តុលាការលើកលែងការចោទប្រកាន់អតីតយោធាផ្កាយ២ដែលប្រើហិង្សាលើស្រ្តីម្នាក់កាលពីដើមឆ្នាំ២០២១

លោក​ឧត្តមសេនីយ៍​ទោ សូយ ចាន់​សឿន នាយករង​ទីចាត់ការ​អភិវឌ្ឍន៍ អគ្គបញ្ជាការ​ដ្ឋាន​នៃ​ក្រសួងការពារជាតិ ចូលរួម​ពិធី​គោរព​វិញ្ញាណក្ខន្ធ​មន្ត្រី​រួមការ​ងារ​ម្នាក់ ថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៧។ (​ហ្វេសប៊ុក៖ អភិវឌ្ឍន៍ អគ្គបញ្ជាការ​ដ្ឋាន នៃ​កងយោធពល​ខេមរភូមិន្ទ​)

សាលាដំបូងខេត្តកំពង់ស្ពឺ បានលើកលែងការចោទប្រកាន់ និងបន្ធូបន្ថយទោសលើអតីតមន្ត្រីយោធាផ្កាយ២ ​   ក្រោយពីអតីតមន្ត្រីយោធារូបនោះត្រូវបានតុលាការចោទប្រកាន់ពីបទចាប់បង្ខាំងដោយខុសច្បាប់ និងប្រើហិង្សាលើស្ត្រីម្នាក់បណ្តាលឱ្យរងបួសធ្ងន់​កាលពីដើមឆ្នាំ២០២១។

ការ​លើកលែងការចោទប្រកាន់នេះ ដោយយោងតាមដីការបស់តុលាការខេត្តកំពង់ស្ពឺ ដែលមានលោក ស៊ លីនណា ចៅក្រមជំនុំជម្រះចេញកាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២ ហើយត្រូវបានសារព័ត៌មាន​ហ្វ្រេសញូចុះផ្សាយកាលពីថ្ងៃសុក្រសប្តាហ៍មុន​។​ ​

ក្នុងដីការបស់តុលាការបានបញ្ជាក់ថា ទី១. ឱ្យ ឈ្មោះ សូយ ចាន់សឿន ឬទេស ចាន់សឿន ហៅវ៉ា ភេទប្រុស អាយុ៤៨ឆ្នាំ ជនជាតិខ្មែរ រួចផុតពីបទ «បង្ខាំងដោយខុសច្បាប់» ប្រព្រឹត្តនៅក្រុងតាខ្មៅ ខេត្តកណ្តាល និងខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០២១ ។ ទី២៖ ផ្តន្ទាទោសឈ្មោះ សូយ ចាន់សឿន ដាក់ទោសពន្ធនាគារកំណត់រយៈពេល ៣ឆ្នាំ តែទោសនេះអនុវត្តក្នុងពន្ធនាគាររយៈពេល ០១ ឆ្នាំ និង ៦ខែ ទោសសល់ពីនេះព្យួរធម្មតា និងពិន័យជាប្រាក់ចំនួន ៦ ០០០ ០០០រៀល ពីបទ «ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស» ប្រព្រឹត្តនៅក្រុងតាខ្មៅ ខេត្តកណ្តាល និងនៅខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០២១។ ដោយឡែក ចំណុច ទី៣ តុលាការតម្រូវឱ្យឈ្មោះ សូយ ចាន់សឿន សងសំណងថ្លៃព្យាបាលរបួសជាប្រាក់ចំនួន ១០ ០០០ ដុល្លារអាមេរិក និងសងសំណងជំងឺចិត្តជាប្រាក់ចំនួន ៥ ០០០ដុល្លារអាមេរិក ទៅដើមបណ្តឹងរដ្ឋប្បវេណីឈ្មោះ ឌួង ហេម៉ាលីស តាមបញ្ញត្តិមាត្រា ៣៥៥ នៃក្រមនីតិវិធីព្រហ្មទណ្ឌ។

អតីតមន្រ្តីយោធាផ្កាយ២ នៅក្រសួងការពារជាតិ មានឈ្មោះ សូយ ចាន់សឿន ឬ ទេស ចាន់សឿន ហៅវ៉ា អាយុ៤៨ឆ្នាំ ដែលត្រូវស្រ្តីម្នាក់ឈ្មោះ ឌួង ហេម៉ាលីស បានប្តឹងពីបទចាប់បង្ខំាំង និងប្រើហិង្សាយ៉ាងធ្ងន់ធ្ងរលើនាងកាលពីខែមករា ឆ្នាំ២០២១ ហើយត្រូវបានសមត្ថកិច្ចចាប់ខ្លួនបញ្ជូនទៅកាន់តុលាការកាត់ទោស។ យ៉ាងណារហូតមកដល់ពេលនេះ  តុលាការបានលើកលែងការចោទប្រកាន់ និងបន្ធូបន្ថយទោស ដែលអាចឱ្យឈ្មោះ សូយ ចាន់សឿន ​ចេញពីពន្ធនាគារវិញបាន​។

វីអូឌីបានព្យាយាមសុំការបំភ្លឺបន្ថែមពីអ្នកនាំពាក្យសាលាដំបូងខេត្តកំពង់ស្ពឺ លោក វ៉ឺត មឃៈ នៅថ្ងៃចន្ទនេះ ប៉ុន្តែមិនមានការឆ្លើយតប។

