មេធាវីការពារសិទ្ធិឱ្យលោក ថាច់ សេដ្ឋា ចាត់ទុកការសើរើរឿងសំណុំរឿងចាស់ដែលកូនក្តីរបស់ខ្លួនធ្លាប់ទទួលបានយុត្តិធម៌ម្តងរួចមកហើយ ក្រោមបទចោទឆបោកលុយ ដូចអង្គហេតុដែលកំពុងកើតឡើងនេះ ថាជាការចោទប្រកាន់ឱ្យមានការភ័ន្តច្រឡំទាំងទៅលើអង្គហេតុផង និងអង្គច្បាប់ផង ទាក់ទងបំណុលដែលកូនក្តីរបស់ខ្លួនជំពាក់ក្រុមហ៊ុនមួយប្រមាណ ២ម៉ឺនដុល្លារអាមេរិក។
លោក សំ សុគង់ សហមេធាវីការពារសិទ្ធិឱ្យលោក ថាច់ សេដ្ឋា ឱ្យដឹងនៅថ្ងៃទី១៨ ខែមករានេះថា កូនក្តីរបស់ខ្លួនពិតជាបានខ្ចីលុយពីក្រុមហ៊ុន រិន ឆាយ ផនសប ពិតមែន។ប៉ុន្តែបំណុលនេះ លោក ថាច់ សេដ្ឋា បានដោះស្រាយជិតចប់ទៅហើយ ពោលនៅសល់ក្នុងកម្រិតតិចតួច គឺមិនដូចពាក្យបណ្តឹងដែលក្រុមហ៊ុនប្តឹងចោទប្រកាន់ទេ។ លោកបន្តថា អ្វីដែលលោកទទួលបានព័ត៌មានពីកូនក្តីរបស់ខ្លួន គឺបំណុលដែលនៅសល់ប្រហែល ៥ ០០០ដុល្លារអាមេរិក ឬតិចជាងនេះ ក្នុងចំណោមលុយដែលបានខ្ចី ២០ ០០០ដុល្លារ (ពីរម៉ឺនដុល្លារ) ក៏ប៉ុន្តែបែរជាកម្មវត្ថុនៃការប្តឹងដោយក្រុមហ៊ុន រិន ឆាយ ផនសប គឺថាលោក ថាច់ ស៊ីថា នៅជំពាក់បំណុលប្រមាណ ៣៣ ៤០០ដុល្លារអាមេរិកទៅវិញ។
លោកបន្តថា៖ «វាអញ្ចេះ វាពាក់ព័ន្ធនឹងការខ្ចីប្រាក់ហ្នឹង គឺដំបូងឡើយហ្នឹង គឺខ្ចី២០ ០០០ដុល្លារ។ ប៉ុន្តែឯកឧត្ដមទទួលបានតែ ១៨ ០០០ដុល្លារទេ កាត់សេវាអស់ ២ ០០០[ដុល្លារ]អីអ៊ីចឹងទៅ។ ការខ្ចីប្រាក់ហ្នឹង តាមកូនក្តីប្រាប់ [ថាច់ សេដ្ឋា] តាំងពីឆ្នាំ២០១១–២០១២ ឯណោះ គឺយូរហើយ»។
បើតាមលោកមេធាវី សំ សុគង់ ទាក់ទងអង្គហេតុនេះ ម្ចាស់បណ្តឹងធ្លាប់ប្តឹងលោក ថាច់ សេដ្ឋា ម្តងរួចទៅហើយ ក្រោមបទចោទ «ឆបោក» នៅអំឡុងឆ្នាំ២០១៨។ ក្នុងឆ្នាំដដែលនេះ សាលាដំបូងរាជធានីភ្នំពេញ ក៏បានបើកការជំនុំជម្រះឱ្យលោក ថាច់ សេដ្ឋា ឈ្នះក្តី ក្នុងបទចោទនេះម្តងរួចទៅហើយ ហើយសាលាឧទ្ធរណ៍ក៏បានតម្កល់ការសម្រេចរបស់សាលាដំបូងនេះទុកជាបានការដែរ។ ក៏ប៉ុន្តែទើបនៅឆ្នាំ២០១៩ កន្លងទៅនេះ បានលេចបណ្ដឹងមួយថ្មីទៀតប្រឆាំងលោក ថាច់ សេដ្ឋា ទាក់ទងអង្គហេតុ ការប្រើប្រាស់មូលប្បទានបត្រ គ្មានសាច់ប្រាក់ ឬសែកស្អុយ នេះទៅវិញ។
ក្នុងនាមជាមេធាវី លោក សំ សុគង់ យល់ឃើញថា ការសើរើរឿងក្តីដែលធ្លាប់បានជម្រះរួចទៅហើយ មកចាត់ការជាថ្មីទៀតក្នុងអង្គហេតុចាស់នេះ អាចជាការយល់ខុសក្នុងនីតិវិធី។
