនិច្ឆ័យដើម្បីបញ្ចៀសផលប៉ះពាល់។

លោក ផៃ ស៊ីផាន ថា«ផលប៉ះពាល់ចំពោះប្រជាពលរដ្ឋដែលជាប់នៅកន្លែងហ្នឹង ភាគច្រើនគឺអត់មានប៉ះពាល់ទៅដល់ប្រជាពលរដ្ឋទេ គឺជាដីដែលស្ថិតក្នុងការគ្រប់គ្រងរបស់ក្រសួងបរិស្ថាន ក៏ដូចជាការគ្រប់គ្រងរបស់ក្រសួងកសិកម្ម តែមិនមែនជាដីរបស់ប្រជាពលរដ្ឋនោះទេ។ ហើយបើសិនជាប៉ះពាល់ ប្រជាពលរដ្ឋមានសិទ្ធិក្នុងការប្តឹងតវ៉ា ទារសំណង ឬអនុវត្តន៍ទៅលើការខ្វៀលចេញពីភូមិសាស្រ្តនៃកិច្ចសម្បទាននេះឯង»។

កាលពី​ថ្ងៃ​ទី​៩​ ​ខែវិច្ឆិកា​ ​ឆ្នាំ​២​០​២​២​ ​ប្រជាពលរដ្ឋ​មកពី​ភូមិ​អ៊ីប៊ុ​ ​ឃុំ​អូរ​ស្វាយ​ ​ស្រុក​បុរី​អូរ​ស្វាយ​សែន​ជ័យ​ ​ក្នុង​ខេត្ត​ស្ទឹង​ត្រែង​ ​បាន​ប្រមូលផ្ដុំ​គ្នា​ ​ដើម្បី​ហាមឃាត់​ក្រុមហ៊ុន​កុំ​ឱ្យ​សាងសង់​ផ្លូវ​ទំហំ​ ​៥​០​ម៉ែត្រ​ ​ឆ្ពោះទៅ​កាន់​ដីសម្បទាន​នោះ​ ​ដោយសារតែ​ការ​កសាង​ផ្លូវ​នេះនឹង​បំផ្លិចបំផ្លាញ​ដល់​ដី​ស្រែចំការ​របស់​ពួកគេ​ ​និង​ដំណាំ​កសិកម្ម​ ជាច្រើន​ទៀត​ ​។​ ​

លីកាដូលើកឡើងថា ចាប់តាំង​ពី​ពេល​នោះ​មក​ ​អ្នកភូមិ​ទាំងនោះ​ ​បាន​ប្រមូលផ្ដុំ​គ្នា​ចំនួន​ ​៥​លើក​ ​ដើម្បី​ការពារ​ដី​របស់​ពួកគេ​ ​ដោយ​លើក​ចុងក្រោយ​គឺ​នៅ​ថ្ងៃ​ទី​​៤​ ​ខែ​មករា​ ​ឆ្នាំ​២​០​២​៣​ ​ថ្មីៗ​នេះ​។​

ញត្តិ​មួយ​ដែល​បាន​ព្រាង​ដោយ​អ្នកភូមិ​ក្នុង​ខែ​ធ្នូ​ ​ឆ្នាំ​២​០​២​២​ ​បាន​បង្ហាញ​ថា​ ​ប្រជាពលរដ្ឋ​ចំនួន​៦​៤​គ្រួសារ​ ​កំពុង​រងគ្រោះ​ពី​ការ​បំផ្លិចបំផ្លាញ​ដី​ស្រែចំការ​ ​និង​បាន​ស្នើ​ឱ្យ​មាន​ដំណោះស្រាយ​មួយ​ទៅលើ​ទំនាស់​ដីធ្លី​នេះ​ ​ក៏ដូចជា​ការ​ផ្ដល់​សំណង​សមរម្យ​ ​សម្រាប់​ការខូចខាត​ទ្រព្យសម្បត្តិ​ផ្សេងៗ​។

អ្នកនាង​ ​ណា​លី​ ​ពី​ឡូ​ក​ ថា៖​ «​យើង​ស្នើសុំ​ឱ្យ​រាជរដ្ឋាភិបាល​ផ្ដល់​ព័ត៌មាន​បន្ថែម​ទៅលើ​គោ​យ​នយោបាយ​របស់​ខ្លួន​ ​ជុំវិញ​ការ​ផ្ដល់​ដីសម្បទាន​សេដ្ឋកិច្ច​ថ្មី​នេះ​ ​និង​ដោះស្រាយបញ្ហា​ជម្លោះ​ដែល​កំពុង​កើតមាន​ដោយ​សន្តិវិធី​ ​និង​ដោយ​យុត្តិធម៌​»​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