នាយក​កិច្ច​ការ​ទូទៅ​​អង្គ​ការ​ការពារសិទ្ធិមនុស្ស​លីកាដូ លោក អំ សំអាត មានប្រសាសន៍ថា តុលាការគួរតែអនុវត្តច្បាប់លើជនល្មើសអតីតមន្ត្រីយោធាផ្កាយ២នៅក្រសួងការពារជាតិឱ្យបានធ្ងន់ធ្ងរ  ដើម្បីជាគំរូល្អ កុំឱ្យមានរឿងបែបនេះកើតឡើងបន្តទៀត។

លោកបន្ថែមថា ការលើកលែងការចោទប្រកាន់ពេលនេះ ជាការលើកទឹកចិត្តឱ្យអតីតមន្ត្រីយោធានោះបន្តប្រើហិង្សាលើស្ត្រីបន្តទៀត។

លោកមានប្រសាសន៍ថា៖ «មន្ត្រីដែលអនុវត្តច្បាប់ មន្ត្រីដែលមានអំណាច ដែលប្រព្រឹត្តខុសច្បាប់ ការប្រើប្រាស់នូវអំពើហិង្សាទៅលើស្ត្រីជាដើម  គឺការអនុវត្តច្បាប់ តុលាការគួរតែពិចារណាទៅលើស្ថានទម្ងន់ទោស ដើម្បីជាគំរូសម្រាប់បងប្អូនប្រជាពលរដ្ឋ ឬក៏មន្ត្រីដទៃទៀត កុំឱ្យមានការព្រឹត្តអ៊ីចឹងបន្តទៀត»។

លោកបន្ថែមថា៖ «បើសិនជាតុលាការមានការបន្ធូបន្ថយ ឬក៏ដាក់នូវស្ថានសម្រាល ឬក៏លើកលែងការចោទចំពោះបុគ្គលដែល ដែលប្រព្រឹត្តអំពោះហិង្សាទៅលើស្ត្រី ជាការលើកទឹកចិត្តសម្រាប់ការប្រើប្រាស់អំពើហិង្សា។ អ៊ីចឹងករណីហ្នឹង ខ្ញុំគិតថា មន្ត្រីដែលប្រើប្រាស់អំពើហិង្សាវាគួរតែទទួលនូវស្ថានទម្ងន់ទោស ដើម្បីជាគំរូ»។

សារព័ត៌មានក្នុងស្រុកដដែលនេះបានចុះផ្សាយថា ក្រៅពីសំណុំរឿងហិង្សានិងបង្ខាំងមនុស្សនៅខេត្តកំពង់ស្ពឺ អតីតមន្រ្តីយោធាផ្កាយ២រូបនេះ ក៏មានសំណុំរឿងនៅសាលាដំបូងរាជធានីភ្នំពេញ ដោយមានមនុស្ស២នាក់ប្តឹងពីបទ «ប្រើអំពើហិង្សាលើអ្នកកាន់កាប់អចលនវត្ថុដោយសុច្ចរិត និងបទបរិហារបង្កាច់កេរ្តិ៍»

ចំពោះបទល្មើសនេះ ត្រូវបានចៅក្រម ធាម ច័ន្ទពិសិដ្ឋ សម្រេចចេញសាលក្រមផ្តន្ទាទោសឈ្មោះ សូយ ចាន់សឿន ដាក់ពន្ធនាគារ ១ឆ្នាំថែមទៀត និងប្រាក់ជំងឺចិត្តទៅដើមបណ្តឹងមួយចំនួនទៀត។ ​

កាលពីពេលថ្មីៗនេះ  អតីត​​អភិបាលរងខេត្តកែប លោក ភូ លិ  ​បានប្រើអំពើហិង្សាលើស្រ្តីម្នាក់បណ្តាល​ឱ្យ​រងរបួស​​បែក​​ក្បាល ​​ក្នុង​​ពិធី​​ជប់​​លៀងមួយ​​ កាលពីចុងខែធ្នូ ឆ្នាំ២០២២។

ក្រោយមក អតីត​​អភិបាលរងខេត្តកែប លោក ភូ លិ ត្រូវបានចោទប្រកាន់ថា ​បានប្រើអំពើហិង្សាលើស្រ្តីម្នាក់បណ្តាល​ឱ្យ​រងរបួស​​បែក​​ក្បាល។    ​​ករណីនេះ ​ត្រូវបាន​​លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចេញ​អនុក្រឹត្យដក​តំណែងអភិបាល​រង​ខេត្តរូបនេះ កាល​ពីថ្ងៃ​ទី​៣១ ខែធ្នូ ឆ្នាំ២០២២ ខណៈ លោក ភូ លិ  ត្រូវបានសមត្ថកិច្ចខេត្តកែប អះអាងថាបានរត់គេចខ្លួនបាត់តាំងពីថ្ងៃកើតហេតុ។ យ៉ាងនេះក្តី សង្គមស៊ីវិលផ្នែកសិទ្ធិមនុស្ស​ យល់ថា ​​ការដែលសមត្ថកិច្ច​​នៅមិនទាន់អាច​ស្វែងរកចាប់ខ្លួន​​អតីត​​អភិបាល​រង​ខេត្ត​កែប លោក ភូ លិ​ ដែលប្រើហិង្សា​លើស្ត្រីម្នាក់បណ្ដាលឱ្យ​បែក​ក្បាល​នោះបាន ថាជា​​​ការអនុវត្តច្បាប់ដែលមាន​ស្ដង់ដារ​ពីរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