លោកបន្តថា៖ «អ៊ីចឹងបើយកអង្គហេតុដដែលមកប្តឹង ទាក់ទងការចេញសែកអត់លុយហ្នឹង វាជាន់ទៅលើអង្គហេតុតែមួយ។ អ៊ីចឹងជាគោលការណ៍ច្បាប់ ទាក់ទងអាជ្ញាអស់ជំនុំ កាលណាអង្គហេតុហ្នឹងធ្លាប់ប្ដឹងម្តងហើយ មិនអាចប្តឹងនូវរឿងហេតុដដែលនៅរឿងផ្សេងទៀតទេ។ អ៊ីចឹងហើយបានក្រុមមេធាវី យល់ឃើញថា ការចោទប្រកាន់ និងការចាប់ខ្លួន អាចមានការភ័ន្តច្រឡំលើអង្គហេតុផង ហើយភ័ន្តច្រឡំលើអង្គច្បាប់ផង»។
ទាក់ទងរឿងនេះ អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ លោក ប្លង់ សុផល ចាត់ទុកការលើកឡើងបែបនេះរបស់ក្រុមមេធាវីការពារសិទ្ធិឱ្យលោក ថាច់ សេដ្ឋា គឺជាសំអាងហេតុដែលគ្មានមូលដ្ឋាននោះទេ។
លោកបន្តថា៖ «ខ្ញុំយល់ថា ការលើកឡើងរបស់មេធាវីការពារសិទ្ធិឱ្យគាត់ គ្រាន់តែជាការនិយាយដោយគ្មានភស្តុតាងប៉ុណ្ណោះ។ តាមពិត តុលាការបានអនុវត្តនីតិវិធីរបស់ខ្លួនបានយ៉ាងត្រឹមត្រូវរួចហើយ»។
យោងតាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្ម ក្រុមហ៊ុន រិន ឆាយ ផនសប នេះ បានចុះបញ្ជីពាណិជ្ជកម្មផ្លូវការ នៅក្នុងក្រសួងពាណិជ្ជកម្ម កាលពីខែតុលា ឆ្នាំ២០១៥។ ម្ចាស់ក្រុមហ៊ុន លោក ហៃ វ៉ាន់រិន នេះ គឺជាមនុស្សដែលស្និទ្ធនឹងគណបក្សប្រជាជនកម្ពុជា។ ក្រៅពីកាន់កាប់ក្រុមហ៊ុន រិន ឆាយ ផនសប ហើយ លោក ហៃ វ៉ាន់រិន ក៏ជាម្ចាស់ក្រុមហ៊ុន Dynith Commercial ដែលមានទីតាំងនៅសង្កាត់ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ ថែមទៀត។ ក្រុមហ៊ុននេះត្រូវបានចុះបញ្ជីនៅក្រសួងពាណិជ្ជកម្ម កាលពីចុងខែមីនា ឆ្នាំ២០១៤។
សព្វថ្ងៃ ក្រុមហ៊ុន Dynith Commercial នេះ គ្រប់គ្រងដោយអ្នកស្រី ឌី សុខឃី ជាកូនស្រីអតីតស្នងការក្រុងភ្នំពេញ លោក ហុក ឡង់ឌី ហើយក៏ត្រូវជាភរិយាលោក ហ៊ុន ម៉ានិត ដែលជាកូនប្រុសទី២របស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែរ។
វីអូឌី មិនអាចសុំការបំភ្លឺបានទេ ពីលោក ហៃ វ៉ាន់រិន ដែលជាម្ចាស់ក្រុមហ៊ុន រិន ឆាយ ផនសប។
ក៏ប៉ុន្តែលោក លី ទិត្យបូនាមី ដែលជាមេធាវីការពារសិទ្ធិឱ្យក្រុមហ៊ុន រិន ឆាយ ផនសប បញ្ជាក់ថា អនុប្រធានគណបក្សភ្លើងទៀន លោក ថាច់ សេដ្ឋា ពិតជាបានជំពាក់លុយក្រុមហ៊ុនពិតមែន ប៉ុន្តែចំនួនទឹកលុយប៉ុន្មាននោះ លោកបដិសេធក្នុងការអត្ថាធិប្បាយ ដោយអះអាងថានាំឱ្យប៉ះពាល់ដល់នីតិវិធីដំណើរការក្តីរបស់តុលាការ។
បើទោះជាបែបណា លោក លី ទិត្យបូនាមី ថ្លែងថា មូលហេតុដែលឈានទៅដល់ការប្ដឹងផ្តល់នេះ ដោយសារកូនបំណុលមិនបានបំពេញតាមកាតព្វកិច្ច ដូចដែលភាគីបានព្រមព្រៀងគ្នា។
លោកបន្តថា៖ «ទាក់ទងសំណុំរឿងនេះ គឺលោក ថាច់ សេដ្ឋា គាត់បានទៅខ្ចីលុយពីក្រុមហ៊ុន រិន ឆាយ ផនសប ហ្នឹង ហើយគាត់បានធានាសងតាម
រយៈការទូទាត់តាមមូលប្បទានបត្រហ្នឹង។ ពាក់ព័ន្ធជាមួយកិច្ចការនេះ ខ្ញុំមិនអាចបញ្ជាក់បានច្បាស់ទេ ដោយសារថា វាជាការសម្ងាត់នៃការស៊ើបសួរ។ ខ្ញុំគ្រាន់តែបញ្ជាក់បានថា រឿងនេះកើតចេញពីការខ្ចីប្រាក់ ហើយបន្ទាប់មក គាត់ចេញសែកដើម្បីទូទាត់ ហើយដល់ពេលកូនក្ដីរបស់ខ្ញុំទូទាត់សែកហ្នឹងទៅ គឺអត់មានទឹកប្រាក់នៅក្នុងហ្នឹង»។
ក្នុងថ្ងៃតែមួយនៃការចាប់ខ្លួនលោក ថាច់ សេដ្ឋា កាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣ ស្ថាប័នអយ្យការ នៃតុលាការរាជធានីភ្នំពេញ បានបញ្ជាក់ជំហរនៃការចាប់ខ្លួនមន្រ្តីនយោបាយជាន់ខ្ពស់នៃគណបក្សភ្លើងទៀននេះ គឺអនុវត្តតាមដីកាបង្គាប់ឱ្យនាំខ្លួន របស់ចៅក្រមស៊ើបសួរ លោក ទិត ដាលីន។ ម្យ៉ាងវិញទៀត មូលហេតុដែលឈានដល់ការចាប់ឃាត់ខ្លួននេះ ដោយសារអនុប្រធានគណបក្សភ្លើងទៀនរូបនេះ ខកខានមិនចូលខ្លួនបំភ្លឺតាមដីកាបង្គាប់ឱ្យចូលខ្លួនចំនួន២លើក តាំងពីចុងខែកុម្ភៈ ឆ្នាំ២០២១មក។
យ៉ាងនេះក្តី លោក ជូង ជូងី សហមេធាវីការពារសិទ្ធិឱ្យលោក ថាច់ សេដ្ឋា អះអាងថា កូនក្តីរបស់ខ្លួនមិនដែលបានឃើញដីកាដែលចេញដោយតុលាការម្តងណាទេ។ មេធាវីរូបនេះចាត់ទុកការអនុវត្តនីតិវិធីនេះថាហាក់មានភាពលម្អៀង ដែលជាចេតនានាំឱ្យមានការចាប់ខ្លួនមន្រ្តីនយោបាយបក្សជំទាស់នេះឡើង។
លោកបន្តថា៖ «ឯកឧត្តម ថាច់ សេដ្ឋា គាត់ប្រាប់ខ្ញុំថា កន្លងទៅ គាត់អត់ដែលបានទទួលដីកាបង្គាប់ឱ្យចូលខ្លួនពីតុលាការទាល់តែសោះ។ ម្យ៉ាងវិញទៀត អាសយដ្ឋានរបស់គាត់ដែលចង្អុលបង្ហាញនៅក្នុងដីកាបង្គាប់ឱ្យនាំខ្លួនហ្នឹង គឺឯកឧត្តម ថាច់ សេដ្ឋា បញ្ជាក់ប្រាប់ខ្ញុំថា គាត់អត់មាននៅអាសយដ្ឋានហ្នឹងទេ។ អ៊ីចឹងសំណួរថា បើអ្នកប្តឹងចោទប្រកាន់ចង្អុលអាសយដ្ឋានខុស ដែលគាត់អត់នៅ ទៅចាប់ទោសអូសដំណើរថាអត់ចូលខ្លួនតាមដីកាកោះហៅ ម៉េចនឹងកើត?»
លោកបន្ថែមថា៖ «ជាគោលការណ៍ច្បាប់ តុលាការត្រូវចេញដីកាកោះនៅចំអាសយដ្ឋានដែលគេនៅ មិនមែនចេញដីកាកោះចំអាសយដ្ឋានដែលគេអត់នៅ ហើយចាប់ទោសអូសដំណើរគេថាគេអត់ចូលមក វាអត់ត្រឹមត្រូវ! ហើយអ្វីដែលខ្ញុំកត់សម្គាល់ត្រង់ថា ដែលចេញដីកាបង្គាប់ឱ្យចូលខ្លួន ម៉េចមិនបញ្ជូនទៅដល់គាត់? ប៉ុន្តែពេលចេញដីកាឱ្យនាំខ្លួន ក៏រកគាត់ឃើញភ្លាម។ តើសមត្ថកិច្ចអនុវត្តរបៀបម៉េច? សុចរិតក្នុងការអនុវត្តហ្នឹងដែរអត់?»
បើទោះជាបែបណា មកដល់ពេលនេះ ទាំងសាច់ញាតិ និងសហមេធាវីការពារសិទ្ធិឱ្យលោក ថាច់ សេដ្ឋា សុទ្ធតែបានអះអាងថា ពួកគេមិនបានដឹងពីបំណងនៃការខ្ចីលុយរបស់លោក ថាច់ សេដ្ឋា ក្នុងទំហំទឹកប្រាក់ ២០ ០០០ដុល្លារនេះទេ។
លោក ថាច់ សុខកុញ្ចរា ដែលត្រូវជាកូនប្រុសលោក ថាច់ សេដ្ឋា បានបដិសេធបញ្ជាក់ពីគោលបំណងនៃខ្ចីលុយនេះ។ លោកថា ទាំងចំនួនទឹកលុយ និងមូលហេតុនៃការខ្ចីលុយរបស់ឪពុកលោក គឺមិនដឹងថាតើត្រូវប្រើប្រាស់ទៅលើកម្មវត្ថុអ្វីនោះទេ។ ប៉ុន្តែយុវជនរូបនេះគ្រាន់តែបានអះអាងថា ការចំណាយទឹកភ្លើង និងដោះស្រាយជីវភាពប្រចាំថ្ងៃ ជាបន្ទុករបស់លោក ថាច់ សេដ្ឋា ទាំងស្រុង។
នៅមុនការចាប់ខ្លួនលោក ថាច់ សេដ្ឋា នេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ធ្លាប់បង្ហើបពីការជួបគ្នារវាងលោក ថាច់ សេដ្ឋា និងកូនប្រុសច្បងរបស់លោក គឺលោក ហ៊ុន ម៉ាណែត។ បើទោះបែបណា លោកមិនបានបញ្ជាក់ពីគោលបំណងជាក់លាក់នៃការជួបសន្ទនារវាងភាគីទាំងពីរថាផ្តោតសំខាន់លើប្រធានបទអ្វីនោះទ។
ប៉ុន្តែនៅក្នុងវេទិកាកាលពីថ្ងៃទី៩ ខែមករា ឆ្នាំ ២០២៣ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គ្រាន់តែបានបញ្ជាក់ថា លោក ថាច់ សេដ្ឋា ត្រូវបានលោក ហ៊ុន ម៉ាណែត ទូន្មាន បើមិនចង់ឱ្យសមាជិកក្នុងគណបក្សភ្លើងទៀនមានបញ្ហាទេ គួរចៀសវាងការប្រព្រឹត្តកំហុស៕